អាជ្ញាធរអេហ្ស៊ីបបាននិយាយថា បំផ្ទុះខ្លាំងមួយនៅខាងក្រៅស្ថានកុងស៊ុលនៃប្រទេសអ៊ីតាលីក្នុងក្រុងគែរ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងធ្វើឲ្យមនុស្សយ៉ាងតិចណាស់បួននាក់ទៀតត្រូវរបួស។
ស្ថានកុងស៊ុលនេះមានការខូចខាតធ្ងន់ធ្ងរ ហើយតំបន់នោះមានការលិចទឹកដោយសារការធ្លាយបំពង់់ទឹកនៅក្រោមដី ដែលបានបណ្តាលមកពីការផ្ទុះនោះ។
អាជ្ញាធរបាននិយាយថា ការផ្ទុះកាលពីព្រឹកថ្ងៃសៅរ៍នេះទំនងជាបានបណ្តាលមកពីការបំផ្ទុះគ្រាប់បែកក្នុងឡានដោយមានគ្រឿងផ្ទុះមួយត្រូវបានដាក់នៅក្រោមឡានចតមួយគ្រឿង ហើយគ្រឿងផ្ទុះនោះបានត្រូវបំផ្ទុះដោយមានប្រដាប់បញ្ជាពីចម្ងាយ។
គ្មានការអះអាងទាមទារការទទួលខុសត្រូវជាបន្ទាន់ចំពោះការវាយប្រហារនេះ ទេ ដែលបានកើតមានឡើងនៅពេលព្រឹកនៅពេលដែលស្ថានកុងស៊ុលនៅបិទទ្វារនៅឡើយ។
លោករដ្ឋមន្ត្រីការបរទេសអ៊ីតាលី Paolo Gentiloni បានសរសេរលើគេហទំព័រ Twitter របស់លោកថា «ប្រទេសអ៊ីតាលីនឹងមិនត្រូវបំភិតបំភ័យ» ដោយការវាយប្រហារបែបនេះទេ។ លោកបាននិយាយថា គ្មានជនរងគ្រោះជនជាតិអ៊ីតាលីទេ។
ពួកជនសកម្មប្រយុទ្ធបានធ្វើការវាយប្រហារដ៏ប្រល័យក្នុងប្រទេសអេហ្ស៊ីប ចាប់តាំងពីពេលដែលកងទ័ពបានទម្លាក់លោកប្រធានាធិបតីអ៊ីស្លាមនិយម លោក Mohamed Morsi ពីតំណែងកាលពីពីរឆ្នាំមុននេះ។ ការវាយប្រហារភាគច្រើនបានយកកងកម្លាំងសន្តិសុខ និងពួកមន្ត្រីខាងសន្តិសុខជាទីដៅនៃការវាយប្រហារ៕