ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ប៊ុលហ្គារី​ស្វែងរក​វិធី​ថ្មី​​ ដើម្បី​ផ្តល់​ជំនួយ​ដល់​ជនភៀសខ្លួន​អ៊ុយក្រែន


រូបឯកសារ៖ ជនភៀសខ្លួនអ៊ុយក្រែនពីទីក្រុង Mariupol បានទៅដល់តំបន់ឆ្លងកាត់មួយដែលត្រូវបានគ្រប់គ្រងដោយទាហានរុស្ស៊ី បន្ទាប់ពីមានការបង្កើតជាច្រករបៀសដើម្បីការជម្លៀសជនស៊ីវិល​នៅតំបន់ Zaporizhzhia ប្រទេសអ៊ុយក្រែន ថ្ងៃទី​២១ ខែមេសា ឆ្នាំ២០២២។
រូបឯកសារ៖ ជនភៀសខ្លួនអ៊ុយក្រែនពីទីក្រុង Mariupol បានទៅដល់តំបន់ឆ្លងកាត់មួយដែលត្រូវបានគ្រប់គ្រងដោយទាហានរុស្ស៊ី បន្ទាប់ពីមានការបង្កើតជាច្រករបៀសដើម្បីការជម្លៀសជនស៊ីវិល​នៅតំបន់ Zaporizhzhia ប្រទេសអ៊ុយក្រែន ថ្ងៃទី​២១ ខែមេសា ឆ្នាំ២០២២។

អ្នកស្រី​ Yevhenia Serheiva ចែករំលែក​រូបថត​ពីអ្នកជិតខាង​របស់​អ្នកស្រី​នៅ​ក្រុង Bucha តំបន់​ក្រុងកៀវ ប្រទេស​អ៊ុយក្រែន។

អ្នកស្រីរៀបរាប់​ថា៖ «នៅពេលភ្លើងឆាបឆេះ ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​មិនបាន​មកទេ។ អគារ​នេះ​លែង​មាន​ត​ទៅ​ទៀត​ហើយ។ របង​ត្រូវ​បាក់បែក ហើយ​រថក្រោះ​ធ្លាប់​បើក​ឆ្លងកាត់​ទី​នេះ»។ ​

ជាមួយ​នឹង​ស្វាមី និង​កូនស្រី​ឈ្មោះ​ Solomiia អាយុ ៥​ឆ្នាំ អ្នកស្រី​បាន​ចាកចេញ​ពី​ក្រុង Bucha កាល​ពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ហើយ​គ្រួសារ​របស់​អ្នកស្រី​មាន​គម្រោង​ដើរលេង​វិស្សមកាល​រយៈពេល​ខ្លី​នៅ​ក្រុង​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី។

អ្នកស្រី​ Yevhenia Serheiva ថ្លែង​ថា៖ «យើង​បាន​ដើរលេង​ជុំវិញ​ក្រុង​ប៊ុយដាប៉ែស​រយៈពេល​ ៤​ថ្ងៃ។ បន្ទាប់​មក​ ក្តី​រីករាយ​លែង​មាន​ត​ទៅ​ទៀត។ ខ្ញុំ​បាន​ធ្វើការ​ដោយ​ស្ម័គ្រចិត្ត​នៅ​ក្រុង​ប៊ុយដាប៉ែស អស់​ពេល​កន្លង​មក​នេះ។ យើង​បាន​រស់​នៅ​ទី​នោះ​អស់រយៈពេល​ពីរ​ខែ បន្ទាប់​មក​យើង​បាន​ផ្លាស់មក​ក្រុង​សូហ្វីយ៉ា ​ដើម្បី​ចូលរួម​ជាមួយ​មិត្តភក្តិ​របស់​យើង»។

អ្នកស្រី Serheieva ធ្វើការ​ដោយ​ស្ម័គ្រចិត្ត​នៅ​មជ្ឈមណ្ឌល​មួយ​ឈ្មោះ​ថា Mother Ukraine ក្នុង​ក្រុង​សូហ្វីយ៉ា ប្រទេស​ប៊ុលការី។ អ្នកស្រី Olena Koceva ប្រធាន​មជ្ឈមណ្ឌល Mother Ukraine និយាយ​ថា ជនភៀសខ្លួន​ភាគច្រើន​ ដែល​មក​ប៊ុលការី នា​ពេល​ថ្មីៗនេះ​គឺ​មក​ពី​តំបន់​រង​ការ​កាន់កាប់ដោយ​រុស្ស៊ី​នៅ​អ៊ុយក្រែន ហើយ​ពួកគេ​មិន​មាន​អ្វី​ទាំងអស់។ ​

អ្នកស្រី​ Olena Koceva ថ្លែង​ថា៖ «មនុស្ស​ជា​ច្រើន​មកពី​ក្រុង Mariupol ក្រុង Melitopol និង​ក្រុង Berdyansk។ ពលរដ្ឋ​បាន​ចេញ​ពី​តំបន់​គ្រប់គ្រង​ដោយ​រុស្ស៊ី បន្ទាប់​ពី​ធ្វើដំណើរ​ដ៏​លំបាក​ និង​យូរអង្វែង​មួយ»។

កាល​ពី​ខែ​មីនា​ រដ្ឋាភិបាល​ប៊ុលហ្គារី​បានឲ្យ​ពលរដ្ឋ​អ៊ុយក្រែនដែល​បាត់បង់​ទីលំនៅ​ ស្នាក់​នៅ​បណ្តោះអាសន្ន​តាម​សណ្ឋាគារ​នានា។ ពួកគេ​ក៏ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ផ្នែក​ថ្នាំសង្កូវ ការ​អប់រំ និង​សេវាកម្ម​សង្គម​ផ្សេងៗ​ផង​ដែរ។

សង្គមវិទូ​លោក Ognyan Minchev ប្រធាន​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​តំបន់​និង​អន្តរជាតិ​នៅ​ប៊ុលហ្គារី និយាយ​ថា បើទោះ​បី​ជា​មាន​មនោសញ្ចេតនា​គាំទ្រ​រុស្ស៊ី​នៅ​ប៊ុលហ្គារី​ក៏​ដោយ មនុស្ស​ភាគច្រើន​បាន​ជួយ​បំពេញ​តម្រូវការរបស់​ជនភៀសខ្លួន​អ៊ុយក្រែន។

លោក​ថ្លែង​ថា៖ «ជនភៀសខ្លួន​ភាគច្រើន​គឺ ស្រ្តី​ដែល​មាន​កូន​ក្នុង​បន្ទុក។ ដូច្នេះ អ្នកមិន​អាច​បង្ហាញ​ភាព​គំរោះគំរើយ​ដាក់​ស្រ្តី និង​កុមារ​នោះ​ទេ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ធម្មតា»។

ពលរដ្ឋ​ប៊ុលហ្គារី​បាន​ធ្វើការ​បរិច្ចាគ​ទៅ​កាន់​មជ្ឈមណ្ឌល Mother Ukraine ផងដែរ។

អ្នកស្រី Olena Koceva ប្រធាន​មជ្ឈមណ្ឌល Mother Ukraine ថ្លែង​ថា៖ «ខ្ញុំ​ដឹងគុណ​ពលរដ្ឋ​ប៊ុលហ្គារី​របស់​យើង។ អ្នក​ជួយ​ពួកយើង​គឺ​មានពលរដ្ឋ​សាមញ្ញ អង្គភាព​ផ្នែក​ផ្លូវ​ច្បាប់ និង​ក្រុមហ៊ុន​នានា ដែល​ផ្តល់​អាហារ ឬ​លុយ ឬ​បញ្ជូន​លុយ​ចូល​ក្នុង​គណនី​របស់​យើង។ យើង​បាន​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​ជាង ៥០​តោន​ទៅ​កាន់​អ៊ុយក្រែន ដែល​ភាគច្រើន​ត្រូវ​បានផ្តល់​ឲ្យ​ដោយ​ពលរដ្ឋ​ប៊ុលហ្គារី។

យ៉ាងណាក្តី អ្នកស្រី Koceva និយាយ​ថា ទំហំជំនួយ​កំពុង​តែ​ធ្លាក់ចុះ​សន្សឹមៗ​អស់រយៈពេលកន្លង​មក​នេះ។

អ្នកស្រី​ Yevheniia Serheieva ថ្លែង​ថា៖ «មាន​ជំនួយ និង​ការ​បរិច្ចាគ​តិចជាង​មុន។ មនុស្ស​មាន​ការ​ហត់នឿយ​នឹង​សង្រ្គាម​ហើយ»។

គិត​មក​ត្រឹម​ខែ​កញ្ញា ពលរដ្ឋ​អ៊ុយក្រែន​ចំនួន ១៣៦.០០០​នាក់​បាន​ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​ការ​ការពារ​បណ្តោះអាសន្ន ហើយ​ជិត ៥៧.០០០​នាក់ បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​ប៊ុលហ្គារី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ជនភៀសខ្លួន​អ.ស.ប​ ហៅ​កាត់​ថា UNHCR។

​ពួកគេ​ភាគច្រើន​កំពុង​ត្រូវ​បាន​ឲ្យ​ស្នាក់នៅ​តាម​សណ្ឋាគារ​ ជាផ្នែក​មួយ​នៃ​កម្មវិធី​ផ្តល់​មូលនីធិ​ដោយ​រដ្ឋាភិបាល​ប៊ុលហ្គារី និង​សហភាព​អឺរ៉ុប ដែល​នឹង​បន្ត​រហូត​ដល់​ចុង​ខែ​តុលា​ឆ្នាំ​នេះ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

អត្ថបទ​ទាក់ទង

XS
SM
MD
LG