មន្រ្តីកម្ពុជានិងបារាំង បានអះអាងអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ហើយសម្លឹងមើលពង្រឹងភាពជាដៃគូក្នុងការវិនិយោគជាមួយគ្នានៅពេលខាងមុខ។
ដើម្បីឈានទៅសម្រេចបានការរំពឹងនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា នឹងរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី២ ចំនួន៣ថ្ងៃ ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ ក្នុងគោលបំណងឱ្យតំណាងក្រុមហ៊ុនបារាំងស្វែងយល់កាន់តែច្បាស់ពីទីតាំងភូមិសាស្ត្រ និងទីផ្សាររបស់កម្ពុជា។ វេទិកាធុរកិច្ចបារំាង-កម្ពុជានេះធ្វើឡើងក្រោមកិច្ចសហការជាមួយគណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំងប្រចាំកម្ពុជា(CCEF) និងសភាពាណិជ្ជកម្មកម្ពុជា(CCC) ក្រោមការគាំទ្ររបស់ស្ថានទូតបារំាងប្រចាំកម្ពុជា សហព័ន្ធនិយោជកបារំាងអន្តរជាតិ និងសមាគមឧកញ៉ាកម្ពុជា។
នៅក្នុងសន្និសីទព័ត៌មានស្តីពីការរៀបចំវេទិកាធុរកិច្ចបារំាង-កម្ពុជាឆ្នាំ២០២៤ នាថ្ងៃសុក្រនេះ ប្រធានសភាសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារំាង-កម្ពុជា លោក Cyril Girot លើកឡើងថាការរៀបចំឡើងវេទិកាធុរកិច្ចបារំាង-កម្ពុជានេះ គឺដោយសារតែមើលឃើញពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជាឱកាសមួយឱ្យក្រុមហ៊ុនបារាំងយល់កាន់តែច្បាស់ពីទីផ្សារ និងសក្តានុពលរបស់ប្រទេសកម្ពុជា។ លោកបន្តថាវេទិកាធុរកិច្ចមួយនេះក៏នឹងនាំយកក្រុមហ៊ុនបារំាងដែលមានសកម្មភាពស្រាប់នៅកម្ពុជា ឱ្យបង្កើនទំនាក់ទំនងជាមួយអាជ្ញាធរកម្ពុជា និងទំហំផលិតកម្មរបស់ខ្លួនផងដែរ។
លោកថ្លែងជាភាសាបារំាង និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «ខ្ញុំចង់គូសបញ្ជាក់ពីភាពរស់រវើកដែលវេទិកាធុរកិច្ចនេះអាចផ្តល់សន្ទុះទៅលើទំនាក់ទំនងសេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសទំនាក់ទំនងសេដ្ឋកិច្ចដែលមានកាលពីពេលមុន។ ហើយយើងមានសោមនស្សរីករាយដែលយើងអាចរៀបចំវេទិកាធុរកិច្ចនេះសាជាថ្មីដោយមានការជួយជ្រោមជ្រែងពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារំាង-កម្ពុជា ក្រុមទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារំាងប្រចាំកម្ពុជា ក៏ដូចជាមានកិច្ចសហប្រតិបត្តិការអំពីសភាពាណិជ្ជកម្មកម្ពុជា»។
ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារំាង-កម្ពុជារូបនេះបញ្ជាក់ទៀតថានៅក្នុងកិច្ចប្រជុំធុរកិច្ចបារាំង-កម្ពុជានេះ ក៏មានការចូលរួមពីតំណាងរដ្ឋាភិបាលកម្ពុជា ដោយមានការជជែកដេញដាល និងពិភាក្សាលើការវិនិយោគក្នុងវិស័យសំខាន់ៗរបស់កម្ពុជា។
បើតាមលោក Cyril Girot នៅក្នុងថ្ងៃបញ្ចប់នៃវេទិកាធុរកិច្ចក៏នឹងមានទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ផ្សេងទៀតនៃខេត្តព្រះសីហនុ ដើម្បីឱ្យតំណាងក្រុមហ៊ុនរបស់បារំាងស្វែងយល់កាន់តែច្បាស់ពីគោលបំណង និងទីតាំងនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារំាងប្រចាំកម្ពុជាដែលវីអូអេទទួលបាន តំណាងពីក្រុមហ៊ុនរបស់បារំាងសំខាន់ៗជាច្រើននឹងមានវត្តមានក្នុងវេទិកាធុរកិច្ចបារំាង-កម្ពុជា រួមមានក្រុមហ៊ុនសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល សុខាភិបាល ថាមពល នគរូបនីយកម្ម ទេសចរណ៍ ដឹកជញ្ជូន កសិកម្ម និងកសិអាហារ និងក្រុមហ៊ុនការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថានជាដើម។ វេទិកាធុរកិច្ចនេះនឹងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបារំាង-កម្ពុជា និងជាឱកាសពិសេសសម្រាប់ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍អំពីការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងស្វែងយល់ពីសក្តានុពលនានាដែលកម្ពុជាផ្តល់ឱ្យ ទាំងក្នុងដៃគូជាយុទ្ធសាស្ត្រ ថ្នាក់ដឹកនាំនយោបាយ និងអ្នកជំនាញនៅកម្ពុជាផងដែរ។
