រដ្ឋាភិបាលទីក្រុងភ្នំពេញ និងហាណូយ បានព្រមព្រៀងគ្នាលើវិស័យការពារជាតិ និងសន្តិសុខ ដោយឈរលើគោលការណ៍មិនអនុញ្ញាតឲ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរៀងៗខ្លួន ដើម្បីបង្កអន្តរាយដល់សន្តិសុខរបស់ភាគីម្ខាងទៀត។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋាភិបាលទាំងពីរ ដែលចេញផ្សាយជាសាធារណៈដោយក្រសួងការបរទេសកម្ពុជា នៅថ្ងៃពុធនេះ។
ការព្រមព្រៀងនេះ ធ្វើឡើងក្រោយការបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ្វ៊ុក នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ - ២២ ខែធ្នូ ឆ្នាំ២០២១។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋាភិបាលកម្ពុជា និងវៀតណាម ភាគីទាំងពីរ នឹងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលមានស្រាប់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ពង្រឹងការសម្របសម្រួលក្នុងការថែរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងប្រទេសនីមួយៗ បង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រង និងការពារព្រំដែន។
នៅត្រង់បញ្ហាព្រំដែន ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគារពសន្ឋិសញ្ញានានាស្តីពីការកំណត់ ការខណ្ឌសីមា និងការបោះព្រំដែនគោក ដែលសម្រេចបាន៨៤ភាគរយ និងបានជំរុញឲ្យគណៈកម្មការព្រំដែនចម្រុះកម្ពុជាវៀតណាម វៀតណាមកម្ពុជា (JBC) ស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកចំពោះព្រំដែនគោក ដែលនៅសេសសល់១៦ភាគរយមិនទាន់ខណ្ឌសីមា។
សេចក្តីថ្លែងការណ៍រួមដដែលឲ្យដឹងទៀតថា ភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើការរួមគ្នាក្នុងការដោះស្រាយផលប៉ះពាល់ផ្នែកវេជ្ជសាស្រ្ត សេដ្ឋកិច្ច និងសង្គម ដែលបង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ១៩៕