ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រតិកម្ម​​ចំពោះ​​សុន្ទរកថារបស់​លោក​អូបាម៉ា​​​​ស្តី​ពី​ថាមពល​


លោក​ប្រធានាធិបតី​ ​បារ៉ាក់ អូបាម៉ា (Barack Obama) ទៅ​ដល់​សាកល​វិទ្យាល័យ​ ចច ថោន (Georgetown University)​ក្នុងរដ្ឋធានី​ វ៉ាស៊ីងតោន​ ទី​ដែល​លោក​ថ្លែង​សុន្ទរកថា​ ស្តី​ពី​​ថាមពល។​

អ្នក​ប្រឆាំងខាងនយោបាយ​បាន​រិះ​គន់​សុន្ទរ​កថារបស់​លោក​ប្រធានា​ធិបតី អូបាម៉ា ស្តី​ពី​ថាម​ពល ដែល​បាន​ធ្វើ​ឡើង​ថ្មីៗនេះនៅ​ឯ​សាកល​វិទ្យាល័យ​ចច​ថោន​ (Georgetown University) ប៉ុន្តែ​ក្រុម​អ្នក​ជំនាញផ្នែកថាមពល និយាយ​ថា កិច្ចការ​ជា​ច្រើន នឹងពឹង​ផ្អែក​ទៅ​លើ​ ថា​តើគំនិត​ទាំង​នេះ ដែល​បានស្តែង​ចេញតាម​រយៈសុន្ទរ​កថា ត្រូវបាន​អនុវត្តតាមច្បាប់​ និង​បទ​បញ្ញត្តិយ៉ាង​ដូច​ម្តេច​ខ្លះ។

នៅ​ក្នុង​សុន្ទរកថា​ស្តី​ពី​ថាមពល លោក​ប្រធានា​ធិបតី អូបាម៉ា អំពាវ​នាវ​សុំ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ទ្រង់​ទ្រាយ​ធំ នៅ​ក្នុង​គោល​នយោបាយរបស់​សហរដ្ឋ​អាមេរិក ដែល​នឹង​កាត់​បន្ថយការ​ពឹងផ្អែក​ទៅ​លើ​ប្រេងឲ្យ​នៅ​ត្រឹម​តែ​១​ភាគ​៣ ​ត្រឹម​ឆ្នាំ​២០២៥ និង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ឲ្យបានខ្លាំង​ទៅ​លើឥន្ធ​នៈ​ស្អាត​ជាង​មុន មាន​ដូច​ជា​ឧស្ម័ន​ធម្ម​ជាតិ​ និងថាមពល​ដែល​អាច​ច្នៃ​ឡើង​វិញ ព្រម​ទាំង​កាត់​បន្ថយឧស្ម័នផ្ទះ​កញ្ចក់បំពុលបរិស្ថាន ដែលជាប់​ពាក់​ព័ន្ធ​ទៅ​នឹងការ​កើន​ឡើង​កំដៅ​ផែន​ដី។ សមាជិក​ព្រឹទ្ធ​សភាមួយចំនួនខាង​គណបក្ស​សាធារណរដ្ឋមក​ពី​តំបន់ឆ្នេរ​សមុទ្រ​ម៉ិច​សិកូ (Gulf of Mexico) ដែល​សម្បូរ​ប្រេង បានចោទ​ប្រកាន់​លោក​ប្រធានា​ធិបតី ពី​បទ​មិន​បាន​ផ្តល់​អ្វី​ថ្មីសោះ។ ក្រុម​អ្នក​សាធារណ​រដ្ឋ​ជា​ច្រើន ផ្តល់​ការគាំ​ទ្រ​ចំពោះការ​បើកឱកាស​ឲ្យ​មាន​តំបន់​កាន់​តែ​ច្រើន ដើម្បី​ខួង​យក​ប្រេង ​និង​ការកាត់​បន្ថយការ​ពន្យា​ផ្នែកបទបញ្ជា ដែលពួក​គេ​និយាយ​ថា​ បាន​ធ្វើ​ឲ្យរាំង​ស្ទះដល់​ការ​រុក​រក​ប្រេង។

