រដ្ឋ California នៅភាគខាងលិចរបស់សហរដ្ឋអាមេរិក ដែលទើបធូរស្បើយបន្តិចពីការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់នោះ កាលថ្ងៃពុធ រដ្ឋមួយនេះ បានទទួលការគំរាមកំហែងជាថ្មីទៀតពីភ្លើងឆេះព្រៃដោយសារអាកាធាតុ ដែលមានលក្ខណៈហួតហែងក្តៅខ្លាំង។
ពលរដ្ឋរស់នៅក្នុងតំបន់ដែលមានភ្លើងឆេះព្រៃរាប់ពាន់នាក់ ត្រូវបានបញ្ជាឲ្យជម្លៀសចេញទៅកាន់កន្លែងសុវត្ថិភាព ឬ ត្រូវព្រមានឲ្យដឹងនៅពេលដែលមានភ្លើងឆេះព្រៃប្រមាណ៣០ កន្លែង កំពុងកើតមានឡើងនៅតំបន់ជនបទ និងព្រៃក្រាស់ៗជុំវិញរបស់រដ្ឋនេះ។
អាជ្ញាធរបានបញ្ជាឲ្យពលរដ្ឋទាំងអស់ចាកចេញពីទីប្រជុំជន Boulder Creek ក្នុងតំបន់ភ្នំ Santa Cruz នៅយប់ថ្ងៃអង្គារ។ ភ្លើងឆេះព្រៃជាច្រើនកន្លែង កំពុងតែកើតមានឡើង នៅតំបន់ភាគខាងត្បូងជិតតំបន់ឆកសមុទ្រ San Francisco Bay នៅស្រុក Sonoma ស្រុក Monterey និងស្រុក Mendocino និងដែលនៅតាមឆ្នេរភាគខាងជើង និងនៅជិតព្រំប្រទល់ជាមួយ រដ្ឋ Nevada ភាគខាងជើងបឹង Tahoe ផងដែរ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនអគ្គិសនីក្នុងរដ្ឋ California មិនបានកាត់ផ្តាច់ចរន្តអគ្គិសនីប្រើប្រាស់ទេនៅថ្ងៃអង្គារនេះ ប៉ុន្តែបានអំពាវនាវឲ្យពលរដ្ឋមានការសន្សំសំចៃក្នុងការប្រើប្រាស់ថាមពលអគ្គិសនី។
អភិបាលរដ្ឋលោក Gavin Newsom បានប្រកាសភាពអាសន្ននៅថ្ងៃអង្គារ ដោយសារភ្លើងឆេះព្រៃនេះ ដើម្បីសម្រួលការផ្តល់ថវិកាពីសហព័ន្ធ ក៏ដូចជាការជួយអន្តរាគមន៍ក្នុងការពន្លត់ភ្លើងពីរដ្ឋផ្សេងៗ ទៀតផងដែរ៕