ក្រសួងការបរទេសកម្ពុជាអះអាងថា ប្រទេសវៀតណាមបានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានរបស់ខ្លួនពិនិត្យមើលករណីជីកស្រះទឹកចូលទឹកដីប្រទេសកម្ពុជានិងការសាងសង់ប៉ុស្តិ៍យោធាតាមព្រំដែនដែលនាំឱ្យមានការតវ៉ាយ៉ាងខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងជំនួបរវាងលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាជាមួយនឹងលោក Le Hoai Trungអនុរដ្ឋមន្ត្រីការបរទេសវៀតណាមនៅរាជធានីភ្នំពេញកាលពីថ្ងៃពុធ ភាគីកម្ពុជាបានលើកពីករណីវៀតណាមជីកស្រះនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងករណីសាងសង់ប៉ុស្តិ៍យាមនៅជាប់ភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល និងបានស្នើឱ្យភាគីវៀតណាមបញ្ឈប់ការសាងសង់នេះ ទោះបីជាក្នុងករណីជាការជួសជុលប៉ុស្តិ៍យាមចាស់ដូចការអះអាងរបស់ភាគីវៀតណាមក៏ដោយ។
សេចក្តីថ្លែងការណ៍បានបន្តថា ក្រោយពីទទួលបានកំណត់ការទូតរបស់ក្រសួងការបរទេសកម្ពុជានាពេលកន្លងមក ថ្នាក់ដឹកនាំវៀតណាមបានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំវៀតណាមហើយបច្ចុប្បន្នក៏កំពុងរង់ចាំរបាយការណ៍នេះ។
ក្រសួងការបរទេសនិងសកម្មជនព្រំដែនបានរកឃើញថា ថ្មីៗនេះប្រទេសវៀតណាមបានចូលជីកស្រះទឹកចំនួនប្រាំបីនៅក្នុងខេត្តរតនគិរី ដែលមានស្រះទឹកមួយបានចូលជ្រៅលើសពីកន្លះគីឡូម៉ែត្រ។ កម្ពុជាបានផ្ញើកំណត់ទូតតវ៉ានិងសុំឱ្យវៀតណាមលុបស្រះនោះចោលវិញ។
អង្គការសិទ្ធិមនុស្សមើលឃើញថា នៅក្នុងចំណាត់ការរដ្ឋបាលមួយ លោក រចំ ជិប ប្រធានប៉ុស្តិ៍ព្រំដែនត្រូវបានផ្លាស់ប្តូរចេញពីការងារផងដែរ។
លោក ឆាយ ធី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកបានបញ្ជាក់ថា៖
«នៅក្នុងនោះពលរដ្ឋក៏គាត់ធ្វើលិខិតមកសមាគមអាដហុកផងដែរ ដែលគាត់ស្នើសុំឱ្យមានការផ្លាស់ប្តូរហើយគាត់បានចាត់ទុកថា មេប៉ុស្តិ៍នោះមិនបានយកចិត្តទុកដាក់ការពារបូរណភាពដែនដីហើយថែមទាំងបណ្តែតបណ្តោយឱ្យពលរដ្ឋវៀតណាមចូលក្នុងទឹកដីខ្មែររហូតដល់បណ្តោយឱ្យមានភ្នាក់ងារវៀតណាមចូលមកធ្វើការថតរូបក្នុងអង្គប្រជុំជាដើមដែលសហគមន៍គាត់ប្រជុំធ្វើវេទិកាសាធារណៈជាមួយឯកឧត្តម ម៉ៅ មុនីវណ្ណ តំណាងរាស្ត្របក្សសង្គ្រោះជាតិជាដើម»។
លោក ងួន គឿន ស្នងការប៉ូលិសខេត្តរតនគិរីបានបញ្ជាក់ថា មិនមានសកម្មភាពពលរដ្ឋវៀតណាមចូលមកទៀតទេ។ លោកបដិសេធមិនឆ្លើយនឹងបញ្ហាអ្វីផ្សេងដោយបង្វែរសំណួរទៅថ្នាក់ដឹកនាំខេត្ត។ VOA មិនអាចទាក់ទងលោក ថង សារុន អភិបាលខេត្តបានទេដោយលោកបានបិទទូរស័ព្ទ។
បញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាមបានកក្រើកឡើងវិញបន្ទាប់ពីអាជ្ញាធរវៀតណាមបានចូលមកបាញ់ថ្នាំកម្ទេចដំណាំពលរដ្ឋខ្មែរនៅខេត្តត្បូងឃ្មុំ និងមានសកម្មជនព្រំដែននិងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានធ្វើដំណើរទៅពិនិត្យស្ថានភាពតាមព្រំដែនដែលបានបង្ហាញឱ្យឃើញមានការរំលោភចូលជាច្រើនកន្លែង។
ចាប់តាំងពីឆ្នាំ២០១៣មកប្រទេសកម្ពុជាបានផ្ញើកំណត់ទូតចំនួន១១តវ៉ានឹងការចូលរំលោភព្រំដែនពីសំណាក់ប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា៕