[កំណត់និពន្ធ៖ លោក Keith Richburg ជានាយកមជ្ឈមណ្ឌលសិក្សាប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន នៅសាកលវិទ្យាល័យហុងកុង (University of Hong Kong)។ លោកបានចំណាយពេលច្រើនជាងពីរទសវត្សរ៍ ធ្វើជាអ្នកឆ្លើយឆ្លងព័ត៌មានបរទេសសម្រាប់កាសែតWashington Post ដែលឆ្លើយឆ្លងព័ត៌មាននៅអាហ្វ្រិក អឺរ៉ុប ចិន និងអាស៊ីអាគ្នេយ៍។ លោកបានធ្វើទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ១៩៨៦ ក្នុងពេលដែលលោកឈរជើងនៅក្នុងក្រុងម៉ានីល។ ក្នុងនាមជាអ្នកកាសែតម្នាក់ លោក Richburg បានរាយការណ៍ព័ត៌មានយ៉ាងច្រើនពីសហភាពអឺរ៉ុប និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយក៏បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១ បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកប្លុកមួយនេះក្នុងឆ្នាំ១៩៩៩។ នៅក្នុងបទសម្ភាសន៍មួយតាមទូរស័ព្ទក្នុងពេលថ្មីៗនេះ នាង ហឿន សុភ័ក្រ្ត នៃ VOA បានសាកសួរអ្នកកាសែតចូលនិវត្តន៍រូបនេះ អំពីមេរៀនដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អាចរៀនសូត្រពីការសម្រេចចិត្តដ៏សំខាន់មួយរបស់ប្រទេសអង់គ្លេស ដែលបានចាកចេញពីសហភាពអឺរ៉ុបតាមរយៈការធ្វើប្រជាមតិកាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅនេះ។ បទសម្ភាសន៍រយៈពេលវែងនេះមានសេចក្តីលម្អិតដូចខាងក្រោម។]
តាមរយៈបទពិសោធន៍របស់លោកក្នុងការយកព័ត៌មានទាំងក្នុងតំបន់អឺរ៉ុប និងអាស៊ី តើលោកមានគំនិតយ៉ាងដូចម្តេចអំពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប?
រឿងដែលគួរឲ្យចាប់អារម្មណ៍គឺថា នៅពេលដែលខ្ញុំយកព័ត៌មានពីសហភាពអឺរ៉ុប ខ្ញុំតែងតែគិតថា មានអ្វី ម្យ៉ាងដែលខ្ញុំហៅថា ឱនភាពនៃប្រជាធិបតេយ្យ។ វាហាក់ដូចជាមានការខ្វះខាតការគាំទ្រលើគោលនយោបាយផង ឬក៏ខ្វះការគាំទ្រពីប្រជាពលរដ្ឋទូទៅផង លើទំនោរដែលមិនស្រាកស្រាន្តទៅរកសមាហរណកម្មសហភាពអឺរ៉ុប ឬក៏ឆ្ពោះទៅរកការបោះបង់អធិបតេយ្យភាពរបស់ប្រទេសជាសមាជិកនីមួយៗបន្ថែមទៀត ដែលការណ៍នេះ រឹតតែប្រគល់អំណាចបន្ថែមទៀតទៅក្នុងដៃស្ថាប័នលើថ្នាក់ជាតិនៃសហភាពមួយនេះ ដែលមានទីតាំងក្នុងរដ្ឋធានី Brussel គឺសហភាពអឺរ៉ុបនេះឯង។
នៅពេលខ្ញុំមកកាន់តំបន់អាស៊ីអាគ្នេយ៍ជាលើកដំបូង ចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩០ និងមកលើកទី២ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០០។ ខ្ញុំបានរាយការណ៍ព័ត៌មានកាន់តែច្រើនបន្ថែមទៀតពីអាស៊ាន នៅពេលសមាគមនេះបានបញ្ចូលសមាជិកថ្មីបន្ថែម គឺវៀតណាម កម្ពុជា ឡាវ និងភូមា។ ពេលនោះ ខ្ញុំតែងគិតថា អាស៊ានធ្វើដំណើរយឺតខ្លាំងណាស់បើប្រៀបធៀបទៅនឹងសហភាពអឺរ៉ុប។ និយាយរួមគឺថា អាស៊ានគ្រាន់តែជាកន្លែងចរចាច្រើនជាងសកម្មភាព។ សមាគមនេះបានត្រឹមតែនិយាយច្រើន ប៉ុន្តែមិនបានធ្វើច្រើននោះទេ ដោយសារសមាគមនេះជឿថា គ្រប់យ៉ាងត្រូវតែធ្វើឡើងតាមរយៈមតិឯកច្ឆន្ទរបស់សមាជិកអាស៊ានទាំងអស់ ដែលគ្រប់យ៉ាងមិនអាចសម្រេចបានលឿននោះទេ។
ដល់ពេលខ្ញុំត្រឡប់មកអ៊ឺរ៉ុបវិញ ហើយក្រឡេកទៅមើលអាស៊ាន វិភាគស្ថានភាពម្តងទៀត ទើបខ្ញុំយល់ថា ក្រុមប្រជាជាតិអាស៊ីទាំងអស់នេះ ប្រហែលជាធ្វើរឿងត្រឹមត្រូវវិញ ព្រោះខ្ញុំគិតថា ដោយសារតែភាពមិនតក់ក្រហល់ក្នុងការធ្វើសមាហរណកម្មនយោបាយ និងការមិនបោះបង់អធិបតេយ្យភាពនៃប្រទេសនីមួយៗនោះហើយ ដែលអាចបង្កភាពងាយស្រួលបន្តិច ក្នុងការឲ្យប្រជាជនយល់ស្របនឹងគោលការណ៍របស់អាស៊ាន។ ខ្ញុំគិតថា កំហុសមួយក្នុងចំណោមកំហុសទាំងអំបាលម៉ានដែលសហភាពអឺរ៉ុបបានធ្វើ គឺភាពតក់ក្រហល់ឆ្ពោះទៅមុខពេក ហើយបង្ខំប្រទេសជាសមាជិកឲ្យបោះបង់អធិបតេយ្យភាពរបស់ខ្លួនកាន់តែច្រើនទៅៗ ដោយមិនបានធ្វើឲ្យប្រាកដជាមុនថា ពលរដ្ឋនៅក្នុងប្រទេសទាំងនោះបានយល់ព្រមនោះទេ។
វិធីសាស្ត្ររបស់អាស៊ានដែលចំណាយពេលយូរក្នុងការធ្វើអ្វីមួយនោះ ត្រូវបានគេរិះគន់ ដោយគិតថាសមាគមមួយនេះនឹងមិនអាចធ្វើសេចក្ដីសម្រេចនានាបានលឿនទេ។ បញ្ហាជាច្រើន គឺមិនអាចដោះស្រាយបានលឿននៅក្នុងកិច្ចប្រជុំក្នុងនាមជាអាស៊ានបានទេ ដរាបណាប្រទេសសមាជិកណាមួយ ប្រើសិទ្ធិវេតូនូវកិច្ចពិភាក្សាលើបញ្ហានោះ តួយ៉ាងស្ថានភាពរងទុក្ខលំបាករបស់ជនជាតិរ៉ូហ៊ីងយ៉ានៅភូមា ដែលពេលនេះមានប្រទេសសមាជិកមួយ គឺភូមានេះឯងបានប្រើសិទ្ធិវេតូនូវកិច្ចពិភាក្សាលើបញ្ហាហ្នឹង។
ផ្ទុយពីនេះវិញ ខ្ញុំគិតថា សហភាពអឺរ៉ុបតក់ក្រហល់ដើរចូលស្ថានភាពមួយដែលសហភាពនេះបង្ខំប្រទេសជាសមាជិកឲ្យបោះបង់អធិបតេយ្យភាពរបស់ខ្លួន មុនពេលពលរដ្ឋក្នុងប្រទេសទាំងនោះបានត្រៀមខ្លួនរួចរាល់។ ខ្ញុំគិតថា នេះជាចំណែកមួយនៃមូលហេតុដែលធ្វើឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ ពលរដ្ឋអង់គ្លេសជាច្រើនមិនពេញចិត្តនឹងការបញ្ជាពីសហភាពអឺរ៉ុបដែលមានទីស្នាក់ការនៅប្រទេសបែលហ្ស៊ិកនោះទេ។ ពួកគេមិនដែលបោះឆ្នោតបោះបង់អធិបតេយ្យភាពរបស់ប្រទេសគេនោះទេ។ ពួកគេមិនដែលបោះឆ្នោតលើការផ្ដល់សិទ្ធិឲ្យប្រជាជនអឺរ៉ុបផ្សេងទៀតមានសិទ្ធិចូលក្នុងប្រទេសអង់គ្លេសទេ អីចឹងហើយពួកគេតែងតែមានការខឹងសម្បាតិចតួចពេលដែលសហភាពអឺរ៉ុបតម្រូវឲ្យពួកគេគោរពទៅតាមសេចក្ដីសម្រេចនោះ។
តើលោកគិតថា ប្រទេសអ្នកមាននៅអាស៊ានមួយចំនួននឹងមានការខឹងសម្បាបែបនោះដែរឬទេ?
