ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល​ស្នើ​សេចក្តី​ព្រាង​ច្បាប់​​បង្កើត​គ.ជ.ប.


ពលរដ្ឋខ្មែរ​​បានបោះឆ្នោត​​នៅមណ្ឌលបោះឆ្នោត​​ក្នុង​សាលា​​បឋមសិក្សា​នរោត្តម​
ពលរដ្ឋខ្មែរ​​បានបោះឆ្នោត​​នៅមណ្ឌលបោះឆ្នោត​​ក្នុង​សាលា​​បឋមសិក្សា​នរោត្តម​

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ ដែល​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​២០​ជា​សមាជិក​ នៅ​ថ្ងៃច័ន្ទនេះ បាន​ស្នើ​សេចក្តី​ព្រាង​ច្បាប់មួយ​ស្តីពីការរៀបចំនិងការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប.)។​ ​សេចក្តីព្រាង​ច្បាប់​នេះ​គឺ​សម្រាប់​ដាក់​ជូន​គណបក្សប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ខណៈ​ដែល​ក្រុម​ការ​ងារ​នៃ​គណបក្ស​ទាំង​ពីរ​ត្រូវ​ប្រជុំ​ពិភាក្សា​គ្នា​ស្តីពី​ការ​បង្កើតសមាស​ភាព​គ.ជ.ប.​ថ្មី​នៅ​ច័ន្ទនេះ។​

សេចក្តី​ព្រាង​ច្បាប់​ ដែល​ស្នើ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ មាន​៧​ជំពូក​ និង​៤២​មាត្រា​ ដែល​មាន​គោល​ដៅធានា​នូវ​ឯករាជ្យភាព ​និង​សិទិ្ធ​អំណាច​គ្រប់​គ្រាន់​របស់​ស្ថាប័នរៀប​ចំ​ការ​បោះឆ្នោត​ជាតិ​នេះ។ ​សំណើ​នេះ​ត្រូវ​បាន​ដាក់​ឲ្យជជែក​វែកញែក​ក្នុងកិច្ច​ប្រជុំ​តុមូល​នៅ​ថ្ងៃ​ច័ន្ទនេះ​ ដោយ​មាន​ការ​ចូល​រួម​ពី​គណបក្ស​មួយ​ចំនួន​ លើក​លែង​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ។​

សេចក្តី​ព្រាង​ច្បាប់​ដដែល​នេះ​បាន​ស្នើ​ឲ្យ​គ.ជ.ប.​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​«ចេញ​បទបញ្ជា​ហាមឃាត់​ និង​លុបចោល​ការ​សម្រេច ​ឬ​សកម្ម​ភាពរបស់​រាជ​រដ្ឋាភិបាល ​និង​មន្ត្រី​នយោ​បាយផ្សេង​ទៀត​ ដែល​ប៉ះពាល់​ជា​អវិជ្ជមា​នទៅ​ដល់​ការ​បោះឆ្នោត​ដោយ​សេរី​ យុត្តិធម៌ ​និង​ស្មើភាព​ ក្នុងអំឡុង​ពេល​បោះឆ្នោត» ​និង​មាន​ថវិកា​ស្វយ័ត​របស់​ខ្លួន​ដែល​អនុម័ត​ដោយ​រដ្ឋសភា។​

លោក​គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជាហៅ​ថា ​ខុមហ្វ្រែល​ បាន​ឲ្យ​ដឹង​ថា​ សំណើ​ច្បាប់​នេះ​អាច​នឹង​ជួយ​ពង្រឹង​សមត្ថភាព​គណៈ​កម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​មួយ​កម្រិត​ ប្រសើរជាង​ពេល​បច្ចុប្បន្ន​ដែល​ទទួល​រង​ការ​រិះគន់​នោះ។​

«ខ្ញុំ​គិត​ថា ​គណបក្ស​ទាំង​ពីរពិចារណា​សំណើ​របស់​យើង​ ពី​ព្រោះ​យើងធ្វើ​នេះ​ដើម្បី​ឲ្យ​បុព្វហេតុ​ឲ្យ​ការងារ​បោះឆ្នោត​របស់​គ.ជ.ប.​កាន់តែ​ល្អ​ប្រសើរ​ជាងបច្ចុប្បន្ន​នៅ​ថ្ងៃ​មុខ។ ​វា​អាច​មិន​ដល់​ស្តង់ដារ​អតិបរមា​សេរី​ និង​យុត្តិធម៌​ទេ​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏​កម្រិត​បាន​អប្បបរមា​មួយ​ដែល​អាច​កែ​លម្អបាន​ខ្លះ»។

