ការស្ទុះឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាបន្ទាប់ពីការរាតត្បាតដោយជំងឺកូវីដ១៩ បានជំរុញឱ្យប្រជាពលរដ្ឋឥណ្ឌាមានការចាប់អារម្មណ៍ជាថ្មីទៅលើការធ្វើវិស្សមកាលនៅក្រៅប្រទេស។ ចំនួនអ្នកធ្វើដំណើរទាំងនោះមានលើសពីកម្រិតនៅមុនការរាតត្បាតដោយជំងឺកូវីដ១៩ ដោយពួកគេភាគច្រើនឥឡូវនេះបានងាកទៅយកតំបន់អាស៊ីជាគោលដៅទេសចរណ៍របស់ពួកគេ។
ក្រុមហ៊ុនទេសចរណ៍នានាបានឱ្យដឹងថា អាជីវកម្មរបស់ពួកគេបានរីកចម្រើនពេញមួយឆ្នាំ២០២៤ ដោយសារតែការកើនឡើងនៃចំនួនអ្នកធ្វើដំណើរដែលជាអ្នកមានជីវភាពមធ្យម និងប្រជាពលរដ្ឋវ័យក្មេងដែលមានមហិច្ឆតា។ ចំនួនអ្នកមានជីវភាពមធ្យម និងប្រជាពលរដ្ឋវ័យក្មេងដែលមានមហិច្ឆតានេះ គឺកំពុងកើនឡើងនៅឥណ្ឌា។
លោក Neil Patel សហស្ថាបនិកនៃក្រុមហ៊ុន Veena World ដែលជាទីភ្នាក់ងារទេសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុង Mumbai បានឱ្យដឹងថា៖ «ការធ្វើដំណើរពីមុនបានកើនឡើងនៅក្នុងរដូវក្តៅ និងរដូវបុណ្យ ក៏ប៉ុន្តែបន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ យើងបានសង្កេតឃើញថា ប្រជាពលរដ្ឋឥណ្ឌាធ្វើដំណើរពេញមួយឆ្នាំ។ ប្រជាពលរដ្ឋឥណ្ឌាវ័យក្មេងចង់ធ្វើវិស្សមកាលរយៈពេលខ្លីៗជាច្រើន ខណៈដែលមនុស្សចាស់ចង់ធ្វើវិស្សមកាលនៅក្រៅប្រទេសរយៈពេលយូរជាង»។
ក្នុងពេលជាមួយគ្នានេះផងដែរ ចំណង់ចំណូលចិត្តគោលដៅទេសចរណ៍កំពុងផ្លាស់ប្តូរ។ ខណៈពេលដែលទ្វីបអឺរ៉ុប ដែលជាគោលដៅជាទីពេញចិត្តសម្រាប់វិស្សមកាលរបស់ប្រជាពលរដ្ឋឥណ្ឌាជាច្រើននៅតែមានប្រជាប្រិយភាពនោះ មនុស្សជាច្រើនកំពុងបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅកាន់តំបន់អាស៊ី ដែលមានចាប់ពីប្រទេសនៅភាគខាងកើតដូចជាជប៉ុន និងវៀតណាមរហូតដល់គោលដៅនៅតំបន់មជ្ឈិមបូព៌ាដូចជាទីក្រុងឌូបៃ និងអាប៊ូ ដាប៊ី និងបណ្តាប្រទេសនៅតំបន់អាស៊ីកណ្តាលដូចជាកាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ និងហ្សកហ្ស៊ីជាដើម។
អ្នកខ្លះយល់ឃើញថា តម្រូវការឯកសារដ៏លម្អិតសម្រាប់ការទៅលេងបណ្តាប្រទេសនៅតំបន់អឺរ៉ុបជារឿងពិបាក។ អ្នកខ្លះផ្សេងទៀតយល់ឃើញថាគោលដៅសម្រាប់ទេសចរណ៍នៅតំបន់អាស៊ីមានតម្លៃសមរម្យជាង។
ក្រោយពីវិស្សមកាលនៅតំបន់អឺរ៉ុបក្នុងឆ្នាំ ២០២២ អ្នកស្រី Kumkum Sharma និងស្វាមីគឺលោក Vinayak Gawankar បានបង្វែរចំណាប់អារម្មណ៍របស់ពួកគេទៅតំបន់អាស៊ីអាគ្នេយ៍។ កាលពីឆ្នាំមុន គូស្វាមីភរិយាដែលរស់នៅក្នុងទីក្រុង Mumbai បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ហើយឆ្នាំនេះពួកគេបានទៅធ្វើវិស្សមកាលនៅប្រទេសវៀតណាម និងប្រទេសថៃ។
