នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានជួបជាមួយប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi កាលពីថ្ងៃពុធនៅឯវិមានសភាសហរដ្ឋអាមេរិកដែលជាផ្នែកមួយនៃការឈប់សំចតរយៈពេលខ្លីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ នៅពេលព្រឹកថ្ងៃនោះ លោកJohnson បានជួបជាមួយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក។
លោកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារបានជួបជាមួយលោកប្រធានាធិបតី Joe Biden នៅសេតវិមាននៅខាងក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងបូរីញូវយ៉ក។
ក្នុងឱកាសថតរូបជាមួយក្រុមអ្នកយកព័ត៌មាន អ្នកស្រី Pelosi បានថ្លែងថា អ្នកស្រីបានជួបលោក Johnson កាលពីសប្តាហ៍មុននៅពេលអ្នកស្រីនៅក្នុងទីក្រុងឡុងដ៍ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំសភារបស់ប្រទេស G-7 ។ អ្នកស្រីក៏បានសរសើរមេដឹកនាំចក្រភពអង់គ្លេសចំពោះការរៀបចំសន្និសីទកំពូលអំពីអាកាសធាតុ នៅពេលខាងមុខ នៅក្នុងទីក្រុង Glasglow ប្រទេសស្កុតលែន ពីថ្ងៃទី១ដល់ថ្ងៃទី១២ខែវិច្ឆិកា ហើយបាននិយាយថា ពួកគេមានបំណងពិភាក្សាអំពីការប្រឹងប្រែងរួមប្រឆាំងអំពើភេរវកម្ម និងបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ១៩។
លោកនាយករដ្ឋមន្ត្រី Johnson បានប្រាប់ក្រុមអ្នកយកព័ត៌មានថា វាសំខាន់ណាស់ដែលលោកទៅការិយាល័យរបស់អ្នកស្រី Pelosiពីព្រោះក្នុងមួយជីវិតរបស់លោក លោកបានគិតថា សហរដ្ឋអាមេរិក និងសភាសហរដ្ឋអាមេរិកតំណាងឲ្យឧត្តមគតិនៃលទ្ធិប្រជាធិបតេយ្យ និង«គោលការណ៍ដែលពលរដ្ឋគួរជ្រើសរើសរដ្ឋាភិបាលរបស់ពួកគេ និងមានតែពលរដ្ឋទេដែលត្រូវជ្រើសរើសរដ្ឋាភិបាលរបស់ខ្លួន»។
លោកបានប្រាប់អ្នកស្រី Pelosi ថាសហរដ្ឋអាមេរិកអាចពឹងពាក់ការគាំទ្ររបស់លោក និងការគាំទ្ររបស់ចក្រភពអង់គ្លេសដើម្បីលើកស្ទួយគោលការណ៍នេះ។
ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អ្នកស្រីទៅកាន់ទីក្រុងឡុងដ៍កាលពីសប្តាហ៍មុន អ្នកស្រី Pelosi បានបញ្ជាក់ថា មោឃភាពនៃកិច្ចព្រមព្រៀងសន្តិភាពអៀរឡង់ខាងជើងដែលគេហៅថា កិច្ចព្រមព្រៀងថ្ងៃសុក្រល្អ ឬ «Good Friday Accords» ទំនងជានឹងធ្វើឲ្យអន្តរាយដល់ការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក ក្រោយការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ឬ Brexit។
រដ្ឋាភិបាលរបស់លោក Johnson កំពុងស្វះស្វែងរកការចរចាឡើងវិញយ៉ាងហោចណាស់ផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ មេដឹកនាំទាំង២មិនបាននិយាយឡើងវិញជាសាធារណៈអំពីការខ្វែងគំនិតគ្នាដ៏សំខាន់ទេ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP Reuters និង AFP)