គិតត្រឹមថ្ងៃសៅរ៍ ភ្លើងឆេះព្រៃទ្រង់ទ្រាយធំបំផុតមួយចំនួននៅក្នុងរដ្ឋ California នៅតែបន្តឆេះរាលដាល ដោយបានឆេះបំផ្លាញអស់ផ្ទៃដីទំហំ ៤.០៤៦ គីឡូម៉ែត្រក្រឡា ក្នុងរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ។
លោកប្រធានាធិបតី Donald Trump បានចេញសេចក្ដីថ្លែងការណ៍មួយអំពីគ្រោះមហន្តរាយនេះកាលពីថ្ងៃសៅរ៍ ដោយបានប្រកាសថានឹងផ្ដល់ជំនួយរដ្ឋាភិបាលសហព័ន្ធ។
អភិបាលរដ្ឋ California លោក Gavin Newsom បាននិយាយថា ជំនួយនេះនឹងជួយដល់ការដោះស្រាយវិបត្តិនេះ ការផ្ដល់ទីជម្រកស្នាក់នៅ និងសេវាសង្គមផ្សេងទៀតនៅតាមស្រុកមួយចំនួនដែលរងគ្រោះដោយសារភ្លើងឆេះព្រៃនេះ។
បណ្ដុំភ្លើងឆេះព្រៃ LNU និងបណ្ដុំភ្លើងឆេះព្រៃ SCU នៅក្នុងតំបន់ Bay Area នៃទីក្រុង San Francisco បានក្លាយជាភ្លើងឆេះព្រៃធំជាងគេបំផុតទី ២ និងទី ៣ នៅក្នុងប្រវត្តិភ្លើងឆេះព្រៃថ្មីៗនេះរបស់រដ្ឋ California។
ភ្លើងឆេះព្រៃនៅទូទាំងរដ្ឋ California លើកនេះ បានធ្វើឲ្យមនុស្សយ៉ាងតិច ៥ នាក់ស្លាប់បាត់បង់ជីវិត និងមនុស្ស ៤៣ នាក់ផ្សេងទៀតរងរបួស ដែលក្នុងនោះមានទាំងអ្នកពន្លត់អគ្គីភ័យផងដែរ និងបានដុតបំផ្លាញផ្ទះសម្បែង និងអាគារផ្សេងទៀតជិត ៧០០ ខ្នង។ មនុស្សប្រហែល ១៧៥.០០០ នាក់ត្រូវបានអាជ្ញាធរប្រាប់ឲ្យជម្លៀសចេញពីផ្ទះសម្បែង៕