ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖​ ​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី​នឹងប្រ​ព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​ជាប់​គាំង​ ​ទោះបី​លោក​ ​ហ៊ុន សែន​ព្រមាន​ធ្ងន់ៗ​ក៏​ដោយ


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។​អង្គការ​សង្គមស៊ីវិល សកម្មជន​បរិស្ថាន​រាប់​សិប​នាក់សម្ដែងការ​ព្រួយបារម្ភ​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។​អង្គការ​សង្គមស៊ីវិល សកម្មជន​បរិស្ថាន​រាប់​សិប​នាក់សម្ដែងការ​ព្រួយបារម្ភ​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ (ឡេង ឡែន/VOA)

ប្រទេស​អូស្ត្រាលី​នឹង​ប្រុងប្រយ័ត្ន​មិន​បណ្តោយ​ឲ្យ​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី​នឹង​ជាប់​គាំង​ ដោយសារតែ​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន​នោះទេ។

អ្នក​ជំនាញ​ជាតិនិង​អន្តរជាតិ​ផ្នែក​កិច្ចការ​អាស៊ាន​បង្ហាញ​ជំនឿ​ថា​ ​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី​ ​នៅ​ខែ​មីនា​ខាង​មុខ​ ​នឹងមិនអាច​មាន​ព្រឹត្តិ​ការណ៍​ណាមួយ​បណ្តាល​ឲ្យ​ជាប់​គាំង​កិច្ចប្រជុំ​នេះ​ ​ដូចការ​ព្រមានរបស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​នោះ​ទេ។​

ការ​បង្ហាញ​ពី​សុទិដ្ឋិនិយម​របស់​អ្នក​ជំនាញ​កិច្ច​ការ​អាស៊ាន​នេះ​កើត​ឡើង​បន្ទាប់ពីលោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​កាល​ពី​ថ្ងៃពុធ​ ​បាន​ព្រមាន​ថា ​នឹងធ្វើ​ឲ្យ​ជាប់​គាំង​ការ​ប្រជុំអាស៊ាន-អូស្រ្តាលី​ ​ក្នុង​ខែ​មីនា​ខាង​មុខ​ ​ប្រសិន​បើ​រដ្ឋាភិបាល​អូស្រ្តាលី​គាប​សង្កត់​ ​ឬ​លូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា។​

លោក​ ​ឈាង វណ្ណារិទ្ធ​ ​អ្នក​វិភាគ​កិច្ចការ​តំបន់និង​ជា​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថានមួយ​ក្នុង​ប្រទេស​សិង្ហបុរី​ ​ប្រាប់​ ​VOA​ ​តាម​ទូរស័ព្ទ​ថា​ ​កិច្ច​ប្រជុំ​អាស៊ាន​តែងធ្វើ​ឡើង​ជា​ពហុភាគី​ដើម្បី​ចេញ​ជា​សេចក្តី​ថ្លែង​ការណ៍​រួម​សម្រេច​អំពី​កិច្ច​ពិភាក្សា​ណាមួយ។​ ​លោក​បន្ថែម​ថា​ ​កម្ពុជា​អាច​វេតូ​សេចក្តី​សម្រេច​ណា​មួយ​ ​ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ជាប់​គាំង​កិច្ច​ប្រជុំ​នោះ​ ​ប៉ុន្តែ​លោក​ថា​ ​រដ្ឋាភិបាល​អូស្រ្តាលី​តែង​ធ្វើ​ការងារ​ដោយ​ភាព​ប្រុងប្រយ័ត្ន ដូច្នេះ​ករណី​នេះ​នឹង​មិន​អាច​កើត​មាន​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«បើ​កម្ពុជា​វេតូ​ ​ឬក៏​ block ​(រារាំង)​ ​សេចក្តី​ថ្លែង​ការណ៍​រួម​ណា​មួយ​ ​ប៉ះពាល់​ខ្លាំងជាងគេ​គឺ​ប៉ះពាល់​ទាំង​អាស៊ាន​ ​ទាំង​អូស្រ្តាលី។​ ​ហើយ​មុខមាត់​របស់​កម្ពុជា​យើង​នឹង​ប៉ះពាល់​ច្រើន​ដែរ​ ​ព្រោះយើង​នឹង​ជា​ប្រទេស​ដែល​ block​ join statement [រារាំងសេចក្តី​ថ្លែងការណ៍រួម​]​ ហ្នឹង។​ ​និយាយ​ឲ្យ​ចំ​ អត់មាន​អ្នកណា​ចំណេញ​ទេ​ ​នៅក្នុងកិច្ច​ពិភាក្សា​ចរចា។​ ​ហើយ​ខ្ញុំ​គិត​ថា​ អូស្រ្តាលី​ប្រយ័ត្ន​ ​ហើយ​ប្រហែល​ជា​មិន​ធ្វើអ្វី​ពី​ពេល​ហ្នឹង​រហូត​ដល់​កិច្ច​ប្រជុំ​ហ្នឹង​ទេ»។​

