ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភា​ពិភាក្សា​ច្បាប់​អំពី​ប្រព័ន្ធ​តុលាការ​ដោយ​​មិន​អើពើ​អនុសាសន៍​សង្គម​ស៊ីវិល


សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំ​អង្គតុលាការ​នេះ​មាន​​៨ជំពូក​ និង​៩២​មាត្រា។​ ​នៅព្រឹក​ថ្ងៃ​ពុធ​​ រដ្ឋសភា​បាន​សម្រេច​អនុម័ត​ត្រឹម​តែ​២​ជំពូក​ដែល​មាន​៣៤​មាត្រា​ ដោយ​មាន​សំឡេង​​គំាទ្រ​១០០​ភាគរយ​នៃ​សភា​ឯកបក្ស​នេះ។​​ ការ​ពិភាក្សា​នឹង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​ជាបន្ត​ទៀត៕
រដ្ឋសភា​ឯកបក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទាត់​ចោល​សំណើ​របស់​អង្គការ​សហប្រជាជាតិ​ដែលសុំ​ឲ្យ​លើក​ពេល​កិច្ច​ពិភាក្សា ​និង​ការ​អនុម័ត​សេចក្តីព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស់​ សម្រាប់​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ដែល​កំពុង​ស្ថិត​ក្រោម​ការ​រិះគន់។​

កាល​ពី​ថ្ងៃ​អង្គារ​ ឧត្តមស្នងការ​អង្គការ​សហ​ប្រជាជាតិ​បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋសភា​ជាតិ​ឲ្យ​ផ្អាក​កិច្ច​ពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀបចំ​អង្គ​តុលារការ​ និង​អយ្យការ​ ច្បាប់​ស្តី​ពីការ​ររៀប​ចំនិងប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ និង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​ចៅ​ក្រម​ និង​ព្រះ​រាជអាជ្ញា។​

សំណើ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៤​បាន​ទទួច​ឲ្យ​រដ្ឋសភា​កម្ពុជា​ពន្យារ​ពេល​ពិភាក្សា​លើ​សេចក្តី​ព្រាងច្បាប់​ទាំង​នេះកាល​ពី​សប្តាហ៍​មុន។​

សង្គម​ស៊ីវិល​យល់​ឃើញ​ថា​ សេចក្តី​ព្រាង​ច្បាប់​ទាំង​៣​នេះ​នឹង​ផ្តល់អំណាច​ហួសហេតុ​ដល់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ក្នុង​ការ​គ្រប់គ្រង​ និង​ដឹកនាំ​សេចក្តី​សម្រេច​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ដែល​ជា​ស្ថាប័ន​កំពូល​ហើយ​ក៏​ដូច​ជា​បើក​ឱកាស​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​របស់​រដ្ឋាភិបាល​មាន​សិទ្ធិ​អំណាច​គ្រប់​គ្រង​ ចាត់​ចែត​ថវិកា​របស់​តុលាការ​គ្រប់​ជាន់​ថ្នាក់​ និង​អាច​ផ្លាស់​ប្តូរ​ ឬ​ដំឡើង​ឋានៈ​ចៅក្រម​ និង​ព្រះ​រាជ​អាជ្ញា​ផង​ដែរ។​

ក៏​ប៉ុន្តែ​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជាបាន​ចាប់​ផ្តើម​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀបចំ​អង្គ​តុលាការ ​ដែល​ជា​សេចក្តី​ព្រាង​ច្បាប់​មួយ​ក្នុង​ចំណោម​សេចក្តី​ព្រាង​ច្បាប់​ទាំងបី​ដែល​ទទួល​រង​ការ​ជំទាស់។

បន្ថែម​ពី​នោះ​ ក្រុម​តំណាង​រាស្ដ្រ​គណបក្ស​កាន់​អំណាច​បាន​រិះគន់​ធ្ងន់​ធ្ងរ​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​ ដោយ​ចោទ​ប្រកាន់​ថា​ សង្គម​ស៊ីវិល​ភាគ​ច្រើនតែងតែ​មាន​បំណងរារាំង​ដំណើរ​ផ្សេងៗ​របស់​រដ្ឋាភិបាល​កម្ពុជា។​

លោក​ហ៊ួរ​ ស្រ៊ី​ តំណាងរាស្រ្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ចាត់​ទុក​ថា​ ការ​ទាមទារ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែរ​ចង់​ឲ្យ​សភា​ពន្យារ​ពេល​ការ​ពិភាក្សា​នោះ​គឺ​ជា​ការ​ស្នើសុំ​ដោយ​គ្មាន​ការ​អៀន​ខ្មាស់។​

«ការ​លើ​កឡើង​នេះ​ បើ​ចំពោះ​ខ្ញុំ​គឺ​ថា ​ជា​ការ​លើក​ដោយ​ឥត​អៀន​ខ្មាស់»។​

រីឯលោកស្រី​ អ៊ុង​ សុខគន្ធា​ តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជាដែរនោះ​ថ្លែង​ថា​ សង្គម​ស៊ីវិល​ភាគច្រើន​មាន​ភាព​លម្អៀងដោយ​តែង​តែ​ធ្វើ​ការ​រិះ​គន់​តែ​លើ​សភា ​និង​គណបក្ស​កាន់​អំណាច​តែ​ម្ខាង។​

«យើង​ត្រូវ​តែ​ធ្វើ ​ពីព្រោះ​យើង​ជា​អ្នក​ធ្វើ។​ អញ្ចឹង​យើង​ត្រូវ​តែ​ធ្វើ​ធ្វើ​ ធ្វើ​ឲ្យ​បាន​ហើយ​ឲ្យ​ជោគជ័យ»។​

លោក​ឈាង​ វ៉ុន​ តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា​ មុន​នឹង​ចេញ​ជា​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើង​ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការ​ប្រជុំ​ ពិភាក្សា​អន្តរ​ក្រសួង​ជាច្រើន​លើក ហើយ​ក៏មាន​ការ​ពិគ្រោះ​យោ​បល់​ជាមួយ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​បារាំង​ដែរ។​

«សង្គម​ស៊ីវិល​មួយ​ចំនួន​គឺ​ថា ​គាត់​តែង​តែ​ធ្វើ​ឲ្យ​ការ​ងារ​របស់​រដ្ឋ​សភា​យើង​មាន​ភាព​រអាក់​រអួល​ ដោយ​បាន​ផ្សាយ​ព័ត៌មាន​មិន​សូវ​សុក្រិត​ ឬ​មិន​សុក្រិត​តែ​ម្តង។​

ទោះជា​យ៉ាងណា​ លោក​ស្រី ​ប៊ូស្រា​ រ៉ាមេន​ (Bushra Rahman) ​មន្ត្រី​ផ្នែក​ទំនាក់​ទំនង​នៃ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​ប្រាប់​វីអូអេ​សំឡេងសហរដ្ឋអាមេរិកតាម​រយៈ​សារ​អេឡិកត្រូនិក​ថា​ មូល​ហេតុ​អង្គការ​របស់​លោកស្រី​និង​ដៃ​គូ​ពាក់​ព័ន្ធ​ចង់​ឲ្យ​មាន​ការ​ពន្យារ​ពេល​លើ​ការ​ពិភាក្សា​នេះ​គឺ​ដោយហេតុថា​ វា​មាន​សារៈ​សំខាន់​ដើម្បី​ធានា​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​ទាំង​៣​ខាង​លើ​អាច​បង្កើត​ឡើង​ដោយ​ស្រប​ជា​មួយនឹង​ស្តង់ដារ​អន្តរជាតិ​ដើម្បីធានា​ឲ្យបាន​នូវ​ឯករាជ្យភាព​របស់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។​

លោក​ស្រី​ ចក់​ សុភាព​ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ថ្លែង​បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា​ សង្គម​ស៊ីវិល​មាន​ចេតនា​ចង់​រារាំង​ដំណើរ​ការ​របស់​រដ្ឋ​សភា​កម្ពុជា។

«ដូច​បាន​ឃើញ​ហើយ​ថា ​យើ​ង​បាន​វិភាគ​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ក្រៅផ្លូវ​ការ​ហ្នឹង។​ អញ្ចឹង​ប្រសិន​យើង​គ្រាន់​តែ​ចង់​ពន្យារ​ពេល ​ឬ​រំខាន​ដល់​ការងារ​របស់​រដ្ឋ​សភា​នោះ​ទេ​ យើង​មិន​ចាំបាច់​ចំណាយ​ពេល​វិភាគ​ទាំង​ថ្ងៃ​ឈប់​សម្រាក​នោះ​ទេ។ សំខាន់​តើ​តំណាង​រាស្រ្ត​ទាំង​អស់​នោះ​គាត់​បាន​មើល​លើ​សេចក្តី​វិភាគ​នោះ​អត់»។​

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំ​អង្គតុលាការ​នេះ​មាន៨ជំពូក​ និង​៩២​មាត្រា។​ ​នៅព្រឹក​ថ្ងៃ​ពុធ រដ្ឋសភា​បាន​សម្រេច​អនុម័ត​ត្រឹម​តែ​២​ជំពូក​ដែល​មាន​៣៤​មាត្រា​ ដោយ​មាន​សំឡេងគំាទ្រ​១០០​ភាគរយ​នៃ​សភា​ឯកបក្ស​នេះ។ ការ​ពិភាក្សា​នឹង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​ជាបន្ត​ទៀត៕
XS
SM
MD
LG