លោក Gawankar ដែលជាអ្នកប្រឹក្សាផ្នែកទីផ្សារបាននិយាយថា៖ «ទៅអឺរ៉ុបការចំណាយថ្លៃបន្តិច។ បន្ទាប់ពីរៀបការហើយ ថវិការបស់យើងភាគច្រើនគឺសម្រាប់ការចំណាយនៅក្នុងគ្រួសារ ដូច្នេះហើយបានជាយើងសម្រេចចិត្តទៅប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍វិញ គឺល្អជាង។ អ្នកនឹងទទួលបានបទពិសោធន៍វប្បធម៌ថ្មីមួយផងដែរ»។
អ្នកស្រី Sharma ដែលជាបុគ្គលិកសាជីវកម្មបានជូនឪពុកម្តាយរបស់អ្នកស្រីទៅលេងប្រទេសសិង្ហបុរី និងម៉ាឡេស៊ីសម្រាប់ដំណើរកម្សាន្តក្រៅប្រទេសលើកដំបូងរបស់ឪពុកម្តាយអ្នកស្រី។ អ្នកស្រីថ្លែងថា៖ «ការធ្វើដំណើរឆ្លងកាត់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ឃើញថា ពលរដ្ឋមានភាពរួសរាយរាក់ទាក់ចំពោះប្រជាពលរដ្ឋឥណ្ឌា។ បើទៅអឺរ៉ុបវិញត្រូវការពេលវេលា និងរៀបគម្រោងច្រើនជាង»។
អ្នកស្រី Kalyani Jagwani ជាស្ត្រីមេផ្ទះរស់នៅទីក្រុង Kolkata និងមានស្វាមីជាអ្នកជំនួញគឺលោក Devanand បានចំណាយពេលពីរសប្តាហ៍នៅក្នុងប្រទេសជប៉ុនកាលពីខែតុលាកន្លងទៅនេះ ដោយបានទៅលេងទីកន្លែងនានាដូចជា ទីក្រុងក្យូតូ ទីក្រុងតូក្យូ និងក្រុង Hakone ដែលល្បីល្បាញដោយសារមានទឹកក្ដៅធម្មជាតិ និងសម្រស់ធម្មជាតិរបស់ក្រុងនោះ។
អ្នកស្រី Kalyani Jagwani បាននិយាយថា៖ «យើងបានទៅលេងអឺរ៉ុបពីរបីដងរួចហើយ ហើយយើងចង់បានបទពិសោធន៍ថ្មី។ ហើយយើងពិតជាចាប់អារម្មណ៍ដោយឃើញវីដេអូបង្ហាញពីរដូវស្លឹកឈើជ្រុះ ជាពេលដែលទេសភាពប្រែស្រស់ស្អាត»។
ដោយសារចំនួនទេសចរឥណ្ឌាកើនឡើង ប្រទេសនៅអាស៊ីមួយចំនួនកំពុងទាក់ទាញពួកគេ។ ប្រទេសមួយចំនួនកំពុងផ្តល់ការធ្វើដំណើរចូលដោយមិនចាំបាច់សុំទិដ្ឋាការ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃសមរម្យកំពុងបន្ថែមជើងហោះហើរកាន់តែច្រើនពីប្រទេសឥណ្ឌា។ កាលពីពីរឆ្នាំមុនក្រុមហ៊ុន Vietair ដែលជាក្រុមហ៊ុន
អាកាសចរណ៍វៀតណាមដែលមានតម្លៃទាបដែលមានជើងហោះហើរទៅកាន់តែទីក្រុងញូវដែលី និងទីក្រុង Mumbai បានពង្រីកជើងហោះហើរទៅកាន់ទីក្រុងតូចៗជាច្រើននៅក្នុងប្រទេសឥណ្ឌាដែលជាវិធានការមួយដែលផ្តល់ប្រយោជន៍យ៉ាងច្រើន។ ភ្ញៀវទេសចរឥណ្ឌាជិតកន្លះលាននាក់ត្រូវបានគេគិតថាបានទៅលេងប្រទេសវៀតណាមក្នុងឆ្នាំ២០២៤ ដោយពួកគេត្រូវបានទាក់ទាញដោយតម្លៃសំបុត្រយន្តហោះក្រោម ៤០០ ដុល្លារ។
ប្រទេសថៃដែលពឹងផ្អែកលើវិស័យទេសចរណ៍ ដែលបានលុបចោលការតម្រូវឱ្យមានទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋឥណ្ឌាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រយៈពេលមួយឆ្នាំ បានពន្យារពេលការលុបចោលនោះថែមទៀតដោយគ្មានកំណត់កាលពីខែវិច្ឆិកាកន្លងទៅនេះ។ ការណ៍នេះកំពុងជួយបង្កើនចំនួនទេសចរណ៍ឥណ្ឌាដល់ជាង ១លាន ៥សែននាក់ គិតដល់ត្រឹមខែតុលា បើធៀបទៅនឹងមួយទសវត្សរ៍មុនដែលមានចំនួនតែ ១ លាននាក់ដែលបានទៅលេងប្រទេសថៃ។ ប្រទេសស្រីលង្កាក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋឥណ្ឌាធ្វើដំណើរចូលដោយមិនចាំបាច់សុំទិដ្ឋាការផងដែរ ខណៈដែលប្រទេសជប៉ុនវិញបានផ្តល់ជូនដំណើរការសុំទិដ្ឋិការតាមអនឡាញយ៉ាងងាយស្រួលមួយ។
បណ្តាប្រទេសនៅមជ្ឈិមបូព៌ាកំពុងទាក់ទាញតារាបូលីវូដដើម្បីឱ្យផ្សព្វផ្សាយអំពីប្រទេសពួកគេថាជាគោលដៅសម្រាប់ទេសចរណ៍។ ឧស្សាហកម្មភាពយន្តភាសា Hindi ដ៏ពេញនិយមរបស់ប្រទេសឥណ្ឌាតែងតែមានឥទ្ធិពលយ៉ាងខ្លាំងលើជម្រើសគោលដៅរបស់ទេសចរឥណ្ឌា។ កំពូលតារាសម្ដែងលោក Ranveer Singh ដែលធ្លាប់លើកស្ទួយប្រទេសស្វីស ជាអ្នកផ្សព្វផ្សាយឱ្យទីក្រុង Abu Dhabi។ តារាសម្តែងដ៏មានប្រជាប្រិយភាពលោក Saif Ali Khan និងកូនស្រីរបស់លោក គឺអ្នកនាង Sara Ali Khan ជាអ្នកផ្សព្វផ្សាយឱ្យទីក្រុងឌូបៃ។ ប្រទេសផ្សេងទៀតកំពុងអញ្ជើញអ្នកនិពន្វ និងតារាល្បីៗក្នុងបណ្តាញសង្គមក្នុងចំនួនច្រើនជាងពេលមុនៗ។
អ្នកដែលមានលទ្ធភាពធ្វើដំណើរខ្លះកំពុងស្វែងរកទីកន្លែងឆ្ងាយៗ។
អ្នកស្រី Sumitra Senapaty ដែលជាម្ចាស់ក្លឹបទេសចរណ៍មានឈ្មោះថា «Women on Wanderlust» ដែលរៀបចំដំណើរកម្សាន្តឱ្យសម្រាប់តែស្ត្រីនិយាយថា អតិថិជនរបស់អ្នកស្រីចង់ស្វែងរកគោលដៅទេសចរណ៍ដែលមិនសូវមានគេទៅ។
អ្នកស្រីនិយាយថា៖ «ពួកគេធុញទ្រាន់នឹងទៅកន្លែងទេសចរណ៍ធម្មតា ហើយចង់ទៅកន្លែងផ្សេងៗ។ ឆ្នាំ២០២៤ ខ្ញុំបានរៀបចំវិស្សមកាលទៅកាន់កោះ Easter និង Puerto Natales នៅប្រទេសឈីលី តំបន់ Patagonia នៅអាមេរិកខាងត្បូង និងតំបន់ Azores ដែលជាប្រជុំកោះព័រទុយហ្គាល់»។
ចំនួនប្រជាពលរដ្ឋឥណ្ឌាដែលធ្វើដំណើរទៅក្រៅប្រទេសពីរ ឬច្រើនដងបានកើនឡើង ៣២% កាលពីឆ្នាំ២០២៣ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនទេសចរណ៍អនឡាញឈានមុខគេរបស់ឥណ្ឌាឈ្មោះ MakeMyTrip។
លោក Patel នៃក្រុមហ៊ុន Veena World បាននិយាយបន្ថែមទៀតថា៖ «ខ្ញុំគិតថា មនុស្សម្នាចង់រស់នៅដោយគិតអំពីពេលបច្ចុប្បន្ន ពីព្រោះយើងមិនដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងនោះទេ»។
លោក Patel ថ្លែងទៀតថា៖ «នៅពេលដែលប្រាក់ចំណូលកើនឡើង មនុស្សចង់ចំណាយប្រាក់ដើម្បីទទួលបានបទពិសោធន៍។ នេះគឺជាការផ្លាស់ប្តូរដ៏ធំដែលយើងបានឃើញថាកើតមានក្រោយការរាតត្បាតនៃជំងឺកូវីដ១៩»។
អ្នកដំណើរជាច្រើនយល់ស្របទៅនឹងការលើកឡើងរបស់លោក Patel។ ក្រៅពីការទស្សនាវិហារ សួនច្បារ និងកន្លែងទេសចរណ៍ទូទៅនៅក្នុងប្រទេសជប៉ុន អ្នកស្រី Jagwani បានចំណាយពេលមួយថ្ងៃនៅក្នុង ryokan ដែលជាផ្ទះសំណាក់បែបប្រពៃណីរបស់ជប៉ុនដែលបង្ហាញអំពីរបៀបរស់នៅក្នុងសម័យបុរាណ។
អ្នកស្រី Kalyani Jagwani បានរំឭកថា៖ «យើងបានដេកនៅលើពូកដែលគេដាក់ផ្ទាល់លើក្តារផ្ទះ មានអាហារជប៉ុនធម្មតា និងងូតទឹកបែបប្រពៃណីដែលមានអំបិលរ៉ែ។ វាជាបទពិសោធន៍ថ្មីដែលទាញយើងចូលទៅក្នុងវប្បធម៌ជប៉ុន»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់