ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការបន្តស៊ើបសួរអំពីសំណុំរឿងសូកប៉ាន់សាក្សីពាក់ព័ន្ធរឿងអាស្រូវស្នេហាគួរឲ្យឆ្ងល់


លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ ញញឹម​ដាក់​អ្នកគាំទ្រ​របស់​លោក​និង​​ទៅកាន់​អ្នកសារព័ត៌មាន​ ខណៈពេល​ដែល​លោក​ត្រូវតុលាការកោះហៅឲ្យចូលបំភ្លឺនៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​សីហា ឆ្នាំ​២០១៦ ក្នុងនាមជាសាក្សីទាក់ទងនឹងសំណុំ រឿង ដែលមានការចោទប្រកាន់អំពីរឿង​អាស្រូវផ្លូវភេទរបស់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ (ឡេង ឡែន/VOA)
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ ញញឹម​ដាក់​អ្នកគាំទ្រ​របស់​លោក​និង​​ទៅកាន់​អ្នកសារព័ត៌មាន​ ខណៈពេល​ដែល​លោក​ត្រូវតុលាការកោះហៅឲ្យចូលបំភ្លឺនៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​សីហា ឆ្នាំ​២០១៦ ក្នុងនាមជាសាក្សីទាក់ទងនឹងសំណុំ រឿង ដែលមានការចោទប្រកាន់អំពីរឿង​អាស្រូវផ្លូវភេទរបស់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ (ឡេង ឡែន/VOA)

អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាលើកឡើងថា ការកោះហៅប្រធានអង្គការមួយដែលគ្រប់គ្រងវិទ្យុ VOD គឺជាការបំបាក់ស្មារតីអ្នកការពារសិទ្ធិមនុស្សដែលធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ជាជាងសាកសួររឿងនាងខុម ចាន់តារ៉ាទី ហៅស្រីមុំជាមួយលោកកឹម សុខា។

តុលាការ​កំពុង​បន្ត​ស៊ើប​អង្កេត​សំណុំ​រឿង​សូក​ប៉ាន់​សាក្សី​ពាក់ព័ន្ធ​រឿង​អាស្រូវ​ស្នេហា​គួរ​ឲ្យ​ឆ្ងល់​រវាងស្រីមុំ​ និង​លោក​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង។ ​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​៤​នាក់​ និង​មន្រ្តី​គ.ជ.ប.​ម្នាក់​ត្រូវ​ឃុំ​ខ្លួន​ ហើយ​លោក​ប៉ា ងួនទៀង ​ប្រធាន​វិទ្យុ​ VOD ​ទើប​បញ្ចប់​ការ​បំភ្លឺ​នៅ​តុលាការ ស្របពេល​ដែល​មន្រ្តី​អាដហុក​ម្នាក់​ទៀត​ត្រូវ​កោះ​ហៅ​សាកសួរ​ក្នុង​នាម​ជា​សាក្សី​នោះ។

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​និង​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​លើក​ឡើង​ថា ​ការ​កោះ​ហៅ​ប្រធាន​អង្គការ​មួយ​ដែល​គ្រប់គ្រង​វិទ្យុ ​VOD គឺ​ជា​ការ​បំបាក់​ស្មារតី​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ​ជាជាង​សាកសួរ​រឿង​នាង​ខុម ចាន់តារ៉ាទី ​ហៅ​ស្រីមុំ​ជាមួយ​លោក​កឹម សុខា។​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក​ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ ​(CCIM) ​ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​វិទ្យុ VOD​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះ​ហៅ​ដើម្បី​សួរ​នាំ​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំ​រឿង​សូក​ប៉ាន់​សាក្សី ​ពាក់ព័ន្ធ​នឹង​រឿង​គួរ​ឲ្យសង្ស័យ​ដែល​ថា​ នាង​ខុម ចាន់តារ៉ាទី​ ហៅ​ស្រីមុំ​ ជា​ស្រី​កំណាន់​របស់​លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ។​

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ នៅថ្ងៃ​ដែល​លោក ប៉ា ងួនទៀង នាយកប្រតិបត្តិ​មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ ត្រូវតុលាការកោះ​ហៅឲ្យ​ចូលបំភ្លឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)
លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ នៅថ្ងៃ​ដែល​លោក ប៉ា ងួនទៀង នាយកប្រតិបត្តិ​មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ ត្រូវតុលាការកោះ​ហៅឲ្យ​ចូលបំភ្លឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា ​ការ​កោះ​ហៅ​លោក​ប៉ា ងួនទៀង​ មក​សាកសួរ​នេះ​គឺ​ជា​ការ​គំរាម​កំហែង​លើ​អ្នក​ដែល​សកម្ម​ក្នុង​យុទ្ធនាការ​ទាមទារ​សិទ្ធិ​សេរីភាព។ លោក​បញ្ជាក់​ថា ​ការ​សាក​សួរ​របស់​តុលាការ និង​ចម្លើយ​របស់​លោក​ប៉ា ងួនទៀង​ ហាក់​មិន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​ទេ។​

លោក​បន្ថែម​ថា៖​

«ទី១​លោក​ប៉ា ងួនទៀង​ នេះ​គាត់​សកម្ម​ណាស់​នៅ​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​៥​នាក់​ហ្នឹង។​ ទី២​លោក​ក៏​សកម្ម​ក្នុង​ការ​រៀបចំ​បុណ្យ​សព​លោក​បណ្ឌិត​ កែម ឡី​ ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ហ្នឹង។​ អញ្ចឹង​ការ​កោះ​ហៅ​ទោះបី​ជា​ក្នុង​នាម​សាក្សី​ក៏​ដោយ ​ក៏​ខ្ញុំគិត​ថា​ វា​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ទាមទារ​យុទ្ធនាការ​នៃ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ ​ហើយ​កៀក​ពេល​បោះឆ្នោត​មក​ដល់​ផង​ដែរ»។​

លោក​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ និង​ជា​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា ​សំណុំ​រឿង​នាង​ខុម ចាន់តារ៉ាទី ​និង​លោក​កឹម សុខា ​ជារឿង​បុគ្គល​ពាក់ព័ន្ធ​នឹង​នយោបាយ ​ហើយ​តុលាការ​មិនគួរ​កោះ​ហៅ​លោក​ប៉ា ងួនទៀង​ មក​សាកសួរ​នោះ​ទេ។ ​លោក​បន្ថែម​ថា​ ការ​កោះ​ហៅ​នេះ​អាច​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​អាវខ្មៅ​ដែល​ដឹកនាំ​ដោយ​លោក​ប៉ា ងួនទៀង។​

រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ​ ២០១៦ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌​មាន​អំពី​បណ្តឹង​បរិហាកេរ្តិ៍​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​រូប​លោក។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ​ ២០១៦ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌​មាន​អំពី​បណ្តឹង​បរិហាកេរ្តិ៍​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​រូប​លោក។ (ហ៊ុល រស្មី/VOA)

លោក​បញ្ជាក់​ថា៖​

«រាល់​ថ្ងៃ​រដ្ឋាភិបាល​ហាក់​ដូចជា​បង្ហាញ​ឆន្ទៈ​មួយ​គឺ​គាត់​មិន​សប្បាយ​ចិត្ត​នឹង​យុទ្ធនាការ​អាវ​ខ្មៅ​ទេ។ ​គាត់​ប្រតិកម្ម​ខ្លាំង​មែនទែន​គឺ​ប្រតិកម្ម​ទាក់ទង​ការ​តវ៉ា​ ទាក់ទង​នឹង​អាវ​ខ្មៅ។ ​មូលហេតុ​មួយ​ទៀត​ទាក់ទង​រឿង​បទ​ល្មើស ​តើ​មាន​បទ​ល្មើស​អី​ដែល​មាន​លោក​ប៉ា ងួនទៀង ​ជា​សាក្សី? បើ​សិន​មាន​បទល្មើស​ដែល​លោក​ប៉ា ងួនទៀង​ ជា​សាក្សី ​អាហ្នឹង​ដូចជា​មិន​ខុស​ទេ។ ​តែ​បើ​សិន​អត់​មាន​បទ​ល្មើស​អី​ធំដុំ​ទេ ​អញ្ចឹង​ការ​ហៅ​សាក្សី​បែប​ហ្នឹង​ ជា​ធម្មតា​មតិ​អន្តរជាតិ ​និង​ជាតិ ​គេ​នឹង​ចោទ​ថា ​ជា​រឿង​នយោបាយ ​និង​ការ​គាប​សង្កត់​ពី​តុលាការ»។​

ក្រោយ​ការ​សាក​សួរ​របស់​ចៅក្រម​ជិត​មួយ​ម៉ោង ​ លោក​ប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ (CCIM)​ ដែល​គ្រប់គ្រង​វិទ្យុ ​VOD​ ប្រាប់​ថា ចៅក្រម​លើក​ឡើង​ថា​ តុលាការ​មាន​ភស្តុតាង​ជា​សំឡេង​របស់​លោក​ក្នុង​ការ​សន្ទនា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាក់ទង​នឹង​ករណី​ស្រីមុំ។​

លោក​បញ្ជាក់​ថា៖​

«គេ​[ចៅក្រម]​ថា​ គេ​មាន​ភ័ស្តុតាង​ជា​សំឡេង ​មាន​ភ័ស្តុតាង​ចម្លើយ​អ្នក​មុន​អី​អញ្ចឹង​ គេ​ឆ្លើយ​ថា​ ពាក់​ព័ន្ធ​នឹង​ខ្ញុំ។​ ប៉ុន្តែ​គ្រាន់​តែ​គេ​អត់​បង្ហាញ​ថា ​ចម្លើយ​ពាក់ព័ន្ធយ៉ាង​ម៉េច​ ខ្ញុំ​ក៏​មិន​ច្បាស់​ថា​ តើ​ការ​ទំនាក់​ទំនង​របស់​ខ្ញុំជាមួយ​អ្នកណា​ខ្លះ?​ រឿង​អីខ្លះ?​ និយាយ​ម៉េច​ខ្លះ? ខ្ញុំវា​អត់​ច្បាស់​ដែរ។​ ខ្ញុំអត់ចាំ»។​

លោក​ប៉ា ងួនទៀង​ បន្ថែម​ថា ​លោក​មិន​បារម្ភ​ថា តុលាការ​នឹង​ឃាត់​ខ្លួន​លោក​នោះ​ទេ ​ដោយ​លោក​អះអាង​ថា លោក​មិន​បាន​ធ្វើ​ខុស​ច្បាប់។​

លោក​លី សុផាណា ​អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រាប់ ​VOA​ តាម​ប្រព័ន្ធ​ទំនាក់​ទំនង​អេឡិច​ត្រូនិច ​Telegram ​ថា ​ចម្លើយ​របស់​លោក​ប៉ា ងួនទៀង​ ក្នុង​នាម​ជា​សាក្សី បាន​ផ្តល់​នូវ​ប្រយោជន៍​ជា​ច្រើន​ដល់​ការ​ស៊ើប​សួរ។​ លោក​បន្ថែម​ថា ​តុលាការ​សម្រេច​បន្ត​ការ​ស៊ើបសួរ ​តែ​លោក​មិន​បាន​ប្រាប់​អំពី​នីតិ​វិធី​បន្ទាប់​នោះ​ទេ។​

លោក​បន្ថែម​តាម​អត្ថន័យ​ដើម​ថា៖​

«ចៅក្រម​ស៊ើបសួរ​មិន​អាច​បង្ហាញ ​ឬ​ប្រាប់​អំពី​ចំណាត់​ការ​ស៊ើប​សួរ​បន្ត​ជូន​សាធារណ​មតិ​បាន​ទេ ​ព្រោះ​វា​ជា​ការ​សម្ងាត់​នៃ​ការ​ស៊ើបសួរ»។​

លោក​ប៉ា ងួនទៀង ​ប្រធាន​អង្គការ​ម្នាក់​សកម្ម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ​ដែល​ទាមទារ​ឲ្យ​ដោះ​លែង​មន្រ្តី​សិទ្ធិ​មនុស្ស​កំពុង​ជាប់ឃុំ​ ហើយ​លោក​បាន​បង្ហោះ​រូបភាព​ស្លៀកពាក់​ខ្មៅ​ជា​បន្ត​បន្ទាប់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ជា​រៀងរាល់​ថ្ងៃ​ច័ន្ទ។​

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់ឃុំ​រួមមាន​លោក​នី សុខា ​លោក​យី សុខសាន្ត ​លោក​ណៃ វង់ដា ​លោកស្រី​លឹម មុនី​ និង​មន្ត្រី​គ.ជ.ប.​គឺ​លោក​នី ចរិយា។ ​ពួកគេ​ត្រូវ​បាន​តុលា​ការ​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គារ​ ក្រោម​ការ​ចោទ​ប្រកាន់​ថា​បាន​សូកប៉ាន់​សាក្សី ​និង​ផ្សំ​គំនិត​សូកប៉ាន់​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​របស់​នាង​ ខុម ចាន់តារ៉ាទី ​ហៅ​ស្រីមុំ ​ដែល​ត្រូវ​បាន​គេ​ចោទ​ថា ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ៕

XS
SM
MD
LG