លោក Michele Kafando ប្រធានាធិបតីបណ្តោះអាសន្នប្រទេស Burkina Faso នៅទ្វីបអាហ្វ្រិកនិយាយថា លោកបានកាន់អំណាចវិញហើយ គឺមួយថ្ងៃគត់ បន្ទាប់ពីលោកត្រូវបានសមាជិកក្រុមអង្គរក្សប្រធានាធិបតី ដែលបានធ្វើរដ្ឋប្រហារ បានឃាត់ខ្លួនលោក។
លោក Kafando បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធនេះថា រដ្ឋាភិបាលរបស់លោកត្រូវបានរៀបចំឡើងវិញ ហើយថា លោកបានកាន់អំណាចវិញហើយនៅពេលនេះ។ នៅថ្ងៃពុធនេះ សមាជិកក្រុមអង្គរក្សប្រធានាធិបតីបានយល់ព្រមវិលត្រឡប់ទៅបន្ទាយរបស់គេវិញក្នុងការព្រមព្រៀងធ្វើឡើង បន្ទាប់ពីប្រធានាធិបតីប្រទេសសេណេហ្គាល់ តូហ្គោ ប៉េណីង និងនីហ្សេរីយ៉ាបានធ្វើដំណើរទៅរដ្ឋធានី Ouagadougou ដើម្បីចរចា។ កម្លាំងរដ្ឋាភិបាល ដែលបានចល័តទៅកាន់រដ្ឋធានីនេះប្រឆាំងនឹងមេដឹកនាំរដ្ឋប្រហារ បានយល់ព្រមដកទៅវិញចម្ងាយ ៥០គីឡូម៉ែត្រពីរដ្ឋធានី។
កាលពីថ្ងៃអង្គារ លោកឧត្តមសេនីយ៍ Gilbert Diendere មេដឹកនាំរដ្ឋប្រហារបានធ្វើការសុំទោសចំពោះប្រទេសជាតិ ហើយបានប្តេជ្ញាផ្ទេរអំណាចតាមសំណើររបស់មេដឹកនាំកិច្ចប្រជុំនៅទីក្រុង Ouagadougou។ លោកបានប្រាប់វីអូអេថា លោកចង់ជៀសវាងការបង្ហូរឈាម។ ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងការបរទេសស.រ.អា.បានណែនាំពលរដ្ឋអាមេរិកាំងនៅប្រទេស Burkina Faso ចាកចេញពីប្រទេសនៅទ្វីបអាហ្វ្រិកនេះ ដោយនិយាយអំពីស្ថានភាពអសន្តិសុខ។
ក្រសួងការបរទេសស.រ.អា.ក៏បានណែនាំមិនឲ្យពលរដ្ឋខ្លួនធ្វើដំណើទៅប្រទេសដែលមិននៅជាប់សមុទ្រនេះផងដែរ។ រដ្ឋធានី Ouagadougou មានសភាពការណ៍តានតឹងតាំងពីកងទ័ពបានចូលមកកាន់ទីក្រុងដើម្បីចរចាជាមួយឲ្យមេដឹកនាំរដ្ឋប្រហាររូបនោះចុះចាញ់។ ប្រជាពលរដ្ឋអបអរការមកដល់របស់កងទ័ពកាលពីថ្ងៃអង្គារ មុនពេលដកថយទៅឈរជើងក្រៅរដ្ឋធានីវិញនោះ។ Emilie Iob អ្នកយកព័ត៌មានវីអូអេនៅរដ្ឋធានី Ouagadougou និយាយថា ផ្លូវនានានៅទីក្រុងនេះមិនមានមនុស្សធ្វើដំណើរទេ នៅពេលមានលេចឮដំណឹងថា កងទ័ពធ្វើដំណើរមកកាន់ទីក្រុងនេះ៕