ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កំណែ​ទម្រង់​​ការ​បោះឆ្នោត​មាន​ការ​ប្រទាញ​ប្រទង់


ការិយាល័យ​បោះឆ្នោត​មួយ​នៅ​ខេត្ត​ព្រៃវែង

ក្រុម​មន្ត្រី​សង្កេត​ការណ៍​ក្នុង​ប្រទេស​កម្ពុជា​បាន​និយាយ​ថា ​ការ​ចរចា​រឿង​កំណែ​ទម្រង់​ការ​បោះឆ្នោត​ជួប​បញ្ហា​ប្រទាញ​ប្រទង់​ខ្លះ ​ទោះជា​គណបក្ស​ទាំង​ពីរ​បាន​ធ្វើការ​តាក់តែង​សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ទាក់ទង​នឹង​ការ​កែ​ទម្រង់ការ​បោះឆ្នោត​ហើយ​ក្តី។​ បញ្ហា​ទាំង​នោះ​រួម​ទាំង​រឿង​សញ្ជាតិ​ពីរ​របស់​សមាជិក​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី ​បញ្ហា​គ្រួសារ​និយម​ និង​បញ្ហា​ជ្រើសរើស​ប្រធាន​គ.ជ.ប.​ថ្មី​ជាដើម។​

គណបក្ស​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រម​ព្រៀង​គ្នា​ថា​ នឹង​កែ​ទម្រង់ការ​បោះឆ្នោត​ឲ្យ​មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌​មែន​ តែ​អ្នក​តាម​ឃ្លាំ​មើល​ស្ថាន​ការណ៍​នយោបាយ​ខ្លះ​បាន​កត់​សម្គាល់ថា​ បញ្ហា​យ៉ាង​តិច​បី ​ដែល​គេ​ដឹង​ថា ​នៅ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ និង​អាច​ដាក់​ជូន​មេដឹកនាំ​គណបក្ស​ទាំងពីរ​សម្រេចគឺ​ការ​មិន​ចង់​ឲ្យ​សមាជិក​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) ​មាន​សញ្ជាតិ​ពីរ​ ការ​មិន​ដាក់​បញ្ចូល​សាច់​ញាតិ​ដែល​មាន​ទាក់ទង​នឹង​មេ​ដឹកនាំ​គណបក្ស​ទាំង​ពីរ ​ហើយ​នឹង​ការ​ជ្រើស​រើស​ប្រធាន​គ.ជ.ប.ជា​ដើម។​ នេះ​ជា​ការ​អះអាងរបស់​លោក​បណ្ឌិត​លោក​ ពុទ្ធា ហង្ស ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការបោះ​ឆ្នោត​មួយ​ឈ្មោះ​នីចហ្វ៊ិច។​

«អ្វី​ដែល​ទុក​ឲ្យ​មេ​ដឹកនាំ​ទាំងពីរ​សម្រេច​នោះ​គឺ​ការ​សម្រេច​តែងតាំង​ប្រធាន​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ តើ​ជា​អ្នក​ណា?​ អា​ហ្នឹង​ជា​ចំណុច​សំខាន់​មួយ។​ ហើយ​មួយទៀត​ពាក់​ព័ន្ធ​នឹង​សញ្ជាតិ​ពីរ​របស់​សមាជិក​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​ថ្មី​ ក៏​នៅ​តែ​ជា​បញ្ហា​មន្ទិល។​ ហើយ​មួយ​ទៀត​អ្នក​ដែល​ជាប់​ខ្សែ​ស្រឡាយ ​សាច់​ញាតិ​របស់​បេក្ខជន​តំណាងរាស្ត្រ ​ឬ​ក៏​មេបក្ស ​អនុប្រធាន​បក្ស​នោះ​ក៏អាច​ជា​បញ្ហា​ត្រូវ​ពិភាក្សា​គ្នា​បន្ថែម​ទៀត​ដែរ»។​

