ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកបោះឆ្នោត​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​បដិសេធ​ការប៉ុនប៉ង​ដក​អភិបាល​រដ្ឋ​លោក Gavin Newsom នៅក្នុង​ការបោះឆ្នោត​តាម​ការស្នើ​របស់​ពលរដ្ឋ


អភិបាលរដ្ឋ​កាលីហ្វ័រញ៉ា​លោក Gavin Newsom ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាធិបតេយ្យ John L. Burton ក្នុង​ទីក្រុង Sacramento រដ្ឋកាលីហ្វ័រញ៉ា​កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពី​លោក​បាន​ឆ្លើយតប​ចំពោះ​ការប៉ុនប៉ង​ដក​លោក​ចេញពី​តំណែង។
អភិបាលរដ្ឋ​កាលីហ្វ័រញ៉ា​លោក Gavin Newsom ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាធិបតេយ្យ John L. Burton ក្នុង​ទីក្រុង Sacramento រដ្ឋកាលីហ្វ័រញ៉ា​កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពី​លោក​បាន​ឆ្លើយតប​ចំពោះ​ការប៉ុនប៉ង​ដក​លោក​ចេញពី​តំណែង។

អ្នក​បោះឆ្នោត​នៅ​រដ្ឋកាលីហ្វ័រញ៉ា​ភាគ​ខាង​លិច​សហ​រដ្ឋ​អាមេរិក ​បាន​ច្រាន​ចោល​កិច្ច​ប្រឹងប្រែង​ដក​អភិបាល​រដ្ឋ​មក​ពី​គណបក្ស​ប្រជា​ធិបតេយ្យ ​គឺ​លោក ​Gavin Newsom ​ចេញ​ពី​តំណែង។​

អ្នក​បោះឆ្នោត​ប្រមាណ​ ៧០%​ បាន​បោះ​ឆ្នោតច្រើន​លើសលុប​«បដិសេធ»​ការ​បញ្ចប់​អាណត្តិ​របស់​លោក​ Newsom ​ដោយ​មាន​ជាង​ ៣០%​ ប៉ុណ្ណោះ ​បាន​បោះឆ្នោត​«យល់ព្រម»។ នេះ​បើយោង​តាម​តួលេខ​ដែល​ចេញ​ផ្សាយ​ភ្លាមៗ​ បន្ទាប់​ពី​ការ​បោះឆ្នោត​បាន​បិទ​នៅ​ក្នុង​រដ្ឋ​ដ៏​ធំ​មួយ​នេះ​ កាល​ពី​យប់​ថ្ងៃ​អង្គារ។​

បណ្តាញ​ព័ត៌មាន​ AP, CNN​ និង​ NBC News ​សុទ្ធតែ​បាន​ព្យាករជាមុនថា​ កិច្ច​ប្រឹងប្រែង​បោះ​ឆ្នោតដក​អភិបាល​រដ្ឋ​នេះ​ នឹង​បរាជ័យ។​

ថ្លែង​ទៅកាន់​អ្នក​យក​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ខណៈលទ្ធផល​បង្ហាញ​ថា​ លោក​ទទួល​បាន​ជ័យ​ជម្នះ​នោះ លោក ​Newsom ​បាន​និយាយ​ថា​ លោក​រីករាយ​ និង​ដឹងគុណ​ប្រជា​ពលរដ្ឋ​រដ្ឋ​កាលីហ្វ័រញ៉ា​រាប់​លាន​នាក់ ​ដែល​បាន​ប្រើ​សិទ្ធិ​ជាមូលដ្ឋាន​របស់​ខ្លួន​ក្នុង​ការ​បោះឆ្នោត។​

ការបោះ​ឆ្នោត​ឡើង​វិញ​នេះ​ ត្រូវ​បាន​ផ្តើម​ឡើង​ដោយ​សារ​សមាជិក​គណបក្ស​សាធារណ​រដ្ឋ​ ខឹង​នឹង​ច្បាប់​តឹងរ៉ឹង​របស់​លោក ​Newsom ​ទប់ស្កាត់​ជំងឺ​កូវីដ១៩​ នៅ​ក្នុង​អំឡុង​ពេល​មានការ​រាតត្បាត រួម​មាន​ការ​បិទ​សាសារៀន ​និង​ការ​រឹតត្បឹត​លើ​អាជីវកម្ម​ខ្នាត​តូច​ ដូចជា​បារ ​និង​ភោជនីយដ្ឋាន។​ អ្នក​រៀបចំ​ទទួល​បាន​ហត្ថលេខា​គ្រប់គ្រាន់​ពី​អ្នក​បោះឆ្នោត​ដែល​បាន​ចុះឈ្មោះ​ដើម្បី​បង្ខំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​នេះ។​

ការ​ស្ទង់មតិ​អ្នក​បោះឆ្នោត​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ថា ​ លោក​ Larry Elder​ ដែល​ជា​អ្នក​រៀប​ចំ​កម្មវិធី​ពិភាក្សា​តាម​វិទ្យុ​អភិរក្ស​និយម​ គឺ​ជា​បេក្ខជន​ឈាន​មុខ​គេ​ក្នុង​ចំណោម​បេក្ខជន​ជាង​៤០​នាក់​ដែល​អាច​បន្ត​អាណត្តិ​របស់​លោក ​Newsom​ ដែល​ចប់​នៅឆ្នាំ​ក្រោយ។​

លោក​ Elder ​ឈ្នះ​អ្នក​ប្រកួត​ប្រជែង​ដទៃ​ទៀត​យ៉ាង​ងាយស្រួល ​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ជិត​ ៤៥% ​ដែល​ឆ្លើយ​សំណួរ​ថា​ តើអ្នក​បោះឆ្នោត​ចង់​ឱ្យ​អ្នក​ណា​ជំនួសលោក ​Newsom​ ​បើបោះឆ្នោត​ឡើង​វិញ។

លោក​ Newsom ​បាន​ប្រៀបធៀប​ការ​បោះ​ឆ្នោត​ឡើង​វិញ​នេះ​ និង​ជាពិសេស​វត្តមាន​របស់​លោក​ Elder​ នៅ​លើ​សន្លឹក​ឆ្នោត ​ទៅ​នឹង​ការ​ប្រឹងប្រែង​របស់​លោក​អតីត​ប្រធានាធិបតី ​Donald Trump ​ដែល​មិន​មាន​ប្រជាប្រិយភាព​ទាល់តែ​សោះ​ក្នុង​ចំណោម​គណបក្ស​ប្រជា​ធិបតេយ្យ។ ​លោក​បាន​និយាយ​ថា៖ ​ «យើង​បាន​យក​ឈ្នះ​លោក ​Donald Trump។ ​យើង​មិន​បាន​យក​ឈ្នះ ​Trump ​និយម​ទេ។ ​ Trump ​និយម​ នៅតែ​មាន​ជីវិត​នៅ​ទូទាំង​ប្រទេស​នេះ»៕​

ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​Reuters និង The Associated Press។

XS
SM
MD
LG