ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំង​ប្រដាប់​អាវុធ​ដាក់​ពង្រាយ​នៅ​តាម​រោងចក្រ​មាន​កូដកម្ម


សមត្ថកិច្ច​បង្ក្រាប​​កុប្បកម្ម​ត្រៀម​ប្រឈម​មុខ​នឹង​កម្មករ​រោងចក្រ​ដែល​គុប​ដុំ​ថ្ម​និង​ឥដ្ឋ​នៅ​ជិត​រោងចក្រ​មួយ​នៅ​តំបន់​ស្ទឹងមានជ័យ​ កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៤។
សមត្ថកិច្ច​បង្ក្រាប​​កុប្បកម្ម​ត្រៀម​ប្រឈម​មុខ​នឹង​កម្មករ​រោងចក្រ​ដែល​គុប​ដុំ​ថ្ម​និង​ឥដ្ឋ​នៅ​ជិត​រោងចក្រ​មួយ​នៅ​តំបន់​ស្ទឹងមានជ័យ​ កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៤។
កម្មករ​តាម​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​បាន​ចូលរួម​កូដកម្ម​មិន​ថែម​ម៉ោង​ធ្វើការ​ដោយ​ការ​ភ័យ​ខ្លាច​ ខណៈ​ដែល​ក្រុម​មាន​សមត្ថកិច្ច​ចម្រុះ​ត្រូវ​បាន​ដាក់​ពង្រាយ​និង​ដើរ​ល្បាត​នៅ​តាម​រោងចក្រ​របស់​ពួកគេ។

ចាប់ពី​ថ្ងៃ​ទី​២៤​ខែកុម្ភៈ​មក​មាន​កម្មករ​ជា​ច្រើន​ម៉ឺន​នាក់​ដែល​តាម​ការ​អះអាង​របស់​សហជីព​មាន​ចំនួន​រហូត​ដល់​២០​ម៉ឺន​នាក់​បាន​ចូលរួម​កូដកម្ម​មិន​ថែម​ម៉ោង​ធ្វើការតាម​ការ​អំពាវនាវ​របស់​ខ្លួន​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​និង​ឱ្យ​មាន​ការ​ដោះលែង​មនុស្ស​ទាំង​២១​នាក់​ដែល​បាន​ចាប់​ខ្លួន​ក្នុង​ការ​បង្ក្រាប​ដ៏​ហិង្សា​កាល​ពី​ខែ​មុន ​ហើយ​កូដកម្ម​នេះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ។

ច្រឹប ទូច ​អាយុ​២៤​ឆ្នាំ ​ជា​កម្មករ​ម្នាក់​ក្នុង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ដែល​បាន​ចូលរួម​កូដកម្ម​នេះ។ កំពុង​អង្គុយ​ជាមួយ​កម្មករ​ផ្សេង​ទៀតនៅ​ខាង​មុខ​របង​រោងចក្រ​ខ្លួន ​លោក​ទូច​ថ្លែង​ថា​លោក​និង​កម្មករ​ផ្សេង​ទៀត​មាន​មានការបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​បន្ទាប់​ពី​ឃើញ​មាន​វត្តមាន​យោធា​ក្នុង​បរិវេណ​រោងចក្រ​របស់​ខ្លួន។

«ទាហាន​គេ​ដឹក​ចូល​រហូត ​ថ្ងៃ​ហ្នឹង​គេ​ដឹក​ចូល​បី​ឡាន​ទៀត​ហើយ ​ហើយ​ដាក់​សុទ្ធ​តែ​កាំភ្លើង​ធំៗ។ មិន​គេ​ដឹង​ថា​គេ​យល់​មក​បាញ់​អី​បាញ់​មាន់​ឬ​ក៏​បាញ់​មនុស្ស។ ឥឡូវ​ដល់​ពេល​កូដកម្ម​គេ​ដឹក​មក​បន្ថែម​ទៀត ​យក​មក​ទុក​នៅ​សួន​ខាង​ក្រោយ ​បង​ឯង​ទៅ​មើល​ទៅ​សុទ្ធ​តែ​ទាហាន។ កម្មករ​គ្រាន់​តែ​ឃើញ​ញាក់​សាច់​គ្រប់​គ្នា»។

ទោះ​បី​ជា​យ៉ាង​ណា ​លោក​ទូច​អះអាង​ថា​ក្នុង​រោងចក្រ​របស់​លោក​មាន​កម្មករ​ប្រមាណ​៥០​ភាគរយ​បាន​ចូលរួម​ក្នុង​កូដកម្ម​នេះ​ដោយ​ចេញ​ពី​ធ្វើ​ការ​នៅ​ម៉ោង​៤​រសៀល។

លោក ឆាយ វីរៈ ​កម្មករ​ម្នាក់​ទៀត​នៅ​រោងចក្រ​ Suntex​ ទល់​មុខ​រោងចក្រ​កាណាឌីយ៉ា​ថ្លែង​ថា​កម្មករ​ក្នុង​រោងចក្រ​លោក​មិន​មាន​ការ​គំរាម​កំហែង​ពី​កងកម្លាំង​ប្រដាប់​អាវុធ​ទេ ​ប៉ុន្តែ​ខ្លះ​មិន​ហ៊ាន​ចូលរួម​កូដកម្ម​ដោយ​សារ​ថៅកែ​រោងចក្រ​គំរាម​មិន​បើក​ប្រាក់​ខែ​ឱ្យ។

