ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កម្ពុជា​កាត់ទោស​ស្រ្តី​ជនជាតិ​ហ្វីលីពីន​ចំនួន​១៣​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៤ឆ្នាំ​ក្នុង​ករណី​ពពោះ​ជំនួស


រូបឯកសារ៖ ស្ត្រីស៊ីឈ្នួលពពោះ នៅប្រទេសឥណ្ឌា ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣។
រូបឯកសារ៖ ស្ត្រីស៊ីឈ្នួលពពោះ នៅប្រទេសឥណ្ឌា ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣។

រដ្ឋាភិបាល​ហ្វីលីពីន​ក្រើន​រំឮក​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​បាន​ដឹងថា ការ​ពពោះ​ជំនួស​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​រឿង​ខុស​ច្បាប់ ​ហើយ​អ្នក​ដែល​ប្រព្រឹត្ត​នឹង​អាច​ជាប់​ទោស​ បន្ទាប់​ពី​ស្រ្តី​ជនជាតិ​ហ្វីលីពីន​ចំនួន ​១៣ នាក់​ដែល​ពពោះ​ជំនួសនៅ​កម្ពុជា ​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​រយៈពេល ​៤ ឆ្នាំ ។​

ការ​លើក​ឡើង​របស់​រដ្ឋាភិបាលហ្វីលីពីនបាន​ធ្វើ​ឡើង បន្ទាប់​ពី​តុលាការខេត្ត​កណ្តាល​ កាល​ពី​ថ្ងៃ​ទី ២ ខែធ្នូ ឆ្នាំ​ ២០២៤ ​នេះ​ បាន​ចេញ​សាលក្រម​សម្រេច​ផ្តន្ទា​ទោសស្រ្តី​ជនជាតិ​ហ្វីលីពីន​ចំនួន​ ១៣ នាក់​ ដែលជា​អ្នក​ស៊ី​ឈ្នួល​ពពោះ​ជំនួសនៅ​កម្ពុជា​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ​៤ ឆ្នាំ ​ពី​បទ​ប៉ុនប៉ង​ក្នុង​អំពើ​លក់-ដូរ​មនុស្សសម្រាប់​នាំ​ឆ្លងដែន។ ​ស្ត្រីខ្មែរ​ម្នាក់​ដែល​ជា​អ្នក​សម្អាត​ផ្ទះ​ ក៏​ត្រូវ​បាន​កាត់​ទោសឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ​៦ ​ខែ ពី​បទ​មិន​ប្តឹង​បរិហារ​បទ​ឧក្រិដ្ឋ។

សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា​ កាល​ពី​ថ្ងៃទី​អង្គារ​ បាន​ឲ្យដឹង​ថា ​រដ្ឋាភិបាល​ហ្វីលីពីន​ តាម​រយៈ​ស្ថានទូតនឹង​បន្ត​ផ្តល់​ការគាំទ្រ​សមស្រប​ និង​ចាំបាច់​ រួម​ទាំង​ជំនួយ​ផ្នែក​ច្បាប់និង​កុងស៊ុល​ដល់​ប្រជាជន​ហ្វីលីពីន​ទាំង ​១ ៣នាក់​ សម្រាប់​រយៈពេល​នៃ​ការ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

សេចក្តី​ថ្លែងការណ៍​ដដែល​បញ្ជាក់​ថា រដ្ឋាភិបាល​ហ្វីលីពីន​បន្ត​សហការ​ជា​មួយ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ និង​ដៃ​គូ​អន្តរជាតិ​ រួម​ទាំង​កម្ពុជា​ផង​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ផ្សេង​ទៀត ​និង​ក្រើន​រំឮក​ដល់​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​បាន​ដឹង​ថា ការ​ពពោះ​នៅ​កម្ពុជា​គឺជា​រឿង​ខុស​ច្បាប់​ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​អាច​ប្រឈម​នឹង​ការ​កាត់ទោស។

អ្នកនាំ​ពាក្យ​សាលាដំបូង​ខេត្ត​កណ្តាល​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយកាល​ពី​ថ្ងៃ​ចន្ទ​ថា នៅថ្ងៃ​ទី​ ២៨ និង​ថ្ងៃ​ទី ​២៩ ខែ​វិច្ឆិកា ឆ្នាំ ​២០២៤ សាលា​ដំបូង​ខេត្តកណ្តាល​បាន​បើក​សវនាការ​ជាអសាធារណៈ​ដើម្បី​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ករណី​សម​គំនិត​ប៉ុនប៉ង​ក្នុង​អំពើ​លក់-ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន​ មាន​ចែង​ឲ្យផ្តន្ទាទោស​ តាម​បញ្ញត្តិ​មាត្រា​២៧​ នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​មាត្រា​១៦ នៃ​ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ ដែល​មាន​ជនជាប់​ចោទ​ជា​ស្ត្រី​ជនជាតិ​ហ្វីលីពីន​ចំនួន​ ១៣ នាក់​ និង​ជនជាប់​ចោទ​ម្នាក់​ទៀត​ជា​ស្ត្រី​ជនជាតិ​ខ្មែរ​។

តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​ស្ត្រី​ជនជាតិ​ហ្វីលីពីន​ចំនួន ​១៣ នាក់​ ក្នុងនោះម្នាក់ៗ​កំណត់​រយៈពេល​ ៤ ឆ្នាំ តែ​ត្រូវ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារត្រឹមតែ​រយៈ​ពេល ​២ ឆ្នាំ។ ចំណែក​ជនជាប់​ចោទ​ដែល​ជា​ស្ត្រី​ជនជាតិ​ខ្មែរនិងជា​អ្នក​សម្អាត​ផ្ទះនិង​រៀបចំ​ម្ហូប​អាហារដើម្បី​មើល​ថែ​ស្ត្រី​ជនជាតិ​ហ្វីលីពីន​ ​នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល ត្រូវផ្តន្ទាទោស​ពី​បទ​មិន​ប្តឹង​បរិហារ​បទ​ឧក្រិដ្ឋ​តាម​បញ្ញត្តិ​មាត្រា​៥២៩ នៃ​ក្រម​ព្រហ្មទណ្ឌ ដោយ​ត្រូវ​ជាប់ពន្ធនាគាររយៈពេល​ ៦ ខែ តែត្រូវអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈពេល​ ២ ខែ ១ថ្ងៃ ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​ខេត្ត​កណ្តាល អំពើ​ដែល​បាន​ប្រព្រឹត្ត​ដោយ​ជនជាប់​ចោទ​ជា​ស្ត្រី​ជន​ជាតិ​ហ្វីលីពីន​ទាំង ​១៣ នាក់នោះ​ គឺ​ជា​បទ​ល្មើស​ដែល​ផ្ទុយ​នឹង​ច្បាប់​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​ពួកគេ​មាន​ចេតនា​ពពោះ​ជំនួស​ ដើម្បី​បង្កើត​ទារក​ក្នុង​គោល​បំណង​លក់-ដូរ​ ទៅ​ឱ្យ​អ្នក​ទី ៣​ ជា​ថ្នូរ​នឹង​ប្រាក់​។

បន្ទាប់ពីការ​សម្រេច​របស់​តុលាការ​ខេត្ត​កណ្តាលមក គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើស្រ្តី​ជនជាតិ​ហ្វីលីពីន​ទាំង ​១៣ នាក់ និង​ស្រ្តី​ជនជាតិ​ខ្មែរ​ម្នាក់នោះ នឹង​ត្រូវ​សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ​ឬ​យ៉ាង​ណា​នៅ​ឡើយទេ គិត​ត្រឹម​ថ្ងៃពុធនេះ។

វីអូអេ​មិនអាច​សុំ​ការ​អត្ថាធិប្បាយពី​លោក សូ សារិន អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​កណ្តាល ​និង​អ្នក​នាំ​ពាក្យ​ពន្ធនាគារ​ខេត្ត​កណ្តាល​ លោក ឆាត ស៊ីនាង​ បាន​ទេ។
ចំណែក​លោក​ស្រី​ ជូ ប៊ុនអេង អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​ មិនទទួល​ទូរស័ព្ទរបស់​វីអូអេ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត លើក​ឡើង​ថា លោក​គាំទ្រ​ចំពោះ​ការ​អនុវត្ត​ច្បាប់​ចំពោះ​ជន​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការវិនិយោគ ភ្ញៀវ​ទេសចរ​ សន្តិសុខ​ និង​សុវត្ថិភាព​ក្នុង​សង្គម។ ប៉ុន្តែ​លោក​ថា ចំពោះ​ករណី​ស្រ្តី​ជនជាតិ​ហ្វីលីពីន​ដែល​ពពោះ​ជំនួស​ខុស​ច្បាប់​ទាំង​ ១៣ នាក់​នេះ​ មន្ត្រី​កម្ពុជា​គួរតែ​ស៊ើប​អង្កេត​ឲ្យបាន​ច្បាស់​លាស់​ ដើម្បី​បង្ហាញ​ពី​ភាព​យុត្តិធម៌​ពិត​ប្រាកដ។

លោក​ថ្លែងថា​៖ «កន្លង​មក ​កម្ពុជា​យើង​នៅ​តែ​ជាប់​ចំណាត់​ថ្នាក់​លេខ [Tier] ​៣ របស់​សហរដ្ឋ​អាមេរិក​ទាក់ទង​នឹង​ការ​ជួញ​ដូរ​មនុស្ស​។ ចំណាត់​ថ្នាក់​លេខ ៣​ ជាចំណាត់​ថ្នាក់​ល្អ​ទេ​សម្រាប់​កម្ពុជា​។ ប៉ុន្តែ​រឿង​ជនជាតិ​ហ្វីលីពីន​ស្រ្តី​ទាំង​ ១៣ ​នាក់​នេះ គួរ​តែ​ពិនិត្យ​ ពិចារណា​ និង​មាន​សិក្សា​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់​ ដើម្បី​កុំ​ឲ្យមាន​ភាព​ចម្រូង​ចម្រាស់​ អាច​ថា​ជា​ជន​រងគ្រោះ​ឬ​ក៏​ជន​ដែល​ពាក់ព័ន្ធ​ ព្រោះ​យើង​ចង់​ឲ្យមាន​យុត្តិធម៌​ចំពោះ​បញ្ហាទាំង​អស់​នេះ»។

