ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រមុខ​រដ្ឋ​វៀតណាម គ្រោង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ដោយ​មាន​បញ្ចុះ​បឋម​សិលា​សង់​អគារ​រដ្ឋបាល​ថ្មី​នៃ​រដ្ឋសភា


រូបឯកសារ៖ ប្រធានាធិបតី​វៀតណាម​លោក Nguyen Xuan Phuc (កណ្តាល) ចូលរួម​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​អនុប្រធានាធិបតី​អាមេរិក​អ្នកស្រី Kamala Harris (មិនមាន​​នៅ​ក្នុងរូប) នៅ​វិមាន​ប្រធានាធិបតី​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​វៀតណាម​លោក Nguyen Xuan Phuc (កណ្តាល) ចូលរួម​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​អនុប្រធានាធិបតី​អាមេរិក​អ្នកស្រី Kamala Harris (មិនមាន​​នៅ​ក្នុងរូប) នៅ​វិមាន​ប្រធានាធិបតី​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

ប្រធានាធិបតី​វៀតណាម លោក Nguyen Xuan Phuc នឹង​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ជា​អធិបតី​បញ្ចុះ​បឋម​សិលា​សាងសង់​អគារ​រដ្ឋបាល​ថ្មី​មួយ​របស់​រដ្ឋសភា​កម្ពុជា ក្នុង​អំឡុង​ពេល​លោក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា​ ចាប់​ពី​ថ្ងៃ​ទី​២១​ដល់​២២ ​ខែ​ធ្នូ​ ឆ្នាំ​២០២១។ នេះ​ បើ​យោង​តាម​របាយការណ៍​ព័ត៌មានក្នុង​ស្រុក​រួម​ទាំង​ទូរទស្សន៍​ជាតិ​កម្ពុជា​ផងដែរ។​

សារព័ត៌មាន​ថ្មីៗ​ជា​ភាសា​អង់គ្លេស​ បាន​រាយការណ៍​ថា ​ប្រធាន​រដ្ឋសភា​កម្ពុជា​លោក ហេង សំរិន ក៏​នឹង​ធ្វើ​ជា​សហ​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​អគារ​រដ្ឋបាល​ថ្មី​របស់​រដ្ឋសភា​ជាតិ​កម្ពុជា​ដែល​នឹង​ចំណាយ​ទឹក​ប្រាក់​អស់​ ២៥ ​លាន​ដុល្លារ​អាមេរិក​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម។

ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វៀតណាម​រូប​នេះ ធ្វើ​ឡើង​តិច​ជាង​២​សប្តាហ៌ មុន​ពេល​ដែល​ប្រទេស​កម្ពុជា ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​សមាគម​អាស៊ាន​នៅ​ដើម​ឆ្នាំ​២០២២។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២១ ប្រធាន​រដ្ឋ​វៀតណាម​រូប​នេះ ក៏​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវដែល​ជាប់​ភូមិ​ផង​របង​ជាមួយ​កម្ពុជា​ផង​ដែរ​ ជា​អ្វី​មួយ​ដែល​អ្នក​វិភាគ​នយោបាយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មើល​ឃើញ​ថា ជា​ការ​បង្ហាញ​ថា ​ប្រទេស​វៀតណាម កំពុងព្យាយាម​រក្សា​ទី​តាំង​ និង​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ក្បែរ​ខាង​ទាំង​នេះ ក្នុង​ពេល​ដែល​ប្រទេស​ចិន កំពុង​តែ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​តំបន់។

ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោក Nguyen Xuan Phuc នឹង​ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​ព្រះករុណា​ព្រះមហាក្សត្រ បរមនាថ នរោត្តម​ សីហមុនី ​និង​សម្តេច​ព្រះ​មហាក្សត្រី​នរោត្តម មុនិនាថ​ សីហនុ​ ហើយ​ក៏​គ្រោង​ជួប​លោក សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា និងលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។

កាល​ពី​ថ្ងៃ​ពុធ លោក ហ៊ុន សែន បាន​ប្រកាស​ថា ​ក្នុង​នាម​ជា​ប្រធាន​ប្តូរវេន​អាស៊ាន លោក​នឹង​ខិតខំ​សម្របសម្រួល​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ជាមួយ​ប្រទេស​ចិន​ក្នុង​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​សម្រេច​ឲ្យ​បាន​ក្រមប្រតិបត្តិ​មួយ​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង ​ឬ​ហៅ​កាត់​ថា ​COC​ (Code of Conduct for the South China Sea)។

ប្រទេស​វៀតណាម គឺ​ជា​ភាគី​ជម្លោះ​មួយ​ជាមួយ​ចិន​ ដែល​ទាមទារ​អធិបតេយ្យ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។

ការ​សាង​សង់​អគារ​រដ្ឋបាល​ថ្មី​របស់​រដ្ឋសភា​កម្ពុជា ដែល​ជា​ជំនួយ​របស់​ប្រទេស​វៀតណាម​នេះ គ្រោង​នឹង​បើក​ការ​ដ្ឋាន​នៅ​ដើម​ឆ្នាំ​២០២២។ នេះ ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហេង សំរិន

XS
SM
MD
LG