សេចក្តី​ព្រាង​ច្បាប់ដែល​តាក់​តែង​ដោយសម្ព័ន្ធ​ដើម្បី​កំណែ​ទម្រង់​ការ​បោះឆ្នោត​បាន​ចែង​យ៉ាង​លម្អិត​អំពី​ការ​ផ្តន្ទាទោស​ដល់​បុគ្គលិក​រៀប​ចំ​ការ​បោះឆ្នោត​ដែល​មាន​ចេតនា​មិន​ព្រម​បញ្ចូល​ឈ្មោះ​អ្នក​បោះឆ្នោត​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ​ឬ​ក្នុង​សៀវភៅ​បោះឆ្នោត ​មាន​ចេតនា​ចុះ​ឈ្មោះ​ជូន​ប្រជា​ពលរដ្ឋ​ដែល​មិន​ទាន់​គ្រប់​អាយុ ​ឬ​មិន​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់ ​ចុះឈ្មោះឲ្យបុគ្គល​ដែល​ត្រូវ​ដក​ហូត​សិទ្ធិ​បោះឆ្នោត​ ឬមន្ត្រី​រៀប​ចំការ​បោះឆ្នោត​ណា​ដែល​រារាំងពលរដ្ឋ​មិន​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត នឹង​ត្រូវ​ទទួល​រង​ការ​ផ្តន្ទាទោស។​

បញ្ហា​ខាង​លើ​ធ្លាប់​ទទួល​រង​ការរិះ​គន់​ពី​គណបក្ស​ជំទាស់ ​និង​ការ​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​របស់​សង្គម​ស៊ីវិល។​

មន្ត្រី​ ឬបុគ្គលិក​រៀប​ចំ​ការ​បោះឆ្នោត ​ដែល​មាន​កំហុស​ អាចនឹង​ត្រូវពិន័យ​ជា​ប្រាក់​ពី​៥​ទៅ​៥០​លាន​រៀល ​ឬស្មើ​នឹង​ប្រមាណ​ពី​១២៥០ដល់​១២៥០០​ដុល្លារ​អាមេរិក។ ​អ្នក​ដែល​មាន​កំហុស​នឹង​ប្រឈម​នឹង​ការលុប​ឈ្មោះ​ចេញ​ពី​ការងារ​រៀបចំ​ការបោះឆ្នោត​ ប៉ុន្តែ​មិនមាន​ទោស​ដាក់​ពន្ធនាគារ​ទេ។​

សេចក្តី​ស្នើ​នេះ​ក៏​បាន​ចែង​ពី​ការបន្ថយ​អំណាច​របស់​អគ្គ​លេខាធិការ​គ.ជ.ប.នៅ​ក្នុង​ការ​សម្រេច​នានា​ ជាពិសេស​រាល់​ការ​សម្រេច ​ហើយ​ការរៀប​ចំ​និតិវិធី​ចាំ​បាច់​ដោយ​អគ្គលេខាធិការ​គ.ជ.ប.​ត្រូវ​ឯកភាព​ដោយ​មាន​ការ​សម្រេច​ដោយ​សមាជិក​និង​ថ្នាក់​ដឹកនាំ​គ.ជ.ប.ទាំង​មូល។​

លោក​កែវ ភិរម្យ ​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​មណ្ឌល​ខេត្ត​ក្រចេះ​បញ្ជាក់​ថា​ ក្រុម​ការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជជែក​បន្ថែម​ទៀត​អំពី​ការ​រៀបចំ​កែ​ទម្រង់​គ.ជ.ប.​ ហើយ​សេចក្តី​ព្រាង​ច្បាប់​របស់​សង្គម​ស៊ីវិល​មាន​ចំណុចល្អ​ដែល​អាច​ស្នើ​សុំ​ឲ្យ​បញ្ចូល​ក្នុង​ការ​ចរចា។​ តែទោះជា​យ៉ាង​ណា ​លោក​បញ្ជាក់​ថា​ គោលការ​នៃ​ការ​ពិភាក្សា​ទ្វេភាគី​ត្រូវ​ឈរលើ​គោលការ​បី​ជាមូលដ្ឋាន។​

