កាលពីថ្ងៃសុក្រលោកអតីតប្រធានាធិបតីស.រ.អា. George W. Bush បានអញ្ជើញទៅកាន់ក្រុង New Orleans ដែលជាកន្លែងកើតហេតុមានចំណុចខ្សោយបំផុតនៃរយៈពេលដែលលោកបានកាន់តំណែងប្រធានាធិបតី ដើម្បីសរសើរដល់ការរើបឡើងវិញនៃតំបន់នោះពីមហន្តរាយធម្មជាតិអស់សោហ៊ុយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រស.រ.អា.នៅខួបឆ្នាំទី១០នៃខ្យល់ព្យុះ Hurricane Katrina។
លោក Bush បានអញ្ជើញទៅទស្សនាវិទ្យាល័យ Warren Easton ដែលជាវិទ្យាល័យលោកបានទៅមើលនៅខួបឆ្នាំទីមួយនៃខ្យល់ព្យុះជាមហន្តរាយនោះ។លោកអតីតប្រធានាធិបតីរូបនេះបានត្រូវអមដំណើរដោយភរិយាលោកគឺលោកស្រី Laura ដែលមូលនិធិបណ្ណាល័យរបស់លោកស្រីបានជួយកសាងជាថ្មីសាលារៀនសាធារណៈចាស់ជាងនេះនៅក្នុងក្រុង New Orleans។
លោក និងលោកស្រី Bush បានជួបជាមួយពួកសិស្សានុសិស្សនៅក្នុងកន្លែងហាត់ប្រាណនៃសាលារៀននោះដែលនៅទីនោះលោក និងលោកស្រីបានទទួលការអបអរសាទរពីសំណាក់លោក Mitch Landrieu អភិបាលក្រុង New Orleans និងលោកស្រី Kathleen Blanco អតីតអភិបាលរដ្ឋ Louisiana ដែលបានកាន់តំណែងនេះនៅពេលមានខ្យល់ព្យុះ Katrina។
លោក Bush បានថ្លែងសុន្ទរកថាទៅកាន់ហ្វូងមនុស្សនៅក្នុងវិទ្យាល័យ Easton ដោយលោកបានដកស្រង់ពាក្យសម្តីគ្រូបង្រៀនក្នុងស្រុកម្នាក់ដែលបាននិយាយជម្រាបលោកថា «យើងបង្រៀនសិស្សរបស់យើងឱ្យឆាប់ងើបឡើងវិញ»៕