ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ធុរកិច្ច​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​ធ្វើ​កំណែ​ទម្រង់ ដើម្បី​ទាក់ទាញ​វិនិយោគិន​​អាមេរិក​កាន់​តែ​ច្រើន


លោក Brian McFeeters ជាអនុ​ប្រធាន​ជាន់ខ្ពស់ និង​ជា​នាយក​គ្រប់គ្រង​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាមេរិក-អាស៊ាន (US-ASEAN Business Council)។ (Facebook/Samdech Thipadei Hun Manet, Prime Minister of Cambodia)
លោក Brian McFeeters ជាអនុ​ប្រធាន​ជាន់ខ្ពស់ និង​ជា​នាយក​គ្រប់គ្រង​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាមេរិក-អាស៊ាន (US-ASEAN Business Council)។ (Facebook/Samdech Thipadei Hun Manet, Prime Minister of Cambodia)

មន្រ្តី​ជាន់ខ្ពស់​ផ្នែក​ធុរកិច្ច​របស់​សហរដ្ឋ​អាមេរិក​ចង់​ឃើញ​កម្ពុជា​មាន​កំណែ​ទម្រង់​លើ​បរិយាកាស​វិនិយោគ ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បីទាក់ទាញ​ក្រុមហ៊ុន​អាមេរិក​កាន់​តែ​ច្រើន​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ កាល​ពី​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៤ លោក Brian McFeeters អនុ​ប្រធាន​ជាន់ខ្ពស់ និង​ជា​នាយក​គ្រប់គ្រង​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាមេរិក-អាស៊ាន (US-ASEAN Business Council) ដែល​មក​ប្រទេស​កម្ពុជា​កាល​ពី​សប្តាហ៍​មុន បាន​លើក​ឡើង​ថា ​ក្រុមហ៊ុន​អាមេរិក​ចំនួន​១៧​បាន​ចាប់​អារម្មណ៍​ក្នុង​ការ​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន​ក៏​កំពុង​សិក្សា​និង​ស្វែង​យល់​ទៅ​លើ​បញ្ហា​ផ្សេងៗ និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។ លោក​បន្ត​ថា ​ជា​គោលការណ៍​ស្នូល​របស់​រដ្ឋាភិបាល​អាមេរិក​គឺ​ផ្តោត​សំខាន់​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដោយ​លោក​សង្ឃឹម​ថា ​នឹង​មាន​កំណែ​ទម្រង់​ចំពោះ​បញ្ហា​ទាំង​នេះ។

លោក​ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជា​ភាសា​អង់គ្លេស និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «ខ្ញុំ​បាន​ដឹង​ថា ​រដ្ឋាភិបាល​អាមេរិក​កំពុង​ពិភាក្សា​ជាមួយ​កម្ពុជា​អំពី​សិទ្ធិ​មនុស្ស ការ​ជួញដូរ​មនុស្ស និង​ពលកម្ម​កុមារ ទាំង​នេះ​គឺជា​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ ខ្ញុំ​គិត​ថា​ ជា​មូលដ្ឋាន ក្រុម​ទាំង​នោះ​មិន​មាន​បញ្ហា​អ្វី​ទេ បើ​រដ្ឋាភិបាល​អាមេរិក​យល់​ព្រម​ទៅ​លើ​បញ្ហា​ដែល​កំពុង​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​នេះ ហើយ​យើង​អាច​ដំណើរការ​បាន។ ក្រុមហ៊ុន​ទាំង​នោះ ពួកគេ​ចង់​ឱ្យ​ស្រប​តាម​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក»។

លោក Brian Mcfeeters និង​តំណាង​ក្រុមហ៊ុន​អាមេរិក​ផ្សេង​ទៀត​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ពន្ធ​មួយ​ចំនួន នៅ​ពេល​ដែល​គណៈ​ប្រតិភូ​របស់​លោក​បាន​ជួប​ជាមួយលោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាល​ពី​សប្តាហ៍​មុន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ក​ជា​ភាព​ងាយ​ស្រួល​ក្នុង​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ពួកគេ​កំពុង​សម្លឹង​មើល​ឱកាស​ទីផ្សារ ប៉ុន្តែ​ពួកគេ​ក៏​មើល​ឃើញ​ពី​ការ​លំបាក ហើយ​ពួកគេ​បាន​លើក​ឡើង​ដែរ​នូវ​បញ្ហា​មួយ​ចំនួន​ជាមួយ​លោក​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ផ្សេង​ទៀត​អំពី​បញ្ហា​នៅ​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា​ជុំវិញ​ពន្ធ។ មិន​ដឹង​ថា​ សវនកម្ម​ពន្ធ​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ។ ពួកគេ​បាន​លើក​ឡើង​ពី​បញ្ហា​នោះ ហើយ​ពេល​ខ្លះ​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​លិខិត​អនុញ្ញាត​សម្រាប់​ការ​ពង្រីក​សកម្មភាព​របស់​ពួកគេ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ពួកគេ​ក៏​មានទស្សនៈ​វិជ្ជមាន​ក្នុង​ន័យ​ថា​ ប្រទេស​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ខ្លាំង​ពី​៥​ទៅ​៦​ទៅ​៦,៥ភាគរយ​ក្នុង​មួយ​ឆ្នាំ ហើយ​នោះ​មាន​ន័យ​ថា​សេដ្ឋកិច្ច​កំពុង​មាន​កំណើន»។

ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក-អាស៊ាន ដែល​តំណាង​ឱ្យ​ក្រុមហ៊ុន​ធំៗ ប្រមាណ​១៧​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា មាន​ប្រតិបត្តិការ​អាជីវកម្ម​លើ​វិស័យ​បច្ចេកវិទ្យា​ទំនើប បណ្ដាញ​ផ្សព្វផ្សាយ​សង្គម ទេសចរណ៍ ហិរញ្ញវត្ថុ ថាមពល ផ្សារ​លក់​រាយ កម្មន្តសាល និង​ធានា​រ៉ាប់រង​ជាដើម។ ក្រុមហ៊ុន​ទាំង​នោះ​មាន​ដូចជា Fedex Express, ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Master Card, ក្រុមហ៊ុន Visa Card, ក្រុមហ៊ុនMeta (Facebook), ក្រុមហ៊ុនADM, ក្រុមហ៊ុន Chevron និង​ក្រុមហ៊ុន Manulife ជាដើម។

នៅ​ក្នុង​ជំនួប​ជាមួយ​តំណាង​ក្រុមហ៊ុន​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​អំពី​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី១​និង​ក្របខណ្ឌ​គោល​នយោបាយ​គាំទ្រ​ដល់​ការ​វិនិយោគ​របស់​រដ្ឋាភិបាល​កម្ពុជា តាម​រយ:​ការ​ផ្តល់​នូវ​បរិស្ថាន​វិនិយោគ​អំណោយ​ផល ជាមួយ​នឹង​ការ​ធានា​នូវ​សុខ​សន្តិភាព ស្ថិរ​ភាព​នយោបាយ និង​សណ្តាប់​ធ្នាប់​សង្គម។

លោក​ក៏​បាន​លើក​ឡើង​នូវ​គោល​នយោបាយ​នៃ​ការ​ផ្ដល់​ការ​លើក​ទឹកចិត្ត​សម្រាប់​វិនិយោគិន​ និង​ការ​ដាក់​ចេញ​នូវ​គំនិត​ផ្ដួចផ្ដើម​នៃ​គំរូ​អាជីវកម្ម​ថ្មីៗ​ដូចជា​គំរូ​ថ្មី​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​ប្រភេទ​ឧស្សាហ​កម្ម និង​តម្រូវការ​របស់​ប្រទេស​នីមួយៗ។ នេះ​បើ​តាម​សារ​តែ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី។

លោក ហ៊ុន ម៉ាណែត ក៏​ជំរុញ​ឱ្យ​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាមេរិក-អាស៊ាន​បន្ត​កិច្ច​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា ក្នុង​ការ​ដាក់​ចេញ និង​រៀបចំ​ផែនការ ដើម្បី​អនុវត្ត​ឱ្យ​ចេញ​ជា​សកម្មភាព​ជាក់​ស្ដែង​ក្នុង​ការ​លើក​កម្ពស់​ទំនាក់ទំនង ក៏​ដូចជា​ការ​វិនិយោគ​លើ​វិស័យ​ឯកជន​នៅ​កម្ពុជា​ផង​ដែរ។

អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល ​លោក បណ្ឌិត ​គី សេរីវឌ្ឍ​ ថ្លែង​ថា​ ស្ថានភាព​នៃ​ការ​វិនិយោគ​របស់​អាមេរិក​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​អាមេរិក​ជា​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ខ្នាត​ធំ ខណៈ​កម្ពុជា​កំពុង​ខ្វះ​កម្លាំង​ពលកម្ម និង​ជំនាញ។ លោក​បន្ត​ថា ​បរិយាកាស​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ ដោយ​មាន​តែ​កន្លែង​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​អំណោយ​ផល​ដល់​ការ​វិនិយោគ។

