សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកកំពុងធ្វើសកម្មភាពរៃអង្គាសថវិកាដើម្បីជួយទិញសៀវភៅសិក្សាផ្តល់ឱ្យកុមារនៅកម្ពុជាក្រោមដែលមានចំនួនកាន់តែច្រើនឡើងចង់សិក្សាអក្សរសាស្រ្តខ្មែរប៉ុន្តែពួកគេប្រឈមនឹងកង្វះខាតសៀវភៅអាននិងឯកសារយោង។
លោកថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកបានលើកឡើងថាក្នុងរយៈពេលជាច្រើនឆ្នាំមកនេះក្រុមសកម្មជនបានជួយឧបត្ថម្ភសៀវភៅជាច្រើនពាន់ក្បាលដល់កុមារទាំងនោះ។
លោកថាច់ ង៉ុកថាច់បានបន្ថែមថា៖
«ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះគឺយើងវឹកវល់នឹងបញ្ហានយោបាយ។ អីចឹងបងប្អូនខ្មែរយើងជាពិសេសនៅកម្ពុជាក្រោមភ្លេច ភ្លេចដល់ថាតើទៅដល់ថ្ងៃមុខមានអ្វីខ្លះ? អីចឹងហើយយើងភ្លេចជួយដល់កុមារាកុមារី ជួយដល់ព្រះសង្ឃដែលនៅកម្ពុជាក្រោម ជួយដល់ឪពុកម្តាយ។ អីចឹងហើយយើងឃើញថាយើងត្រូវងាកមកខាងហ្នឹងជាធំ។ យើងនាំគ្នាថាទំពាំងស្នងឫស្សីប៉ុន្តែសព្វថ្ងៃនៅសល់តែឫស្សី យើងមិនបានមើលទំពាំងវាលូតដោយរបៀបណាដោយសារតែយើងវឹកវរបញ្ហានយោបាយ»។
សៀវភៅដែលផ្ញើដល់កុមារទាំងនោះមានកម្មវិធីសិក្សាដែលមាននៅក្នុងប្រទេសកម្ពុជាពីថ្នាក់ទី១ដល់ថ្នាក់ទី៥ និងសៀវភៅវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួនណាតដែលព្រះសង្ឃខ្មែរអាចយកទៅបង្រៀនកុមារទាំងនោះនៅក្នុងវត្តអារ៉ាមនារដូវវិស្សមកាល។ ការណ៍នេះដោយសារតែអាជ្ញាធរមិនអនុញ្ញាតឱ្យសិក្សាភាសាខ្មែរនៅតាមសាលារៀនរបស់រដ្ឋទេ។
ប៉ុន្តែពួកគេក៏ជួបការលំបាកក្នុងការបញ្ជូនសៀវភៅទាំងនោះទៅដល់កុមារទាំងនោះផងដែរ។
លោកថាច់ ង៉ុកថាច់បានបន្ថែមថា៖
«ការផ្ញើមានការរឹតត្បិតនៅតាមព្រំដែន មិនមែនមិនមានទេប៉ុន្តែយើងរកវិធីសាស្រ្ត។ ការផ្ញើទៅតាមរយៈបងប្អូនក្តីតាមរយៈព្រះសង្ឃក្តីឬតាមរយៈអ្នកណាដែលយើងអាចធ្វើបាន។ យើងចេះតែជំរុញ យើងចេះតែធ្វើ»។
មានពលរដ្ឋខ្មែរចំនួន៧លាននាក់រស់នៅតំបន់ខ្មែរកម្ពុជាក្រោម។ នេះបើតាមតួលេខរបស់អង្គការពលរដ្ឋនិងប្រជាជាតិគ្មានតំណាង(UNPO) ។ ប៉ុន្តែតួលេខផ្លូវការរបស់រដ្ឋាភិបាលវៀតណាមថាមានពលរដ្ឋខ្មែរតែចំនួន១,២លាននាក់តែប៉ុណ្ណោះ។
អង្គការ UNPO បានរកឃើញថានៅលើផ្នែកអប់រំសិក្សាធិការគឺកុមារខ្មែរកម្ពុជាក្រោមមិនអាចសិក្សាភាសាខ្មែរដោយទូលំទូលាយទេដែលនេះគឺជាការរំលោភអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ។ កុមារទាំងនោះក៏មិនអាចសិក្សាប្រវត្តិសាស្រ្តពិតរបស់ខ្មែរផងដែរ។
លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោមបានបញ្ជាក់ប្រាប់វីអូអេថាសូម្បីតែនៅពេលដែលសៀវភៅទាំងនោះទៅដល់វៀតណាមក៏ត្រូវអាជ្ញាធរពិនិត្យយ៉ាងម៉តចត់៖
«បើទាក់ទងនឹងប្រវត្តិសាស្រ្តឬភូមិសាស្រ្តគឺគេមិនឱ្យរៀនទេគឺរដ្ឋគេគ្រប់គ្រងតឹងរ៉ឹងណាស់»។
លោកថាច់ សេដ្ឋាបន្ថែមថាការរឹតត្បិតនេះកើតឡើងតំាងដើមទសវត្សរ៍១៩៨០ក្នុងខណៈពេលដែលកងទ័ពវៀតណាមបានចូលឈ្លានពាននិងគ្រប់គ្រងប្រទេសកម្ពុជារយៈពេល១០ឆ្នាំ។
«អាជ្ញាធរគេមិនអនុញ្ញាតឱ្យយើងរៀនជាសាធារណៈ អីចឹងសៀវភៅក្បួនខ្នាតគឺមិនមែនតែបឋមសិក្សាទេគឺគ្រប់កម្រិត។ ពីមុនយើងយកពីស្រុកខ្មែរបាន ដល់ក្រោយមកឆ្នាំ១៩៧៥ដល់៧៩ហ្នឹងគឺមិនអាចយកបានរហូតដល់ឥឡូវហ្នឹង គឺសុទ្ធតែមានការត្រួតពិនិត្យរបស់រដ្ឋគេអីចឹង សៀវភៅក្បួនខ្នាតអីអត់មានទេគឺមានតែ ចម្លងតគ្នាសូម្បីគម្ពីព្រះពុទ្ធសាសនាកម្រាស់រាប់រយរាប់ពាន់ទំព័រក៏អង្គុយចម្លងសរសេរដៃដែរ»។
ក្រុមសកម្មជនមើលឃើញថាកម្រិតនៃការចាប់អារម្មណ៍សិក្សាភាសាខ្មែរនិងការផ្តល់តម្លៃលើវប្បធម៌ខ្មែរបានចាប់ផ្តើមឡើងវិញខ្លះដោយសារតែការផ្សព្វផ្សាយវប្បធម៌ពីប្រទេសកម្ពុជា។
លោកថាច់ង៉ុកថាច់បានបន្ថែមថា៖
«ពីដើមទាល់តែទៅបួសបានរៀនភាសាចេះ ឥឡូវនេះមិនត្រឹមតែក្មេងប្រុសទេ សូម្បីក្មេងស្រីក៏ទៅរៀនដែរហើយគ្រូបង្រៀនមិនថាតែព្រះសង្ឃទេសូម្បីស្ត្រីក៏បង្រៀនភាសាខ្មែរដែរ... អីចឹងហើយធ្វើឱ្យការជំរុញកាន់តែផុលផុសឡើង»។
សម្រាប់ពេលអនាគតក្រុមសកម្មជនក៏មានគម្រោងដើម្បីបង្កើតកម្មវិធីជួយបង្រៀនតាមអនឡាញដល់កុមារដែលនៅតំបន់ឆ្ងាយពីវត្តផងដែរ៕