កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johson មានដំណើរខកការមួយទៀតនៅពេលប្អូនប្រុសលោកប្រកាសអំពីការលាលែងចេញពីតំណែងរដ្ឋមន្ត្រីនិងសមាជិកសភា។
លោក Jo Johnson បាន Tweet ថាការលាលែងចេញពីតំណែងរបស់លោកបណ្តាលមកពីទំនាស់រវាងគ្រួសារនិងប្រទេសអង់គ្លេស។
លោក Jo Johnson បាននិយាយថា«កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះខ្ញុំពិបាកបែងចែករវាងភក្តីភាពចំពោះគ្រួសារនិងផលប្រយោជន៍ជាតិ--វាជាភាពតានតឹងមួយមិនអាចដោះស្រាយរួច ដល់ពេលវេលាហើយដែលមនុស្សឯទៀតបន្តមុខនាទីទាំងនេះពីខ្ញុំក្នុងឋានៈជាសមាជិកសភានិងជារដ្ឋមន្ត្រី»។
គេមិនបានដឹងជាបន្ទាន់ថាតើលោក Jo Johnson ចាកចេញពីតំណែងក្នុងសភាជាបន្ទាន់ឬថាតើលោកនឹងឈរឈ្មោះជាថ្មីឬទេ។
ការលាលែងចេញពីតំណែងរបស់លោក Jo Johson មានឡើងក្រោយបងប្រុសលោកបានបណ្តេញសមាជិកសភា២១នាក់ខាងគណបក្សអភិរក្សនិយមកាលពីពេលថ្មីៗនេះ។ គណបក្សនេះនៅតែបែកបាក់គ្នាអំពីយុទ្ធសាស្ត្ររបស់លោក
នាយករដ្ឋមន្ត្រីក្នុងការដកប្រទេសអង់គ្លេសចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី៣១ខែតុលា ដោយមានឬគ្មានកិច្ចព្រមព្រៀងមួយក៏ដោយ។
លោក Boris Johnson បានជួបប្រទះដំណើរខកការមួយទៀតកាលពីថ្ងៃពុធនៅពេលសភាតំណាងរាស្ត្របានបោះឆ្នោតគាំទ្រវិធានការមួយបង្ខំរដ្ឋាភិបាលឱ្យសុំសហភាពអឺរ៉ុបពន្យាពេល Brexit បីខែប្រសិនបើគ្មានកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុបមុនថ្ងៃកំណត់ចុងក្រោយបង្អស់ដោយលោក Boris Johnson នៅថ្ងៃទី៣១ខែតុលា។
នេះជាការបរាជ័យលើកទីបីរបស់លោក Boris Johnson ទាក់ទងនឹង Brexit ក្នុងរយៈពេលពីរថ្ងៃ៕