«យើង​យក​គោល​ការណ៍​ធំ​បី។ ​ទី១​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ​ទី២​យើង​យក​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​ដែល​មាន​ស្រាប់​ និង​ទី​៣​យើង​យក​តាម​កិច្ច​ព្រម​ព្រៀង​ថ្ងៃ​២២​ខែ​កក្កដា​ធ្វើ​ជាគោល។​ ការ​ធ្វើ​ច្បាប់​ថ្មី បើ​កាល​ណា​យើង​ឆ្ងាយ​ពី​ចំណុច​ទាំង​បី​នេះ យើង​ត្រូវ​តែ​ឆ្លង​ការ​សម្រេច​របស់​ថ្នាក់​ដឹក​នាំ​កំពូល»។​

លោក​ឈាង វុន ​តំណាងរាស្ដ្រ​និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា​ លោក​មិន​មាន​ព័ត៌មាន​ណាមួយ​ជុំវិញ​ការ​ចរចា​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ឆ្ពោះ​ទៅ​ធ្វើ​សេចក្តី​ព្រាងច្បាប់​សម្រាប់​បង្កើត ​និង​ដាក់​ឲ្យ​ដំណើរ​ការគណៈ​កម្មាធិការ​ជាតិថ្មី​នោះ​ទេ។​

វីអូអេ​បានព្យាយាម​ទាក់​ទងលោក​ប៊ិន ឈិន ​ប្រធាន​ក្រុម​បច្ចេកទេស​ចរចា​របស់​គណបក្ស​កាន់​អំណាច​ ដើម្បីសុំសេចក្តី​អត្ថា​ធិប្បាយ តែ​មិន​អាច​ទាក់ទង​បាន​ទេ។​

លោក​ញ៉ឹក ប៊ុនឆៃ ​អគ្គលេខា​ធិការ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ បាន​ប្រសាសន៍​ក្នុង​កិច្ច​ប្រជុំ​តុមូល​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា សមាសភាព​គ.ជ.ប.ដែល​មាន​សមាស​ភាព​ភាគ​ច្រើន​ពី​គណបក្ស​ទាំង​ពីរមិន​ប្រាកដ​ថា​ធានា​បាន​នូវ​ឯករាជ្យភាព​នៃ​ស្ថាប័ន​ដ៏​សំខាន់នេះ​ទេ។​

«មិន​ឯករាជ្យ​ទេ ​បើ​ឲ្យ​បក្សជ្រើសរើស​ហើយ ​គេ​មិន​ដែល​រើស​យក​មនុស្សក្រៅ​ពី​បក្ស​ទុក​ចិត្ត​ទេ។​ អញ្ចឹង​ត្រង់​ចំណុច​នេះ ខ្ញុំ​សូមទាមទារ​ថា ​ពេល​អនុវត្ត​ការងារ ស្ថាប័ននេះ​ត្រូវ​ឯករាជ្យ​ ហើយ​សមាស​ភាព​ទៅ​អញ្ចឹង​ចុះ​ តែត្រូវ​ដាក់​ក្នុង​ទោស​បញ្ញត្តិ​ឲ្យ​ធ្ងន់ធ្ងរ​ដែរ​ ព្រោះ​ថា ​ច្បាប់​បោះ​ឆ្នោត​យើង​កាល​ពី​លើក​មុន​មិនមាន​អ្នក​ណា​ខ្លាច​ទេ»។

ទោះជា​យ៉ាង​នេះ​ក្តី​ លោក​បណ្ឌិត​កែម ឡី​យល់​ឃើញ​ថា ​ដើម្បី​ឲ្យ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជាគឺ​គ.ជ.ប.​មាន​ឯករាជ្យភាព​ និង​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន ​គួរតែ​បញ្ចូល​ជំពូក​ចំនួន​បី​បន្ថែមទៀត​ នោះ​គឺ​ជំពូក​ដែល​ចែង​ពីការ​ប្រកាស​លទ្ធផល​បឋម​ និង​ផ្លូវការ ​ជំពូក​ស្តី​ពីការ​បង្កើត​ក្រុម​ការងារ​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ និង​ជំពូក​មួយ​ទៀត​ដែល​ចែង​អំពី​យន្តការ​សម្រប​សម្រួល​នយោបាយ ប្រសិន​បើ​មាន​បញ្ហា​ក្រោយ​ពី​ការ​បោះ​ឆ្នោត៕

XS
SM
MD
LG