ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អង់គ្លេស​បាន​បដិសេធ​ម្តងទៀត​លើ​សំណើ​រៀបចំ​ការ​បោះឆ្នោត​ថ្មី


លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស Boris Johnson ថ្លែង​នៅ​ក្នុង​សភា ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។
លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស Boris Johnson ថ្លែង​នៅ​ក្នុង​សភា ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

សភា​អង់គ្លេស​បាន​បដិសេធ​ជា​លើកទីពីរ​ចំពោះ​គម្រោង​បោះឆ្នោត​មុន​កាលកំណត់​របស់​លោក​នាយក​រដ្ឋមន្ត្រី Boris Johnson ដែល​ព្យាយាម​បំបែក​ភាព​ទាល់ច្រក​នៃការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប។

លោក Johnson បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​មាន​ការបោះឆ្នោត​មុន​កំណត់​នៅ​ថ្ងៃទី១៥ ខែតុលា​ ដែល​ជាកិច្ចប្រឹងប្រែង​ដើម្បី​ឈ្នះ​សំឡេង​ភាគច្រើន​នៅក្នុង​សភា ដើម្បី​អនុម័ត​ផែនការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ ឬ​ហៅ​កាត់​ថា Brexit នៅ​មុន​សន្និសីទ​កំពូល​របស់​មេដឹកនាំ​នៅ​ទ្វីបអឺរ៉ុប។

បន្ទាប់​ពី​ការបោះឆ្នោត​នៅ​ថ្ងៃអង្គារ​នេះ​ លោក Johnson បាន​ព្យួរ​សភា​រយៈពេល​៥សប្តាហ៍​ រហូត​ទាល់​តែ​ម្ចាស់ក្សត្រី​អង់គ្លេស​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ទៅ​កាន់​សភា ដោយ​គូស​បញ្ជាក់​អំពី​ផែនការ​ច្បាប់​របស់​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ​ខាង​មុខ។

ការបដិសេធ​របស់​សភា​ចំពោះ​សំណើ​រៀបចំ​ការបោះឆ្នោត​ថ្មី​នេះ​ បាន​ធ្វើឡើង​បន្ទាប់​ពី​ម្ចាស់ក្សត្រី​អង់គ្លេស Elizabeth បាន​អនុម័ត​ច្បាប់​ដើម្បី​រារាំង​មិន​ឲ្យ​លោក Johnson អាច​ដំណើរការ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​បាន។ ផែនការ​របស់​លោក Johnson គឺ​ដក​ប្រទេស​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុបនៅ​ថ្ងៃទី៣១ ខែតុលា​ ដោយគ្មាន​លក្ខខណ្ឌ​នៃ​ការ​ចាកចេញ​អ្វី​ទាំងអស់។

កាល​ពី​ថ្ងៃចន្ទ​លោក Johnson បាន​ទទូច​ថា​ ការចាកចេញ​របស់អង់​គ្លេស​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខែតុលា​ខាងមុខ​នេះ​ បើទោះបី​ជា​សភា​បាន​អនុម័តច្បាប់​ថ្មីមួយ​កាល​ពី​សប្តាហ៍​មុន​យ៉ាងណា​ក៏ដោយ​ ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អំពី​វិធីសាស្ត្រ​ថា​តើ​លោក​នឹង​សម្រេច​បាន​តាម​វិធី​ណា​នោះ​ទេ៕

XS
SM
MD
LG