សង្កាត់ Santa Barbara ក្នុងរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបញ្ជាឲ្យប្រជាពលរដ្ឋជម្លៀសខ្លួនចេញពីសង្កាត់នេះកាលពីព្រឹកថ្ងៃអាទិត្យ ខណៈដែលគ្រោះភ្លើងឆេះព្រៃដ៏ធំបំផុតដែលកំពុងឆាបឆេះនៅក្នុងរដ្ឋនេះ បានគំរាមកំហែងដល់បណ្តាក្រុងនៅតាមឆ្នេរសមុទ្រយ៉ាងច្រើន។
ប្រជាពលរដ្ឋអាមេរិកដែលរស់នៅក្នុងក្រុង Carpinteria និងក្រុង Montecito ត្រូវបានបញ្ជាឲ្យរត់ភៀសខ្លួនកាលពីព្រឹកថ្ងៃអាទិត្យ ខណៈដែលគ្រោះភ្លើងឆេះព្រៃឈ្មោះ Thomas បានឆេះរាលដាលកាន់តែខ្លាំងដល់ទីក្រុង Santa Barbaraដែលស្ថិតនៅចម្ងាយប្រមាណ១៦០គីឡូម៉ែត្រប៉ែកខាងលិចទីក្រុង Los Angeles។
មនុស្សជាង៨ម៉ឺន៨ពាន់នាក់ត្រូវជម្លៀសខ្លួនចេញ ដោយសារតែគ្រោះភ្លើងឆេះព្រៃ Thomas ដែលទីភ្នាក់ងារពន្លត់អគ្គិភ័យនៃរដ្ឋនេះបាននិយាយថា ពួកគេអាចពន្លត់ភ្លើងនេះបាន១៥ភាគរយត្រឹមយប់ថ្ងៃសៅរ៍។
គ្រោះភ្លើងឆេះព្រៃជិត៦បានឆេះនៅទូទាំងតំបន់ Southern California កាលពីសប្តាហ៍មុន ដែលឆាបឆេះលើផ្ទៃដីទំហំជាង៦៧០គីឡូម៉ែត្រការ៉េចាប់តាំងពីថ្ងៃចន្ទមក។ គ្រោះភ្លើងឆេះព្រៃថ្មីកើតឡើងជាបន្តបន្ទាប់ដោយសារតែអាកាសធាតុស្ងួត ហើយចេះតែរីករាលដាលទៅប៉ែកខាងលិចដោយសារខ្យល់ Santa Ana ដែលគេរំពឹងថា នឹងកើនឡើងដល់៨០គីឡូម៉ែត្រក្នុងមួយម៉ោងនៅថ្ងៃអាទិត្យក្នុងសហរដ្ឋអាមេរិក។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឆ្លើយតបទៅនឹងគ្រោះភ្លើងឆេះព្រៃនេះកាលពីថ្ងៃសុក្រ ដោយចេញសេចក្តីប្រកាសសហព័ន្ធមួយដាក់រដ្ឋ កាលីហ្វ័រញ៉ា ឲ្យស្ថិតក្រោមស្ថានភាពអាសន្ន ដើម្បីត្រួសត្រាយផ្លូវសម្រាប់ទីភ្នាក់ងារសហព័ន្ធឲ្យជួយសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ៕