ប្រទេសកម្ពុជានិងវៀតណាម បានព្រមព្រៀងគ្នាចុះហត្ថលេខាលើឯកសារចំនួន៧ នៅថ្ងៃទី២១ ខែធ្នូនេះ ទាក់ទងនឹងវិស័យជាច្រើនរួមទាំងផ្នែកការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងអប់រំ ដែលនេះជាអ្វីមួយដែលមន្ត្រីនិយាយថា ដើម្បីរឹតចំណងទាក់ទង និងកិច្ចសហប្រត្តិបត្តិការរវាងប្រទេសទាំងពីរ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរ។
ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងថ្ងៃទី១ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃរបស់ប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc នៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់២២ ខែធ្នូនេះ។
កិច្ចព្រៀមព្រៀងទាំង៧ដែលបានចុះហត្ថលេខានោះ រួមមាន ផែនការសហប្រតិបត្តិការនិងអនុស្សារណៈនៃការយោគយល់គ្នាចាប់ពីឆ្នាំ២០២២ ដល់២០២៥លើវិស័យកងទ័ព នគរបាល អប់រំ យុត្តិធម៌ ពាណិជ្ជកម្មតាមព្រំដែន និងកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ហើយនឹងកំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះរវាងប្រទេសទាំងពីរ។ នេះ បើយោងតាមទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯវិមានសន្តិភាពក្នុងរាជធានីភ្នំពេញភ្លាមៗក្រោយពីពិធីចុះហត្ថលេខាលើឯកសារទាំងនោះ លោក អ៊ាង សុផល្លែត ជំនួយការលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា៖
«ភាគីទាំងពីរ ក៏បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ...និងកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និងជួយសម្រួលដល់ការអភិវឌ្ឍពាណិជ្ជកម្មតាមបែបថ្មីហើយនិងព្រមព្រៀងគ្នាជំរុញរៀបចំផែនការមេស្តីពីការតភ្ជាប់ខឿនសេដ្ឋកិច្ចកម្ពុជា-វៀតណាមផងដែរ»។
មេដឹកនាំនៃប្រទេសទាំងពីរ បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខានៅថ្ងៃនេះ៕