ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចាប់​ខ្លួន​​​​​​​​​​​​បណ្ណាធិការ​អូស្ត្រាលី​នៅ​ភូមា​បង្កើន​ការ​ភ័យខ្លាច​លើ​បណ្តាញ​ផ្សាយ​ព័ត៌មាន


នៅ​ក្នុង​រូបថត​ថ្ងៃ​ទី​២៦​ខែ​មិថុនា​ឆ្នាំ​២០០៧​នេះ លោក Ross Dunkley និពន្ធ​នាយក​​នៃ​​ក្រុមហ៊ុន​បោះ​ពុម្ព​ផ្សាយ​​សារព័ត៌មាន​ភាសា​អង់គ្លេស​​ មីយ៉ាន់ម៉ារ​ ថែមស៍ (Myanmar Times)​ កំពុង​ឈរ​ឲ្យ​គេ​ថតរូប​នៅ​ក្នុង​ពិធី​បំផ្លាញ​ចោល​ថ្នាំ​ញៀន​​នៅ​ Lashio ខាង​កើត​ក្
នៅ​ក្នុង​រូបថត​ថ្ងៃ​ទី​២៦​ខែ​មិថុនា​ឆ្នាំ​២០០៧​នេះ លោក Ross Dunkley និពន្ធ​នាយក​​នៃ​​ក្រុមហ៊ុន​បោះ​ពុម្ព​ផ្សាយ​​សារព័ត៌មាន​ភាសា​អង់គ្លេស​​ មីយ៉ាន់ម៉ារ​ ថែមស៍ (Myanmar Times)​ កំពុង​ឈរ​ឲ្យ​គេ​ថតរូប​នៅ​ក្នុង​ពិធី​បំផ្លាញ​ចោល​ថ្នាំ​ញៀន​​នៅ​ Lashio ខាង​កើត​ក្

ក្រុង​បាងកក៖ លោក​ រ៉ូស ដាំងលី (Ross Dunkley)​ ជាតិ​អូស្រ្តាលី​ដែល​បាន​បង្កើត​កាសែត​ Myanmar​ Times ​ក្នុង​ឆ្នាំ​២០០០​ បាន​ត្រូវ​ចាប់ខ្លួន​ក្នុង​ទីក្រុង​រ៉ង់ហ្គោន (Rangoon) ​ភា្លមៗ​បន្ទាប់ពី​បានវិល​ត្រឡប់មកពី​បរទេស​កាល​ពី​សប្តាហ៍មុន។ មាន​សេចក្តី​រាយ​ការណ៍​ពី​ទំនាស់​គ្នាលើ​ការគ្រប់គ្រង​កាសែត​នោះ។

លោក​ Dunkley ​បាន​កាន់កាប់​ហ៊ុន​៤៩ភាគរយ​នៃ​ក្រុមហ៊ុន​ Myanmar​ Consolidated Media​ ដែល​គ្រប់គ្រង​កាសែត​នោះ។

ភាគហ៊ុន​ដែល​នៅ​សល់​កាន់កាប់​ដោយ​លោក​ Tin Htun Oo ។ សេចក្តី​ថ្លែងការណ៍​កាល​ពីថ្ងៃច័ន្ទ​មកពី​ក្រុមហ៊ុន​ Post Media ​ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​ថៃ​ដែល​ជា​សាខា​ក្រុមហ៊ុន​ Myanmar Consolidate​ បាន​អំពាវនាវ​ឲ្យ​ដោះលែង​លោក​ Dunkley​ ជា​បន្ទាន់​បន្ទាប់ពី​អាជ្ញាធរ​មិនបាន​ធ្វើការ​ចោទ​ប្រកាន់។ គេបាន​រាយការណ៍​ថា​លោក​បាន​ត្រូវ​ចាប់ខ្លួន​ពីបទ​រំលោភ​ទិដ្ឋាការ​និង​មាន​ថ្នាំ​ញៀន។

លោក​ Aung Zaw ​ជា​និពន្ធ​នៃ​ទស្សនាវដ្តី​ Irrawaddy ជា​ទស្សនាវដ្តី​អំពី​ប្រទេស​ភូមា​ដែល​បាន​បោះពុម្ភ​ផ្សាយ​ក្នុង​ប្រទេស​ថៃ។ លោក​និយាយ​ថា​ការ​ចាប់ខ្លួន​អាច​មាន​ការ​ទាក់ទិន​ច្រើន​ជាមួយ​ការ​គ្រប់គ្រង​លើ​កាសែត​ជាង​ការប្រព្រឹត្តិ​អំពើ​ខុសឆ្គង។

«អ្វី​ដែល​ច្បាស់​នោះ​គឺ​ថា​មាន​ទំនាស់​គ្នា​រវាង​បណ្ឌិត​ Tin Htun Oo ​និង​លោក ​Ross Dunkley ​ហើយ​ឥឡូវ​នេះ​វា​បាន​បង្ហាញ​ថា​ពួកគេ​ចង់​កាន់កាប់​កាសែត​ Myanmar Times ​ទាំងមូល។ ដូច្នេះ​នេះ​ជា​រឿងហេតុ។ ដោយ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំគិត​ថា​ពួកគេ​នឹង​ឃុបឃិត​ដាក់​ការ​ចោទប្រកាន់​លើ​លោក​ ដែល​ជារឿង​មិន​ធ្វើឲ្យ​អ្នកណា​ម្នាក់ភ្ញាក់ផ្អើល​ទេ» ។

ដៃគូ​ដំបូងរបស់​លោក​ Dunkley​ នៅ​ក្នុង​កាសែត​ដែល​លម្អៀង​ពួក​យោធា​គឺ​លោក​Sonny Swe​ ជា​កូន​ប្រុស​របស់​អតីត​ឧត្តម​សេនីយ៍​ត្រី ថាន់ ស្វេ (Thein Swe)។

ក៏ប៉ុន្តែ​លោកThein Swe មិន​បាន​ទទួល​ការ​ពេញចិត្ត​ពី​មេដឹកនាំ​កំពូល​ទេ។ លោក​ Sony Swe ​បាន​ត្រូវគេ​រកឃើញកំហុស​ពី​ការប្រព្រឹត្តិ​អំពើ​ពុករលួយ​ហើយ​ត្រូវ​បាន​កាត់ឲ្យ​ជាប់ទោស​នៅ​ឆ្នាំ២០០៥។ ភាគហ៊ុន​របស់​លោក​បាន​ត្រូវ​ប្រគល់​ទៅ​ឱ្យ​លោក​ Tin Htun Oo។​ ភូមា​ដែល​គេ​ស្គាល់​ថា​ជា​មីយ៉ានម៉ា​ បាន​ត្រូវ​ដឹកនាំ​ជា​យូរ​មក​ហើយ​ដោយ​ពួក​យោធា​ដែល​បាន​ត្រួតត្រា​ដ៏​តឹងរ៉ឹង​លើ​បណ្តាញ​ផ្សាយ​ព័ត៌មាន​និង​សេដ្ឋកិច្ច​ភាគ​ច្រើន​ហើយ​នឹង​ជីវភាព​សាធារណៈ។ សភា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​បោះឆ្នោត​កាល​ពី​ខែ​វិច្ឆិការ​បន្ទាប់​ពី​អាក់ខាន​រយៈពេល​២២​ឆ្នាំ​ ប៉ុន្តែ​ជាង​៨០​ភាគរយ​នៃ​សមាជិក​របស់​ពួកគេ​បាន​ស្ថិត​នៅក្នុង​កងទ័ព​ ឬ​ក៏​ទាក់ទិន​ក្នុង​កងទ័ព។ ហើយ​សភា​បានជ្រើស​រើស​អតីត​នាយក​រដ្ឋមន្រ្តី​ Thein Sein ​ជា​ប្រធានាធិបតី​ថ្មី។