លោក​ប្រធានា​ធិបតី អូ​បាម៉ា បាន​ថ្លែង​ថា លោកមិន​បាន​បំភ្លេចការ​បំផ្លិច​បំផ្លាញ ដែល​បង្កឡើងដោយ​ការ​ហៀ​រប្រេងកាល​ពី​ឆ្នាំ​មុន​នៅ​ក្នុង​ឈូង​សមុទ្រ​នោះ​ទេ ហើយ​ថា គម្រោង​ថ្មីៗ​ ត្រូវ​តែពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ និង​អនុវត្តតាម​បទ​បញ្ជា​ថ្មី​ ដែល​តាក់​តែង​ឡើង​សំដៅធ្វើ​ឲ្យគម្រោងថ្មីៗកាន់​តែ​មាន​សុវត្ថិភាពជាង​មុន។ លោក អូបាម៉ា​ ថ្លែង​ថា៖

«អ្វី​ដែល​យើងបាន​រៀន​សូត្រ​ពី​គ្រោះ​មហន្តរាយ​នោះ បាន​ជួយ​យើង​ឲ្យ​ដាក់​ចេញ​នូវបទដ្ឋាន​វៃ​ឆ្លាត​ជាង​មុនសម្រាប់សុវត្ថិ​ភាព និង​ការ​ទទួល​ខុស​ត្រូវ»។

ក្រុម​អ្នក​ជំនាញ​ខាងថាមពល ពិនិត្យមើលការសន្យា និង​បញ្ហាមួយ​ចំនួន​ទាក់​ទងទៅ​នឹង​អ្វី​ដែល​លោក​ប្រធានា​ធិបតីបាន​លើក​ឡើង។

លោក​អេរីក ស្មីត (Eric Smith) ​នាយក​នៃ​វិទ្យា​ស្ថាន​ឋាមពល​ធូលេន (Tulane Energy Institute) នៅ​ឯ​សាកលវិទ្យាល័យ​ធូលេន ក្នុង​រដ្ឋ​ញ៉ូអ័រ​លៀន (New Orleans) បាន​និយាយ​តាម​ទូរស័ព្ទជាមួយ​វីអូអេ​ ​ថា ឱសាន​វាទ​ស្តីពី​ការ​ខួង​យក​ប្រេង​ថ្មីៗ ដែលបានដាក់ចេញ​បន្ទាប់​ពីឧបទ្ទ​វហេតុ​កាល​ពី​ឆ្នាំ​មុន ព្រម​ទាំង​បទ​បញ្ជា​ថ្មីបាន​ធ្វើ​ឲ្យ​យឺត​យ៉ាវ​ដល់ការ​អភិវឌ្ឍ​ផ្នែក​ថាមពល បើ​ទោះជា​លោក​ប្រធានា​ធិបតី​មាន​ប្រសាសន៍​បែប​នោះ​ក៏​ដោយ។

នៅ​ក្នុង​សុន្ទរ​កថា លោក​ប្រធានា​ធិបតី អូបាម៉ា ស្តី​បន្ទោស​ឧស្សាហកម្ម​ប្រេង​ និង​ឧស្ម័ន​ ពី​បទមិន​បាន​ផលិត​ឲ្យ​បាន​ច្រើន​ពី​តំបន់​ដែល​ពួក​គេ​ទទួល​បានកិច្ច​សន្យា​រួច​ហើយ។ លោក​មាន​ប្រសាសន៍​ថា៖

«ឥឡូវ​នេះ ឧស្សាហកម្ម​នេះ គ្រប់​គ្រង​លើ​ផ្ទៃ​ដីជាប់​កិច្ច​សន្យារាប់​សិប​លាន​អាគ័រ (acres) ដែល​ពួក​គេ មិន​បាន​ផលិត​ប្រេង​មួយ​ដំណក់​សោះ។ ពួក​គេ កំពុងអង្គុយ​លើ​ប្រភព​ថាមពល​របស់​អាមេរិក ដែលអាច​ធ្វើ​និស្សារកម្ម​បាន​»។

ប៉ុន្តែ លោក អេរីក ស្ម៊ីត មាន​ប្រសាសន៍​ថា​ វោហារ​សាស្ត្រ​នេះ ធ្វើ​ឲ្យ​សាធារណ​ជន​យល់​ខុស​ទាក់ទង​ទៅ​នឹង​ភាព​ស្មុគ្រ​ស្មាញនៃ​ឧស្សាកម្ម​ប្រេង និង​ឧស្ម័ន ព្រម​ទាំង​ពេល​វេលា ដែល​ឧស្សាហកម្ម​នោះ​ត្រូវ​ការ​ដើម្បី​អភិវឌ្ឍលើ​កិច្ច​សន្យា។ លោក​ស្ម៊ីត បន្ត​ថា៖

«ពេល​វេលា​ជា​មធ្យម​រាប់​ចាប់​តាំង​ពី​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា រហូត​ដល់​ការ​រុក​រក​ប្រេងពិត​ប្រាកដ ត្រូវ​ការ​ពេល​ប្រហែល​៥​ឆ្នាំ ហើយ​បន្ទាប់​មក វា​ត្រូវ​ការ​ពេល​៥​ឆ្នាំ​ទៀត ដើម្បី​បង្កើតឧបករណ៍​គ្រប់​ប្រភេទ សម្រាប់​ផលិត​ប្រេង​នោះ។​ ដូច្នេះ ការ​ណ៍​ដែល​អង្គុយ​នៅ​ទី​នោះ ហើយនិយាយ​ថា ក្រុម​ហ៊ុន​ប្រេង មាន​ចេតនា​មិន​ខួង​អណ្តូង​ប្រេង​នៅ​លើ​ដី ដែល​ពួក​គេ ​បាន​ចំណាយ​លុយ​ទិញ​ ហើយ​ថា ពួក​គេ​ដឹង​ថា​មាន​ប្រេង​នៅ​ទី​នោះ គឺ​ជា​គំនិត​មិនបរិសុទ្ធ»។

ប៉ុន្តែ លោក​ ស្ម៊ីត មាន​សេចក្តី​រីក​រាយ​ជាមួយ​នឹង​អ្វី​ដែល​លោក​ប្រធានា​ធិបតីនិយាយអំពីឧស្ម័ន​ធម្មជាតិ។ លោក​អូបាម៉ា បានថ្លែងថា ឥឡូវ​នេះ សហរដ្ឋ​អាមេរិកឧស្ម័នដែល​អាច​ផ្គត់​ផ្គង់បាន​ចំនួន​១០០​ឆ្នាំ ដែល​មួយ​ផ្នែក​ធំ​ ដោយ​សារ​ស្នាម​បែក​បណ្តាល​មក​ពី​កម្លាំង​ទឹក​ ដែល​ជា​ដំណើការ​នៃ​សារ​ជាតិ​ថ្ម​ផូស៊ីល​កប់​នៅ​យ៉ាង​ជ្រៅ​ក្រោម​ស្រទាប់​ដី ​ត្រូវ​បែក​ដោយ​មាន​ទឹក​និង​សារ​ជាតិ​គីមី​ប្រកប​ដោយ​សម្ពាធ​ខ្ពស់ ដូច្នេះវា​នឹង​បញ្ចេញ​ឧស្ម័ន។ ក្រុម​អ្នក​បរិស្ថាន​មួយ​ចំនួន​ និយាយ​ថា ដំណើការ​នេះអាច​បំពុល​ទឹកប្រើប្រាស់ ហើយលោក​ប្រធានា​ធិបតី​មាន​ប្រសាសន៍​ថា ការ​ព្រួយ​បារម្ភ​ទាំង​នោះត្រូវ​តែ​លើក​ឡើង។ ប៉ុន្តែ លោក អេរីក ស្មីត បាន​ឲ្យ​ដឹង​ទៀត​ថា លោក​ប្រធានា​ធិបហតី ធ្វើកិច្ច​ការត្រឹម​ត្រូវ​ក្នុង​ការធ្វើ​ឲ្យ​កិច្ច​ការ​នេះដំណើរ​ការ​ទៅ​មុខ ​ទោះ​បី​ជាមាន​ការ​ព្រួយ​បារម្ភ​ទាំង​នោះ​ក៏​ដោយ។

នៅ​ទី​បញ្ចប់ លោក ស្មីត ថ្លែង​ថា ​ជោគ​ជ័យ​នៃ​ទស្សនៈ​វិស័យផ្នែក​ថាមពលរបស់លោកប្រធានា​ធិបតី អូបាម៉ា នឹង​ពឹង​ផ្អែក​ទៅ​លើ​អ្វីដែល​រដ្ឋសភា អនុម័ត​ និង​ថា​តើ​គោល​ដៅ​ទាំង​នោះត្រូវ​អនុវត្ត​យ៉ាង​ដូច​ម្តេច​ខ្លះ៕

ប្រែសម្រួល​ដោយ លី សុខឃាង

XS
SM
MD
LG