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​យើង​មើល​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​គឺ​បរិយាកាស​នៃ​ការ​វិនិយោគ​ហ្នឹង​គឺ​មាន​ស្ថានភាព​ល្អ​ប្រសើរ ហើយ​ក្រុមហ៊ុន​ជាច្រើន​ជា​ក្រុមហ៊ុន​ Compliance [ក្រុម​ហ៊ុន​ដែល​គោរព​តាម​ច្បាប់] ក៏​ប៉ុន្តែ​បើ​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុមហ៊ុន​មួយ​ចំនួន​ក៏​អាច​នឹង​លួច​បន្លំ​មួយ​ចំនួន​ដែរ​ផ្ទុយ​ពី​ច្បាប់»។

លោក​បន្ថែម​ថា​ ក្រុមហ៊ុន​ដែល​វិនិយោគ​នៅ​កម្ពុជា​ភាគ​ច្រើន​ជា​ក្រុមហ៊ុន​ចិន កូរ៉េ និង​ជប៉ុន។ លោក​ក៏​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក​បន្ត​ធ្វើ​ការ​វិនិយោគ​ឱ្យ​កាន់​តែ​ច្រើន ដើម្បី​កែ​លម្អ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

លោក​បញ្ជាក់​ថា៖ «ជាទូទៅ​ដើម្បី​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​បង្កើត​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​បាន​ប្រសើរ​នោះ​គឺ​សហរដ្ឋ​អាមេរិក​គួរ​តែ​ជំរុញ​ឱ្យ​មាន​ការ​វិនិយោគ​ពី​អាមេរិក​មក​កាន់​តែ​ច្រើន ដើម្បី​ឱ្យ​ក្រុមហ៊ុន​អាមេរិក​មាន​សំឡេង​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​រួម​ចំណែក​នៅ​ក្នុង​ការ​កែលម្អ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​ប្រសើរ​ជាង​មុន​ទៀត»។

ថ្លែង​នៅ​ក្នុង​ពិធី​សំណះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី កាល​ពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៤ លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើក​ឡើង​ថា​ កម្ពុជា​ស្វាគមន៍​វិនិយោគិន​ពី​គ្រប់​ប្រទេស​ មិន​មែន​តែ​ប្រទេស​ចិន​មួយ​នោះ​ទេ។ លោក​លើក​ឡើង​ថា​ ក្នុង​រយៈ​ពេល​៦ខែ​មកនេះ​ ម៉ាក្រូ​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​ស្ថិរភាព​ប្រសើរ ដែល​ចាប់​តាំង​ពី​រដ្ឋាភិបាល​ថ្មី​ចូល​កាន់​តំណែង គម្រោង​វិនិយោគ​ដែល​កម្ពុជា​ទទួល​បាន​មាន​១៧២​គម្រោង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​មាន​ទំហំ​វិនិយោគ​ទុន​ប្រមាណ​ជិត​៤.០០០​លាន​ដុល្លារ។

លោក​ថ្លែង​ថា៖ «អ្នក​ខ្លះ​គេ​ថា​កម្ពុជា​គឺ​ទាញ​តែ​វិនិយោគ​មក​ពី​ប្រទេស​ចិន ឬ​មួយ​ពី​ប្រទេស​ណាមួយ ខ្ញុំ​ថា​អត់​ទេ ​ខ្ញុំ​ដើរ​ទាក់​ម៉ូយ​គ្រប់​កន្លែង នរណា​ទៅ​ក៏​ខ្ញុំ​ស្វាគមន៍​ដែរ។ ខ្ញុំ​មិន​ថា​ជួប​១០០​[ក្រុមហ៊ុន] គេ​ទៅ​ទាំង​១០០​នោះ​ទេ ជួប​១០០ ទៅ​តែ​មួយ ឬ​ទៅ​តែ​២ ក៏​ជា​ជោគជ័យ​ដែរ ថ្ងៃ​ក្រោយ​ជួប​ថែម​ទៀត​ ទៅ​ថែម​ទៀត ទាញ​ទៅ​ថែម​ទៀត»។

នៅ​ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន ម៉ាណែត នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​សប្តាហ៍​មុន លោក Brian McFeeters អនុប្រធាន​ជាន់​ខ្ពស់ និង​ជា​នាយក​គ្រប់គ្រង​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាមេរិក-អាស៊ាន ក៏​បាន​លើក​ឡើង​ថា​ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​នាយករដ្ឋមន្ត្រី​ថ្មី ក្រុមហ៊ុន​អាមេរិក​មាន​អារម្មណ៍​ថា​ រដ្ឋាភិបាល​ថ្មី​នេះ​កំពុង​បញ្ជូន​សញ្ញា​ជា​ច្រើន​អំពី​ការ​បើក​ចំហ​ចំពោះ​ការ​វិនិយោគ ស្វាគមន៍​បរទេស និង​ស្វាគមន៍​ក្រុមហ៊ុន​អាមេរិក​ជាពិសេស៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG