ជិះម៉ូតូតាមផ្លូវដែលក្រាលគ្របដោយដីក្រហម ចន្លោះចម្ការចេកមួយកន្លែងដែលផុសត្រដែតឡើងនៅចំកណ្ដាលចម្ការកៅស៊ូដ៏ធំល្វឹងល្វើយព័ទ្ធជុំវិញ លោក ឈិន ជឺឆែង (Chen Zhiqang) ជាអ្នកវិនិយោគចិនកំពុងមមាញឹកជិះម៉ូតូត្រួតពិនិត្យការងាររបស់ក្រុមកម្មករជនជាតិខ្មែរប្រមាណ ៣៤០ នាក់។
ក្នុងចម្ការចេកមួយកន្លែងនេះ ដែលស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ លោក Chen Zhiqang កំពុងបណ្ដាក់ទុនដាំដើមចេកលើផ្ទៃដី ២០០ ហិកតាជាមួយលោកឧកញ៉ា អាន ម៉ាឌី អ្នកវិនិយោគដ៏ធំខាងវិស័យកសិកម្ម។
ដើមចេកដែលដាំនេះជាប្រភេទចេកអំបូងលឿង និងត្រូវបាននាំពូជពីប្រទេសចិនមកដាំនៅទីនេះ។ នេះបើតាមលោក Chen Zhiqang។ លោកថ្លែងប្រាប់ VOA នៅចម្ការចេករបស់លោកកាលពីពេលថ្មីៗថា៖ «ចិនបច្ចុប្បន្ន ដំណាំចេកខ្វះខាតច្រើន ហើយប្រជាជនចិនចូលចិត្តហូបផ្លែចេក។ ដល់អ៊ីចឹងទៅ ខ្ញុំត្រូវការមកស្រុកក្រៅដូចជាកម្ពុជា ឬប្រទេសផ្សេងដើម្បីរកចម្ការមកផលិតចេកនាំទៅប្រទេសចិនដើម្បីផ្គត់ផ្គង់ប្រជាជនរបស់ខ្ញុំ»។
ចេកអំបូងជាប្រភេទទំនិញដែលត្រូវបានចុះពិធីសារទទួលបានការអនុញ្ញាតឱ្យនាំពីកម្ពុជាចូលទៅកាន់ប្រទេសចិនដែលជាទីផ្សារធំមានប្រជាជន១.៣០០លាននាក់។ ចាប់តាំងពីការចុះពិធីសារកាលពីឆ្នាំ២០១៩មកវិនិយោគិនធំៗមកពីចិនដីគោកដូចជាលោក Chen Zhiqang កំពុងសហការជាមួយដៃគូកម្ពុជាដើម្បីដាំដំណាំចេកក្នុងទ្រង់ទ្រាយធំនាំចេញទៅប្រទេសចិន។
លោក Chen Zhiqang បានប្រាប់ VOA ក្នុងបទសម្ភាសន៍មួយយ៉ាងដូច្នេះថា៖ «ដោយសារទំនាក់ទំនងប្រទេសកម្ពុជាជាមួយប្រទេសចិនគឺល្អ តាំងពីជំនាន់ស្តេចសីហនុមក ក្រោយមក យើងក៏បានចុះហត្ថលេខាផ្លូវក្រវាត់ពាណិជ្ជកម្មចិនដល់អ៊ីចឹងទៅរឹតបន្តឹងមិត្តភាពបន្ថែម។ ដល់អ៊ីចឹងទៅ ខ្ញុំជ្រើសរើសវិនិយោគនៅប្រទេសកម្ពុជា ដោយសារទំនាក់ទំនងល្អ»។
ដីដាំចេកនេះស្ថិតក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចទំហំជិត ៤ ពាន់ហិកតា ដែលរដ្ឋាភិបាលបានផ្ដល់ឲ្យក្រុមហ៊ុនលោក អាន ម៉ាឌី ដើម្បីដាំកៅស៊ូ។ ក្រុមហ៊ុនបានឆ្វៀលដីកៅស៊ូប្រមាណ ២០០ ហិកតារហូតមកដល់ពេលនេះដើម្បីយកដីដាំដើមចេក។
នៅលើផ្ទៃដីដាំដុះសព្វថ្ងៃនេះ លោក Chen Zhiqang បានឱ្យដឹងថា លោកអាចនាំចេញចេកប្រមាណ ១២.០០០តោនក្នុងមួយឆ្នាំៗ។
វិនិយោគិនចិននេះ ដែលមករស់នៅកម្ពុជាជាង៣ឆ្នាំមកហើយ និងមកពីទីក្រុងប៉េកាំង បានឱ្យដឹងថា៖ «បើសិនគម្រោងដំបូងបានជោគជ័យ ខ្ញុំនឹងពង្រីកដល់២ពាន់ហិកតា ហើយអាចជួលកម្មករប្រមាណ៤ពាន់នាក់»។
នោះមានអត្ថន័យថា កៅស៊ូដែលនៅក្បែរនោះនឹងត្រូវបានកាប់រានដើម្បីយកដីដាំចេកបន្ថែមទៀត។
លោក អាន ម៉ាឌី បដិសេធមិនអត្ថាធិប្បាយភ្លាមៗទេ ពេលទាក់ទងតាមទូរស័ព្ទនៅថ្ងៃពុធនេះ។
ការផ្ទេរដីដាំដុះកៅស៊ូមកបម្រើឱ្យការដាំដុះដំណាំចេកនេះវិញជានិន្នាការថ្មីមួយសម្រាប់ចម្ការកសិដ្ឋានធំៗមួយចំនួនក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម នាតំបន់ខ្ពង់រាបប្រទេសកម្ពុជាជាប់ដងទន្លេមេគង្គ។ នេះបើយោងតាមលោក ប៉ុល សុផា អ្នកនាំពាក្យក្រសួងកសិកម្ម និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានចំការកៅស៊ូ។
«យើងមិនអាចរឹងត្អឹងថា ត្រូវតែដាំកៅស៊ូនោះទេ។ យើងត្រូវមើលពីប្រសិទ្ធភាពសេដ្ឋកិច្ច និងទីផ្សារផងដែរព្រោះអ្វីមួយដែលមានលក្ខណៈប្រកួតប្រជែងខ្លាំង វាត្រូវតែរត់ទៅតាមហ្នឹងហើយ»។
កសិផលដែលដាំនៅប្រទេសកម្ពុជានឹងនាំចេញកាន់តែច្រើនទៅប្រទេសចិន។ នេះជាការរំពឹងរបស់រដ្ឋាភិបាលកម្ពុជា ក្រោយកម្ពុជានិងចិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នាខែសីហាខាងមុខ ដែលក្រុមមន្ត្រីលើកឡើងថា ជាការបើកផ្លូវឲ្យកម្ពុជានាំផលិតផលកសិកម្មចេញទៅប្រទេសចិន ដែលចិនបានស្នើកម្ពុជាបង្កើតសួនកសិឧស្សាហកម្ម ដើម្បីកែច្នៃកសិផល។ ក្រុមហ៊ុនដាំដុះចេករបស់លោក Chen Zhiqang ស្ថិតក្នុងចំណោម ក្រុមហ៊ុនចំនួន១៥នៅកម្ពុជាដែលទទួលបានការអនុញ្ញាតឱ្យនាំចេកទៅលក់នៅទីផ្សារចិន។ ក្រុមហ៊ុនទាំងនេះប្រើប្រាស់ផ្ទៃដីដាំដុះចេកសរុប៨ពាន់ហិកតា និងរោងចក្រកែច្នៃវេចខ្ចប់ចំនួន២៣។ នេះបើយោងតាមស្ថានទូតចិនប្រចាំនៅភ្នំពេញ។
ក្រសួងកសិកម្មកម្ពុជាឱ្យដឹងថា ៦ខែដំបូងនៃឆ្នាំ២០២០នេះ កម្ពុជានាំចេញចេកអំបូងលឿងបាន១៤ម៉ឺនតោនទៅកាន់ប្រទេសចិន គិតជាទឹកប្រាក់ប្រមាណ៦៨លានដុល្លារ។
បង្កើតការងារនិងចំណូលនៅតំបន់ខ្ពង់រាប
អ្នកស្រី ឈិន អែម កម្មករនៅក្រុមហ៊ុនចម្ការចេកអាន ម៉ាឌី មានប្រសាសន៍ថា អ្នកស្រីស្វាមី និងប្អូនជីដូនមួយចំនួនពីរនាក់ ទើបតែមកធ្វើការនៅចម្ការចេកនេះ បានប្រហែលជាងកន្លះខែ ធ្វើជាអ្នកកាត់ស្មៅ មើលថែចេក ច្រកផ្លែចេក ដោយទទួលបានប្រាក់ខែ២១០ដុល្លារក្នុងមួយខែ។
ស្ត្រីវ័យ៤៨ឆ្នាំរូបនេះបន្តថា កសិដ្ឋានចេកនៅទីនេះ នាំឲ្យអ្នកស្រីនិងស្វាមី មានការងារធ្វើ និងអាចរកចំណូលបាន។ បើមិនដូច្នេះទេ អ្នកស្រីត្រូវធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាង និងអាចធ្វើជាកម្មករសំណង់។
អ្នកស្រីដែលមានកូន២នាក់មានប្រសាសន៍ថា៖ «កូនខ្មែររឹតតែមានការងារធ្វើ»។
អ្នកស្រីបន្ថែមថា៖ «វា[ប្រាក់ខែ]សមរម្យដែរ។ មិនថោកមិនថ្លៃ… សមល្មម»។
ប្រសិនបើផ្លែចេកមានទីផ្សារនៅប្រទេសចិនបន្ថែមទៀត អ្នកស្រីមានប្រសាសន៍ថា ប្រជាជនខ្មែរនឹងមានការងារធ្វើច្រើន ដូចជាការងារធ្វើនៅចម្ការចេកនេះ។
«រីកចម្រើនខ្មែរដែរ ព្រោះយើងមានការងារធ្វើ»។
យ៉ាងណាក៏ដោយកម្មករលើកឡើងថា ការងារនៅចម្ការចេកធំៗបែបនេះជាប្រភេទការងារដែលធ្វើការដោយមិនមានកិច្ចសន្យា និងងាយរងការបណ្ដេញចេញ បើសិនជាថៅកែមិនពេញចិត្ត។
លោក ម៉េត ម៉ាលីគី អាយុ៣៣ឆ្នាំជាកម្មករមួយរូបក្នុងកសិដ្ឋានរបស់លោក Chen Zhiqang បាននិយាយថា ការធ្វើការក្នុងកសិដ្ឋានចេកដែលផុសកណ្ដាលចម្ការកៅស៊ូនេះមិនមានការចុះកិច្ចសន្យាការងារអ្វីឡើយ ហើយក្រុមកម្មករត្រូវគោរពការបញ្ជាបង្គាប់របស់មេការ និងម្ចាស់កសិដ្ឋានជាដាច់ខាត ជាពិសេសពេលតម្រូវឱ្យធ្វើការថែមម៉ោង មិនអាចប្រកែកឡើយ។
«ជួនកាលគេបង្ខំយើង។ អ្នកដែលមិនថែម គេដកចេញ។ គេអត់ឱ្យធ្វើការទេ។ គេដកយើង អត់ឱ្យយើងធ្វើការតែម្ដង …ឈប់លែងបានធ្វើនៅចម្ការហ្នឹងតែម្ដង។ បើសិនជាយើងថា មិនធ្វើតាមគេកំណត់ឱ្យយើងធ្វើ យើងមិនធ្វើ គេបិទ។ ហើយបើយើងប្រឆាំងជាមួយគេ គេដកយើងចេញ»។
ចុះកសិដ្ឋានគ្រួសារខ្នាតតូច?
នៅឯម្ខាងទៀតនៃទន្លេមេគង្គ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមជាចម្ការរបស់ក្រុមហ៊ុន ឡុង ស្រេង។ ដូចគ្នានឹងក្រុមហ៊ុន អាន ម៉ាឌី ដែរ ក្រុមហ៊ុន ឡុង ស្រេង បានកាប់ដើមកៅស៊ូមួយចំនួនដែលដាំដុះអាស្រ័យផលរាប់សិបឆ្នាំមកហើយ មកដាំដើមចេកវិញ។
ក្រុមហ៊ុន ឡុង ស្រេង អន្តរជាតិខូអិលធីឌី បានបោះទុនលើដីដាំកៅស៊ូដែលមានផ្ទៃដីសរុបប្រមាណ៧.៣០០ហិកតាក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោក ហេង ឡុង ម្ចាស់ក្រុមហ៊ុន ឡុង ស្រេង បានបដិសេធមិនអត្ថាធិប្បាយភ្លាមៗ ពេលទាក់ទងតាមទូរស័ព្ទនៅថ្ងៃពុធនេះ។
កម្មការិនីចម្ការចេកម្នាក់ កញ្ញា លីណា អាយុ២០ឆ្នាំ និយាយថា កញ្ញាមកធ្វើការនៅក្រុមហ៊ុន ឡុង ស្រេង នេះតាំងពីអាយុ១៥ឆ្នាំ ដែលដំបូងឡើយជាកម្មករចម្ការកៅស៊ូ រកប្រាក់កម្រៃបានប្រមាណ៦៦ម៉ឺនរៀលក្នុងមួយខែ។ ប៉ុន្តែ៣ឆ្នាំចុងក្រោយនេះ កញ្ញាបានផ្លាស់មកធ្វើការនៅចម្ការចេកវិញ ដោយរកកម្រៃបានប្រមាណ៩០ម៉ឺនរៀលក្នុងមួយខែ។
យុវតីដែលមានបងប្អូន៦នាក់រូបនេះ បានថ្លែងប្រាប់VOAថា៖ «ធ្វើការនៅហ្នឹងយូរហើយ ហើយទៅប្រាក់ខែវាគ្រាន់បើដែរ។ ណាមួយវាជិតផ្ទះ...សំខាន់ត្រង់ថា ប្រាក់ខែប៉ុណ្ណឹង អាចផ្គត់ផ្គង់ម៉ាក់ប៉ាបាន»។
ការងាររបស់កញ្ញាគឺបេះផ្កាចេក ស្រោបថង់ ផ្លែចេក និងចងថង់ស្រោបស្ទងចេកជាដើម។ កញ្ញាចូលធ្វើការចាប់ពីម៉ោង៧ព្រឹក និងចេញពីចម្ការចេកវិញនៅម៉ោង៥ល្ងាច ត្រឡប់ទៅផ្ទះ។
កញ្ញារំឭកថាកញ្ញាបានចាប់ផ្តើមការងារជាកម្មករនេះ តាំងពីអាយុ១៥ឆ្នាំ ក្រោយមានការណែនាំពីមិត្តភក្តិរបស់កញ្ញា ដែលធ្វើការនៅទីនោះ។ កញ្ញាដឹងថា ពេលនោះខ្លួនមិនទាន់គ្រប់អាយុធ្វើការពេញម៉ោងបាន ប៉ុន្តែដោយសារជីវភាពខ្វះខាតនិងចង់ជួយឪពុកម្តាយទើបកញ្ញាចូលធ្វើការនៅក្រុមហ៊ុនចម្ការកៅស៊ូ។
កញ្ញានិយាយថា៖ «ព្រោះអីគ្រួសារអត់ធូរធារអ៊ីចឹង»។
កម្មការិនីចម្ការកៅស៊ូរបស់ក្រុមហ៊ុនឡុងស្រេងម្នាក់ទៀតដែលនិយាយដោយសុំមិនបញ្ចេញឈ្មោះ ដោយសារខ្លាចប៉ះពាល់ក្រុមហ៊ុន បានលើកឡើងថា អ្នកនាងបានធ្វើនៅក្រុមហ៊ុននេះ តាំងពីឆ្នាំ២០១៧មក។ អ្នកនាងបន្តថា ក្រុមហ៊ុនបានកាប់កៅស៊ូមួយចំនួនចោល ដោយដាំចេកវិញដើម្បីនាំទៅប្រទេសចិន។
កម្មការិនីវ័យ២៥ឆ្នាំរូបនេះនិយាយថា៖ «មានការងារច្រើន… បង្កើតចម្ការតាង៉ែនផង ចម្ការចេកផង។ គេកាប់កៅស៊ូហ្នឹង គេក៏ដាំចេកបន្តៗ មានការងារច្រើន មានរោងចក្រ»។
អ្នកនាងក៏មានចម្ការស្វាយចន្ទីខ្លួនឯងប្រមាណ៤ហិកតាផងដែរ។ ប៉ុន្តែអ្នកនាងយល់ថា មិនអាចដាំចេកបាននោះទេ ដោយសារការដាំចេកនេះត្រូវការដើមទុនច្រើន។ ដូច្នេះមានតែធ្វើកម្មករនៅក្រុមហ៊ុនកៅស៊ូ ឬចម្ការចេកតែប៉ុណ្ណោះ។
