ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការពារ​ជាតិ​អង់គ្លេស​ថា ការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ទំនង​នឹង​កើនឡើង


ទាហាន​អ៊ុយក្រែន​នៃ​កងពលតូច​ទ័ព​អាកាស ៩៥ តម្រង់​បាញ់​ឆ្ពោះ​ទៅកាន់​ទីតាំង​រុស្ស៊ី​នៅ​ជួរមុខក្បែរ​ក្រុង Kreminna ប្រទេស​អ៊ុយក្រែន ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។
ទាហាន​អ៊ុយក្រែន​នៃ​កងពលតូច​ទ័ព​អាកាស ៩៥ តម្រង់​បាញ់​ឆ្ពោះ​ទៅកាន់​ទីតាំង​រុស្ស៊ី​នៅ​ជួរមុខក្បែរ​ក្រុង Kreminna ប្រទេស​អ៊ុយក្រែន ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។

បន្ទាប់ពី​រលក​នៃ​ការវាយប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​ដែល​រុស្ស៊ី​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន​មក ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​ប្រាប់​ឱ្យ​ដឹង​ថ្ងៃ​សុក្រ​នេះ​ថា ការវាយ​ប្រហារ​បែប​នេះ​ទំនង​នឹង​កើនឡើង។

ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​ឱ្យ​ដឹង​ទៀត​ថា ​រុស្ស៊ី​ត្រូវការ​ពេលវេលា«ដើម្បី​ស្តុកទុក​កាំជ្រួច​មីស៊ីល​ដែល​ទើប​ផលិត​ថ្មីៗ​មកពី​ឧស្សាហកម្ម ​មុនពេល​ខ្លួន​អាច​ផ្តល់​ធនធាន​ធ្វើ​ការវាយ​ប្រហារ​ធំ​ល្មម​គ្រប់គ្រាន់​ ដើម្បី​ទប់ទល់​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​អ៊ុយក្រែន​បាន»។

រុស្ស៊ី​បាន​ចាប់ផ្តើម​វាយ​ប្រហារ​កាំជ្រួច​មីស៊ីល​ហ្វូង​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏៦នាក់​ដែរ​ និង​ធ្វើ​ឱ្យ​មនុស្ស​រាប់​សែន​នាក់​ទៀត​គ្មាន​ថាមពល​កំដៅ​និង​អគ្គីសនី​ប្រើប្រាស់។

នេះ​ជាការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​មួយទៅលើ​អ៊ុយក្រែន​នៅ​ក្នុង​ពេល៣សប្តាហ៍​កន្លងទៅ ខណៈ​ពេលកងទ័ព​អ៊ុយក្រែន​និយាយ​ថា​ ពួកគេ​បាន​បាញ់​ទម្លាក់​កាំជ្រួច​មីស៊ីល៣៤គ្រាប់​ក្នុង​ចំណោម​កាំជ្រួច​មីស៊ីល​ទាំង​អស់៨១គ្រាប់​ដែល​រុស្ស៊ី​បាន​បាញ់​ ដែល​ជា​ចំនួន​តិចជាង​កាលពី​ពេល​មុន​ និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូន​ដែល​ធ្វើ​នៅ​ប្រទេស​អ៊ីរ៉ង់​ចំនួន៤គ្រឿង។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodomyr Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ថ្ងៃ​របស់​លោក​ថា «មិន​ថា​តើ​សកម្មភាព​របស់​រុស្ស៊ី​ប្រកប​ដោយ​គ្រោះថ្នាក់​យ៉ាង​ណា​នោះទេ រដ្ឋ​និង​ប្រជា​ពលរដ្ឋ​របស់​យើង​នឹង​មិន​ចុះញ៉ម» នោះ​ឡើយ។

លោក​ប្រធានាធិបតី​ក៏​មាន​ប្រសាសន៍​ដែរ​ថា ​លោក​បាន​ជួប​ជាមួយ​សមាជិក​គណៈកម្មាធិការ​វប្បធម៌​របស់​អ៊ុយក្រែន ​ដើម្បី​ពិភាក្សា​រកមធ្យោបាយ​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​វប្បធម៌​អ៊ុយក្រែន​ដើម្បី​ទាក់ទង​ជាមួយ​ពិភពលោក ​ដើម្បី​ឱ្យ​បាន​ទទួល​ការគាំទ្រ​សម្រាប់​អ៊ុយក្រែន។

លោក​និយាយ​ទៀត​ថា «វិស័យ​ការទូត​ សារព័ត៌មាន​និង​វប្បធម៌​ ជា​វិស័យ៣ ដែល​ត្រូវ​ខិតខំ​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើឱ្យ​ពិភពលោក​យល់​ពី​ការតស៊ូ​របស់​យើង​ហើយ​នឹង​ជួយ​យើង»។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​ថា​ ការវាយ​ប្រហារ​ជា​ការសងសឹក​ចំពោះ​ការវាយ​ប្រហារ​កាលពីពេល​ថ្មីៗនេះ​ទៅលើ​តំបន់ Bryansk ភាគ​ខាង​លិច​ប្រទេស​រុស្ស៊ី​ ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ចោទប្រកាន់​ថា​ ជាការធ្វើ​វិទ្ធង្សនា​របស់​អ៊ុយក្រែន។ អ៊ុយក្រែន​បាន​បដិសេធ​ការ​អះអាង​នេះ​ ហើយ​បាន​ព្រមាន​ថា​ រដ្ឋាភិបាល​ក្រុង​មូស្គូ​អាច​ប្រើ​ការចោទប្រកាន់​ទាំង​នេះ​ដើម្បីធ្វើ​ជា​ហេតុផល​ក្នុងការ​បង្កើន​ការវាយប្រហារ​របស់​ខ្លួន៕

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press ទីភ្នាក់ងារ​ព័ត៌មាន Agence France-Presse និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG