ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជានិងចក្រភពអង់គ្លេសប្តេជ្ញាពង្រឹងទំនាក់ទំនងឱ្យកាន់តែល្អ


រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកប៉ាស៊ីហ្វិកអ្នកស្រី Anne-Marie Trevelyan និងលោក ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេសកម្ពុជា ក្នុងជំនួបមួយនៅភ្នំពេញ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។ (Facebook/Ministry of Foreign Affairs and International Cooperation)
រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកប៉ាស៊ីហ្វិកអ្នកស្រី Anne-Marie Trevelyan និងលោក ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេសកម្ពុជា ក្នុងជំនួបមួយនៅភ្នំពេញ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។ (Facebook/Ministry of Foreign Affairs and International Cooperation)

មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​និង​ចក្រភព​អង់គ្លេស​មាន​ក្តី​រំពឹង​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ល្អ​ប្រសើរ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ការ​អប់រំ។

ថ្មីៗ​នេះ​ រដ្ឋមន្ត្រី​ចក្រភពអង់គ្លេស​ទទួល​បន្ទុក​ប៉ាស៊ីហ្វិក​អ្នកស្រី Anne-Marie Trevelyan បាន​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​លើក​ដំបូង​មក​កម្ពុជា​ រយៈ​ពេល​ ២ ​ថ្ងៃ គឺ​ចាប់​ថ្ងៃ​ទី​២​ដល់​ទី ៤ ខែ​មីនា​ ឆ្នាំ​ ២០២៤ ដើម្បី​រឹត​ចំណង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ។

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ អ្នកស្រី​បាន​ជួប​ជជែក​ជាមួយ​មន្ត្រី​ខ្ពស់​មួយ​ចំនួន​របស់​កម្ពុជា មាន​ដូច​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស។ ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​រូប​នេះ ស្រប​ពេល​ដែល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​ដឹកនាំ​គណៈ​ប្រតិភូ​របស់​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្រ្តាលី និង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​អូស្រ្តាលី។

ថ្លែង​នៅ​ក្នុង​វីដេអូ​រយៈពេល ​២ ​នាទី​ ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ក្រោយ​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​នៅ​កម្ពុជា អ្នកស្រី Anne-Marie Trevelyan ថ្លែង​ថា​ អ្នកស្រី​បាន​ជជែក​ជាមួយ​មន្ត្រី​សំខាន់ៗ​របស់​កម្ពុជា​ លើ​បញ្ហាសេដ្ឋកិច្ច​ កិច្ច​ការបរទេស​រវាង​ប្រ​ទេស​ទាំង​ពីរ​ បញ្ហា​ប្រឈម​ និង​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ផង​ដែរ។

អ្នកស្រី​ថ្លែង​ថា៖ «នោះ​គឺ​ជា​ឱកាស​ដ៏​មាន​ឯកសិទ្ធិ​មួយ​ក្នុង​ការ​មើល​ឃើញ​ថា ​ទំនាក់ទំនង​រវាង​ចក្រភព​អង់គ្លេស និង​កម្ពុជា​កំពុង​ដំណើរការ​ទៅ​មុខ។ សម្រាប់​ដំណើរ​បន្ទាប់​រវាង​ប្រទេស​ទាំង​ពីរ យើង​ទន្ទឹម​រង់​ចាំ​មើល​ទំនាក់​ទំនង​ដែល​កាន់​តែ​រីកចម្រើន»។

រដ្ឋមន្ត្រី​រូប​នោះ​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​អង់គ្លេស​ថា​ ក្នុង​ន័យ​ដើម​ថា៖ «ទំនាក់ទំនង​ទ្វេភាគី​អង់គ្លេស-កម្ពុជា​កំពុង​រីក​ចម្រើន​លើ​វិស័យ​ផ្សេងៗ ហើយ​យើង​ប្តេជ្ញា​គាំទ្រ​ប្រទេស​កម្ពុជា​ចំពោះ​ដំណាក់កាល​បន្ទាប់​នៃ​ដំណើរ​អភិវឌ្ឍន៍​របស់​ខ្លួន។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ស្តាប់​បន្ថែម​ទៀត​អំពី​កិច្ច​ការងារ​នៃ​គម្រោង​ភាព​ជា​ដៃគូ​វិនិយោគ​របស់​ចក្រភព​អង់គ្លេស​កំពុង​អនុវត្ត​សម្រាប់​កម្ពុជា និង​តួនាទី​នៃ​ការ​អប់រំ​របស់​ចក្រភព​អង់គ្លេស​ក្នុង​ការ​អភិវឌ្ឍ​ទេពកោសល្យ​នៅ​ទីនេះ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ប្រាប់វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Anne-Marie Trevelyan ​មាន​គោលដៅ​សំខាន់​លើក​កម្ពស់​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ និង​កិច្ចសហ​ប្រតិបត្តិការ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី រវាង​ប្រទេស​ទាំងពីរ។ លោក​បន្ថែម​ថា ​ភាគី​ទាំងពីរ​បាន​កត់​សម្គាល់​ដោយ​ការ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​ជា​ប្រពៃណី​នៃ​មិត្តភាព​ដ៏ល្អ​ប្រសើរ និង​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស។

លោក​បញ្ជាក់​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា៖ «ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​ពាណិជ្ជកម្ម ការ​វិនិយោគ ធនធាន​មនុស្ស ការ​អភិវឌ្ឍ​បៃតង និង​ថាមពល​កកើត​ឡើង​វិញ និង​បាន​រំឭក​ឡើង​វិញ​អំពីខួប​ទី ៧០ ​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​កាល​ពីឆ្នាំមុន ដែល​ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគ​យល់គ្នា​ស្តីពី​ការ​បង្កើតការ​ពិគ្រោះ​យោបល់​នយោបាយ​ទ្វេភាគី​រវាង​ក្រសួង​ទាំងពីរ»។

អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន ​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​បន្ថែម​ពាក់ព័ន្ធ​នឹង​ជំនួប​រវាង​រដ្ឋមន្ត្រី​ទាំង​ពីរ ដោយ​ឱ្យ​វីអូអេ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វិញ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ ចុះ​ថ្ងៃ​ទី​ ៤ ខែ​កុម្ភៈ ឆ្នាំ​ ២០២៤​ លោក អូន ព័ន្ធមុនីរ័ត្ន​ និង​អ្នកស្រី Anne-Marie Trevelyan បាន​ពិភាក្សា​អំពី​ការ​កែទម្រង់​ ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​មក​កម្ពុជា​បន្ថែម​ទៀត ដូច​ជា​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ដែល​មាន​លក្ខណៈ​សាមញ្ញ​ និង​ងាយ​ស្រួល​ ការ​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ចុះ​បញ្ជី ការ​ទទួល​បាន​នូវ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​ដើម​ទុន​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ និង​ការ​គ្រប់គ្រង​បំណុល​នៅ​កម្ពុជា​ ព្រម​ទាំង​គំនិត​ផ្ដួចផ្ដើម​សម្រាប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​ដើម។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ចុះ​ថ្ងៃ​ទី ​៣ ខែ​មីនា​ ឆ្នាំ​ ២០២៤ ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តែ​បន្ត​អភិវឌ្ឍ​ ដែល​ត្រូវ​បាន​ជំរុញ​ដោយ​គំនិត​ផ្តួចផ្តើម​នានា​ រួម​ទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ ជាមួយ​នឹង​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​មាន​តម្លៃ​ជាង ​១.០០០ ​លាន​ផោន។ អង់គ្លេស​ថា​ កម្ពុជា​ក៏​ជា​ប្រទេស​អាទិភាព​មួយ​សម្រាប់​កម្មវិធី​ភាព​ជា​ដៃគូ​វិនិយោគ​របស់​ចក្រភព​អង់គ្លេស។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «ការ​លើក​កម្ពស់​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​សម្រាប់​ប្រជាជន​កម្ពុជា​ ជាពិសេស​ស្ត្រី​និង​កុមារ គឺ​ជា​អាទិភាព​យូរ​អង្វែង​នៅ​ក្នុង​ទំនាក់ទំនង​ចក្រភព​អង់គ្លេស-កម្ពុជា។ បន្ថែម​ពី​លើ​កម្មវិធី​ដែល​មាន​ស្រាប់​នៅ​ឆ្នាំ ​២០២៣ ចក្រភព​អង់គ្លេស​បាន​ប្តេជ្ញា​ចិត្ត​ផ្តល់​មូលនិធិ​ ៣០ ​លាន​ផោន ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​សម្រាប់​ស្ត្រី និង​កុមារី​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍»។