គណបក្ស​ទាំង​ពីរ​បាន​បញ្ចប់​វិបត្តិ​នយោបាយ​កាលពី​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ឆ្នាំ​ ២០១៤ ​បន្ទាប់​ពី​ជាប់​គាំង​ដំណើរ​រយៈ​ពេល​១​ឆ្នាំ​ ក្រោយ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២១០៣ ​ដែល​មាន​ការ​ចោទ​ប្រកាន់​ពី​ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត​ដ៏​ធ្ងន់ធ្ងរ​នោះ។​ បន្ទាប់​មកគណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​លើ​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​ការ​កែ​ទម្រង់គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​ គណបក្ស​ទាំងពីរ​បាន​សម្រេចជ្រើស​រើស​សមាជិក​គ.ជ.ប.តាម​រូបមន្ត​៤​បូក​៤ ​បូក​នឹង​១​ ដោយ​មាន​ន័យថា​ គណបក្ស​នីមួយៗ​ជ្រើស​រើស​សមាសភាព​បួន​រូប​ម្ខាង​ ហើយ​គណបក្ស​ទាំង​ពីរ​ត្រូវ​ជ្រើស​រើស​សមាសភាព​ទី៩​ដោយ​ការ​ព្រមព្រៀង​គ្នា​ជា​ឯកឆន្ទ។​ ឥស្សរជន​មួយរូប​នោះ​ត្រូវ​បាន​ជ្រើសរើស​រួច​ហើយ​គឺ​លោក​ស្រី​ពុង ឈីវកេក​ ​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ដែល​គេ​ចាត់​ទុក​ថា ​ជា​ជន​ឯករាជ្យ។​ ក្រុម​ការងារ​ទាំង​ពីរ​នៅតែ​បន្ត​ជួប​ប្រជុំ​គ្នា​ជា​ហូរហែ​លើ​បញ្ហា​ផ្សេង​ទៀត​ ដែល​បញ្ហា​ទាំង​នោះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ដាក់​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ដែល​គេ​រំពឹង​ថា​ សភា​នឹង​ពិភាក្សា​អនុម័ត​នៅ​ខែ​តុលា​ខាង​មុខ។​

លោក​ពុទ្ធា ហង្ស​បាន​អះអាង​ថា​ ទំនុក​ចិត្ត​រវាង​គណបក្ស​ទាំង​ពីរ​ក្រោយ​ការ​ បញ្ចប់​វិបត្តិ​នយោបាយ​ដែល​គាំង​ដំណើរ​មួយ​ឆ្នាំ​ជា​រឿង​សំខាន់​ក្នុង​ការ​បន្ត​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​ តែ​ក្រុម​ពលរដ្ឋ​មាន​ការ​ភ្ញាក់​ផ្អើល​ នៅ​ពេល​មាន​សង្គ្រាម​ពាក្យ​សម្តី​រវាង​មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោកកឹម សុខា ​អនុ​ប្រធាន​សភា​ទី១​ និង​មេ​ដឹកនាំ​គណបក្ស​គ្រប់គ្រង​ប្រទេស​គឺ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ទាក់ទង​នឹង​ការ​ដក​ ឬ​កម្រិត​មុខ​តំណែង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ។​

«ជា​ការ​ព្រួយ​បារម្ភ​ទៅ​វិញ​ទេ ​នៅ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​ខ្មែរ ​និង​អនុប្រធាន​សភា​មាន​ការ​ប្រឈម​ពាក្យ​សម្តី​ជាមួយ​គ្នា​ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​មន្ទិល ​ថា​តើ​គណបក្ស​ទាំងពីរ​នៅ​មាន​ការ​កាច់​កុង​គ្នា​អី​ត​ទៅ​ទៀត?»​

ក្រុម​អ្នក​សង្កេត​ការណ៍​ ដែល​ចង់​បាន​ច្បាប់​បោះឆ្នោត​មួយ​មាន​លក្ខណៈ​សេរី ​និង​យុត្តិធម៌​ត្រឹមត្រូវ​នោះ​ បាន​បញ្ជាក់​ថា​ ការ​តាក់តែង​ច្បាប់ ​និង​ការ​ជ្រើស​រើស​សមាសភាព​ឲ្យ​បាន​ល្អ​នឹង​ក្លាយ​ជា​រឿង​ពិបាក​សម្រាប់​ការ​សម្រេចចិត្ត​របស់​មេដឹក​នាំ​គណបក្ស​ទាំងពីរ​ ជាពិសេស​ប្រធាន​គ.ជ.ប.​ថ្មី។​ នេះ​ជា​ការ​អះអាង​របស់​លោក​គុល បញ្ហា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ទៀតឈ្មោះ​ខុមហ្រ្វែល។​

«ទោះបី​គណបក្ស​ទាំងពីរ​ចង់​បាន​ឥទ្ធិពល​ទៅ​លើ​ប្រធាន​ហ្នឹង​ក្តី​ ក៏​ប្រហែល​ជា​មាន​បញ្ហា​ដែរ ​ប្រសិនបើ​នៅតែ​ប្រទាញ​ប្រទង់​ថា​ ម្នាក់ៗ​ចង់​បាន​ឥទ្ធិពល​ទៅ​លើ​រឿងរើស​ប្រធាន​គ.ជ.ប.​ហ្នឹង។ ​រឿង​ហ្នឹង​ប្រហែលមិន​ចេញ​ទេ»។​

លោក​ផ្តល់​យោបល់​ដែរ​ថា​ មាន​វិធីខ្លះ​ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា​គឺ​គណបក្ស​ទាំងពីរ​ស្រុះស្រួល​ជ្រើសរើស​អ្នក​ឯករាជ្យ​ម្នាក់​ដែល​គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​ហើយ​ឲ្យ​ធ្វើ​ជា​ប្រធាន ​ឬ​ក៏​សមាជិក​គ.ជ.ប.ទាំងអស់​ត្រូវ​សម្រេច​ខ្លួន​គេ​ក៏​ជា​លទ្ធភាព​មួយ​ដែរ។​ នៅ​មាន​លទ្ធភាព​ច្រើន​ទៀត​ដែរ​ដូចជា​ថា ​គណបក្ស​ទាំង​ពីរ​បង្កើត​យន្ត​ការ​ត្រួត​ពិនិត្យ​គ្នា​ទៅ​វិញ​ទៅមក​ដល់​មូលដ្ឋាន ​តាម​រយៈ​គណបក្ស​មួយជា​ប្រធាន​ គណបក្ស​មួយ​ទៀត​ជា​អគ្គ​លេខាធិការ ​ឬ​ក៏​គណបក្ស​ប្រជាជន​ជា​ប្រធាន​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អនុប្រធាន​ជា​ដើម។​

លោក​សុខ ទូច ​សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ ​និង​ជា​អ្នក​វិភាគ​មួយ​រូប ​បាន​អះអាង​ថា​ ច្បាប់​ប្រទេស​កម្ពុជា​មាន​ការ​ចែងច្បាស់​លាស់​ហើយ​ចំពោះ​បញ្ហា​សញ្ជាតិ​ពីរ​ ហើយ​បញ្ហា​ដាក់​បញ្ចូល​ខ្សែ​ស្រឡាយ​នោះ​ជា​រឿង​កើត​ឡើង​ដដែលៗ​ក្នុង​ប្រទេស​កម្ពុជា​ ទាំង​ក្នុង​គណបក្ស​ជំទាស់​និង​គណបក្ស​គ្រប់គ្រង​ប្រទេស។​

«ជា​ការណ៍​ពិត​ នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​បានចែង​ច្បាស់​ថា ​បើសិន​ជា​គាត់​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ គាត់​អាច​ឈរ​បាន​ ទោះបី​គាត់​មាន​សញ្ជាតិ​ពីរ​ក៏​ដោយ។ ​រឿង​ហ្នឹង​គឺ​ជា​បញ្ហា​មួយ។​ បញ្ហា​ទីពីរ ​ទាក់ទង​ទៅ​នឹង​បញ្ហា​បងប្អូន​នេះ ​គឺ​ជា​ទម្លាប់​ ​គេ​ហៅ​ថា ​ផ្នត់​គំនិត​របស់​អាស៊ី​ ហើយ​កម្ពុជា​រឿង​បងប្អូន​ខ្សែ​ស្រឡាយ​ហ្នឹង​គឺ​មិន​អាច​កាត់ផ្តាច់​បាន​ទេ»។​

ការ​ព្រួយ​បារម្ភ​អំពី​រឿងនេះ​កើត​ឡើង​ដោយសារ​តែ​គេ​អាច​ដឹង​ថា​ មាន​បេក្ខ​ជន​សមាជិក​គ.ជ.ប.​ខ្លះ​ដែល​មាន​ដើម​កំណើត​ខ្មែរ ​តែ​ចូល​សញ្ជាតិ​បរទេស​ ហើយ​នឹង​មាន​ការ​ជាប់​សាច់ញាតិ​មេ​ដឹកនាំ​គណបក្ស​នយោបាយ​ដែរ​ ទោះ​ជា​គេមិន​ទាន់​បាន​បញ្ចេញ​អត្ត​សញ្ញាណ​ឲ្យ​ដឹង​ជា​ផ្លូវ​ការ​ក្តី។​

ទោះជា​យ៉ាងណាក្តី​ លោក​សុខ ទូច​បាន​បន្ថែម​ថា​ លោក​ចង់​ឲ្យ​គេ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បង្កើត​យន្តការ​គ.ជ.ប.ដ៏​ល្អ​មួយ​ ជា​ជាង​ការ​ជ្រើស​រើស​សមាស​ភាព ​ដែល​ជា​រឿង​សំខាន់​បន្ទាប់​នោះ។​

ក្រុម​ការងារ​បច្ចេកទេស​នៃ​គណបក្ស​ទាំងពីរ​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​នៅ​ចុង​ខែ​កញ្ញា​នេះ​ ដើម្បី​អ្វីមួយ​ដែល​គេ​អះអាង​ថា​ មាន​គោល​បំណង​បញ្ចប់​បញ្ហា​សេស​សល់​ មុន​ពេល​សភា​ចាប់​ផ្តើម​កិច្ច​ប្រជុំ​នៅ​ខែ​តុលា។​ គណបក្ស​ទាំង​ពីរ​ក៏​នឹង​បន្ត​ពិភាក្សា​លើ​បញ្ហា​ផ្សេងៗ​ទៀត​ទាក់ទង​នឹង​សេចក្តី​ព្រាង​ច្បាប់​បោះឆ្នោត​ដែល​ត្រូវ​ចែង​លម្អិតពី​តួនាទី​ និង​ការ​ទទួល​ខុសត្រូវ ​ឬ​នីតិវិធី​នានា​សម្រាប់​ការ​អនុវត្តពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន​នោះ៕

XS
SM
MD
LG