ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្នើ​របស់​អ៊ុយក្រែន​ឱ្យ​កូរ៉េ​ខាងត្បូង​ផ្ដល់​សព្វាវុធ​ដល់​ខ្លួន​នៅតែ​ជួប​ការ​លំបាក


រូបឯកសារ៖ រថក្រោះ​ប្រភេទ Army K2 របស់​កូរ៉េខាងត្បូង​បាញ់​គ្រាប់​ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​កន្លែង​ហ្វឹកហ្វឺន​មួយ​ក្នុង​ទីក្រុង Pocheon ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២។
រូបឯកសារ៖ រថក្រោះ​ប្រភេទ Army K2 របស់​កូរ៉េខាងត្បូង​បាញ់​គ្រាប់​ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​កន្លែង​ហ្វឹកហ្វឺន​មួយ​ក្នុង​ទីក្រុង Pocheon ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២។

ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​ទីក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​លោក Dmytro Ponomarenko បាន​ប្រាប់ VOA ថា ប្រទេស​កូរ៉េ​ខាង​ត្បូង​គួរតែ​គាំទ្រ​ឱ្យ​បាន​ច្បាស់លាស់​ជាង​មុន​នូវ​ការ​វាយ​ប្រយុទ្ធ​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ដោយ​លោក​បាន​ជំរុញ​ជា​ថ្មី​ឱ្យ​កូរ៉េ​ខាង​ត្បូង​ផ្ដល់​សព្វាវុធ​ដល់​ខ្លួន​ដែល​សព្វាវុធ​ទាំង​នោះ​អាច​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ជួយ​អ៊ុយក្រែន​ដណ្ដើម​មក​វិញ​នូវ​ដែនដី​ដែល​បាន​បាត់បង់។

នៅ​ក្នុង​សារ​ឆ្លើយឆ្លង​ទៅ​វិញ​ទៅ​មក​ជាមួយ​នឹង VOA លោក​ឯកអគ្គរដ្ឋទូត Ponomarenko បាន​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​ជំនួយ​មនុស្សធម៌​ដែល​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​ផ្ដល់​ដល់​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​បាន​សង្កត់ធ្ងន់​ថា​អ៊ុយក្រែន​នៅតែ «ត្រូវការ​យ៉ាង​ខ្លាំង» នូវ​សព្វាវុធ​ធុន​ធ្ងន់​ដែល​កូរ៉េ​ខាងត្បូង​អាច​ផ្ដល់​ជូន​បាន។

លោក Ponomarenko ថ្លែង​ដូច្នេះ​ថា៖ «ជា​រឿង​ដ៏​គួរ​ឱ្យ​សោកស្ដាយ​ដែល​កូរ៉េ​ខាងត្បូង​នៅតែ​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ផ្ដល់​ឱ្យ​ទាហាន​របស់​យើង​នូវ​សព្វាវុធ​ដែល​ពួកគេ​ត្រូវការ​នៅ​សមរភូមិ​មុខ»។

ចាប់​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ជាង​មួយ​ឆ្នាំ​មុន​មក អ៊ុយក្រែន​បាន​ធ្វើការ​អង្វរ​ជា​សាធារណៈ​ជា​ទៀងទាត់​ឱ្យ​កូរ៉េ​ខាងត្បូង​ផ្ដល់​សព្វាវុធ​ដល់​ខ្លួន។ ប៉ុន្តែ ស្ថានការណ៍​គឺ​កាន់តែ​បន្ទាន់​ឡើង ដោយសារតែ​រុស្ស៊ី​បាន​រុល​ទៅ​មុខ​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ដែល​នៅ​ទីនោះ​ភាគី​ទាំង​ពីរ​កំពុង​មាន​បញ្ហា​កង្វះ​គ្រាប់​រំសេវ។

លោក Ponomarenko បញ្ជាក់​ដូច្នេះ​ថា៖ «យើង​ត្រូវការ​ការ​ផ្ដល់​ជូន​ដោយ​គ្មាន​ការ​បង្អាក់​និង​ទាន់​ពេល​វេលា​នូវ​រថពាស​ដែក​ធុន​ធ្ងន់ កាំភ្លើង​ធំ ប្រព័ន្ធ​ការពារ​ដែន​អាកាស គ្រាប់​រំសេវ និង​យុទ្ធោបករណ៍​ដែល​មាន​កម្រិត​ត្រូវ​តាម​ស្ដង់ដារ​របស់​អង្គការ​អូតង់ (NATO) ដើម្បី​អាច​បន្ត​កិច្ច​ប្រតិបត្តិការ​ទប់ទល់​នឹង​ការ​វាយលុក​របស់​រុស្ស៊ី​បាន»។

កូរ៉េ​ខាងត្បូង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​នាំចេញ​សព្វាវុធ​ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក ហើយ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ភ្ជាប់​ខ្លួន​កាន់តែ​ជិត​ជាមួយ​នឹង​ក្រុម​បស្ចិម​ប្រទេស។ ប៉ុន្តែ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​មិន​បាន​យល់ព្រម​ចំពោះ​ការ​លក់​ឬ​ក៏​ការ​បរិច្ចាគ​សព្វាវុធ​ដល់​អ៊ុយក្រែន​ទេ ដោយ​យោង​លើ​ច្បាប់​ក្នុង​ប្រទេស​ដែល​ដាក់​កំហិត​តឹងតែង​លើ​ការ​បញ្ជូន​សព្វាវុធ​ទៅ​កាន់​តំបន់​សង្គ្រាម។

ប៉ុន្តែ ក្នុង​ពេល​កន្លង​មក កូរ៉េ​ខាងត្បូង​បាន​បញ្ជូន​ឱ្យ​អ៊ុយក្រែន​នូវ​ជំនួយ​យោធា​ដែល​មិន​មែន​ជា​សព្វាវុធ​ដូចជា​អាវក្រោះ មួក​ការពារ និង​គ្រឿង​បរិក្ខារ​ពេទ្យ​ជាដើម។ កាលពី​ពេល​ថ្មីៗ​នេះ កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​អំពី​ផែនការ​នៅ​ក្នុង​ការ​បញ្ជូន​ឱ្យ​អ៊ុយក្រែន​នូវ​ជំនួយ​មនុស្សធម៌​ចំនួន ១៣០ លាន​ដុល្លារ​បន្ថែម​ពី​លើ​ជំនួយ​មនុស្សធម៌​ចំនួន ១០០ លាន​ដុល្លារ​ដែល​ខ្លួន​បាន​បញ្ជូន​ឱ្យ​អ៊ុយក្រែន​កាលពី​ឆ្នាំ​មុន។

លោក Ponomarenko បាន​ជំរុញ​ឱ្យ​កូរ៉េ​ខាងត្បូង​ផ្ដល់​ជំនួយ​ជា​សព្វាវុធ ដោយ​បាន​និយាយ​ថា​ការ​ផ្ដល់​សព្វាវុធ​នេះ​គឺ​ស្រប​តាម​ឧត្តមគតិ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ឋានៈ​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​នាម​ជា «ប្រទេស​ដ៏​សំខាន់​អស្ចារ្យ​មួយ​នៅ​លើ​ពិភពលោក»។

លោក Ponomarenko បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ការ​ចៀសវាង​មិន​ធ្វើ​ការ​សម្រេច​ចិត្ត​និង​ការ​ធ្វើ​ពុត​ជា​អព្យាក្រឹត្យ​មិន​បាន​ជួយ​ដល់​អ្នក​ដែល​បាន​ជ្រើសរើស «ផ្លូវ» ដូច​នេះ ឬ​ក៏​មិន​បាន​ជួយ​ដល់​បុព្វហេតុ​នៃ​សន្តិភាព​ទាំងមូល​នោះ​ទេ»។

ការ​ដាក់​សម្ពាធ​ឱ្យ​កូរ៉េ​ខាងត្បូង​ធ្វើ​បន្ថែម​ទៀត​នេះ​គឺ​មាន​កម្រិត​កាន់តែ​ខ្លាំងក្លា​ឡើង​នៅ​ពេល​ដែល​ក្រុម​បស្ចិម​ប្រទេស​ប្រឹងប្រែង​ដើម្បី​ផលិត​កាំភ្លើង​ធំ​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​អ៊ុយក្រែន។ កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ប្រទេស​ផ្គត់ផ្គង់​សព្វាវុធ​ដ៏​ទំនង​ឥតខ្ចោះ​មួយ ដោយសារតែ​កិត្តិនាម​របស់​ខ្លួន​ក្នុង​ការ​បញ្ជូន​ដល់​គោលដៅ​យ៉ាង​លឿន​នូវ​សព្វាវុធ​ដែល​មាន​គុណភាព​ខ្ពស់​និង​តម្លៃ​ថោក។

ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​សេអ៊ូល​កាលពី​ខែ​មករា អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​ជំរុញ​ប្រទេស​កូរ៉េ​ខាងត្បូង​ឱ្យ «បង្កើន» ជំនួយ​យោធា​ដល់​ប្រទេស​អ៊ុយក្រែន ដោយ​លោក​បាន​កត់​សម្គាល់​ថា​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​បាន​កែប្រែ​គោល​នយោបាយ​នាំចេញ​សព្វាវុធ​របស់​ខ្លួន​បន្ទាប់ពី​មាន​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​មក។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ស្ដីពី​ខួប​មួយ​ឆ្នាំ​នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​គាំទ្រ​ការ​អំពាវនាវ​របស់​លោក Stoltenberg ដែល​ចង់​ឱ្យ​ប្រទេស​កូរ៉េ​ខាងត្បូង​ផ្ដល់​សព្វាវុធ​ដល់​អ៊ុយក្រែន។

ប៉ុន្តែ ឧបសគ្គ​ដ៏​ធំ​បំផុត​មួយ​ចំពោះ​ការ​ផ្ដល់​សព្វាវុធ​របស់​កូរ៉េ​ខាង​ត្បូង​ដល់​អ៊ុយក្រែន​គឺ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ផ្ទាល់។

ពលរដ្ឋ​កូរ៉េ​ខាងត្បូង​តែ ១៥% ប៉ុណ្ណោះ​ដែល​គាំទ្រ​ឱ្យ​មាន​ការ​បញ្ជូន​សព្វាវុធ​ឱ្យ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន Gallup Korea កាលពី​ខែ​មិថុនា​ឆ្នាំ​មុន។

អ្នក​រិះគន់​ខ្លាំងក្លា​ជា​ច្រើន​នៅ​រដ្ឋសភា​ជាតិ​កូរ៉េ​ខាង​ត្បូង​លើ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk Yeol មាន​ក្ដី​បារម្ភ​អំពី​ការ​ពាក់ព័ន្ធ​របស់​កូរ៉េ​ខាងត្បូង​ជាមួយ​នឹង​អ៊ុយក្រែន។

នៅ​ពេល​ដែល​លោក Zelenskyy ថ្លែង​សុន្ទរកថា​កាលពី​ខែ​មេសា​ឆ្នាំ​មុន​ទៅ​កាន់​រដ្ឋសភា​កូរ៉េ​ខាងត្បូង​ដើម្បី​ស្នើ​សុំ​ជំនួយ​បន្ថែម​ទៀត​ពី​កូរ៉េ​ខាងត្បូង គេ​ឃើញ​មាន​សមាជិក​សភា​ប្រហែល​តែ ៦០ នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម ៣០០ នាក់​ដែល​បាន​ចូលរួម ដោយ​ក្នុង​នោះ​សមាជិក​សភា​ខ្លះ​បាន​ចាកចេញ​ពី​សាល​ប្រជុំ​ក្នុង​អំឡុង​ពេល​លោក Zelenskyy ថ្លែង​សុន្ទរកថា។

មន្ត្រី​ការទូត​ម្នាក់​ប្រចាំ​នៅ​ទីក្រុង​សេអ៊ូល​មកពី​ប្រទេស​ជា​សមាជិក​មួយ​របស់​អង្គការ​អូតង់​បាន​ប្រាប់ VOA ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ខែ​កុម្ភៈ​ថា លោក​មិន​រំពឹង​ថា​នឹង​មាន​ការ​ប្រែប្រួល​ធំ​ដុំ​ណា​មួយ​ពី​កូរ៉េ​ខាង​ត្បូង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ទេ៕


ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG