ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ​សភា​កម្ពុជា​ប្រជុំ​តែ​មិនទាន់​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​កែ​ទម្រង់​ប្រព័ន្ធ​​​តុលាការ​ទេ


មាន​តែ​តំណាង​រាស្រ្ត​ចំនួន​៦៥​រូប​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ​បាន​ចូល​រួម​កិច្ច​ពិភាក្សា​ និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ និង​កិច្ច​ព្រម​ព្រៀង​ខាង​លើ ​នៅ​ថ្ងៃ​អង្គារ​​នេះ។​​
រដ្ឋ​សភា​កម្ពុជា​នៅ​មិន​ទាន់​បាន​បើក​កិច្ច​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់ដ៏​ចម្រូង​ចម្រាស​ សម្រាប់កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​ឡើយទេ​ នៅ​ក្នុង​សម័យ​ប្រជុំនៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ទេ​ ខណៈ​ពេល​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ផ្ញើរ​លិខិត​ទៅ​កាន់​រដ្ឋសភា​កម្ពុជា​ ដោយ​ទទូច​ចង់​ឲ្យ​មាន​ការពន្យារ​ពេល​ពិភាក្សា​នេះ។​

ក្រុម​អង្គការសង្គម​ស៊ីវិល​ព្រួយ​បារម្ភថា​ សេចក្តី​ព្រាង​ច្បាប់ស្តីពី​ការ​រៀប​ចំ​អង្គតុលារការ​ និង​អយ្យការ​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ររៀបចំ​និង​ការប្រព្រឹត្ត​ទៅនៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ និងសេចក្តីច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​ចៅក្រម​ និង​ព្រះរាជ​អាជ្ញា​ ​ដោយ​សំអាង​ថា ​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះនឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​តុលាការប្រសិន​បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​គ្មាន​ការ​កែ​ប្រែ។​

រដ្ឋ​សភាគ្រោង​នឹងចាប់​ផ្តើម​ពិភាក្សា ​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ ក្រោយ​ពី​បាន​អនុម័ត​យ៉ា​ងលឿន​លើ​វិធីសារ​ និង​សេច​ក្តី​ព្រាង​ច្បាប់​ចំនួន​៤​ ដូចជា​ពិធីសារ​នៃ​ធម្មនុញ្ញ​អាស៊ាន​ស្តីពី​យន្តការ​ដោះស្រាយ​ជម្លោះ​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​បុព្វសិទ្ធិ​ និង​អភ័យ​ឯក​សិទ្ធិ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​អាស៊ាន​ស្តីពី​គយ​ និង​ពិធីសារ​នៃ​វិសោធនកម្ម​លើ​អនុ​សញ្ញា​អន្តរជាតិ​ស្តីពី​សាមញ្ញ​កម្ម​ និង​សុខដុមនីយ​កម្ម​នីតិវិធី​គយ។​

ថ្លែង​ក្នុង​ការ​ប្រជុំ​សភា ដែល​មាន​តែ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ មន្ត្រី​ជាន់​ខ្ពស់​ និង​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ លោក​ជាម​ យៀប​មាន​ប្រសាសន៍​ថា​ លោក​បាន​ទទួល​សំបុត្រ​ពី​តំណាង​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​បាន​ស្នើសុំ​ឲ្យ​សភា​ជាតិ​កម្ពុជា​ពន្យារ​ពេលពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំ​អង្គ​តុលាការ។​

ក៏​ប៉ុន្តែ​លោក​បញ្ជាក់ថា រដ្ឋ​សភា​មិន​យល់​ព្រម​នោះ​ទេ។​

«ច្បាប់​គ្មាន​ចែង​ក្នុង​កន្លែង​ណាមួយ​ទេ​ថា​ នណា​អាច​មាន​សិទ្ធិ​ អាច​ផ្អាក​សភា​បាន​ទេ ​ក្រៅពី​រដ្ឋ​សភា​ខ្លួន​ឯង។​ អញ្ចឹង​បាន​សំណូម​ពរ​ថា​ អង្គការ​សង្គម​ស៊ីវិល​ តំណាង​អង្គការ​សហ​ប្រជាជាតិ​ សូម​ជម្រាបថា ​សូម​ពិនិត្យ​សារឡើង​វិញ​ កុំ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា»។​

មាន​តែ​តំណាង​រាស្រ្ត​ចំនួន​៦៥​រូបរបស់​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ​បាន​ចូល​រួម​កិច្ច​ពិភាក្សា​ និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ និង​កិច្ច​ព្រម​ព្រៀង​ខាង​លើ ​នៅ​ថ្ងៃ​នេះ។

ក្នុងកិច្ច​ប្រជុំប្រមាណ​ជិត​៤​ម៉ោងនេះស្ទើ​រតែ​គ្មាន​ការ​ដេញ​ដោលនោះ​ទេ។​

លោកស្រី​ប៉ូស្រា​ រ៉ាមេន​ (Bushra Rahman) ​មន្ត្រី​ទំនាក់​ទំនង​របស់​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាមិន​ឆ្លើយ​តប​នឹង​សំណួររបស់​វីអូអេ​សំឡេងសហ​រដ្ឋ​អាមេរិក​ទេ​ នៅ​រសៀល​ថ្ងៃ​នេះ។​

គួរ​រំឭក​ថា​ កាលពី​សប្តាហ៍​មុន​នេះ អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៤​ស្ថាប័ន​បាន​ចេញសេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​មួយ​ទទួច​ចង់​ឲ្យ​រដ្ឋ​សភា​កម្ពុជា​ពន្យារ​ពេល​ការពិភាក្សា​លើក​សេចក្តី​ព្រាង​ច្បាប់ ​នេះ​សំដៅ​ធ្វើ​ការកែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ ​និង​យុត្តិធម៌ ​ដែល​ក្នុង​នោះ​មានសេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំ​អង្គ​តុលារការ​ និង​អយ្យការ​ ច្បាប់​ស្តីពីការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ និង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​ចៅក្រម​ និង​ព្រះ​រាជ​អាជ្ញា។​

សង្គម​ស៊ីវិល​យល់​ឃើញ​ថា​ សេចក្តី​ព្រាងច្បាប់​ទាំង​៣​នេះ​ និង​ផ្តល់​អំណាច​ហួសហេតុ​ដល់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ក្នុង​ការ​គ្រប់​គ្រង​ នឹង​ដឹកនាំ​សេចក្តី​សម្រេច​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ដែល​ជា​ស្ថាប័ន​កំពូល។

ច្បាប់នេះ​ក៏ដូច​ជា​បើក​ឱកាស​ដល់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​របស់​រដ្ឋាភិបាល​ឲ្យ​មាន​សិទ្ធិ​អំណាច​គ្រប់​គ្រង ​ចាត់​ចែត​ថវិកា​របស់​តុលា​ការ​គ្រប់​ជាន់​ថ្នាក់​ និង​អាច​ផ្លាស់​ប្តូរ​ ឬ​ដំឡើង​ឋានៈ​ចៅក្រម​ និង​ព្រះរាជ​អាជ្ញា​ផង។

លោក​ស្រី​ចក់ សុភាព​ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជានៅ​តែ​ព្រួយ​បារម្ភពី​ផល​អវិជ្ជ​មាន​នៃ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំង​បីខាង​លើនេះ។

«វា​ប៉ះពាល់​ខ្លះ​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ​ ហើយ​បង្ហាញ​ឆន្ទៈរបស់​រដ្ឋាភិបាល​ និង​តំណាង​រាស្រ្ត​ មិន​បើក​ចំហ​ឲ្យ​មាន​ការ​ជជែក​ឲ្យ​បាន​ទូលាយ​ នៅពេល​ដែល​ច្បាប់​ទាំង​៣​ហ្នឹង​ប៉ះពាល​ខ្លះ​ដល់​ជីវភាព​ប្រជា​ពលរដ្ឋទូទាំង​ប្រទេស»។

ទោះ​បី​ជា​យ៉ាង​ណាក្តី​ លោក​ជាម​ យៀប​មាន​ប្រសាសន៍​ថា​ ​រដ្ឋសភា​កម្ពុជា​នឹង​អាច​ធ្វើ​វិសោធន​កម្ម​ច្បាប់​ខាង​លើ​នេះ​ ប្រសិន​បើ​ច្បាប់​ទាំង​នោះ​ត្រូវ​រក​ឃើញ​ថា​ មាន​ភាព​ចន្លោះ​ប្រហោង​នោះ៕​
XS
SM
MD
LG