ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​​អាមេរិក​និង​អូស្ត្រាលី​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ក្រោម​ការ​តាម​មើល​​យ៉ាង​ហ្មត់ចត់​​ពី​ប្រទេស​​ចិន


រូបឯកសារ៖ នាវា​ពិឃាត USS Chancellorsville របស់​សហរដ្ឋ​អាមេរិក​កំពុង​ចូលរួម​ធ្វើ​សមយុទ្ធយោធា​ Talisman Sabre ជាមួយ​អូស្ត្រាលី កាល​ពី​ឆ្នាំ​២០១៩​។
រូបឯកសារ៖ នាវា​ពិឃាត USS Chancellorsville របស់​សហរដ្ឋ​អាមេរិក​កំពុង​ចូលរួម​ធ្វើ​សមយុទ្ធយោធា​ Talisman Sabre ជាមួយ​អូស្ត្រាលី កាល​ពី​ឆ្នាំ​២០១៩​។

ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ខ្លួន​មួយ​ចំនួន​ទៀត​បាន​ចាប់ផ្តើមធ្វើ​សមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ ខណៈ​ដែល​នាវា​ស៊ើប​ការណ៍​របស់​ចិន​ បាន​ធ្វើដំណើរទៅ​កាន់​ភាគ​ខាង​ត្បូង​ដើម្បី​តាមដាន​មើល​ការ​ធ្វើ​សមយុទ្ធ​នេះ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

កង​កម្លាំង​យោធា​ប្រមាណ​ជាង​១៧.០០០​នាក់មកពីប្រទេស​សម្ព័ន្ធ​មិត្ត​ទាំង​ពីរ​នេះ នឹង​ចូល​រួមក្នុង​សមយុទ្ធ​យោធា​ដែល​មាន​ឈ្មោះ​ថា Talisman Sabre ដែល​ត្រូវ​ធ្វើឡើងជា​រៀង​រាល់​២​ឆ្នាំ​ម្តងនៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី​លោក Peter Dutton និយាយ​ថា នាវា​ឈ្លបការណ៍​នៃ​កង​ទ័ពជើង​ទឹក​របស់​ចិន បាន​ធ្វើ​ដំណើរ​មក​ជិតតំបន់​ឆ្នេរ​ភាគ​ខាង​កើតអូស្ត្រាលី​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ដ៏​ច្រើន​នោះ។ លោក​បន្ត​ទៀត​ថា នេះ​ជា​ការរំឭក​ដាស់តឿន​មួយ​នៃ​វត្តមាន​កងទ័ពរំដោះប្រជាជន​ចិន​នៅ​ក្នុង​តំបន់​នេះ។

លោក​បាន​និយាយ​បន្ត​ទៀត​ថា៖ «យើង​រំពឹង​ថា នាវា​ចិន​ទាំង​នោះ ប្រតិបត្តិការ​ស្រប​ទៅតាម​ច្បាប់​អន្តរជាតិ ហើយ​យើង នឹង​រំពឹង​ថា មិន​មាន​អ្វី​កើត​មាន​ឡើង ប្រសិន​បើ​យើង​ធ្វើ​ដំណើរ​កាត់​តាម​ផ្ទៃ​ទឹក​អន្តរជាតិ​ជិត​ប្រទេស​ចិន​វិញ»។

ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី​បាន​បញ្ជាក់​ថា សមយុទ្ធ​ដែល​ភាគ​ច្រើន​ធ្វើ​ឡើង​នៅ​ទីតាំង​យោធា​នៅ​ក្នុង​រដ្ឋ Queensland និង​ផ្ទៃ​ទឹក​ទល់​មុខ​នោះ មាន​គោលបំណងធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កិច្ចប្រតិបត្តិការ​រវាង​សម្ព័ន្ធមិត្ត​ទាំង២។

សារព័ត៌មាន​ក្នុង​ស្រុក​បានរាយការណ៍​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បាន​បញ្ជូន​នាវា​របស់​ខ្លួន​ស្រដៀង​គ្នា​នេះដែរទៅ​តាម​ដាន​សមយុទ្ធ Talisman Sabre កាល​ពី​ឆ្នាំ​២០១៩​ និង​ឆ្នាំ​២០១៧​ផង​ដែរ។

ប្រទេស​អង់គ្លេស កាណាដា ជប៉ុន កូរ៉េ​ខាង​ត្បូង​និង​ប្រទេស​នូវែលសេឡង់ នឹងចូលរួម​នៅ​ក្នុង​សមយុទ្ធ​យោធា​នេះ​ ខណៈ​ប្រទេស​បារាំង​ អាល្លឺម៉ង់ ឥណ្ឌា​ និង​ប្រទេស​ឥណ្ឌូណេស៊ី បាន​បញ្ជូន​ក្រុម​សង្កេតការណ៍របស់​ខ្លូន៕

XS
SM
MD
LG