អ្នកនាងដែលមានកូនក្នុងបន្ទុកចំនួន២នាក់មានប្រសាសន៍ថា៖ «អត់អាចទេ ព្រោះទុនគេថ្លៃ ទុនច្រើន ព្រោះយកកូន(ចេក)ពីប្រទេសគេមក»។
លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការដាំដុះដើម្បីនាំចេញទៅប្រទេសចិនត្រូវផ្ដោតទៅលើកសិដ្ឋានធំៗជាមុន ដែលងាយអនុលោមតាមស្ដង់ដារគុណភាព និងអនាម័យមុននឹងរដ្ឋាភិបាលពង្រីកវិសាលភាពនៃការអនុវត្តស្ដង់ដារនេះជាមួយកសិដ្ឋានគ្រួសារខ្នាតតូច និងប្រមូលទិញពីប្រជាកសិករទូទៅ។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក សុខ សុភ័ក្រ្តថ្លែងថាទំនិញដែលចុះពន្ធទៅដល់សូន្យនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចុះហត្ថលេខា មានដូចជា ម្រេចម្ទេសក្រៀម ផ្លែឈើ បន្លែ ត្រីសាច់ ស្លឹកខ្ទឹម គុជខ្យង សត្វរស់ ផលិតផលធ្វើពីត្រីសាច់ រុក្ខជាតិ ជាគ្រាប់ធញ្ញជាតិ កែច្នៃ គ្រឿងកំប៉ុងជាដើម។
លោក ម៉េង សុខុម អាយុ៥៧ឆ្នាំ ជាអ្នកដាំទុរេនម្នាក់ ក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមជាង២០ឆ្នាំមកហើយ។ នៅលើដីជាង៤០ហិកតា លោកដាំកៅស៊ូប្រមាណ៣០ហិកតា។ ម្ចាស់កសិដ្ឋានរូបនេះក៏នឹងពិចារណាដូចគ្នាផងដែរពីការកាប់ដើមកៅស៊ូ ដើម្បីដាំដើមចេកទៅថ្ងៃខាងមុខ ប្រសិនបើមានទីផ្សារ។
លោកម៉េង សុខុម ថ្លែងប្រាប់VOAនៅផ្ទះរបស់លោកថា៖ «ធ្វើតាមទីផ្សារដែលគេត្រូវ ការ....ត្រូវអីច្រើន យើងធ្វើអាហ្នឹងទៅ! បើយើងមិនអភិវឌ្ឍខ្លួនតាមហ្នឹងទេ ងាប់ហើយ»។
ក្រុមហ៊ុនចិននិងកូរ៉េខាងត្បូងបានមកសួរលោកជាបន្តបន្ទាប់ក្នុងការបញ្ជាទិញទុរេនច្រើនតោនតែលោកថា ផ្លែទុរេនរបស់លោកមិនគ្រប់នោះទេ ហើយប្រជាពលរដ្ឋចង់លក់ផ្លែទុរេន ដោយខ្លួនឯងពីព្រោះពួកគេមានទីផ្សាររៀងៗខ្លួន។ នេះបើយោងតាមលោកម៉េង សុខុម។
«អាហ្នឹងនិយាយទៅឲ្យតែមានទីផ្សារពិតប្រាកដ អ្នកចម្ការគេទុកចិត្តហើយ…ខ្លាចតែថា ពេលបានមកហើយ ….ឲ្យតែអ្នកកុងត្រាមានលុយ បង់អីឲ្យគ្នាទៅគ្នាចេះតែទុកចិត្តប្រឹងធ្វើហើយ។ ខ្លាចតែថាលេងចេះតែថា… ថាតែមាត់ ដល់ពេលផ្លែ បាត់អស់។ អាហ្នឹងចប់ហើយ»។
លោក ម៉េង សុខុម ឲ្យដឹងថា តម្រូវការទុរេន មិនទាន់គ្រប់នៅឡើយទេក្នុងស្រុកហើយសព្វថ្ងៃមានការនាំចូលពីប្រទេសថៃនិងវៀតណាម។ លោកបន្តថា ការវិនិយោគរបស់ក្រុមហ៊ុនក្នុងការដាំចម្ការធំៗ នឹងអាចបង្កើតការងារដល់ប្រជាជននៅទីនេះ ប៉ុន្តែលោកក៏បារម្ភអំពីផលប៉ះពាល់ទីផ្សាររបស់កសិករតូចតាចផងដែរ។
