ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​ជើងទឹក​អង់គ្លេស​និយាយ​ថា ​ខ្លួន​បាន​រឹបអូស​មីស៊ីល​អ៊ីរ៉ង់​ដែល​រត់ពន្ធ


រូបភាពផែនទីនៃប្រទេសអ៊ីរ៉ង់
រូបភាពផែនទីនៃប្រទេសអ៊ីរ៉ង់

កង​ទ័ព​ជើង​ទឹក​របស់​ចក្រភព​អង់គ្លេស​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​នាវា​ចម្បាំងរបស់​ខ្លួន​បាន​រឹបអូស​អាវុធ​អ៊ីរ៉ង់​ រួមទាំង​កាំជ្រួច​មីស៊ីល​បាញ់ពី​ដី​ទៅ​អាកាស ​និង​ម៉ាស៊ីន​សម្រាប់​កាំជ្រួច​រត់តាម​គន្លង​បញ្ជា។ ​នេះ​ជា​ការ​រឹបអូស​ពី​អ្នក​រត់ពន្ធ​ក្នុង​ដែនទឹក​អន្តរជាតិ​នៅ​ភាគ​ខាងត្បូង​ប្រទេស​អ៊ីរ៉ង់​នៅ​ដើម​ឆ្នាំ​នេះ។​ នេះបើតាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters។

ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ពី​នាវា​ចម្បាំងHMS Montroseរបស់​អង់គ្លេស​បាន​ប្រទះ​ឃើញ​ទូក​ល្បឿន​លឿន​កំពុង​ធ្វើ​ដំណើរ​ចេញ​ពីឆ្នេរសមុទ្រ​អ៊ីរ៉ង់​នៅ​ថ្ងៃទី​ ២៨​ ខែ​មករា​ និង​ថ្ងៃ​ទី ២៥​ ខែ​កុម្ភៈ ហើយ​កញ្ចប់​រាប់​សិប​ដែល​មាន​អាវុធ​ទំនើបៗ​ត្រូវ​បាន​រឹបអូស។ ​នេះបើតាម​សេចក្តី​ថ្លែង​ការណ៍​របស់​កងទ័ព​ជើងទឹក​អង់គ្លេស ​Royal Navy។​

សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា៖ «កញ្ចប់​ដែល​រឹបអូស​បាន​ ហើយ​ដែល​ត្រូវ​បាន​ប្រគល់​ឱ្យ​ចក្រភព​អង់គ្លេស​សម្រាប់​ការ​វិភាគ​បច្ចេកទេស​នោះ​ បាន​បង្ហាញ​ថា ​ការដឹក​ជញ្ជូន​នោះ​មាន​ម៉ាស៊ីន​រ៉ុក្កែត​ជាច្រើន​សម្រាប់​អ៊ីរ៉ង់​ផលិត​កាំជ្រួច​វាយ​ប្រហារ​លើដី​តាម​គន្លង​បញ្ជា​ចំនួន​ ៣៥១​ គ្រឿង​ និង​កាំជ្រួច​បាញ់​ពី​ដី​ទៅ​អាកាស​ចំនួន​ ៣៥៨​ គ្រឿង»។​

សេចក្តី​ថ្លែង​ការណ៍​មិន​បាន​និយាយ​ថា ​កាំជ្រួច​នោះ​ត្រូវ​គេដឹក​ទៅ​ណា​ទេ ​ក៏ប៉ុន្តែ​បាន​និយាយ​ថា​ ប្រភេទ​កាំជ្រួច​ចំនួន​ ៣៥១ ​គ្រឿង​ដែល​មាន​វង់​ប្រតិបត្តិការ​ចម្ងាយ​ ១.០០០​គីឡូម៉ែត្រ​នោះ ត្រូវ​បាន​ប្រើ​ជា​ញឹកញាប់​ដោយ​ក្រុម​ Houthi ​នៅ​ប្រទេស​យេម៉ែន​ ដើម្បី​វាយ​ប្រហារ​អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាត​អារ៉ាប់រួម។​

លោក​វរសេនីយ៍​ឯក ​Joseph Buccino ​អ្នក​នាំ​ពាក្យ​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា ​និង​អាស៊ី​កណ្ដាល​ បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «សកម្មភាព​នេះ​បង្ហាញ​ថា ​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​មានអំពើ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ និង​គឃ្លើន​របស់​អ៊ីរ៉ង់​ដែល​មិន​មាន​ការ​ត្រួត​ពិនិត្យ​លើ​ដី ​ក្នុង​សមុទ្រ ​និង​ក្នុង​អាកាស​នោះ​ទេ»។​

រដ្ឋាភិបាល​អ៊ីរ៉ង់​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។​ វីអូអេ​បាន​ព្យាយាម​ទាក់ទង​មន្ត្រី​ Houthi​ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ ប៉ុន្តែ​មិន​ទាន់​អាច​ទាក់ទង​បានភ្លាមៗ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG