វ៉ាស៊ីនតោន៖ ដំណើរទស្សនៈកិច្ចរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទៅកាន់ទ្វីបអាស៊ី ត្រូវបានរៀបចំឡើងចំកាលបរិច្ឆេទសំខាន់ៗពីរនៅក្នុងប្រទេសភូមាដែលគ្រប់គ្រងដោយពួកយោធា។
នៅថ្ងៃទី៧ ខែវិច្ឆិកា ការបោះឆ្នោតជាតិលើកទីមួយ ក្នុងរយៈពេលពីរទសវត្សរ៍នៅភូមាត្រូវបានរៀបចំឡើង។ ការបោះឆ្នោតចុងក្រោយបង្អស់របស់ប្រទេសនេះគឺនៅក្នុងឆ្នាំ១៩៩០ នៅពេលដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ជាភាសាអង់គ្លេសថា (NLD) បានទទួលជ័យជំនះច្រើនលើសលប់ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យកាន់អំណាច។
មេដឹកនាំគណបក្សនេះ គឺលោកស្រី អោង សានស៊ូគ្យី (Aung San Suu Kyi) ដែលទទួលបានរង្វាន់ណូប៊ែលសន្តិភាពក្នុងឆ្នាំ១៩៩១ បានស្ថិតនៅក្នុងការឃុំឃាំងក្នុងផ្ទះ ស្ទើរពីរទសវត្សរ៍មកហើយ។ យោធាភូមាបានបង្ខំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យឲ្យរំលាយខ្លួន បន្ទាប់ពីគណបក្សនេះបានធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោត។
សហរដ្ឋអាមេរិក បស្ចឹមប្រទេស និងអង្គការសិទ្ធិមនុស្សជឿថា ការបោះឆ្នោតនឹងជាភាពអាម៉ាសមួយ ហើយបានអំពាវនាវឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍ និងសន្តិភាពរដ្ឋរបស់គណបក្សគ្រប់គ្រងអំណាច ធានាថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
នៅថ្ងៃទី១៣ ខែវិច្ឆិកា ខណៈដែលលោកប្រធានាធិបតី អូបាម៉ា ស្ថិតនៅក្នុងប្រទេសជប៉ុន ដើម្បីចូលរួមជំនួបកំពូលស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC រយៈពេលនៃការឃុំខ្លួននៅក្នុងផ្ទះរបស់លោកស្រី អោង សានស៊ូជី ដល់ទីបញ្ចប់។
មានមន្ទិលសង្ស័យជាច្រើនដែលថា លោកស្រីនឹងត្រូវបានដោះលែង។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ភីចេ ក្រូលី (PJ Crowley) បានចោទប្រកាន់រដ្ឋាភិបាលយោធាភូមា ដោយសម្តីធ្ងន់ៗខុសធម្មតាថា បានព្យាយាមបំភាន់មតិសាធារណៈពិភពលោកអំពីការបោះឆ្នោតនេះ ដោយធ្វើការឲ្យតម្រុយជាមុនថា លោកស្រី អោង សានស៊ូគ្យី នឹងត្រូវបានដោះលែងបន្ទាប់ពីការបោះឆ្នោត។ លោកបន្តថា៖
«នេះគឺជាការបំភាន់មតិដ៏កំសាករបស់រដ្ឋាភិបាលភូមា។ តើវាសមរម្យប៉ុណ្ណាទៅ ដែលពួកគេព្រលយពាក្យថា លោកស្រីអាចត្រូវបានដោះលែង បន្ទាប់ពីការបោះឆ្នោតមួយ ដែលមិនទំនងជាយុត្តិធម៌ សេរី ឬអាចទទួលយកបានទេនោះ»។
អង្គការសិទ្ធិមនុស្សជំរុញលោកប្រធានាធិបតី កុំអនុញាតឲ្យបញ្ហាសិទ្ធិមនុស្សជាទូទៅស្ថិតនៅពីក្រោយកិច្ចការរដ្ឋ ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោក។
លោក ធី គូម៉ា (T. Kumar) គឺជានាយកអង្គការលើកលែងទោសអន្តរជាតិអាមេរិកប្រចាំតំបន់អាស៊ី។ លោកមានប្រសាសន៍ថា៖
«អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ជំរុញលោកប្រធានាធិបតី អូបាម៉ា ឲ្យលើកយកបញ្ហានៃការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសភូមា និងស្រីលង្កា មកពិភាក្សានៅក្នុងកំឡុងពេលទស្សនកិច្ចរបស់លោកនៅឥណ្ឌា។ លោក ប្រធានាធិបតីអាចពិភាក្សារឿងនេះក្នុងលក្ខណៈឯកជន ឬសាធារណៈ។ ប៉ុន្តែ យើងរំពឹងថា ប្រព័ន្ធផ្សព្វផ្សាយនឹងសួរ។ ហើយយើងជំរុញឲ្យលោកប្រធានាធិបតី អូបាម៉ា ផ្តល់សារដ៏ខ្លាំងមួយ នៅពេលដែលបញ្ហាទាំងនោះត្រូវបានលើកឡើង ទាក់ទងទៅនឹងការបោះឆ្នោតនៅភូមា និងការដោះលែងលោកស្រី អោង សានស៊ូគ្យី»។
រដ្ឋបាលលោកអូបាម៉ា បានខិតខំអនុវត្តគោលនយោបាយភ្ជាប់ទំនាក់ទំនងជាមួយយោធាភូមា ដោយសង្ឃឹមថា គោលនយោបាយបែបនេះនឹងមានប្រសិទ្ធិភាព នៅក្នុងការនាំមកនូវសេរីភាពសម្រាប់លោកស្រី អោង សានស៊ូគ្យី និងអ្នកទោសនយោបាយដទៃទៀត។ អាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកតោភាគីប្រឆាំងនឹងភូមា។
លោកមេធាវី ចារិដ ឌ្យែនស៊័រ (Jared Genser) នៃអង្គការ «សេរីភាពបច្ចុប្បន្ន» ឬហៅជាភាសាអង់គ្លេសថា “Freedom Now” ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន មានប្រសាសន៍ថា ការភ្ជាប់ទំនាក់ទំនងកន្លងមកមិនមានប្រសិទ្ធិភាព ហើយបានផ្តល់យោបល់ដល់លោកប្រធានាធិបតី អូបាម៉ា ឲ្យចាត់វិធានការតឹងរឹងជាងមុន។ លោកថ្លែងថា៖
«គោលនយោបាយរបស់យើងទទួលរងបញ្ហាដូចគ្នានឹងបញ្ហាដែលអង្គការសហប្រជាជាតិបានជួបប្រទះនៅក្នុងការព្យាយាមដោះស្រាយអស់រយៈពេល២០ឆ្នាំមកហើយ ដែលយើងគ្មានបទដ្ឋានសម្រាប់ប្រៀបធៀប គ្មានកាលកំណត់ និងមិនដាក់លក្ខខ័ណ្ឌសម្រាប់ផ្តល់ផលវិបាក ដល់ភូមាសម្រាប់ការធ្វើទំនាក់ទំនងរបស់យើងជាមួយនឹងរដ្ឋាភិបាលភូមា ហើយក្នុងស្ថានភាពបែបនេះ យើងបានដឹងម្តងហើយម្តងទៀតថា ការភ្ជាប់ទំនាក់ទំនងដែលមិនមានធាតុផ្សំទាំងនោះ នឹងមិនអាចឲ្យយើងទទួលបានអ្វីទាំងអស់»។
