មនុស្សនៅក្នុងរដ្ឋកាលីហ្វញ៉ា (California) មិនអាចទទួលទានស៊ុបទ្រនុងឆ្លាមដ៏ឆ្ងាញ់ពិសារបស់ចិនបានទៀតទេ។ អភិបាលរដ្ឋ កាលីហ្វរញ៉ា ប្រកាសថាការលក់ឬការមាន ទ្រនុងឆ្លាមជាករណីខុសច្បាប់។ បំរាមនេះជាផ្នែកមួយនៃចលនាកាន់តែរីកធំឡើងនៅទូទាំងពិភពលោកដើម្បីជួយស្រោចស្រង់សត្វឆ្លាម។ ក៏ប៉ុន្ដែមានជនជាតិចិនខ្លះដែលមានអារម្មណ៍ថាបំរាម លើឆ្លាម របស់រដ្ឋកាលីហ្វរញ៉ាមិនយុត្ដិធ៌មទេ ហើយនឹងជាការរើសអើង។
ស៊ុប ទ្រនុង ឆ្លាមជាម្ហូបដ៏ឆ្ងាញ់ពិសាក្នុងបណ្ដាម្ហូបអាហារចិន ដែលមានរាប់រយឆ្នាំមកហើយ។ ម្ហូបយ៉ាងថ្លៃនេះ បានក្លាយទៅជាមានប្រជាប្រិយភាពកាន់តែច្រើនឡើង ដោយជនជាតិចិនកាន់តែច្រើនឡើងទៀត ទៅជាអ្នកមានទ្រព្យសម្បតិ ហើយអាចទិញម្ហូបនេះបាន។ ក៏ប៉ុន្ដែអ្នកអភិរក្សដូចជាលោកស្រី សារ៉ាហ៍ ស៊ីគិឆ (Sarah Sikich) នៃអង្គការ ហៀលដឺបេយ៍ (Heal the Bay) និយាយថា សេចក្ដីត្រូវការទ្រនុងឆ្លាមធ្វើឲ្យចំនួនត្រីឆ្លាមវិនាសអន្ដរាយ។
ឆ្លាមចំនួនដល់ទៅ៧៣លានត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំដើម្បីយកទ្រនុងរបស់វាតែប៉ុណ្ណោះ។
លោកស្រី ស៊ីគិឆនិយាយថា ការកាត់យក ទ្រនុងដូច្នេះ មានប្រជាប្រិយភាពពីក្នុងបណ្ដាអ្នកនេសាទ ដែលចាប់ឆ្លាម ចៀរទ្រនុងរបស់វា ហើយបោះឆ្លាមទៅក្នុងសមុទ្រវិញឲ្យងាប់។
លោកស្រី បារបារ៉ា ឡុង (Barbara Long) ធ្វើការនៅ អាងទឹកនៃសមុទ្រប៉ាស៊ីហ្វ៊ីក។លោកស្រីនិយាយថា ចំនួនឆ្លាមមានគ្រោះថ្នាក់ត្រូវអន្ដរាយហើយសមុទ្រក៏នឹងទទួលរងគ្រោះដែរ។
«ឆ្លាមជាសត្វស៊ីសត្វដទៃទៀតជាអាហារ ហើយដើរតួនាទីសំខាន់មួយនៅក្នុងប្រព័ន្ធធម្មជាតិសមុទ្រ»។
ឥស្សរជនដូចជាលោក យ៉ាវមិង (Yao Ming) តារាកីឡាបាល់បោះចិន ហើយនឹងលោក រីឆឺត ប្រិនសុន (Richard Branson) មហាសេដ្ឋី អង់គ្លេសកំពុងតែសុំឲ្យជនជាតិចិនឈប់បរិភាគស៊ុប ទ្រនុងឆ្លាម។ ច្បាប់របស់ស.រ.អ.តម្រូវឲ្យសត្វឆ្លាមដែលមនុស្សនេសាទបាន ហើយនាំយកទៅដាក់នៅច្រាំងសមុទ្យ មាន ទ្រនុងនៅជាប់ខ្លួនវា។ ឥឡូវនេះរដ្ឋ កាលីហ្វញ៉ា ចូលរួមជាមួយរដ្ឋស.រ.អ.បីទៀត សម្រាប់បទបញ្ជាតឹងរឹងជាងនេះ ទៀត ដែលដាក់បំរាមលើការលក់ ទ្រនុងឆ្លាម ដែលជាម្ហូបអាហារដែលមានតម្លៃរហូតដល់ទៅ៧០០ដុល្លារក្នុងមួយគីឡូក្រាម។ លោកស្រី សារ៉ាស៊ីគិឆនៃអង្គការ ហៀលដឺបេយ៍ និយាយថា៖
«ដោយទ្រនុងនោះធ្វើឲ្យតម្លៃឆ្លាមនៅទីផ្សារលក់ដូរកើនឡើង វាជាការសំខាន់ណាស់ដែលយើងយករឿងនេះធ្វើជាមុខសញ្ញា។ រដ្ឋកាលីហ្វញ៉ាជារដ្ឋទិញទ្រនុងឆ្លាមនាំមុខគេចូលមកក្នុងស.រ.អ.។ គេវាយតម្លៃថាទ្រនុងឆ្លាមចំនួន៨៥ភាគរយដែលចូលមកក្នុងស.រ.អ. ចូលតាមរដ្ឋកាលីហ្វញ៉ា»។
ក៏ប៉ុន្ដែអ្នកជំទាស់ទៅនឹងបំរាមរបស់រដ្ឋកាលីហ្វញ៉ា និយាយថាច្បាប់នោះកំណត់មុខសញ្ញាដោយអយុត្ដិធ៌មទៅលើសហគមន៍ចិន ពីព្រោះបំរាមនោះគ្រាន់តែដាក់ទៅលើ ទ្រនុងឆ្លាមមិនមែនទៅលើត្រីឆ្លាមទេ។ លោក ថិតលូ (Ted Lieu) បោះឆ្នោតជំទាស់ទៅនឹងបំរាមនោះ។
«លោកអ្នកអាចសម្លាប់ឆ្លាមដែលងាយទទួលរងគ្រោះយ៉ាងខ្លាំងនោះសម្រាប់យកទៅចៀនបរិភោគជាមួយដំឡូងចៀន ក៏ប៉ុន្ដែភៅជនីយដ្ឋានចិនគេមិនអាចចៀរយកទ្រនុងឆ្លាមពីឆ្លាមមួយពីក្នុងចំណោមជំពូកឆ្លាមរាប់រយដែលមិនទាន់ផុតពូជទាល់តែសោះទេ ហើយចំពោះខ្ញុំ នេះជាការរើសអើងជាក់ស្ដែងហើយនឹងជាអំពើអយុត្ដិធ៌ម»។
លោកស្រី បិតទីត្សាំង (Betty Tsang) នៃសមាគមពាណិជ្ជកម្មស្បៀងអាហារអាស៊ី និយាយថា បំរាមរបស់រដ្ឋាកាលីហ្វញ៉ា លើទ្រនុងឆ្លាមក៏ជាការខ្ជះខ្ជាយដែរ។
«បើអ្នកនេសាទ ឬ ឧស្សាហកម្មត្រីចាប់បានឆ្លាម ឥឡូវនេះពួកគេត្រូវតែចៀរយកទ្រនុងឆ្លាមនោះចេញហើយបោះចោល។ ពួកគេត្រូវតែឲ្យឆ្កែស៊ីឬបោះចោលទៅក្នុងសមុទ្រវិញ។ នេះគឺផ្ទុយនឹងទម្លាប់តាមធម្មជាតិ»។
អ្នកជំទាស់ជាច្រើននាក់ទៅនឹងបំរាមនេះនិយាយថា ពួកគេនឹងគាំទ្របំរាមលើការនេសាទឆ្លាមទាំងមូល។ នេះជាសំណើដែលអ្នកដំណាង៨នាក់ពីប្រទេសអាមេរិកឡាទីន (Amerique Latine) រហូតទៅដល់ប្រជុំកោះ ម៉ាយក្រូនីស្យ៉ា (Micronesia) បានស្នើសុំ។ អស់លោកបានចុះហត្ថលេខាលើសេចក្ដីប្រកាសមួយនៅអ.ស.ប.ដើម្បីបង្កើតទីជម្រកសម្រាប់ឆ្លាមដែលនឹងបញ្ចប់ពាណិជ្ជកម្មនេសាទឆ្លាម៕
ប្រែសម្រួល ដោយ កងស៊ីវន