ឯកអគ្គរដ្ឋទូតបារំាងប្រចាំកម្ពុជាលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ថ្លែងថាវេទិកាធុរកិច្ចបារំាង-កម្ពុជា ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ គឺដើម្បីឱ្យក្រុមហ៊ុនបារាំងដែលមានគោលបំណងធ្វើការវិនិយោគនៅកម្ពុជាបានជួបពិភាក្សាជាមួយធុរជននៅកម្ពុជា និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
លោកថ្លែងជាភាសាបារំាង និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «ខ្ញុំគិតថាវេទិកាធុរកិច្ចនេះគឺធ្វើឡើងដើម្បីផ្សាភា្ជប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងក្រុមហ៊ុនទំនាក់ទំនងពាណិជ្ជកម្ម។ យើងសង្កេតឃើញថាវិស័យសំខាន់ៗដែលយើងលើកឡើងនេះមានដូចជាថាមពល ហើយយើងពិតជាទទួលបានសំណើរពីកម្ពុជាដើម្បីវិនិយោគទៅលើវិស័យហ្នឹង ហើយក៏មានវិស័យដែលសំខាន់ផងដែរដែលយើងនឹងលើកឡើងគឺវិស័យកសិកម្ម មួយទៀតគឺកសិឧស្សាហកម្ម និងសុខាភិបាល»។
ការវិនិយោគរបស់បារំាងនៅកម្ពុជាក៏មានការកើនឡើងផងដែរ ក្នុងនោះមានទំហំទឹកប្រាក់ប្រមាណ ៥៦០ លានអឺរ៉ូ ឬជិតប្រមាណ៦០០លានដុល្លារអាមេរិក ជាពិសេសក្នុងវិស័យសំណង់ កសិឧស្សាហកម្ម និងសេវា ដោយនោះមានវត្តមានក្រុមហ៊ុនរបស់បារំាងនៅកម្ពុជាជាង៤០០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារំាងប្រចាំកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងនៅក្នុងសន្និសីទព័ត៌មានអំពីវេទិកាធុរកិច្ចបារំាង-កម្ពុជា ថា កម្ពុជានិងបារំាងមានទំនាក់ទំនងល្អ និងស្អិតរមួតជាមួយគ្នាតាំងពីយូរមកហើយ។ ទន្ទឹមគ្នានឹងការប្រព្រឹត្តទៅនៃវេទិកាធុរកិច្ចបារំាង-កម្ពុជា លោក គិត ម៉េង លើកឡើងថាប្រទេសកម្ពុជា និងបារំាងមានមហិច្ឆតាក្នុងការពង្រឹងភាពជាដៃគូក្នុងការវិនិយោគ បម្លាស់ប្តូរពាណិជ្ជកម្ម ក៏ដូចជាទាក់ទាញឱ្យមានអ្នកវិនិយោគបារំាងមកកម្ពុជាកាន់តែច្រើនជាងមុនបន្ថែមទៀត។
លោកថ្លែងជាភាសាអង់គ្លេស និងប្រែសម្រួលជាភាសាខ្មែរថា៖ «ហេតុផលគឺសាមញ្ញណាស់ ដោយសារតែប្រទេសបារាំងបានមកកម្ពុជាជាច្រើនឆ្នាំ ហើយការវិនិយោគបារាំងមិនសកម្មខ្លាំងនោះទេ លើកលែងតែការវិនិយោគលើព្រលានយន្តហោះប៉ុណ្ណោះ។ ដូច្នេះខ្ញុំជឿជាក់ថាជាមួយនឹងកិច្ចប្រជុំកំពូលដែលនឹងធ្វើនៅខែក្រោយនេះ ខ្ញុំជឿថានឹងមានសញ្ញាវិជ្ជមានជាច្រើនអំពីទំនាក់ទំនងបារាំងនិងកម្ពុជា»។
ប្រធានសភាពាណិជ្ជកម្មកម្ពុជាក៏រំពឹងនឹងទទួលបានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ជាច្រើនផ្សេងទៀតពីភាគីបារាំង ដើម្បីជាផ្នែកមួយនៃការជំរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនឡើង និងផ្តល់ឱកាសការងារសម្រាប់ប្រជាជនកម្ពុជា។
ក្នុងឆ្នាំ២០២៣ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងបារំាង មានចំនួន១៣៦៣លានអឺរ៉ូ ឬប្រមាណ១៤៦២ លានដុល្លារអាមេរិក ដែលបារំាងបានក្លាយជាដៃគូពាណិជ្ជកម្មទី២របស់កម្ពុជានៅអឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់។ ការនាំចេញរបស់បារំាងមកកម្ពុជា កាលពីឆ្នាំ២០២៣បានកើនឡើងចំនួន៣១% ធៀបនឹងឆ្នាំ២០២២ ដោយផ្តោតលើផលិតផលកសិអាហារ ឱសថ និងលោហៈ។
ចំណែកការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសបារំាងវិញមានទំហំទឹកប្រាក់១១៩២លានអឺរ៉ូ ឬប្រមាណជិត១៣០០លានដុល្លារអាមេរិក ដោយផ្តោតសំខាន់ក្នុងវិស័យវាយនភ័ណ្ឌ ផលិតផលកសិអាហារ និងទោចក្រយាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង៕
វេទិកាបញ្ចេញមតិ