លោក Aung Zaw ​និយាយ​ថា​លោក​ Dunkley ​កាលពី​ដំបូង​សង្ឃឹម​ថា​ការត្រួតត្រា​ដ៏តឹងរ៉ឹ​ង​លើ​បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​ភូមា​នឹង​បាន​បន្ធូរ​បន្ថយ។ ក៏ប៉ុន្តែ​លោក​និយាយ​ទៀត​ថា​ការត្រួតត្រា​ទាំងនោះ​ហើយនឹង​នយោបាយ​របស់​ប្រទេស​មាន​ន័យ​ថា​របរកាសែត​ជា​និច្ចកាល​ជា​ការ​វិនិយោគទុន​ប្រកប​ដោយ​គ្រោះថ្នាក់។

«លោក​ Ross គួរតែ​ដឹង​ថា​ភូមា​ជា​ប្រទេស​មាន​គ្រោះថ្នាក់​ខាង​នយោបាយ​សម្រាប់​មនុស្សគ្រប់ៗ​រូប។ លោក​គួរ​ដឹង​ថាតើ​អ្នក​កាសែត​ប៉ុន្មាន​នាក់​ត្រូវ​គេ​ចាប់​ហើយ​ដាក់​គុក​នោះ»។

សមាគម​ជួយ​អ្នក​ទោស​នយោបាយ​ភូមាប្រាប់​ឲ្យ​ដឹង​ថា​មាន​អ្នក​កាសែត​និងសកម្មជន​បណ្តាញ​ផ្សាយ​ព័ត៌មាន​ប្រហែល​៣០នាក់​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ទោស​នយោបាយ​ជាង​ពីរ​ពាន់​នាក់។ លោក​ Dunkley​ ក៏​បោះពុម្ភ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ប្រទេស​កម្ពុជា​ដែរ។ ​អ្នក​កាសែត​ខ្លះ​ដែល​ដឹង​អំពី​កិច្ចប្រតិបត្តិការ​នេះ​និយាយ​ថា​មាន​ការ​ភ័យខ្លាច​ថា​ការ​បាត់បង់​កាសែត​ភូមា​ប្រហែល​ប៉ះពាល់​ថវិកាកាសែត​ភ្នំពេញ​ប៉ុស្តិ៍។ ក៏ប៉ុន្តែ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ប្រាប់​ឲ្យ​ដឹង​ថា​ក្រុម​អ្នក​គ្រប់គ្រង​សម្តែង​ការ​ព្រួយ​កង្វល់​មួយដល់​សុខមាលភាព​របស់​លោក​ Dunkley តែ​កាសែត​នេះ​កំពុង​ដំណើរការ​ជា​ធម្មតា។

លោក​ Dunkley​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នក​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​និង​អ្នក​ហ៊ាន​ប្រថុយ​គ្រោះ​ថ្នាក់​ បន្ទាប់ពី​ការ​វិនិយោគទុន​នៅក្នុង​ឧស្សាហ៍កម្ម​ព័ត៌មាន​ដ៏​ក្មេងខ្ចី​ក្នុង​ប្រទេស​វៀតណាម​នៅ​ដើម​ទសវត្សរ៍​១៩៩០។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ក្នុង​ឆ្នាំ​២០១០​ឲ្យ​លំដាប់​ថ្នាក់​ប្រទេស​ភូមា​លេខ​១៧៤​ក្នុង​ចំណោមប្រទេស​១៧៨​នៅ​ក្នុង​តារាង​សេរីភាព​សារព័ត៌មាន​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។ ពួក​អ្នកវិភាគ​ខាង​បណ្តាញ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ក្នុង​ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍​និយាយ​ថា​ការចាប់​ខ្លួន​លោក Dunkley បង្ហាញ​ពី​ការរឹត​បន្តឹង​ថែម​ទៀត​លើ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដោយ​ពួក​យោធា៕

ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន

XS
SM
MD
LG