ប្រេសិតពិសេសទទួលបន្ទុកផ្នែកពាណិជ្ជកម្មរបស់ប្រទេសអង់គ្លេសគឺលោក David Puttnam បានប្រាប់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ថា ការប្រែប្រួលសភាពការណ៍នៅប្រទេសអង់គ្លេស មិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងអង់គ្លេសនិងកម្ពុជាទេ។ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ច យល់ថា កម្ពុជានឹងខាតបង់ថវិកា ប្រសិនជាអង់គ្លេសកំណត់ពន្ធនាំចូលពីកម្ពុជាខ្ពស់ជាងមុន។
ប្រេសិតពាណិជ្ជកម្មអង់គ្លេស Lord David Puttnam លើកឡើងថា ការប្រែប្រួលសភាពការណ៍នៅចក្រភពអង់គ្លេស ក្រោយអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប នឹងមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងចក្រភពអង់គ្លេសនិងកម្ពុជានោះទេ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ដែលថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចពិភាក្សាផ្លូវការជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅទីស្ដីការក្រសួងនាព្រឹកថ្ងៃអង្គារនេះ។
«គាត់ថាសារដែលគាត់ជម្រាបជូននៅពេលនេះគឺការប្រែប្រួលសភាពការណ៍ ដែលមានការផ្លាស់ប្តូរ។ សភាពការណ៍នៅអង់គ្លេសហ្នឹង នឹងមិនមានផលអ្វីប៉ះពាល់ដល់ទំនាក់ទំនងទ្វេរភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើយ»។
ជំនួបផ្លូវការនេះធ្វើឡើង ក្នុងអំឡុងទស្សនកិច្ចរបស់ Lord David Puttnam នៅក្នុងប្រទេសកម្ពុជា ជាច្រើនខែ ក្រោយពីប្រជារាស្ត្ររបស់ចក្រភពអង់គ្លេស ធ្វើប្រជាមតិ បោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប កាលពីខែកុម្ភៈ ឆ្នាំ២០១៦។
លោក ជុំ សុន្ទរី បន្ថែមថា Lord Puttnam កត់សំគាល់ពីការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
Lord Puttnam ប្រេសិតពាណិជ្ជកម្មអង់គ្លេស បដិសេធសុំមិនធ្វើកិច្ចអធិប្បាយចំពោះសំនួរអ្នកសារព័ត៌មាននោះទេ ក្រោយបញ្ចប់ការប្រជុំនាព្រឹកមិញនេះដោយលោកអះអាងថាលោកជាប់រវល់។
ប្រជារាស្ត្រអង់គ្លេស បានបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុបនា ខែកុម្ភៈ ឆ្នាំ២០១៦ ដោយហេតុផលសេដ្ឋកិច្ចរបស់អង់គ្លេសក្នុងតំបន់អឺរ៉ុប កំណើនជនចំណាកស្រុកមកដណ្ដើមការងារក្នុងចក្រភពអង់គ្លេស ការគំរាមកំហែងលើអធិបតេយ្យភាពរបស់អង់គ្លេសពីអំណាចនីតិប្រតិបត្តិ ឬហៅម្យ៉ាងទៀតថា គណៈកម្មការអឺរ៉ុបនៅក្នុងទីក្រុងប្រ៊ុចសែល (Brussels) ប្រទេសប៊ែលហ្ស៊ិក (Belgium)។
យ៉ាងណាក៏ដោយ ប្រទេសអង់គ្លេសនឹងត្រូវប្រើពេលពីរឆ្នាំ សម្រាប់ការចរចាជាមួយប្រទេសសមាជិកនៃសហភាពអឺរ៉ុបលើប្រធានបទជាច្រើន។ នេះបើតាមមាត្រា៥០នៃសន្ធិសញ្ញាទីក្រុង Lisbon (Treaty of Lisbon) ក្នុងប្រទេសព័រទុយហ្គាល់ ដែលនិយាយពីដំណើរការនៃការចាកចេញរបស់រដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប។
លោកស្រី សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា ប្រាប់ VOA ថា ការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស នឹងមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា និងអង់គ្លេសទេ។
ទោះជាយ៉ាងណាលោកស្រី បញ្ជាក់ថា កម្ពុជា អាចនឹងត្រូវធ្វើការងារច្រើនជាងមុនជាមួយសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។
«យើងអាចមានធ្វើការងារទ្វេដង ពីព្រោះអីពីមុនយើងទៅសហគមន៍អឺរ៉ុប ទៅតែមួយទៅ យើងអាចទៅគ្រប់ប្រទេសដែលជាសមាជិក ប៉ុន្តែដល់ពេល UK ដកខ្លួនចេញពីសហគមន៍អឺរ៉ុប យើងត្រូវញែកការងារមួយសម្រាប់ UK មួយសម្រាប់អឺរ៉ុប វាទៅជាការងារពីរ។ វាអាចជាបន្ទុកការងារថែម ប៉ុន្តែបើនិយាយពីផលនៃទំនាក់ទំនង ឬចរាចរណ៍ទំនិញអី វាអាចអត់ប៉ះពាល់មែន ប៉ុន្តែការងារយើងអាចធ្វើច្រើនជាងមុន»។
ដោយឡែក លោក តេង ដឺលុច សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច ប្រាប់VOAថាការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស នឹងតម្រូវឲ្យកម្ពុជារៀបចំការចរចាពាណិជ្ជកម្មទ្វេភាគីថ្មីមួយជាមួយចក្រភពអង់គ្លេស។
លោកបន្ថែមថា ការចរចាពាណិជ្ជកម្មទ្វេភាគីថ្មី នឹងត្រូវចំណាយពេលពេលវេលាយូរ និងអាចប៉ះពាល់ដល់កម្ពុជា ប្រសិនជាការកំណត់ពន្ធនាំចូលពីកម្ពុជាខ្ពស់ជាងពេលដែលចក្រភពអង់គ្លេសនៅជាសមាជិកសហភាពអឺរ៉ុប។
«វាអាចនឹងមានករណីអាក្រក់ជាងហ្នឹងកើតឡើង ដោយសារតែយើងដឹងស្រាប់ហើយថា ក្នុងស្ថានភាពរបស់កម្ពុជាក្នុងកិច្ចព្រមព្រៀងលក្ខខណ្ឌនៃការនាំចេញក្រៅលើអ្វីៗគ្រប់យ៉ាងក្រៅពីអាវុធហ្នឹង គឺកម្ពុជាអត់មានបង់ពន្ធអីទេ អញ្ចឹងវាជាផលចំណេញ។ ប៉ុន្តែបើសិនជាអង់គ្លេសចាកចេញ ហើយគាត់ទាមទារលក្ខខណ្ឌអីថ្មីមួយទៅ ឬក៏ការយកពន្ធ ឬលើកលែងពន្ធ ប៉ុន្តែមានដែនកំណត់ណាមួយ អញ្ចឹងវាប្រាកដជាប៉ះពាល់»។
បើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស បានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺកើនឡើងពីជាង៧០០លានដុល្លារនៅឆ្នាំ២០១៣ មកជាង៨០០លានដុល្លារអាមេរិក នៅឆ្នាំ២០១៤ នឹងប្រហែល ១ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០១៥។
ក៏ប៉ុន្តែការនាំចេញសរុបរបស់កម្ពុជា ទៅកាន់ចក្រភពអង់គ្លេសនៅឆ្នាំ២០១៤មានត្រឹមតែប្រមាណ ៥៦លានដុល្លារអាមេរិកតែប៉ុណ្ណោះ៕