ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​បារម្ភ​ពី​សត្វល្អិត​និង​វីរុស​បំផ្លាញ​ផលិតផល​កសិកម្ម​


រូប​ឯកសារ៖ ទិដ្ឋភាពចម្ការបន្លែសរីរាង្គរបស់សហករណ៍សរីរាង្គខ្មែរនៅឯរមណីយដ្ឋាន​ពិកនិកក្នុងខេត្តព្រះសីហនុ។ (ទុំ ម្លិះ/VOA)
រូប​ឯកសារ៖ ទិដ្ឋភាពចម្ការបន្លែសរីរាង្គរបស់សហករណ៍សរីរាង្គខ្មែរនៅឯរមណីយដ្ឋាន​ពិកនិកក្នុងខេត្តព្រះសីហនុ។ (ទុំ ម្លិះ/VOA)

ខ្យង​ដូង​ និង​ខ្យង​មាស​ ជា​ប្រភេទ​សត្វ​ចង្រៃ​ពីរ​ដែល​បាន​និង​កំពុង​ធ្វើ​ឲ្យ​ថយ​ចុះ​ទិន្នផល​បាន​មកពី​ដើម​ដូង​ និង​ស្រូវ។

សត្វ​ចង្រៃ​ពីរ​ប្រភេទ​ និង​ជំងឺ​កសិកម្មពីរ​ប្រភេទ​ផ្សេង​ទៀត​ បាន​កំពុង​បំផ្លិចបំផ្លាញផល​ដំណាំ​ និង​រុក្ខជាតិ​ហូប​ផ្លែនៅ​កម្ពុជា​ នៅ​ពេល​មាន​កង្វះ​វិធានការ​ភូតគាម​អនាម័យ​ដែល​មាន​ប្រសិទ្ធភាព​នៅ​ច្រកទា្វរ​ព្រំដែន។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​កសិកម្ម​ជាន់​ខ្ពស់​មួយ​រូប។

ខ្យង​ដូង​ និង​ខ្យង​មាស​ ជា​ប្រភេទ​សត្វ​ចង្រៃ​ពីរ​ដែល​បាន​និង​កំពុង​ធ្វើ​ឲ្យ​ថយ​ចុះ​ទិន្នផល​បាន​មកពី​ដើម​ដូង​ និង​ស្រូវ។ ចំណែក​ជំងឺ​ពីរ​ប្រភេទ​ទៀត​ គឺ​ជំងឺ​ស្លឹកប្រាក់​ដែល​បាន​កំពុង​បង្ក​ការ​ខូចខាត​លើ​ដំណាំ​ក្រូច​ និង​ជំងឺ​ម៉ូស្សាអ៊ិក​ដំឡូងមី​ ដែល​បាន​ធ្វើ​ឲ្យ​ដំឡូង​មី​ខូច​គុណភាព​មិន​អាច​នាំចេញ​ទៅ​ក្រៅ​ប្រទេស​បាន។

លោក​ ហ៊ាន​ វណ្ណហន​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា «ជំងឺ​ដំណាំ​ធ្លាប់​បង្ក​ឲ្យ​មនុស្ស​នៅ​អឺរ៉ុប​ខាងលិច ស្លាប់​រាប់​លាន​នាក់​ដោយ​អត់អាហារ​ និង​ចំណាកស្រុក​ចេញ​ទៅ​សហរដ្ឋ​អាមេរិក ​នៅ​ឆ្នាំ​១៨៤០​ ដែល​ករណី​នេះ​បង្ក​ដោយ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​រលួយ​ដំឡូង​បារាំង​ (បង្ក​ដោយ​ផ្សិត ​Phytopthora infestans)»។

