ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាចបោះឆ្នោតនៅថ្ងៃចន្ទនេះ លើសេចក្តីសម្រេចមួយ ដើម្បីស្នើឱ្យមានបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា និងធ្វើឱ្យមានសុវត្ថិភាពដល់ការដឹកជញ្ជូនជំនួយដល់ពលរដ្ឋស៊ីវិលប៉ាឡេស្ទីន ដែលកំពុងត្រូវការជាខ្លាំង។
សេចក្តីព្រាងសេចក្តីសម្រេចនេះ ដែលទីភ្នាក់ងារសារព័ត៌មានជាច្រើនបានឃើញ អំពាវនាវឱ្យ«បញ្ឈប់អរិភាពជាបន្ទាន់ ដើម្បីធ្វើឱ្យមានសុវត្ថិភាពក្នុងការផ្តល់ជំនួយមនុស្សធម៌ដោយគ្មានការរារាំងឬបង្អាក់នោះឡើយ»។
រថយន្តដឹកជំនួយជាច្រើនគ្រឿងបានទៅដល់តំបន់ហ្កាហ្សារួចហើយ ហើយអ៊ីស្រាអែលបានបើកច្រកមួយទៀតកាលពីសប្តាហ៍មុន ដើម្បីឱ្យរថយន្តដឹកជំនួយទាំងនោះចូលទៅក្នុងតំបន់នេះ ប៉ុន្តែទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌អង្គការសហប្រជាជាតិ និយាយថា រថយន្តដឹកជំនួយតែ ១២១ គ្រឿងប៉ុណ្ណោះត្រូវបានអនុញ្ញាតឱ្យចូលកាលពីថ្ងៃសៅរ៍ ដែលជាចំនួនដ៏តិចខ្លាំង បើប្រៀបធៀបនឹងចំនួនរថយន្តផ្តល់ជំនួយ ៥០០ គ្រឿងក្នុងមួយថ្ងៃ ដែលបានចូលទៅក្នុងតំបន់ហ្កាហ្សាមុនពេលសង្គ្រាមផ្ទុះឡើង។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសបារាំងអ្នកស្រី Catherine Colonna ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍កន្លងទៅ បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ ក្នុងគោលបំណងដើម្បីដោះលែងចំណាប់ខ្មាំងបន្ថែមទៀត និងដើម្បីធ្វើឱ្យជំនួយកាន់តែច្រើនថែមទៀតត្រូវបានបញ្ជូនទៅក្នុងតំបន់ហ្កាហ្សា ហើយជំហានទៅមុខបន្ទាប់ទៀត គឺ«ចាប់ផ្តើមរកដំណោះស្រាយនយោបាយមួយ»។
ដោយឡែករដ្ឋមន្ត្រីការបរទសចក្រភពអង់គ្លេស លោក David Cameron និងរដ្ឋមន្ត្រីការបរទសអាល្លឺម៉ង់ អ្នកស្រី Annalena Baerbock ក្នុងអត្ថបទរួមមួយដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានអង់គ្លេស Britain’s Sunday Times ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជារៀងរហូតមួយ ក្នុងតំបន់ហ្កាហ្សាផងដែរ។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin មានកំណត់នឹងទៅធ្វើទស្សនកិច្ចប្រទេសអ៊ីស្រាអែលនៅថ្ងៃចន្ទនេះ សម្រាប់អ្វីដែលក្រសួងការពារជាតិអាមេរិកនិយាយថា នឹងជាការបង្ហាញការគាំទ្ររបស់សហរដ្ឋអាមេរិក លើសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល ពីអំពើភេរវកម្ម និងជាឱកាសមួយដើម្បីពិភាក្សាជាមួយក្រុមមន្ត្រីអ៊ីស្រាអែលពីសារ:សំខាន់ ក្នុងការពារជនស៊ីវិលក្នុងអំឡុងពេលប្រតិបត្តិការយោធាក្នុងតំបន់ហ្កាហ្សា៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Associated Press, Agence France-Presse និង Reuters។