កាលពីដើមឆ្នាំនេះ លោក វីលលៀម បឺនស៍ (William Burns) អនុរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការនយោបាយ មានប្រសាសន៍ថា «សម្លេងរបស់ឥណ្ឌាក្នុងនាមជាប្រទេសប្រជាធិបតេយ្យដ៏ជោគជ័យមួយ គឺមានសារសំខាន់ណាស់នៅក្នុងតំបន់មួយ ដែលមេដឹកនាំដ៏ក្លាហានដូចជាលោកស្រី អោង សានស៊ូគ្យី ធ្វើការតស៊ូដោយយកគំរូតាមនយោបាយអហឹង្សារបស់លោក ហ្គែនឌី (Gandhi)»។
នៅក្នុងសេចក្តីថ្លែងការមួយនៅឯសេតវិមានកាលពីពេលថ្មីៗនេះ លោក បឺនស៍ មិនបានធ្វើការសន្យាអំពីថា តើលោកប្រធានាធិបតី អូបាម៉ា នឹងធ្វើការពិភាក្សាអំពីបញ្ហាភូមានៅពេលលោកជួបជាមួយនឹងលោកស៊ីងហ៍ នាយករដ្ឋមន្រ្តីឥណ្ឌា ឬយ៉ាងណានោះទេ ប៉ុន្តែ លោកបានមានប្រសាសន៍ថា ការផ្តោតការយកចិត្តទុកដាក់ជាទូទៅរបស់អាមេរិកទៅលើបញ្ហាសិទ្ធិមនុស្សនឹងនៅតែបន្ត។
«យើងមានការពិភាក្សាយ៉ាងសកម្មជាមួយឥណ្ឌាអំពីបញ្ហានៅក្នុងតំបន់ទាំងមូល ហើយការពិភាក្សានោះមានរួមបញ្ចូលទាំងបញ្ហាភូមាផងដែរ។ ដូច្នេះ ខ្ញុំពិតជាមិនអាចទស្សទាយបានទេ ថាតើកិច្ចសន្ទនានោះនឹងនិយាយអំពីអ្វី ប៉ុន្តែ ខ្ញុំគិតថា អ្នកនឹងនៅតែឃើញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់លោកប្រធានាធិបតី និងអាមេរិក លើបញ្ហាសិទ្ធិមនុស្សនៅជុំវិញទ្វីបអាស៊ី និងតំបន់ប៉ាស៊ីហ្វិក»។
លោក វ៉លធ័រ អ៊ែនឌ័រសិន (Walter Andersen) នៃសាលាសិក្សាកិច្ចការអន្តរជាតិជាន់ខ្ពស់នៃសាកលវិទ្យាល័យ ចនហបឃីនស៍ (John Hopkins University) មានប្រសាសន៍ថា ជាទូទៅ ឥណ្ឌាមានទស្សនវិជ្ជមានចំពោះបញ្ហាសិទ្ធិមនុស្ស ប៉ុន្តែប្រទេសនេះលែងនិយាយខ្លាំងៗពីប្រទេសភូមាទៀតហើយ។ លោកបន្តថា៖
«មកត្រឹមរយៈពេលប្រហែលជា១០ឆ្នាំមុន ឥណ្ឌាបានកាត់បន្ថយទំនាក់ទំនងជាមួយនឹងភូមា ដោយសារតែបញ្ហាសិទ្ធិមនុស្ស និងការគាំទ្ររបស់ខ្លួនចំពោះចលនាប្រឆាំង និងចលនាប្រជាធិបតេយ្យនៅទីនោះ។ ប៉ុន្តែជំហរដែលត្រូវបានផ្លាស់ប្តូរនេះក្លាយជាភាពជាក់ស្តែង ដោយសារថា ប្រទេសចិនចូលមកអភិវឌ្ឍធនធានប្រេង និងធនធានផ្សេងៗទៀតនៅភូមា។ ដូច្នេះ ឥណ្ឌាបានឆ្លើយតបទៅនឹងស្ថានការណ៍នេះ ដោយបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយនឹងរដ្ឋាភិបាលយោធាភូមា និងបន្ថយការរិះគន់។ នេះគឺជាគោលនយោបាយរបស់ឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។
នៅរដ្ឋធានីវ៉ាស៊ីនតោននាពេលថ្មីៗនេះ លោក អាម៉ាធីយា គូម៉ា សែន (Amartya Kumar Sen) ជ័យលាភីរង្វាន់ណូប៊ែលសន្តិភាពឆ្នាំ១៩៩៨ បានហៅគោលនយោបាយរបស់ឥណ្ឌាស្តីពីភូមាថា មួយផ្នែកគឺជាការធ្វើតាមប្រទេសចិន។ លោកបានអះអាងថា ភាពខ្វះខាតនៃការពិភាក្សាសាធារណៈជាសកល អំពីការបោះឆ្នោតនៅភូមានឹងពង្រឹងអំណាចរបស់ពួកយោធា។ លោកថ្លែងថា៖
«ជោគជ័យដែលត្រូវបានឃោសនាមួយសម្រាប់របបនេះ តាមរយៈការធ្វើឲ្យល្អក់កករដល់លទ្ធិប្រជាធិបតេយ្យនៅភូមានាពេលបច្ចុប្បន្ន អាចធ្វើឲ្យស្ថានភាពត្រឡប់ថយក្រោយដ៏សម្បើម ដែលអាចឈានដល់ការប្រយុទ្ធដ៏ពិតប្រាកដមួយ ដើម្បីប្រជាពលរដ្ឋភូមាទាំងមូល និងជនជាតិផ្សេងៗនៅប្រទេសនេះ ដែលទទួលរងការឈឺចាប់យូរមកហើយ»។
មិនមានច្បាស់លាស់ទេអំពីការតែងតាំងតំណាងពិសេស និងអ្នកសម្របសម្រួលគោលនយោបាយមួយរូបដោយរដ្ឋបាលលោកអូបាម៉ា ដែលជាវិធាននៅក្រោមច្បាប់ស្តីអំពីការដាក់ទណ្ឌកម្មរបស់អាមេរិក។ ទោះជាយ៉ាងនេះក្តី អាមេរិកជំរុញឲ្យមានការបង្កើតគណៈកម្មការអន្តរជាតិមួយ ដើម្បីស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សនៅក្នុងភូមា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅឯមជ្ឈមណ្ឌលបូព៌ាបស្ចឹម (East-West Center) នៅក្នុងរដ្ឋហាវៃ រដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) បានឲ្យសញ្ញាថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មានបំណងរក្សាការដាក់សម្ពាធទៅលើរដ្ឋាភិបាលយោធាភូមា។ លោកស្រីថ្លែងដូច្នេះថា៖
«អ្វីដែលយើងបានយល់ដឹងក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះគឺថា ប្រជាធិបតេយ្យមានតម្លៃធំធេងជាងការបោះឆ្នោតទៅទៀត។ ហើយយើងនឹងបញ្ជាក់ឲ្យច្បាស់ចំពោះមេដឹកនាំភូមា ទាំងអ្នកថ្មីក៏ដូចជាអ្នកចាស់ថា ពួកគេត្រូវតែផ្តាច់ខ្លួនចេញពីគោលនយោបាយកាលពីអតីតកាល»។
លោកស្រីរដ្ឋមន្រ្តីការបរទេស គ្លីនតុន បានថ្លែងរបៀបនេះ នៅពេលចាប់ផ្តើមនៃដំណើរទស្សនកិច្ចរយៈពេលពីរសប្តាហ៍របស់លោកស្រី ទៅកាន់ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្នែកខ្លះនៃដំណើរទស្សនកិច្ចនេះ នឹងកើតឡើងដំណាលគ្នាជាមួយនឹងវត្តមានរបស់លោកប្រធានាធិបតី អូបាម៉ា នៅទ្វីបអាស៊ី៕
ប្រែសម្រួលដោយ ឌី ខាំបូលី