លោក​បាន​ប្រាប់​ VOA បន្ថែម​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ កង្វះ​ការ​រឹតបន្តឹង​នៃ​ការ​ត្រួត​ពិនិត្យ​ភូតគាម​អនាម័យ​ បាន​បង្ក​ឲ្យ​ប្រភទ​សត្វ​ចង្រៃ​ ខ្យង​ដូង​ និង​ខ្យង​មាស និងជំងឺ​ស្លឹកប្រាក់ បាន​រីក​រាល​ដាល​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​ដែល​ជំងឺ​ម៉ូស្សាអ៊ិក​ដំឡូងមី​ បាន​កំពុង​រាលដាល​នៅ​តាម​តំបន់​ផ្សេងៗ​គ្នា។ លោក​បាន​ថ្លែង​បន្ត​ថា​ មន្ត្រី​តាម​ព្រំដែន​ត្រូវ​រឹត​បន្តឹង​ការនាំចេញ​ និង​នាំចូល​នៃ​ផលិត​កសិកម្ម​ ដែល​ផ្ទុក​មេរោគ​បង្ក​ឲ្យ​មាន​ការ​រាល​ដាល​នៃ​ប្រភេទ​សត្វ​ចង្រៃ​ និង​ជំងឺ​ទាំងបួន​ប្រភេទ​ខាង​លើ​នេះ។

លោក​បាន​ព្រមាន​ថា​ បើ​មិន​មាន​វិធានការ​តឹង​រឹង​ ផលិតកម្ម​កសិផល​ខ្មែរ​នឹង​រង​ការ​ខាត​បង់​ធ្ងន់ធ្ងរ​ ព្រោះ​ចន្លោះ​ប្រហោង​នៃ​ការ​ឃ្លាំមើល​បញ្ហា​អនាម័យ​នៅ​តាម​ព្រំដែន​ជាប់​ប្រទេស​ក្បែរ​ខាង​ នឹង​បើក​ផ្លូវ​ឲ្យ​មាន​លំហូរ​មេរោគ​ថ្មីៗ​ចូល​ក្នុង​ប្រទេស​បន្ថែម​ទៀត។

«វិបត្តិ​ធ្ងន់ធ្ងរ​ បើ​នៅ​តែ​បន្ត​ គឺ​នឹង​មាន​អា​ថ្មីៗ​មក​ទៀត ដែល​ជា​ប្រភេទ​ដែល​កម្ពុជា​ អត់​ទាន់​មាន​ ហើយ​នឹង​មក​ប្រមូល​ផ្តុំ​ឲ្យបាន​ កាន់​តែ​ច្រើន​ប្រភេទ​ ហើយ​វា​បង្ក​ការ​ខូចខាត ជា​ដំបូង​គឺ​បំផ្លាញ​ផលិតកម្ម​ កសិកម្ម​ ដែល​ជា​មុខរបរ​សំខាន់​មួយ​ចំពោះ​ប្រជាជន​កម្ពុជា​ ដែល​មាន​ប្រមាណ​ជា​៤២​ភាគរយ​នៃ​ប្រជាជន​សរុប​ទាំង​អស់។ ​ចំណុច​ទីពីរ​ គឺ​នៅ​ពេល​ដែល​សមាសភាព​ចង្រៃ​ប្រមូល​ផ្តុំ​ពេញ​ ច្រើន​ប្រភេទ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​កសិផល​កម្ពុជា​ មិន​អាច​នាំចេញទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន»។

លោក​បាន​បន្ត​ក្រុម​មន្ត្រី​នៅ​តាម​ព្រំដែន​ ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​នៅ​គ្រប់​ច្រក​ចេញ​ចូល​រវាង​កម្ពុជា​ និង​ប្រទេស​ក្បែរ​ខាង​មាន​ថៃ​ និង​វៀតណាម​ ដើម្បី​រារាំង​មិន​ឲ្យ​ប្រភេទ​សត្វ​ចង្រៃ​ ​និង​ជំងឺ​ទាំង​បួននេះ រីក​រាល​ដាល​ខ្លាំង​បង្ក​ជា​វិបត្តិ​ធ្ងន់ធ្ងរ​ដល់​វិស័យ​កសិកម្ម​កម្ពុជា។

«គ្រប់​ទាំង​អស់​ហ្នឹង​គឺ​នៅ​ក្នុង​ការងារ​ នូវ​ចំណាត់​វិធានការ​អនាម័យ​ និង​ភូតគាម​អនាម័យ​ហ្នឹង​ យើង​ត្រូវ​ទប់​ស្កាត់​នៅ​គ្រប់ច្រកនៃ​ការ​នាំចេញ​ នាំចូល​ ហើយ​ជា​ពិសេស​ច្រក​ដែល​យើង​ពិនិត្យ​ឃើញ​ថា​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​រាលដាល​ឆ្លង»។

យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​មជ្ឈមណ្ឌល​ឧត្ដមភាព​ប្រពល​វប្បកម្ម​កសិកម្ម​និរន្តរភាព​ ​និង​អាហារូបត្ថម្ភ​ ដែល​ទទួល​បាន​ការឧបត្ថម្ភ​ពី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិប្រចាំ​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ ​(USAID)​ ​បាន​ឲ្យ​ដឹង​ថា​ ៨០​ភាគរយ​នៃ​ប្រជាជន​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ធ្វើ​ការ​ដោយ​ផ្ទាល់​ ​និង​ដោយ​ប្រយោល​ជា​មួយ​កសិកម្ម។​ ៦៥​ភាគរយ​ នៃ​មុខរបរ​របស់​ប្រជាជន​ គឺ​ពាក់​ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ ហើយ​វិស័យ​នេះ​បាន​ចូលរួម​ចំណែក​៣២​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ​នៅ​ក្នុង​ឆ្នាំ​២០១៣។​ ប្រទេស​កម្ពុជា​មាន​ផ្ទៃ​ដី​ប្រមាណ​ ៣,៧​ លាន​ហិកតា​ សម្រាប់​ការងារ​ដំាដុះ។​

​លោក​ ហ៊ាន​ វណ្ណហន​ បាន​បង្ហោះ​រូបភាព​បួន​ផ្សេងៗ​គ្នា​ និង​សេចក្តី​ពន្យល់​និយាយ​ពី​ប្រភព​នៃ​ការ​ហូរ​ចូលប្រភេទ​សត្វ​ចង្រៃ​ និង​ជំងឺ​កសិកម្ម​ទាំង​បួន​មក​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បង្ក​ការ​ថយ​ចុះ​នៃ​ទិន្នផល​កសិកម្ម។

សម្រាប់​ជំងឺ​ស្លឹក​ប្រាក់ រូបភាព​ទី​មួយដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ លោក​ ហ៊ាន វណ្ណហន​ បាន​ពន្យល់​ថា​ វា​ជា​ជំងឺ​ដែល​ឆ្លង​រាលដាល​ចូល​មក​កម្ពុជា​នៅ​ដើម​ទសវត្សរ៍​៩០​ តាម​រយៈ​ការ​នាំ​ចូល​ពូជ​ក្រូច​ពី​ប្រទេស​ជិត​ខាង។ ​បច្ចុប្បន្ន​វា​កំពុង​រាតត្បាត​នៅ​គ្រប់​ចម្ការ​ក្រូច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ធ្វើ​ឲ្យ​ងាប់​ឫស​ ងាប់​មែក​ដោយ​អន្លើ​ ក្រូច​ចុះ​ខ្សោយ​ថយ​ទិន្នផល​រហូត​ងាប់​ដើម​ទាំងមូល។ ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​ ឬ​កម្ចាត់​ជំងឺ​នេះ​នៅ​ឡើយ​ តែ​ម្ចាស់​ចម្ការ​ក្រូច​ត្រូវចំណាយ​ក្នុង​ការ​ទិញ​ជី​បំប៉ន​តាម​ស្លឹក​ជា​រៀងរាល់​ឆ្នាំ។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ក្រូច​កម្ពុជា​ មិន​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ដោយ​មិន​មាន​វិធានការ​ណា​មួយ​ ដើម្បី​កម្ចាត់​វីរុស​ផ្ទុក​ក្នុង​ផ្លែ​ក្រូច​ទាំងនោះ​បាន​ឡើយ។

រូបភាព​ទី​ពីរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដដែល​របស់​មន្ត្រី​កសិកម្ម​រូប​នេះ បាន​ពន្យល់​ពី​ការ​បំផ្លាញ​ផល​ស្រូវ​ ដោយសារ​ខ្យង​មាស​ ដែល​បាន​រាលដាល​ចូល​មក​ដល់​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៤​ តាម​រយៈ​ការ​នាំ​មក​ចិញ្ចឹម​កម្សាន្ត​ និង​ជា​អាហារ។ បច្ចុប្បន្ន​វា​រាលដាល​ពេញ​ប្រទេស​ និង​ស៊ី​បំផ្លាញ​ បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​លើ​ដំណាំស្រូវ​ជា​រៀងរាល់​ថ្នាំ​ ព្រោះ​ថ្នាំ​កសិកម្ម​មិន​អាច​កម្ចាត់​ប្រភេទ​សត្វ​ចង្រៃ​នេះ​បាន​ឡើយ។ ក្រៅ​ពី​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​លើ​ដំណាំ​ស្រូវ​នោះ​ វត្តមាន​ខ្យង​មាស​កំពុង​មាន​អំពើ​ឧត្បាត​បង្ក​ឲ្យ​បាត់​បង់​ប្រភេទ​ខ្យង​ក្នុងស្រុក។ មក​ដល់​ពេល​នេះ​ មិន​មាន​វិធានការ​ដែល​មាន​ប្រសិទ្ធភាព​ណាមួយ​អាច​កម្ចាត់​ចោល​ទាំងស្រុង​ សត្វ​ចង្រៃ​នេះ​បាន​ទេ​ គឺ​មាន​តែ​វិធានការ​ដែល​អាច​បន្ធូរបន្ថយ​តែ​ប៉ុណ្ណោះ។

ចំពោះ​ការ​បំផ្លាញ​ទិន្នផល​ដូង​ រូបភាព​ទី​បី​ បាន​បង្ហាញ​ថា ដើម​ដូង​ស្ទើរ​គ្រប់​ខេត្ត​នៃ​ប្រទេស​កម្ពុជា កំពុង​រង​ការ​រាតត្បាត​ដោយ​ខ្យង​ដូង​ និង​ថយ​ចុះ​ទិន្ន​ផល​រហូត​មិន​មាន​ផ្លែ​សោះ​ រួច​ក៏​អាច​ងាប់​ដើម។ មិន​ងាយ​ចាត់​វិធានការ​កម្ចាត់​ ដោយ​វា​រាត​ត្បាត​ចុង​កំពូល​ (បណ្តូល)​ ដូង​ដែល​នៅ​ខ្ពស់ៗ និង​ការ​មិន​បាន​ចាប់​អារម្មណ៍​ថា​ មាន​ដង្កូវ​តូចៗ​ របស់​ខ្យង​ដូង​កំពុង​រាតត្បាត​នៅចន្លោះ​ដ៏​តូច​ចង្អៀត​នៃ​កំពូល​ដូង​។ សត្វ​ចង្រៃ​នេះ​ មាន​ប្រភព​នៅ​តាម​បណ្តា​កោះ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ហើយ​បាន​ចម្លង​ចូល​កម្ពុជា​ នៅ​ឆ្នាំ​ ២០០៥។

រី​ឯ​រូបភាព​ចុងក្រោយ​ បាន​ឲ្យ​ដឹង​ពី​ជំងឺ​ម៉ូស្សាអ៊ិក​ដំឡូងមី​ ដែល​ជា​ជំងឺ​បង្ក​ដោយ​វីរុស​ ឆ្លង​តាម​ការ​នាំ​យក​ដើម​ដំឡូង​មី​ជា​ពូជ​ចូល​មក​ពី​ប្រទេស​ជិតខាង​ ក្នុង​ពេល​ដែល​កម្ពុជា​ពង្រីក​ផ្ទៃដី​ដាំដំណាំ​ដំឡូង​មី។​ សញ្ញាណ​រាតត្បាត​ដំបូង​ត្រូវ​បាន​រក​ឃើញ​នៅ​ចុង​ឆ្នាំ​ ២០១៥​នៅ​ខេត្ត​រតនគិរី។ ជំងឺ​នេះ​គ្មាន​ថ្នាំ​ព្យាបាល​ និង​រាល​ដាល​តាម​ពូជ​ដំឡូង​ ដោយ​ឆ្លង​តាម​សត្វល្អិត​ជញ្ជក់​រុក្ខរស។​ ជំងឺ​នេះ​ក៏​កំពុង​រាលដាល​ ស្ទើរ​គ្រប់​ខេត្ត​ដែល​មាន​ដាំដំណាំ​ដំឡូងមី​ និង​អា​ច​បង្ក​ផល​ប៉ះពាល់​ អំពី​ការ​ទប់​ស្កាត់​មិន​ឲ្យ​នាំចូល​ផលិតផល​ដំឡូងមី​កម្ពុជា​ នៅ​ទី​ផ្សារ​អន្តរជាតិ​ នា​ពេល​អនាគត។

លោក​ សម វិទូ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សេដាក​ (CDAC) មានប្រសាសន៍ថា​ មាន​វិធានការមួយ​ចំនួនដែលអាច​កម្ចាត់​សត្វ​ចង្រៃ​ និង​ជំងឺ​ដែល​បាន​បំផ្លាញ​ផល​ដំណាំ​កសិកម្ម​កម្ពុជា​។ លោក​បាន​ពន្យល់​ត្រួសៗ​ថា​ ដើម្បី​កម្ចាត់​ជំងឺ​ម៉ូស្សាអ៊ិក​ដំឡូងមី​ ម្ចាស់​ដំណាំ​នេះ​ ត្រូវ​ធ្វើការ​ដក​ដើម​ដែល​មាន​ឆ្លង​ជំងឺ​នេះ​ រួច​ដុត​វា​ចោល​ ហើយ​បាច​កំបោរ​នៅ​លើ​ដី​ ដើម្បី​បង្ការ​ការ​ឆ្លង​បន្ថែម​ទៀត។

ទាក់​ទិន​ការ​បំផ្លាញ​ផល​ស្រូវ​ដោយ​ខ្យង​មាស​ លោក​ថា​ វា​ជា​បញ្ហា​ដែល​កើតមាន​ជា​យូរមក​ហើយ​ តែ​វា​ក៏មាន​វិធាន​ការ​សម្រាប់​ទប់​ទល់។ វិធានការ​នោះ​ គឺ​កសិករ​អាច​ចិញ្ចឹម​សត្វ​ទា​ ដែល​អាច​ស៊ី​សត្វ​ខ្យង​ទាំងនោះ។ វិធានការ​នេះ​ លោក​ថា​ ត្រូវ​បាន​គេ​ប្រើ​ នៅ​ខេត្ត​តាកែវ​ និង​កំពត​។ ចំពោះ​បញ្ហា​ខ្យង​ដូង​ បំផ្លាញ​ទិន្នផល​ផ្លែ​ដូង​នោះ ​ម្ចាស់​ដើមដូង​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ មិន​ឲ្យសត្វ​ខ្យង​ទាំង​នេះ​ វៀ​ឡើង​ទៅលើ​ចុង​កំពូល​នៃ​ដើម​ដូង​បាន ដោយ​ដាក់​ពង្រាយ​សារធាតុ​អំបិល ឬ​សារធាតុ​ផ្សេង​ទៀត​ដែល​មិន​បង្ក​គ្រោះ​ថា្នក់​ខ្លាំង​នៅ​ត្រង់​គល់​ដូង។

រីឯ​ជំងឺ​ស្លឹក​ប្រាក់​ អ្នក​ជំនាញ​កសិកម្ម​ លោក​ សម វិទូ​ បាន​ពន្យល់​ថា​ វា​ជា​ជំងឺ​ដែល​បាន​បង្ក​ផលប៉ះ​ពាល់​ខ្លាំង​កាល​ពី១០​ ឆ្នាំមុន​ ដោយ​វា​បាន​បំផ្លិច​បំផ្លាញ​ផ្លែ​ក្រូចនៅ​ខេត្ត​បាត់​ដំបង។ លោក​ថា​ មានវិធានការ​ដែល​អាច​ធ្វើ​បាន​ដើម្បី​កម្ចាត់​ជំងឺ​នេះ​ គឺ​ការ​បោសសម្អាត​ស្មៅ​នៅ​ខាង​ក្រោម​ដើម​ក្រូច​ ​ឬ​កាត់​មែក​ដែល​មាន​ជំងឺ​នេះ​ដុត​បំផ្លាញ​ចោល​ ដើម្បី​រារាំង​មិន​មាន​ការ​ឆ្លង​បន្ថែម​ទៀត​។ លោក​មាន​ប្រសាសន៍​បញ្ជាក់​ថា​ វិធានការ​ដែល​លើក​ឡើង​ទាំងអម្បាល​ម៉ាន​ខាង​លើ​នេះ​ គឺ​អាច​អនុវត្ត​បាន​ ព្រោះ​ជា​វិធានការ​ច្រំដែល​ ដែល​គួរ​តែ​ត្រូវបាន​ចងចាំ។

«វិធានការ​ខ្លះ​ហ្នឹង​ គឺ​វា​កើត​ឡើង​ដដែល​ៗ​ទេ​ ដល់​ពេលចឹង​ទៅ​ កសិករ​គួរ​តែ​ចង​ចាំ​មេរៀន​ហ្នឹង​ដែរ។ ឧទាហរណ៍​ដូច រឿង​ជំងឺ​ស្លឹកប្រាក់​ ឬ​រឿងខ្យង​មាស​អីហ្នឹង​បាទ»។

លោក​ សម វិទូ​ បាន​ឲ្យដឹង​ថា​ ដើម្បី​ទប់​ស្កាត់មិន​ឲ្យ​មាន​ការ​រាល​ដាល​នៃ​សកម្មភាព​បំផ្លាញ​ផល​ដំណាំ​ដោយ​សត្វ​ចង្រៃ​ និង​ជំងឺ​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ គួរ​បង្កើន​ការ​ផ្សព្វផ្សាយ​អំពីការ​រក​ឃើញ​សត្វ​ចង្រៃ​ ឬជំងឺ​នានា​ឲ្យបាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

«ប្រសិន​បើ​អាច​ហ្នឹង​ ក្រសួង​កសិកម្ម​ អាច​ធ្វើ​ដូច​ក្រសួងធនធាន​ទឹក​គឺ​ នៅ​ពេល​ណា​ដែល​មាន​ព័ត៌មាន​ឬ​ក៏​មាន​អា​បញ្ហា​អី​ចឹង​ គឺ​អាច​ចេញ​ជា​សេចក្តី​ប្រកាស​មួយ​ទៅ​ ដើម្បី​ឲ្យ​កសិករ​គាត់​ដឹង​ព្រោះ​ឥឡូវ​ សម័យ​ឥឡូវ​ គឺ​ឧទាហរណ៍​ថា​ ផុស​តាម​ Facebook ហ្នឹង​គឺ​ ព័ត៌មាន​ចឹងៗ​ ប្រហែល​ជា​គេ​ មាន​ការ​ share [ចែករំលែក] ​ច្រើន អីចឹង​វា​ អាច​បាន​ផ្តល់​ព័ត៌មាន​ហ្នឹង​ទៅដល់​កសិករ​ ទៅដល់​អ្នក​ដែល​ពាក់​ព័ន្ធ​ហ្មង»។

ទោះបី​ខ្យង​មាស​មានការ​គំរាម​កំហែង ដល់​ដំណាំ​ស្រូវ​ក្តី​ របាយការណ៍របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ​១៩​ ខែ​ មករា​ ឆ្នាំ​ ២០១៨​ និង​ចុះហត្ថលេខា​ដោយ​លោក​ ហ៊ាន វណ្ណហន​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ បាន​ឲ្យ​ដឹង​ថា​ ល្បឿន​ការ​ងារ​បង្កបង្កើន​ផល​កសិកម្ម​រដូវ​ប្រាំង​ឆ្នាំ​ ២០១៧-២០១៨​ និង​ការងារ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​២០១៧​ គិត​ត្រឹម​ថ្ងៃ​ទី​ ១៨ ខែ​មករា​ គឺ​កសិករបាន​ប្រមូល​ផល​ស្រូវ​រដូវ​វស្សា​លើ​ផ្ទៃដី​ ២.៦២៨.៦២៩​ ហិកតា ស្មើនឹង​ ៩៨,៩០​ភាគរយ​នៃ​ផ្ទៃដី​អនុវត្តន៍​ ទទួល​បាន​ទិន្នផល​មធ្យម​ ៣,០៣៥​ តោន​ ក្នុង​មួយ​ហិកតា​ និង​បរិមាណ​សរុប​ ៨.០៣៧.៦០២​ តោន​ (ជាង​ ៨លានតោន)៕

XS
SM
MD
LG