លោកមានប្រសាសន៍ថា៖ «វិនិយោគៗចុះ ! គ្រាន់តែឲ្យអាទីផ្សារគ្នាតូចតាចនេះ ឲ្យរស់ផង! ចង់និយាយថា ធ្វើម៉េចឲ្យវាមកយករបស់យើងផង អីផងទៅ!កុំឲ្យតែគេយករបស់គេ ថា របស់យើងខូច… ខុសនេះខុសនោះ ក៏មិនកើតដែរ»។
លោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញខាងកសិកម្ម និងជាប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានជំរុញឲ្យមានការគិតគូរដល់កសិករតូចៗដែលចង់ដាំចេកដែរ តាមរយៈការបណ្ដុះបណ្ដាលដំឡើងស្ដង់ដារផលិតកម្ម និងការធានាទីផ្សារសម្រាប់ពួកគេ។
លោក យ៉ង សាំងកុមារ បន្តថាចម្ការចេកស្ថិតនៅតំបន់ខ្ពង់រាប ហើយត្រូវមានការប្រុងប្រយ័ត្ននឹងសារធាតុគីមីដែលអាចប៉ះពាល់ប្រជាជន និងបរិស្ថាន។
«អ៊ីចឹងវាត្រូវហូរចូលតំបន់ណាមួយហើយ អ៊ីចឹងធ្វើម៉េចកុំឲ្យប៉ះពាល់ដល់ទឹកប៉ះពាល់ដល់ត្រីប៉ះពាល់ដល់សត្វ ប៉ះពាល់ដល់មនុស្សទាំងមូល»។
អ្នកនយោបាយដែលមានជំនាញខាងសេដ្ឋកិច្ចកសិកម្មរូបនេះ បានលើកឡើងថា កម្ពុជាត្រូវមើលសក្តានុពលនៃផលិតផលអ្វីដែលនាំចេញទៅប្រទេសចិនបាននៅពេលនេះហើយផលិតផលទាំងនោះមានច្រើន ដូចជាអង្ករ ស្វាយចន្ទី និងដំឡូងមីជាដើម។
«តែសំខាន់លើយើងទេ ថាយើងខ្លួនយើងមានស្អី ដែលយើងគិតថា ទាមទារឲ្យយើងនាំចូលស្រុកគេដោយសេរី។ អាហ្នឹងមានឬនៅឬគ្រាន់តែជាផែនការទេ?»
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មន្ត្រីកម្ពុជាបានលើកឡើងថាខ្លួនរំពឹងថា នឹងអាចស្វះស្វែងរកការវិនិយោគបន្ថែមមកលើវិស័យកសិកម្ម និងជំរុញការផលិតក្នុងវិស័យនេះឆ្ពោះតម្រង់នាំចេញទៅកាន់ទីផ្សារចិន។
លោក Chen Zhiqang ជាអ្នកវិនិយោគម្នាក់ធ្វើចម្ការចេកក្នុងខេត្តត្បូងឃ្មុំ ដែលគ្រប់គ្រងដោយក្រុមហ៊ុនអាន ម៉ាឌី លើកឡើងថា កម្ពុជាអាចនាំចេក ស្វាយ ទុរេន និងផ្លែឈើផ្សេងទៀតចេញ ទៅប្រទេសចិនបន្ថែម នៅពេលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីហើយ។
អ្នកវិនិយោគជនជាតិចិនរូបនោះមានប្រសាសន៍ថា៖ «ថ្ងៃក្រោយបើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចុះហត្ថលេខាហើយគឺច្បាស់ជាមានរបស់ជាច្រើននាំចូលពីប្រទេសកម្ពុជា ព្រោះអីទំនាក់ទំនងចិនជាមួយកម្ពុជាល្អ។ អ៊ីចឹងចិនក៏ចង់ឲ្យប្រទេសកម្ពុជារីកចម្រើន អភិវឌ្ឍទៅមុខ»។
ខណៈដែលលោកនិយាយបណ្ដើរ និងបង្ហាញដំណាក់កាលនៃការកែច្នៃវេចខ្ចប់ចេកក្នុងរោងចក្របណ្ដើរ កម្មកររបស់លោកកំពុងមមាញឹកលាងចេកទាំងស្ទងៗក្នុងទឹក និងរើសយកផ្លែចេកដែលល្អបំផុត រៀបដាក់ក្នុងកេសក្រដាស ត្រៀមសម្រាប់ដឹកជញ្ជូនទៅកាន់ប្រទេសចិន៕