​ស្រដៀង​គ្នា​នេះ​ដែរ​ ​លោក​ ​Carlyle Thayer​ ​អ្នក​វិភាគ​សន្តិសុខ​តំបន់​អាស៊ី​អាគ្នេយ៍​ ​មកពី​សាកល​វិទ្យាល័យ​ ​Defense Force Academy​ ​នៅ​ក្នុង​ទីក្រុង​កង់បេរ៉ា​ ​ប្រទេស​អូស្ត្រាលី​ ​ប្រាប់​ ​VOA​ ​តាម​រយៈ​សារ​អេឡិច​ត្រូនិក​ ​ឬ​អ៊ីមែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ថា​ ​ការ​ព្រមាន​របស់​លោក​ ​ហ៊ុន សែន​ ​គឺ​គ្រាន់តែ​ចង់បង្ហាញ​ពីឥទ្ធិពល​របស់​លោក​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី​ ​ប្រាប់ប្រជា​ពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ។ ​ទោះ​ជា​យ៉ាងណា​ លោក​ថា​ ​ការ​ព្រមាន​របស់​លោក​ ​ហ៊ុន សែន​នឹង​មិន​កើត​មាន​នោះ​ទេ​ ​ដោយ​សារ​ ​ រដ្ឋាភិបាល​អូស្រ្តាលីមាន​ប្រធាន​បទ​សំខាន់ៗ​ជា​ច្រើន​ដែល​ត្រូវ​ជជែក​ជាមួយ​អាស៊ាន​ ​ជាជាង​ការ​លើក​ឡើង​ពី​ប្រតិកម្ម​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នយោ​បាយ​ ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

លោក​បន្ថែម​ក្នុង​សម្រង់​ន័យ​ដើម​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖​

«ប្រសិនបើ​ប្រទេស​អូស្រ្តាលី​ ​ឬ​ប្រទេស​ដទៃ​ទៀត​ព្យាយាម​សំដៅ​ទៅ​លើ​នយោបាយ​របស់​កម្ពុជា ​នោះ​វា​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​មិន​មាន​ភាព​វៃឆ្លាត​ ហើយ​នឹង​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ។​ វា​នឹង​ក្លាយ​ជា​ការ​បរាជ័យ​ខាង​ការទូត​សម្រាប់​ប្រទេស​ណា​ដែល​ព្យាយាម​រិះគន់​លោក ​ហ៊ុន សែន។​ ​សមាជិក​អាស៊ាន​ដទៃ​ទៀត​នឹង​ត្រូវ​ខកចិត្ត​ ​ព្រោះ​វា​នឹង​រាំង​ស្ទះ​ដល់​ការ​រីក​ចម្រើន​លើ​ទំនាក់​ទំនង​អាស៊ាន-អូស្ត្រាលី​ ​នៅ​លើ​វិស័យ​មួយ​ចំនួន។​ ​វា​នឹង​តំណាង​ឲ្យ​ការ​បរាជ័យ​ដ៏​ចម្បង​មួយ​សម្រាប់​ប្រទេស​អូស្ត្រាលី​ ​ដែល​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ»។​

ការ​ព្រមាន​របស់​លោក​ ​ហ៊ុន សែន​ដែលថា​ នឹង​ធ្វើ​ឲ្យ​មាន​ការ​ជាប់គាំង​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី​នោះ​គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្នក​រិះគន់លោក​មួយ​ចំនួន​ដែល​បាន​និយាយ​ថា ​អូស្រ្តាលី​នឹង​គាប​លោក​ ​ហ៊ុន សែន​ ​ពាក់ព័ន្ធ​នឹង​ស្ថាន​ការណ៍​នយោបាយ ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី​ ​នា​ខែ​មីនា​ខាង​មុខ​នេះ​ ​នឹង​ធ្វើ​ឡើង​ក្នុង​ប្រទេស​អូស្រ្តាលី​ ​ដោយ​មាន​ប្រទេស​សិង្ហបុរី​ជា​ប្រធាន​នៃការ​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ការ​ងារ​ផ្សេងៗ​របស់​ប្រជាជាតិ​អាស៊ាន​ ​និង​អូស្ត្រាលី។​ ​កិច្ច​ប្រជុំនោះក៏​នឹង​ពង្រឹង​ការ​រួម​ចំណែក​រួម​គ្នា​របស់អូស្រ្តាលី​ ​និង​អាស៊ាន​ ​ចំពោះ​សន្តិសុខ​ ​និង​វិបុល​ភាព​ក្នុង​តំបន់​ រួមទាំង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ជា​ដើម។​

VOA​ ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​ស្ថានទូត​អូស្រ្តាលី​ ​និង​ស្ថានទូត​សិង្ហបុរីប្រចាំ​កម្ពុជា​ ​តែ​រហូត​មក​ដល់ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​មិនទាន់​មាន​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​ទាំង​ពីរនៅ​ឡើយ។​

ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាលជាមួយ​កម្មករ​កម្មការិនី​មក​ពី​រោងចក្រ​ចំនួន​១៥​ក្នុង​តំបន់​ទឹក​ថ្លា ​រាជធានី​ភ្នំពេញ​ ​លោក​ ​ហ៊ុន សែន​ ​បញ្ជាក់​ថា៖​

«ខ្ញុំ​សូម​ផ្ដាំ​ទៅ!​ ស្គាល់​ពី​អាស៊ាន​ឲ្យ​ច្បាស់​បន្តិច!​ ​អាស៊ាន​បើ​អត់​ ហ៊ុន សែន​ ​អត់​មាន​ន័យ​ថា​ ​អាស៊ាន​ទេ។​ ​ហ៊ុន សែន​ ​អាច​ជំទាស់​កុំឲ្យ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ណា​មួយ​រួច ​រវាង​អាស៊ាន ​និង​អូស្ត្រាលី។ ​សាក​ល្បង​លមើល​ទៅ!​ ​មិនមែន​ត្រឹម​តែ​អូស្ត្រាលី​មិនអាច​គាប​សង្កត់​កម្ពុជា​ទេ។​ ​ហ៊ាន​លមើល!​ កម្ពុជា​សូម​ដាក់​បញ្ហា​ទុក​ជា​មុន​ ​បើ​សិន​ជា​អ្នក​ឯង​ហ៊ាន​ផ្ដេសផ្ដាស។​ ​កម្ពុជា​តែ​ម្នាក់​អាច​នឹង​ធ្វើឲ្យ​គាំង​ទាំងអស់​នៃ​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍ ​ព្រោះ​របៀប​របប​ការងារ​របស់​អាស៊ាន​ វា​ត្រូវ​តែ​មាន​កុងសង់ស៊ីស»។

កាលពី​ពេល​ថ្មីៗ​នេះ​ ​លោក​ ​ហុង លីម​ ​សមាជិក​សភា​រដ្ឋ​វិចតូរីយ៉ា​ក្នុង​ប្រទេស​អូស្ត្រាលី​ ​បានស្នើរដ្ឋា​ភិបាល​អូស្រ្តាលី​ឲ្យ​ដើរ​តាម​ការ​សម្រេច​របស់​អាមេរិក​ ​និង​សហគមន៍​អឺរ៉ុប​ក្នុង​ការ​ដាក់ទណ្ឌកម្ម​ទិដ្ឋា​ការ​ ​និង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ប្រឆាំង​នឹង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​កម្ពុជា​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ។​

បន្តិចមុន​ការ​ស្នើរបស់​លោក ​ហុង លីម​ ​ គេ​ឃើញ​សមាជិក​សភា​អូស្រ្តាលី​មួយ​រូប​ ​គឺ​លោក​ ​Mark Butler​ ​ប្រកាស​ថា​ ​ អូស្ត្រាលី​មាន​កាតព្វ​កិច្ច​ដ៏​សំខាន់​មួយ​ដើម្បី​ចាត់​វិធានការការពារលទ្ធិ​ប្រជា​ធិប​តេយ្យក្មេង​ខ្ចីរបស់​ប្រទេស​កម្ពុជា។​ ​លោកថា​ ​សកម្ម​ភាព​ចុង​ក្រោយ​ថ្មីៗ​នេះ​គឺ​ជា​ការ​បំពាន​មួយ​ដែល​មិន​អាច​ប្រកែក​បាន​ពី​របប​ដឹកនាំ​នៅ​កម្ពុជា​ ​និង​ថា​ ​អូស្រ្តាលី​ត្រូវ​តែ​មាន​ការ​ឆ្លើយ​តប​ផ្នែក​ការ​ទូត​ក្នុង​កម្រិត​ខ្ពស់​បំផុត​មួយ។

សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្រ្តាលី​ក៏​បាន​ប្រកាស​ពី​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១៧-១៨ ​ខែ​មីនា​ ​ឆ្នាំ​២០១៨​ ​នេះដែរ។

ក្នុង​ជំនួប​សំណេះ​សំណាល​ជាមួយ​កម្មករ​ កម្មការិនី​កាលពី​ថ្ងៃពុធ​ លោក​ ​ហ៊ុន សែន​ ​ក៏​បាន​ព្រមាន​ដល់​អ្នក​ដែលមាន​ផែនការ​ធ្វើ​បាតុកម្មប្រឆាំង​លោកនៅ​ប្រទេស​អូស្ត្រាលី​នា​ពេល​ខាងមុខ។ លោក​និយាយ​ថា ​លោកនឹង​តាម​វ៉ៃ​ដល់​ផ្ទះ​ ​ប្រសិន​បើអ្នក​ទាំង​នោះ​ហ៊ាន​ដុត​រូប ​ឬ​ដុត​ទីង​មោង​រូប​លោក​ ពេល​ពួកគេ​ធ្វើ​បាតុកម្ម។ ​លោក​បញ្ជាក់​ថា ​ប្រជាជន​កម្ពុជា​មាន​អបិយ​ជំនឿ​ មិន​ឲ្យ​មាន​ការ​ដុត​រូប ​ឬ​ទីងមោង​នោះ​ទេ។

លោក​នាយក​រដ្ឋ​មន្ត្រី​ថ្លែង​ព្រមាន​ដោយ​សម្តី​ធ្ងន់ៗ​ថា៖

«បើ​ហ៊ាន​តែ​ធ្វើ​រូប ​ហើយ​ដុត​រូប​ ​ច្បាស់​ជា​មាន​រឿង​ហើយ!​ ហើយ​ខ្ញុំ​ប្តូរ​ផ្តាច់​ពេល​ហ្នឹង! ​បើ​ហ៊ាន​តែ​ធ្វើ​រូប​អា​អី​ ​ទីង​មោង រូប​ខ្ញុំ​យក​ទៅ​ដុត​ អញ​តាម​វ៉ៃ​ដល់​ផ្ទះ​ហ្អែង! ប្រាប់​ឲ្យ​ហើយ! ​បើ​អ្នក​ឯង​មាន​សិទ្ធិ​ដុត​គេ​ ​គេ​មាន​សិទ្ធិ​វាយ​អ្នក​ឯង មាន​ទាស់​ខុស​អី ​អាហ្នឹង!​ ​សិទ្ធិ​ទៅ​សិទ្ធិ​មក!​ អ្នកឯង​ប្រើ​ហិង្សា​លើ​រូប​កាយ​គេ​ហើយ ​អ្នកឯង​ចាត់​ទុក​ថា​ ​អាហ្នឹង​រូប​ ​ហ៊ុន សែន​ ​ហើយយក​ទៅ​ដុត។​ ​តាម​ដល់​ផ្ទះ​ ​អត់​ទេ​ ក្របួច​យក​តែ​ម្តង»។​

លោក​ ​ហុង លីម​ ​សមាជិក​សភា​រដ្ឋ​វិចតូរីយ៉ា​ ក្នុង​ប្រទេស​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ ដែល​នឹង​ចូលរួម​បាតុកម្ម​នា​ពេល​ខាងមុខ​ដែរ​នោះ​ ប្រាប់​ ​VOA​ ​ថា​ ​បាតុកម្ម​នោះនឹង​មានពលរដ្ឋ​អូស្រ្តាលី​ដើម​កំណើត​ខ្មែរ​ជាច្រើន​ចូលរួម​ ដើម្បី​បង្ហាញ​ពីការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​លោក​ ​ហ៊ុន សែន។​ ​លោក ហុង លីម​ដែល​មាន​ដើម​កំណើត​ខ្មែរ​ បានបន្ថែម​ថា​ ​លោក​បាន​ប្តឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗនៅ​អូស្រ្តាលី​ ​ដើម្បី​ឃ្លាំមើល​ ​និង​ការពារ​អ្នក​ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ពេល​នោះ​ ​បន្ទាប់ពី​មាន​ការ​ព្រមាន​របស់​លោក​ ​ហ៊ុន សែន។​

សមាជិក​សភា​រដ្ឋវិចតូរីយ៉ា​ ប្រទេស​អូស្រ្តាលី​ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ខ្មែរ​ប្រកាសមិន​ស្វាគមន៍​ឲ្យ​ចូលស្រុក​កំណើត​កាល​ពី​ឆ្នាំ​មុន​ បាន​បញ្ជាក់​ថា៖​

«គម្រោង​ការ​ឥឡូវហ្នឹង​គឺ​រដ្ឋមន្រ្តី​ទាំងអស់​គេ​ដឹង​អស់​ហើយ។​ យើង​បាន​ប្តឹង​ហើយ​ ហើយ​ខាង​ប៉ូលិស​ហ្នឹង​ក៏​យើង​ប្តឹង​ហើយ។​ ​គេ​នឹង​ឆ្លើយ​តប​មក​យើង​វិញ​ ថា​ គេ​នឹង​ធ្វើ​យ៉ាងម៉េចៗ​ ​ព្រោះ​រឿង​នេះ​មិន​មែន​ជារឿង​តូចតាចទេគឺ​ថា​ ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេសមួយ​ជា​ជន​បរទេស​ ​ហើយ​មក​គំរាម​គំហែង​ជនជាតិ​របស់​គេ​ ​នៅ​ក្នុង​ស្រុក​គេ​ ​ទីមួយ​កាលណា​មាន​ពាក្យ​សម្តី​គំរាម​កំហែង​ហ្នឹង​ ​គេ​ចាត់​ទុក​ថា​ ជា​ឧក្រិដ្ឋកម្ម​ហើយ​ កុំរហូត​ដល់​ថា ​នឹង​ទៅ​វ៉ៃ​គេ​ដល់​ផ្ទះ​ហ្នឹង​ ​រឹតតែ​ជា​ឧក្រិដ្ឋ​កម្ម»។​

ចំណែក​អ្នកស្រី​ ​មូរ សុខហួរ​ ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវ​បាន​តុលាការរំលាយ​តាម​ពាក្យ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ បានប្រាប់​ ​VOA​ ​ថា ​ការ​ព្រមាន​របស់​លោក​ ​ហ៊ុន សែន​ ​គឺ​ជា​យុទ្ធវិធីក្នុង​ការ​ប្រយុទ្ធ​ជាមួយ​គូប្រកួត​ប៉ុណ្ណោះ។​ ​អ្នកស្រី​បន្ថែម​ថា​ ​អ្នកស្រី​នឹង​ទៅ​ចូលរួម​បាតុកម្ម​នោះ​ជាមួយ​សហ​គមន៍ខ្មែរ ​តាម​បែប​អហិង្សា។​

អ្នក​ស្រីបញ្ជាក់​ថា៖​

«ការ​គំរាម​កំហែង​ពី​ប្រសាសន៍​របស់​លោក​ ​ហ៊ុន សែន​ ​ជា​យុទ្ធវិធី​ក្នុងការ​ប្រយុទ្ធ​ជាមួយ​គូ​ប្រកួត។​ នេះ​គឺជាអ្វី​ដែល​យើង​ដឹងទាំង​អស់​ហើយ។​ ​ដូច្នេះ​យើង​ជា​អ្នក​ប្រជា​ធិបតេយ្យ​ ​យើង​អត់​មាន​ព្រួយ​បារម្ភ​នឹង​ការ​គំរាម​កំហែង​ហ្នឹង​ទេ។​ ​គោល​ការណ៍​ប្រជា​ធិបតេយ្យ​គឺយើង​បញ្ចេញ​មតិ​ ​នៅ​គ្រប់​រូបភាព ​ដោយ​អហិង្សា​ ​និង​សន្តិវិធី»។

កម្តៅនយោបាយ​កម្ពុជា​ចាប់​ផ្តើម​កើន​តាំង​ពីក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣​មក។​ ​រហូត​មក​ដល់​ពេល​នេះ​ ​មន្រ្តី​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រមទាំង​សកម្មជន​សិទ្ធិ​មនុស្ស​ យ៉ាងហោច​ណាស់​ជាង​២០​នាក់​ ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​ ​និង​ចោទប្រកាន់​ពី​បទ​ល្មើស​ផ្សេងៗ​គ្នា ​រីឯ​លោកសម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​និរទេស​ខ្លួន​ទៅ​រស់​នៅ​ប្រទេស ​ក្រោយ​រង​ការ​ចោទ​ប្រកាន់​ និង​កាត់ទោស​ពី​បទ​ល្មើស​ជា​ច្រើន​ករណី។​

ចំណែក​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​មួយ​រូប​ទៀត​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​បញ្ជូន​ទៅ​ពន្ធនាគារ​ ​កាលពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ​ ​ដោយ​រង​ការ​ចោទ​ថា​ ​បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល។​ ​ក្រោយ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​តែ​ប៉ុន្មាន​ខែ ​តុលាការ​កំពូល​ក៏​បាន​សម្រេច​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ ​ដោយ​ចោទ​ពី​បទ​ល្មើស​ដូចគ្នា​ទៅ​នឹង​លោកកឹម សុខា​ ​ព្រមទាំង​ហាមមន្រ្តី​ ​និងតំណាង​រាស្ត្រ​គណបក្ស​នេះ​ចំនួន​១១៨​រូប​ ​មិន​ឲ្យ​ធ្វើ​នយោបាយ​ ដែល​ម្នាក់ៗ​ចំនួន​៥​ឆ្នាំ។​

ក្រោយ​ពេល​ហេតុការណ៍​ទាំង​នោះ​កើត​ឡើង​ ​ពិសេស​គឺ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បានការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​ជាង​៤០​ភាគ​រយ​នា​ពេល​បោះឆ្នោត​កន្លង​ទៅ​ ​គេ​ឃើញ​អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ជាតិ​ ​និង​អន្តរ​ជាតិ​ជា​ច្រើន​បាន​រិះគន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ជា​បន្ត​បន្ទាប់។​ ​ពួកគេ​បាន​បង្ហាញ​ការ​បារម្ភ​អំពី​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​ហើយ​ថា​ ​ការណ៍​នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ៕

XS
SM
MD
LG