ចំណែក​ស្រ្តីជនជាតិ​ខ្មែរ​ម្នាក់​ដែល​ជា​អ្នក​សម្អាត ដែល​ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​មិន​ប្តឹង​បរិហារ​បទ​ឧក្រិដ្ឋ​នោះ លោក ​អំ សំអាត យល់ថា ក៏គួរតែ​មាន​ការពិចារណា​ផង​ដែរ។

លោកបញ្ជាក់ថា៖ «បើ​យើង​មើល​ទៅ​ គាត់​ជា​អ្នក​ដាំ​ស្លរ​ មេផ្ទះ តើគាត់​បាន​ដឹង​អំពី​បទ​ល្មើស​ដែល​កើត​ឡើង​ដែរ​ឬ​អត់? បើសិន​ជា​គាត់​មិន​បាន​ដឹង​ថា ជា​បទ​ល្មើស​គួរតែ​ពិនិត្យ​ពិចារណា​ទៅ​លើ​បញ្ហា​ទាំង​អស់​នោះ​ ព្រោះ​ជួនកាល ​វា​ជា​ការងារ​របស់​គាត់ ហើយ​គាត់​គិត​ថា​អ្វី​ដែល​គាត់​ធ្វើ​គ្រាន់​តែ​ជា​ការ​ដាំ​ស្លរ ​ការ​ជូត​ផ្ទះ ហើយ​មិន​បាន​ដឹង​ពី​បទ​ល្មើស​។ បើសិន​ជា​ដឹង​ពី​បទ​ល្មើស​ឧក្រិដ្ឋ​មិន​បាន​រាយការណ៍​ នោះ​ជា​រឿង​ខុស​ច្បាប់​។ ប៉ុន្តែ​បើ​មិន​បាន​ដឹង​ហើយ​បញ្ហា​ទាំង​អស់​ហ្នឹង​ស្ថិត​ក្នុង​ភាព​អាថ៌​កំបាង នោះ​ក៏​គួរតែ​ពិនិត្យ​ពិចារណា​ផង​ដែរ»។

កាល​ពី​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ប៉ូលិស​កម្ពុជា​បាន​រក​ឃើញ​ស្ត្រី​ជន​ជាតិ​ហ្វីលី​ពីន​ចំនួន ​២០ ​នាក់​ពាក់ព័ន្ធ​នឹង​ការ​ពពោះ​ជំនួស​ខុស​ច្បាប់​នៅ​កម្ពុជា នៅពេល​កម្លាំង​សមត្ថកិច្ចបានឆ្មក់​ចូល​ផ្ទះ​វីឡា​មួយ​កន្លែង​ក្នុង​ខេត្ត​កណ្តាល។ ក្នុង​ចំណោម​ស្រ្តី​ ២០ ​នាក់​នោះ ស្រ្តី​ហ្វីលីពីន​ ៧ ​នាក់​ដែល​មិន​ទាន់​មាន​ផ្ទៃ​ពោះ ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ហ្វីលីពីន​វិញ កាល​ពី​កន្លង​ទៅ។

កម្ពុជា​បាន​ក្លាយ​ជា​គោល​ដៅ​ដ៏​ពេញ​និយមមួយសម្រាប់​ការ​ផ្តល់​សេវា​ពពោះ​ជំនួស​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ជា​សេវាកម្ម​ខុស​ច្បាប់ បន្ទាប់​ពីសេវាកម្ម​នេះត្រូវ​បាន​ហាម​ប្រាមនៅក្នុង​ប្រទេស​ថៃ​ ​ឥណ្ឌា និង​នេប៉ាល់។

កាល​ពី​ឆ្នាំ​ ២០១៨ ស្រ្តី​ខ្មែរមាន​ផ្ទៃ​ពោះ​ជាង ​៣០ ​នាក់ ​ត្រូវ​បាន​ឃាត់​ខ្លួនដោយ​សារ​ផ្តល់​សេវា​ពពោះ​ជំនួស​។ ពួកគេ​ត្រូវ​បាន​តុលាការ​សម្រេច​ដាក់ឱ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ«អំពើ​លក់​-ជួញ​ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន» និង​តម្រូវ​ឱ្យធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ថា ​ត្រូវ​ចិញ្ចឹម​កូន​ទាំង​នោះ។

ហើយ​កាល​ពី​ឆ្នាំ ​២០១៧ សាលាដំបូងរាជធានី​ភ្នំពេញ​ក៏បាន​ផ្តន្ទា​ទោស​ស្រ្តី​ជនជាតិ​អូស្រ្តាលី​ម្នាក់ និង​បុរស-ស្រ្តី​ជន​ជាតិ​ខ្មែរ​ពីរនាក់​ទៀត ឲ្យ​ជាប់​ពន្ធនាគាររយៈពេល ១៨ ​ខែ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ជួល​ស្រ្តី​ខ្មែរឱ្យ​ពពោះ​ជំនួស៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG