កំណត់និពន្ធ៖ នេះគឺជាសេចក្តីរាយការណ៍របស់លោក Jackson Stephens បោះពុម្ពផ្សាយជាភាសាអង់គ្លេសនៅសារព័ត៌មាន Capital & Main។
ការគំរាមកំហែងឃុំខ្លួន និងបញ្ជូនខ្លួនចេញពីសហរដ្ឋអាមេរិកទៅប្រទេសកំណើតវិញ គឺជាបញ្ហាដ៏ចម្បងមួយរបស់ក្រុមអតីតអ្នកជាប់ទោសដើមកំណើតមកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលសព្វថ្ងៃរស់នៅក្នុងទីក្រុងLos Angeles រដ្ឋ California។ អ្នកខ្លះបានប្តឹងឧទ្ធរណ៍ទៅតុលាការសុំឲ្យលុបចោលបទបញ្ជាឃុំខ្លួន និងបញ្ជូនខ្លួនពួកគេចេញពីសហរដ្ឋអាមេរិក ខណៈដែលពួកគេមិនសូវមានជម្រើសច្រើនផ្សេងពីនេះទេ។ ហើយពួកគេមានសង្ឃឹមឈ្នះក្តីនៅតុលាការឧទ្ធរណ៍នេះ បើពួកគេទទួលបានការលើកលែងទោសពីអភិបាលរដ្ឋសម្រាប់បទឧក្រិដ្ឋកម្មដែលពួកគេមានកាលពីអតីតកាល។
លោក Houth Chhang Taing ដែលមានឈ្មោះហៅក្រៅថា Billy បានថ្លែងថា៖ «ការលើកលែងទោសគឺជាការទទួលស្គាល់លើរាល់កិច្ចការទាំងអស់ដែលខ្ញុំបានធ្វើ ដើម្បីកែប្រែខ្លួន»។ លោក Houth បានទទួលការលើកលែងទោសពីអតីតអភិបាលរដ្ឋ California គឺលោក Jerry Brown កាលពីឆ្នាំ២០១៨។ លោក Houth បានប្រើការលើកលែងទោសនេះ នៅក្នុងការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការក្នុងការបញ្ជូនរូបលោកទៅប្រទេសកម្ពុជា ដែលលោកភ័យខ្លាចនឹងវិលត្រឡប់ទៅទីនោះវិញ។ បន្ទាប់ពីបានរត់រួចចេញពីប្រទេសមួយនេះនៅពេលលោកជាកុមារភៀសខ្លួន។
ការលើកលែងទោសគឺជាការទទួលស្គាល់លើរាល់កិច្ចការទាំងអស់ដែលខ្ញុំបានធ្វើ ដើម្បីកែប្រែខ្លួន។
លោក Houth កើតនៅក្នុងគ្រួសារខ្មែរដែលមានអំម្បូរចិន ក្នុងអំឡុងទសវត្សរ៍៧០ ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ ក្នុងអាយុប្រមាណ ១ឆ្នាំ ឪពុករបស់លោកត្រូវបានខ្មែរក្រហមសម្លាប់ បន្ទាប់ពីខ្មែរក្រហមបានដឹងថា ឪពុករបស់លោកបាននិយាយភាសាចិន។ ឪពុករបស់លោក Houth ត្រូវបានខ្មែរក្រហមវាយដំ និងចាប់ខ្លួន ហើយគ្រួសាររបស់លោក មិនបានឃើញឪពុករបស់លោកតាំងពីថ្ងៃនោះមក។
ម្តាយនិងបងប្រុស របស់លោក Houth បានឆ្លងកាត់ការធ្វើទារុណកម្ម ការធ្វើការទាំងបង្ខំក្នុងរបបខ្មែរក្រហម។ បន្ទាប់ពីបានធ្វើដំណើរថ្មើរជើងរយៈពេលប្រមាណ ១ខែ លោក និងសមាជិកក្រុមគ្រួសារដែលនៅរស់រានមានជីវិត បានភៀសខ្លួនមកដល់ជំរំជនភៀសខ្លួន ក្នុងប្រទេសថៃ។ បន្ទាប់មកពួកគេបានទៅរស់នៅក្នុងជំរំជនភៀសខ្លួនហ្វីលីពីន មុននឹងបានមករស់នៅសហរដ្ឋអាមេរិកនៅពេលលោក Houth មានអាយុ ៥ឆ្នាំ។
លោក Houth បានរៀបរាប់ថា នៅពេលធំដឹងក្តីក្នុងទីក្រុង Los Angeles លោកបាន «រស់នៅជីវិតពីរ»។ ទី១ គឺជីវិតក្នុងផ្ទះជាមួយម្តាយ និងបងប្រុស ដោយទៅរៀនថ្នាក់វិទ្យាល័យ ហើយបានបម្រើជាឆ្មាំទាហានប្រចាំរដ្ឋ។ ទី២ គឺជីវិតជាក្រុមក្មេងស្ទាវ នៅសួន Monterey ក្នុងសហគមន៍ដែលលោករស់នៅ។
នៅឆ្នាំ ១៩៩៤ ពេលមានអាយុ ១៩ឆ្នាំ លោកនិងមិត្តភក្តិពីរនាក់បានស្កាត់ និងប្លន់ឡានក្រុងដឹកអ្នកទេសចរមួយ ដែលធ្វើដំណើរទៅទីក្រុង Las Vegas។ លោកត្រូវបានប៉ូលិសឃាត់ខ្លួន និងចោទប្រកាន់ពីបទចាប់ជម្រិតនិងប្លន់ប្រដាប់អាវុធ។ លោកត្រូវបានផ្តន្ទាទោសអស់មួយជីវិតដែលក្នុងនោះគាត់បានជាប់ពន្ធនាគារ ២១ ឆ្នាំ [មុននឹងលោកត្រូវបានលើកលែងទោស]។
នៅឆ្នាំ ២០១៥ លោក Houth ត្រូវបានដោះលែងពីពន្ធនាគារ ប៉ុន្តែត្រូវបានបន្តឃុំខ្លួនដោយទីភ្នាក់ងារគ្រប់គ្រងអន្តោប្រវេសន៍ និងពន្ធគយ ហៅកាត់ថា (ICE) រយៈពេល ៤ខែ។ ក្នុងអំឡុងពេលនោះ ប្រទេសកម្ពុជាមិនបានទទួលស្គាល់លោក ជាពលរដ្ឋខ្មែរនោះទេ ហើយជាលទ្ធផល លោកត្រូវបានដោះលែង ប៉ុន្តែលោកត្រូវស្ថិតនៅក្រោមការតាមដានរបស់ទីភ្នាក់ងារ ICE ហើយត្រូវបានតម្រូវឲ្យពាក់ឧបករណ៍តាមដាននៅកជើង ដើម្បីឃ្លាំមើលការដើរហើររបស់លោក។
ក្រោយមកនៅឆ្នាំ ២០១៨ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងមួយដែលបានចាប់ផ្តើមឡើងកាលពីឆ្នាំ ២០០២ ដែលកំណត់ឲ្យកម្ពុជាទទួលយកពលរដ្ឋរបស់ខ្លួនដែលត្រូវបានបញ្ជូនចេញពីសហរដ្ឋអាមេរិក ដោយសារតែពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋ។
ក្រុមពលរដ្ឋដែលត្រូវបានបញ្ជូនខ្លួនទៅកម្ពុជានេះភាគច្រើនគឺជាកុមារ នៅពេលពួកគេនិងក្រុមគ្រួសារបានភៀសខ្លួនពីខ្មែរក្រុម ទៅជំរំជនភៀសខ្លួនក្នុងប្រទេសថៃ ឬឯអ្នកខ្លះបានកើតនៅក្នុងជំរំទាំងនោះ។ ក្នុងមួយជីវិតរបស់ពួកគេ ពួកគេស្គាល់ថាសហរដ្ឋអាមេរិក គឺជាប្រទេសកំណើតរបស់ពួកគេ ហើយបន្ថែមលើនេះ អ្នកខ្លះមិនមានសាច់ញាតិ ឬអ្នកជួយទ្រទ្រង់នៅប្រទេសដែលពួកគេត្រូវបានបញ្ជូនខ្លួនទៅវិញនោះទេ។
កាលពីឆ្នាំ ២០១៧ លោក Houth ត្រូវបានឃាត់ឃុំខ្លួនម្តងទៀត ដោយលើកនេះលោកបានជាប់ក្នុងអគារឃុំខ្លួនរបស់ទីភ្នាក់ងារ ICE រហូតដល់រយៈពេល ៦ខែកន្លះ។ លោកបានឲ្យដឹងថា នៅទីនោះ រូបលោកមិនត្រូវបានចាត់ទុកជាមនុស្សទេ តែដូចជាតួលេខទៅវិញ ហើយគ្មាននរណាម្នាក់ដឹងថា តើអ្នកជាប់ឃុំនឹងត្រូវបានបញ្ជូនខ្លួនចេញពីសហរដ្ឋអាមេរិកនៅពេលណានោះទេ។
លោក Houth បានថ្លែងថា៖ «អ្នកជាប់ឃុំជាច្រើនបានអស់សង្ឃឹម ហើយទទួលយកការបញ្ជូនខ្លួនចេញពីសហរដ្ឋអាមេរិក ហើយពួកគេមិនយល់ថាពួកគេអាចតស៊ូមតិដើម្បីបានបន្តរស់នៅសហរដ្ឋអាមេរិកនោះទេ។ ពួកគេយល់ថា យ៉ាងហោចណាស់ ពួកគេនឹងមានសេរីភាពនៅក្នុងប្រទេសថ្មី [ដែលពួកគេត្រូវបានបញ្ជូនទៅ]»។
ក្រោយពីត្រូវបានដោះលែង លោក Houth យល់ថា លោកត្រូវតែប្តឹងតវ៉ាដើម្បីបានបន្តនៅសហរដ្ឋអាមេរិក ដែលជាប្រទេសតែមួយគត់ដែលលោកចាត់ទុកថាជាប្រទេសកំណើត។ ក្រោយពីបានចំណាយពេលជាច្រើនឆ្នាំក្នុងពន្ធនាគារ លោកចង់ជួយម្តាយវ័យចំណាស់របស់លោក និងប្អូនរបស់របស់លោកដែលទើបតែរៀបអាពាហ៍ពិពាហ៍។
លោក Houth បានថ្លែងថា៖ «ការបញ្ជូនខ្លួនចេញពីសហរដ្ឋអាមេរិកគឺជាគ្រោះថ្នាក់ពីរផ្ទួនគ្នា» ដោយលោកអះអាងថា ទោះបីជាបានទទួលទោសតាមសេចក្តីសម្រេចរបស់តុលាការហើយក្តី ក៏លោកយល់ថា លោកនៅតែបន្តរងការផ្តន្ទាទោសដោយសារតែស្ថានភាពអន្តោប្រវេសន៍របស់លោកត្រូវបានផ្លាស់ប្តូរ។
កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា លោក Gevin Newsom អភិបាលរដ្ឋ California បានលើកលែងទោសអតីតអ្នកទោស៣នាក់ ដើម្បីជួយកុំឲ្យពួកគេត្រូវបានបញ្ជូនខ្លួនចេញពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសវៀតណាម និងកម្ពុជា។ អ្នកដែលជាអតីតអ្នកទោសផ្សេងទៀត ដែលមានដើមកំណើតនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏កំពុងបន់ស្រន់ឲ្យខ្លួនទទួលបានការលើកលែងទោសនេះផងដែរ។
អ្នកស្រី Maria-Elena Luna ដែលបានជាប់ពន្ធនាគាររយៈពេល ២៣ឆ្នាំ សង្ឃឹមថានឹងទទួលបានការលើកលែងទោស ក្រោយពីសំណុំឯកសារស្នើសុំការលើកលែងទោសរបស់អ្នកស្រី ត្រូវបានទទួលយក។ ដូចគ្នានឹងលោក Houth ដែរ អ្នកស្រី Lunaព្រួយបារម្ភពីសុវត្ថិភាពរបស់អ្នកស្រី បើសិនជាអ្នកស្រីត្រូវបានបញ្ជូនចេញពីសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ អ្នកស្រីក៏សង្ឃឹមថា ការលើកលែងទោស រួមជាមួយកិច្ចការយុត្តិធម៌សង្គមដែលអ្នកស្រីបានធ្វើតាំងពីពេលដែលអ្នកត្រូវបានដោះលែងពីពន្ធនាគារ នឹងជួយឲ្យអ្នកស្រីកែប្រែអតីតកាលរបស់អ្នកស្រីដោយភាពស្អាតស្អំ។
អ្នកស្រី Luna មិនបានដឹងថាអ្នកស្រីបានផ្លាស់ទីកន្លែងរស់នៅពីប្រទេសហ្វីលីពីន មកសហរដ្ឋអាមេរិក នៅពេលអ្នកស្រីមានអាយុត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ ហើយអ្នកស្រីគិតថា អ្នកស្រីបានកើតនៅរដ្ឋCalifornia។ អ្នកស្រីទើបតែបានដឹងអំពីរឿងនេះ នៅពេលដែលអ្នកស្រីបានជាប់ទោសនៅក្នុងពន្ធនាគារក្នុងរដ្ឋប៉ុន្តែអ្នកស្រីនៅតែមិនជឿ រហូតដល់ពេលដែលអ្នកស្រីត្រូវបានឃុំខ្លួនដោយទីភ្នាក់ងារ ICE មួយថ្ងៃក្រោយពីអ្នកស្រីត្រូវបានដោះលែងពីពន្ធនាគាររដ្ឋសម្រាប់ស្ត្រីនៅទីក្រុង Corona។
អ្នកស្រី Luna មានបណ្ណរស់នៅស្របច្បាប់ដែលហៅទូទៅថា កាតបៃតង ឬ Green Card ប៉ុន្តែសព្វថ្ងៃនេះ អ្នកស្រីកំពុងស្នើសំុការលើកលែងទោស។ អ្នកស្រីបារម្ភថា កំណត់ត្រាបទប្រព្រឹត្តឧក្រិដ្មរបស់អ្នកស្រី នឹងធ្វើឲ្យអ្នកស្រីរងផលលំបាកនៅក្រោមរបបគ្រប់គ្រងរបស់លោកប្រធានាធិបតី Rodrigo Duterte នៅប្រទេសហ្វីលីពីន ដែលកំពុងធ្វើយុទ្ធនាការប្រឆាំងគ្រឿងញៀនតាមរយៈការបាញ់សម្លាប់ក្រៅផ្លូវច្បាប់លើជនសង្ស័យលក់គ្រឿងញៀន និងអ្នកប្រើគ្រឿងញៀន។
«ខ្ញុំពិតជាធូរចិត្ត ប៉ុន្តែខ្ញុំត្រូវធ្វើកិច្ចការច្រើនណាស់ ដើម្បីទទួលបានការលើកលែងទោស។ ខ្ញុំត្រូវធ្វើយ៉ាងណាទទួលបានការគាំទ្រពីសមាជិកក្នុងសហគមន៍ខ្ញុំ និងមន្ត្រីតាក់តែងច្បាប់ ដូចជាមន្ត្រីតាក់តែងច្បាប់ប្រចាំរដ្ឋ និងសមាជិកសភាអាមេរិកជាដើម»។
ដោយឡែក ករណីបញ្ជូនខ្លួនលោក ផល សុខ (Phal Sok) ទៅប្រទេសកម្ពុជាត្រូវបានលុបចោល កាលពី ខែវិច្ឆិកា ឆ្នាំ ២០១៨ បន្ទាប់ពីអតីតអភិបាលរដ្ឋ California លោក Brown បានផ្តល់ការលើកលែងទោសដល់លោកដែលត្រូវបានធ្វើឡើងក្នុងខែសីហា ឆ្នាំដដែលនោះ។ លោក សុខ ដែលមានសញ្ជាតិខ្មែរ បានកើតនៅជំរំជនភៀសខ្លួនក្នុងប្រទេសថៃ ហើយបានទទួលសិទ្ធិរស់នៅស្របច្បាប់ក្នុងនាមជាជនភៀសខ្លួនមួយរូប នៅទីក្រុង Los Angeles ក្នុងពេលដែលលោកមានអាយុមិនគ្រប់១ឆ្នាំផង។
កាលពីឆ្នាំ ១៩៩៩ នៅពេលមានអាយុ ១៧ឆ្នាំ លោកត្រូវបានកាត់ទោសតាមនីតិវិធីសម្រាប់មនុស្សពេញវ័យ ហើយត្រូវបានបញ្ជូនទៅពន្ធនាគារ ពីបទឧក្រិដ្ឋប្លន់ប្រដាប់អាវុធ។ នាពេលនោះ លោកមិនបានដឹងថា សេចក្តីកាត់ទោសនេះ បានផ្តាស់ប្តូរលក្ខខណ្ឌរបស់បណ្ណរស់នៅស្របច្បាប់របស់លោកនោះទេ។ ទីភ្នាក់ងារ ICE បានឃុំខ្លួនលោក សុខ នៅពេលលោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីឆ្នាំ ២០១៥។
លោក សុខ បានថ្លែងថា៖ «ខ្ញុំពិតជាធូរចិត្ត ប៉ុន្តែខ្ញុំត្រូវធ្វើកិច្ចការច្រើនណាស់ ដើម្បីទទួលបានការលើកលែងទោស។ ខ្ញុំត្រូវធ្វើយ៉ាងណាទទួលបានការគាំទ្រពីសមាជិកក្នុងសហគមន៍ខ្ញុំ និងមន្ត្រីតាក់តែងច្បាប់ ដូចជាមន្ត្រីតាក់តែងច្បាប់ប្រចាំរដ្ឋ និងសមាជិកសភាអាមេរិកជាដើម»។
សេចក្តីសម្រេចលើកលែងទោសរបស់លោក សុខ កើតឡើងដោយផ្អែកលើកិច្ចការយុត្តិធម៌សង្គមដែលលោក សុខ បានធ្វើជាមួយសហព័ន្ធយុត្តិធម៌សម្រាប់យុវជន (Youth Justice Coalition) ដែលគាំពារការផ្លាស់ប្តូរគោលនយោបាយដើម្បីជួយដល់ក្រុមយុវជនដែលជាប់ឃុំ។
ការលើកលែងទោសនេះ បានជួយឲ្យលោក សុខ ទទួលបានបណ្ណរស់នៅស្របច្បាប់របស់លោកវិញ នៅខែវិច្ឆិកា ឆ្នាំ ២០១៨ ហើយលោកគ្រោងនឹងដាក់ពាក្យសុំសញ្ជាតិអាមេរិកាំង ដើម្បីឲ្យលោកបានធ្វើដំណើរចេញក្រៅសហរដ្ឋអាមេរិក។ លោក សុខ ឲ្យដឹងថា បើទោះបីជាមានការលុបចោលបទបញ្ជាឃ្លាំមើលលោកក្តី ក៏លោកនៅតែមានអារម្មណ៍ភ័យខ្លាច រាល់ពេលដែលលោកត្រូវទៅជួបនិងផ្តល់ដំណឹងនានាដល់ទីភ្នាក់ងារICE ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ។
ត្រឡប់មកលោក Houth ឬដែលមានឈ្មោះហៅកាត់ថា Billy វិញ លោកបានលើកឡើងថា៖ «យើងបានប្រព្រឹត្តឧក្រិដ្ឋកម្មមែន ហើយយើងបានជាប់ទោសសម្រាប់ឧក្រិដ្ឋកម្មនោះរួចរាល់ហើយ»។
លោក Houth បានឆ្លៀតពេលចូលរួមសកម្មភាពរបស់អង្គការមិនយកប្រាក់កម្រៃ Asian Pacific Islander ស្តីអំពីគម្រោងសមប្បទាន និងរួមបញ្ចូល តាមរយៈការគាំពារ និងពង្រឹងសមត្ថភាព ដែលហៅកាត់ថា (API RISE) ដើម្បីជួយដល់អតីតអ្នកជាប់ទោសផ្សេងទៀតធ្វើសមប្បទានចូលក្នុងសង្គមវិញ។
ក្នុងអំឡុងពេលមុនថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៩ លោក Houth តែងតែភ័យខ្លាច រាល់ពេលលោកត្រូវទៅជួបនិងផ្តល់ដំណឹងដល់ទីភ្នាក់ងារ ICE នៅអគារដ្ឋាភិបាលសហព័ន្ធក្នុងទីក្រុង Los Angeles។ រាល់ពេលជួបម្តងៗ លោកមិនដឹងថា លោកអាចនឹងត្រូវបានឃាត់ខ្លួនម្តងទៀតនៅនឹងកន្លែង ឬក៏ត្រូវបញ្ជូនខ្លួនចេញពីសហរដ្ឋអាមេរិកនោះទេ។
លោក Houth បានថ្លែងថា៖ «ការទៅជួបនេះ អាចមានន័យថា ត្រូវឃាត់ឃុំខ្លួនម្តងទៀត ហើយមិនអាចមានសេរីភាព។ ខ្ញុំអាចបាត់បង់ការងារមួយរំពេចភ្នែក ដោយមិនដឹងថា ខ្ញុំបានធ្វើអ្វីខុស»។ សព្វថ្ងៃនេះលោក Houth គឺជាជាងភ្លើង។
«យើងបានប្រព្រឹត្តឧក្រិដ្ឋកម្មមែន ហើយយើងបានជាប់ទោសសម្រាប់ឧក្រិដ្ឋកម្មនោះរួចរាល់ហើយ។ ខ្ញុំអាចកែប្រែខ្លួនជាមនុស្សសាមញ្ញវិញបាន។ ខ្ញុំមិនមែនជាតួលេខនោះទេ»។
បន្ទាប់ពីលោកបានជួបនិងផ្តល់ដំណឹងដល់ទីភ្នាក់ងារ ICE កាលពីខែតុលា លោក Houth ត្រូវបានពន្យារពេលឲ្យបានស្នាក់នៅសហរដ្ឋអាមេរិករយៈពេល ៦ខែបន្តទៀត។ លោក Christian G. Menjivar ជំនួយការប្រធានក្រុមប្រតិបត្តិរបស់ទីភ្នាក់ងារICE ប្រចាំទីក្រុង Los Angeles បានឲ្យដឹងថា ដំណើរការបញ្ជូនមនុស្សចេញពីសហរដ្ឋអាមេរិក ធ្វើឡើងតាមក្រមខណ្ឌតែមួយ ហើយមិនផ្អែកលើសញ្ជាតិរបស់ជនណាម្នាក់នោះទេ ដោយលោកបន្ថែមថា កត្តាពាក់ព័ន្ធទាំងអស់សម្រាប់ករណីបុគ្គលណាម្នាក់ ត្រូវបានត្រួតពិនិត្យនីមួយៗ។
លោក Menjivar បានលើកឡើងថា ការបញ្ជូនខ្លួនមនុស្សចេញពីសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងលើបុគ្គលដែលបានប្រព្រឹត្ត «ឧក្រិដ្ឋកម្មឃោឃៅ» មួយ ដូចជា បទប្រព្រឹត្តអំពើហិង្សា ឃាតកម្ម រំលោភសេពសន្ថទេវៈ ឧក្រិដ្ឋកម្មលើកុមារ ឬករណីប្រព្រឹត្តបទល្មើសមួយចំនួនរួមគ្នា»។ មិនថាបុគ្គលនោះបានជាប់ទោសរួចហើយក្តី តាំងពីយូរមកហើយក្តី ក៏បុគ្គលនោះអាចនឹងត្រូវបានឃុំខ្លួន និងបញ្ជូនខ្លួនចេញពីសហរដ្ឋអាមេរិក បើសិនជាករណីរបស់ពួកគេពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឃោឃៅ។
លោក Houth បានលើកឡើងថា ករណីរបស់លោកបានលក្ខណៈប្រសើរជាងករណីផ្សេងៗទៀត ដោយសារលោកបានទទួលការលើកលែងទោសកាលពីឆ្នាំ ២០១៨។ លោក Paul Jung មេធាវី និងសហស្ថាបនិកអង្គការ API RISE ដែលបានជួយសំណំុរឿងស្នើសុំការលើកលែងទោសឲ្យដល់ លោក Houth បានរំឭកពីថ្ងៃដែលលោកHouth បានទទួលដំណឹងថាលោកបានទទួលការលើកលែងទោស។
លោក Paul Jung បានថ្លែងថា៖ «យើងមានក្តីសង្ឃឹមខ្លះ នៅពេលគាត់ [លោក Houth] បានលើកទូរស័ព្ទ។ គាត់បានបង្ហាញការធូរស្បើយក្នុងចិត្ត និងការភ្ញាក់ផ្អើលបន្តិចដែរ»។ ការលើកលែងទោសលុបចោលទោសឧក្រិដ្ឋកម្ម ប៉ុន្តែមិនកែប្រែកំណត់ត្រាបទល្មើសរបស់លោក Houth នោះទេ។ លោកបាន Paul Jung បានបន្ថែមថា ការលើកលែងទោសនេះអាចជួយឲ្យសំណុំរឿងរបស់លោក Houth នៅតុលាការអន្តោប្រវេសន៍ ដោយសារតែមូលដ្ឋានចម្បងសម្រាប់ការបញ្ជូនខ្លួនលោកចេញពីសហរដ្ឋអាមេរិក គឺផ្តោតលើបទល្មើសរបស់លោក Houth។
ដោយទទួលបានការលើកលែងទោស លោក Houth ធ្វើកិច្ចការដើម្បីបើកសំណុំរឿងបញ្ជូនខ្លួនលោកចេញពីសហរដ្ឋអាមេរិកសារជាថ្មីម្តងទៀត ហើយស្នើដាក់ញត្តិ ដោយសារតែបទផ្តន្ទាទោសទាំងនោះ លែងក្លាយជាមូលហេតុត្រឹមត្រូវមួយ ដើម្បីបញ្ជូនខ្លួនលោកចេញពីសហរដ្ឋអាមេរិកទៀតឡើយ។ លោក Houth ចាត់ទុកការលើកលែងទោសនេះ ថាជាកត្តាដ៏សំខាន់មួយសម្រាប់ការបញ្ចប់សំណុំរឿងរបស់លោក តាមរយៈការប្តឹងឧទ្ធរណ៍នៅក្រុមប្រឹក្សាច្បាប់អន្តោប្រវេសន៍ ដែលបានធ្វើឡើងកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០។ បច្ចុប្បន្ននេះ លោក Houth គ្រោងនឹងដាក់ពាក្យស្នើសុំសញ្ជាតិអាមេរិកាំង។
យ៉ាងណាមិញ ការលើកលែងទោសមិនធានាថាការឃាត់ឃុំខ្លួន ឬបញ្ជូនខ្លួនចេញពីសហរដ្ឋអាមេរិកនឹងមិនកើតឡើងនោះទេ។ ប៉ុន្តែ សម្រាប់អតីតអ្នកទោសដែលមកពីសហគមន៍អាស៊ីអាគ្នេយ៍រស់នៅក្នុងទីក្រុងLos Angeles ការលើកលែងទោស គឺជាមធ្យោបាយមួយក្នុងការទទួលស្គាល់កិច្ចខំប្រឹងប្រែងរបស់ពួកគេ ក្នុងការកសាងខ្លួនឡើងវិញ។
លោក Houth Chhang Taing បានថ្លែងថា៖ «ខ្ញុំគឺជាមនុស្សម្នាក់ ដែលអាចកែប្រែខ្លួនទៅជាមនុស្សសាមញ្ញមួយ។ ខ្ញុំមិនមែនជាតួលេខនោះទេ»៕