«បើ​យើង​មិន​ថែម​ម៉ោង ​គេ​គំរាម​ថា​មិន​បើក​ប្រាក់​ខែ​ឱ្យ​ បើ​យើង​មិន​ថែម​ម៉ោង​បង្ហើយ​ការងារ។ កម្មករ​ខ្លះ​គេ​អត់​ខ្លាច ​អ្នក​ខ្លះ​ក៏​ខ្លាច​ព្រោះ​ប្រាក់ខែ​វា​តិច»។

កំពុង​អង្គុយ​យាម​ជាមួយ​ទាហាន​ពីរ​នាក់​ទៀត​ប្រដាប់​ដោយ​កាំភ្លើង​អាកា​នៅ​ខាង​ក្រោយ​អគារ​រោងចក្រ​កាណាឌីយ៉ា ​ទាហាន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​វត្តមាន​របស់​ខ្លួន​គឺ​ដើម្បី​ការ​ពារ​សណ្តាប់ធ្នាប់​នៅ​រោងចក្រ​ប៉ុណ្ណោះ។

«និយាយ​រួម​ពួកខ្ញុំ​មក​នេះ​គឺ​គ្រាន់​តែ​ដើម្បី​ការពារ​សន្តិសុខ​ប្រជាពលរដ្ឋ​ឱ្យ​បាន​សេចក្តី​សុខ​ប៉ុណ្ណោះ»។

លោក​ឧត្តមសេនីយ៍​ត្រី ខេង ទីតូ ​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​ថ្លែង​ថា​ការ​ដាក់​ពង្រាយ​កង​កម្លាំង​មាន​សមត្ថកិច្ច​នៅ​តាម​រោងចក្រ​មួយ​ចំនួន ​គឺ​ដើម្បី​បង្កា​បាតុកម្ម​ខុស​ច្បាប់​និង​ដើម្បី​រក្សា​សន្តិសុខ​ដល់​កម្មករ​នៅ​ទី​នោះ។

«ខ្ញុំ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ថា​មាន​ពង្រាយ​កម្លាំង​នៅ​កន្លែង​ណា​ខ្លះ​ទេ​ ប៉ុន្តែ​សមត្ថកិច្ច​មាន​វត្តមាន​គឺ​ដើម្បី​តែ​រក្សា​សន្តិសុខ ​ស្ថិរភាព ​សុវត្ថិភាព ​មុន​ មាន​ន័យ​ថា​តួ​នាទី​យើង​គឺ​ការពារ​មុន​ ប្រសើរ​ជាង​ព្យាបាល​ មិន​មែន​មាន​ន័យ​ថា​យើង​ទៅ​បញ្ឈប់​ឬ​បង្រ្កាប​មិន​ឱ្យ​គាត់​ធ្វើ​អ្វី​ទេ ​ឱ្យ​តែ​គាត់​ធ្វើ​តាម​ច្បាប់ ​និង​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រឹម​ត្រូវ»។

បើ​តាម​ការ​អះអាង​របស់​លោក ​រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ឱ្យ​ដឹង​ថា ​ក្រោយ​ថ្ងៃ​កូដកម្ម​ប៉ុន្មាន​ថ្ងៃ ​ការ​ដាក់​ពង្រាយ​កងកម្លាំង​នេះ​មាន​ទាំង​ក្នុង​ក្រុង​ភ្នំពេញ​និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន។

«យើង​អត់​បាន​សរុប​ចំនួន​ទេ ​ព្រោះ​គេ​ពង្រាយ​តាម​រោងចក្រ​ ប៉ុន្តែ​បើ​ធៀប​នឹង​ផ្លូវ​ជាតិ​លេខ​បួន ​នៅ​បាវិត​និង​នៅ​កំពង់​ចាម ​ឃើញ​ថា​នៅ​ផ្លូវ​វេងស្រេង​មាន​ការ​ដាក់​ពង្រាយ​ច្រើន​ជាង»។
លោក រ៉ុង ឈុន ​ចាត់​ទុក​ការ​ល្បាត​និង​ការ​ដាក់​ពង្រាយ​កង​កម្លាំង​សន្តិសុខ​នៅ​តាម​រោងចក្រ​ជា​ការ​គំរាមកំហែង​មួយ​ដល់​កម្មករ​ក្នុង​ការ​ចូលរួម​កូដកម្ម។

លោក​កេន លូ (Ken Loo) ​អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​នៅ​កម្ពុជា ​(GMAC) ​ ថ្លែង​ថា​លោក​មិន​បាន​ដឹង​ពី​ការ​ដាក់​ពង្រាយ​យោធា​នៅ​តាម​រោងចក្រ​ខ្លះ​នោះ​ទេ។ ដោយ​ឡែក​លោក​អះអាង​ថា​មាន​កម្មករ​ប្រហែល​៥​ភាគ​រយ​ប៉ុណ្ណោះ​ដែល​ធ្វើ​កូដកម្ម​មិន​ធ្វើការ​ថែម​ម៉ោង​ ​ពោល​គឺ​មិន​ដូច​ការ​អះអាង​របស់​ក្រុម​សហជីព​ទេ។ លោក​កេន លូ ​បន្ថែម​ថា​ការ​ចរចា​ដំឡើង​ប្រាក់​ខែ​គោល​បន្ថែម​ឱ្យ​កម្មករ​សម្រាប់​ឆ្នាំ​២០១៤​គឺ​ហួស​ពី​លទ្ធភាព​របស់​ភាគី​និយោជក៕
XS
SM
MD
LG