ក្រៅ​ពី​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម និង​ការ​អប់រំ ភាគី​កម្ពុជា​និង​អង់គ្លេស​ក៏​ខ្នះខ្នែង​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​វប្បធម៌ និង​លើក​កម្ពស់​ការ​យល់​ដឹង​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ។

បើ​តាម​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ភាគី​ទាំង​ពីរ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ចុះ​អនុស្សារណៈ:​នៃ​ការ​យោគ​យល់​ (MOU) ​ស្តី​ពី​ការ​ទប់​ស្កាត់​ចរាចរណ៍​វត្ថុ​បុរាណ​ដោយ​ខុស​ច្បាប់ ព្រម​ទាំង​ជួយ​សម្របសម្រួល​ក្នុង​ការ​បញ្ជូន​អ្នក​ជំនាញ​មក​ជួយ​អភិរក្ស​សមុច្ច័យ​អំពី​មាស និង​ជួយ​ផ្តល់​គំនិត​យោបល់​ក្នុង​ការ​រៀប​ចំ​ដាក់​តាំង​សមុច្ច័យ​ទាំង​នោះ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ពោល​គឺ​ការ​រក្សា​ការពារ​មិន​ឱ្យ​ឡើង​ស្នឹម​និង​ខូចខាត​ពី​សំណើម​ក្នុង​ពេល​ដាក់​តាំង​បង្ហាញ។

អនុប្រធាន​មជ្ឈមណ្ឌល​ខ្មែរ​សិក្សា​កិច្ចការ​តំបន់​ (CCRS) លោក ឈួន វណ្ណដាសម្បត្តិ​ ប្រាប់​វីអូអេ​ថា​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ជា​ដំណើរ​លើក​ទី ​១ ​របស់​មន្ត្រី​ជាន់ខ្ពស់​ចក្រភព​អង់គ្លេស​មក​កាន់​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​ថ្មី​គឺ​លោក​ ហ៊ុន​ ម៉ាណែត។

លោក​ថា ​កិច្ច​សហប្រតិបត្តិការ​ផ្សេងៗ​នឹង​នាំ​ផល​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ​ និង​ថា ​ចក្រភព​អង់គ្លេស​អាច​ចូលរួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ដោយ​នាំ​យក​ការ​វិនិយោគ និង​ពាណិជ្ជកម្មរបស់​ចក្រភព​អង់គ្លេស​កាន់​តែ​ច្រើន។

លោក​បញ្ជាក់​ថា៖ «ប៉ុន្តែ​វា​ក៏​ទាមទារ​ឱ្យ​ប្រទេស​កម្ពុជា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម ដូច​ជា​ការណែនាំ ក៏​ដូច​ជា​ច្បាប់ និង​បទប្បញ្ញត្តិ​នានា​ ដើម្បី​កសាង​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ។ លើស​ពី​នេះ ការ​កែលម្អ​ផ្នែក PR (ទំនាក់ទំនង​សាធារណៈ) ក៏​ជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការពិនិត្យ​មើល ដើម្បី​ឱ្យ​មាន​បរិយាកាស​ល្អ​សម្រាប់​អ្នក​វិនិយោគ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG