អាជ្ញាធរនិយាយថា ភ្លើងឆេះព្រៃក្នុងល្បឿនដ៏លឿនកាលពីព្រឹកថ្ងៃសៅរ៍នៅភាគខាងត្បូងរដ្ឋ California បានគំរាមកំហែងដល់លំនៅដ្ឋានប្រជាជនយ៉ាងច្រើន ហើយប្រជាជននៅក្នុងតំបន់នោះត្រូវបានជម្លៀសចេញ។ មហាវិថីមួយចំនួនក៏ត្រូវបានបិទផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ក្រុមមន្រ្តីពន្លត់អគ្គិភ័យក្នុងតំបន់ Ventura បាននិយាយថា ភ្លើងឆេះព្រៃនៅក្បែរកោះ Solimar បានរាលដាលដល់ផ្ទៃដីចំនួន៣៦៥ហិចតា កាលពីព្រឹកថ្ងៃសៅរ៍ ដោយបានគំរាមកំហែងដល់លំនៅដ្ឋានចំនួន៣០ខ្នង និងតម្រូវឲ្យបិទមហាវិថីឆ្នេរប៉ាស៊ីហ្វិក និង U.S. Highway 101 រាប់គីឡូម៉ែត្រ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Los Angeles Times កាលពីថ្ងៃសៅរ៍ ឧបទ្ទវហេតុភ្លើងឆេះព្រៃនេះក៏បានបញ្ឈប់ចរាចរណ៍ផ្លូវរថភ្លើងនៅក្នុងតំបន់ផងដែរ។
លោក Mike Lindbery ស្នងការមន្រ្តីពន្លត់អគ្គិភ័យក្នុងតំបន់ Ventura បានថ្លែងប្រាប់អ្នកសារព័ត៌មានថា អណ្តាតភ្លើងបានឆាបឆេះលើផ្ទៃដីប្រហែល១០០ហិចតាក្បែរកោះ Solimar នៅវេលាម៉ោង១១យប់ ថ្ងៃសុក្រ ម៉ោងនៅក្នុងរដ្ឋ California។ ក្រុមមន្រ្តីបានថ្លែងថា ក្នុងរយៈពេល១ម៉ោង វាបានឆេះរាលដាលដល់ផ្ទៃដីចំនួន៣៦៥ហិចតា។
រដ្ឋ California បានទទួលរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតកាលពី៤ឆ្នាំមុន។
គេរំពឹងថា បាតុភូត El Nino ខ្លាំងក្លា ដែលជាលក្ខខណ្ឌធាតុអាកាសក្តៅនឹងឡើងដល់កម្រិតកំពូលនៅក្នុងរយៈពេលប៉ុន្មានខែដំបូងនៅឆ្នាំក្រោយនេះ ហើយនឹងនាំភ្លៀងខ្លាំងដល់រដ្ឋ California នេះផងដែរ។
កាលពីសប្តាហ៍មុន ក្រុមមន្រ្តីរបស់រដ្ឋបានព្រមានអំពីកម្រិតភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់មួយចំនួនដែលផលដំណាំនៅក្នុងតំបន់នោះបានក្រៀមស្វិតដោយសារគ្រោះរាំងស្ងួត ឬឆេះអស់ដោយសារអគ្គិភ័យ ថាអាចនឹងប្រឈមនឹងលំហូរដីល្បាប់ ឬការបាក់ដី៕