ខ្ញុំគិតថា ប្រទេសអ្នកមានមួយចំនួនអាចមានអារម្មណ៍បែបនេះ ប្រសិនបើពួកគេយល់ថា អាស៊ានព្យាយាមបង្ខំពួកគេឲ្យទទួលយកគោលនយោបាយដែលពួកគេមិនចង់ទទួលយក។ ជាឧទាហរណ៍ ប្រសិនបើប្រទេសអ្នកមាន ដូចជា សិង្ហបុរី ត្រូវបានគេបង្ខំឲ្យទទួលយកលំហូរប្រជាជនដោយសេរី ឲ្យទទួលយកប្រជាជនគ្រប់ប្រភេទពីប្រទេសឥណ្ឌូនេស៊ី ឬពីប្រទេសហ្វីលីពីនដែលពួកគេមិនទាន់ត្រៀមខ្លួនទទួលយកនោះ ប្រទេសអ្នកមាន ដូចជាសិង្ហបុរី ឬម៉ាឡេស៊ី ឬថៃ អាចនឹងមានការខឹងសម្បាតិចតួច ព្រោះពួកគេអាចគិតថា៖ «ហេតុអ្វីបានជាយើងត្រូវទទួលយកប្រជាជនទាំងនោះដែលមិនមានការងារធ្វើពីប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ឬភូមា?»
ដូច្នេះ ខ្ញុំគិតថា ការដែលមិនទាន់មានគោលនយោបាយទាំងនេះ ដូចជាលំហូរប្រជាជនដោយសេរីជាដើម តាមពិតទៅអាស៊ានគឺកំពុងធ្វើខ្លួនឲ្យមានលក្ខណៈរឹងមាំជាងសហភាពអឺរ៉ុប។ ដូច្នេះ បាទ ខ្ញុំគិតថា អាចនឹងមានការខឹងសម្បាបែបនោះដែរ ប៉ុន្តែខ្ញុំគិតថា វាមិនទាន់កើតឡើងនោះទេ ដោយសារតែអាស៊ានមិនទាន់ជាសហគមន៍គ្មានព្រំដែន ដូចសហភាពអឺរ៉ុបនោះទេ។
នៅពេលនេះ លំហូរពលកម្មគឺចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសផ្សេងដូចជាប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី។ តើមានហានិភ័យនៃលំហូរពលកម្មដែលមិនមានតុល្យភាពនៅក្នុងតំបន់អាស៊ានដែរឬទេ?
វាអាចនឹងកើតឡើងបែបនេះដែរ។ ខ្ញុំចង់និយាយថា អ្វីដែលកើតឡើងឥឡូវនេះ តាមដែលខ្ញុំយល់ គឺថា ប្រជាជនកំពុងសម្រុកចេញពីប្រទេសកម្ពុជា ឬភូមា ទៅកាន់ប្រទេសដទៃទៀតដូចជា ប្រទេសថៃ ដោយសារពួកគេត្រូវការការងារធ្វើ។ ពួកគេត្រូវការការងារខាងសំណង់ និងការងារផ្សេងៗទៀត។ ប៉ុន្តែនេះមិនមែនជាលំហូរដោយចំហដូចនៅក្នុងសហភាពអឺរ៉ុបនោះទេ។
ក្នុងប្រព័ន្ធសហភាពអឺរ៉ុប ប្រជាជនក្នុងសហភាពអឺរ៉ុបអាចផ្លាស់ទីពីប្រទេសមួយទៅប្រទេសមួយទៀត ហើយនោះជាអ្វីដែលពលរដ្ឋអង់គ្លេសបោះឆ្នោតប្រឆាំង៖ គំនិតដែលអ្នកណាៗក៏អាចផ្លាស់ទីទៅណាក៏បាន។ ពលរដ្ឋអង់គ្លេស ដែលបានបោះឆ្នោតឲ្យអង់គ្លេសចាកចេញនោះ និយាយថា ពួកគេចង់បានសិទ្ធិ កំណត់ថាអ្នកណាអាចរស់នៅនិងមិនអាចរស់នៅក្នុងប្រទេសរបស់ពួកគេបាន។ ក្នុងនាមជាសមាជិកសហភាពអឺរ៉ុប ពេលខ្លះអង់គ្លេសចាំបាច់ត្រូវតែបដិសេធប្រជាជនមកពីសហរដ្ឋអាមេរិក ឬអូស្ត្រាលី ដែលអាចជាបុគ្គលដែលប្រទេសនេះត្រូវការដោយសារគេមានសញ្ញាបត្រខ្ពស់ ឬជំនាញណាមួយដែលជាប្រយោជន៍ដល់អង់គ្លេស ផ្ទុយទៅវិញពួកគេមិនអាចធ្វើបាន ដោយសារតែអង់គ្លេសមានកាតព្វកិច្ចទទួលយកប្រជាជនពីប្រទេសក្នុងសហភាពអឺរ៉ុប មុនប្រទេសផ្សេងទៀត ។
ខ្ញុំគិតថា រឿងមួយដែលខ្ញុំកំពុងមើលឃើញនៅក្នុងតំបន់អាស៊ានឥឡូវនេះ គឺថាពួកគេកំពុងធ្វើឲ្យអាស៊ានទៅជាតំបន់សេដ្ឋកិច្ចរួមមួយ គឺព្យាយាមបើកចំហនូវលំហូរប្រជាជនដែលជាពលករជំនាញ។ នេះមានន័យថា គណនេយ្យករ ឬអ្នកធ្វើការនៅធនាគារ ឬមនុស្សដែលមានជំនាញកុំព្យូទ័រពិសេសមកពីប្រទេសហ្វីលីពីនអាចផ្លាស់ទី និងទៅធ្វើការនៅក្នុងប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ដូច្នេះ នៅពេលបច្ចុប្បន្ននេះ សមាគមមួយនេះនៅមានលក្ខណៈរឹតត្បិតនៅឡើយ។ ប៉ុន្តែ ខ្ញុំគិតថា ដរាបណាប្រទេសទាំងនេះដូចជាប្រទេសថៃនៅខ្វះខាតកម្លាំងពលកម្ម និងប្រទេសសិង្ហបុរីដែលមានផ្ទៃដីតូចជាងប្រទេសដទៃទៀត ប្រទេសទាំងនេះនៅតែមានឆន្ទៈទទួលយកប្រជាជនថែមទៀត។
ប៉ុន្តែនៅពេលគម្រោងដែលពលករកំពុងធ្វើការនោះបានបញ្ចប់ ពលករទាំងនោះនឹងត្រូវត្រឡប់ទៅផ្ទះវិញ ហើយដូច្នេះខ្ញុំគិតថា នេះគឺជាចំណុចខុសគ្នាមួយ ក្នុងចំណោមចំណុចខុសគ្នាផ្សេងៗទៀតរវាងអាស៊ាន និងសហភាពអ៊ឺរ៉ុប ឥឡូវនេះ។ ខ្ញុំគិតថា មេរៀនមួយដែលអាស៊ានអាចរៀនពីសហភាពអឺរ៉ុប គឺការធ្វើអន្តោប្រវេសន៍ និងការគ្រប់គ្រងព្រំដែន ដែលនេះជារឿងមួយ ប្រទេសណាក៏មិនចង់បោះបង់ដែរ។ ពួកគេចង់មានសិទ្ធិគ្រប់គ្រងថា អ្នកណាអាចចូលមកក្នុងប្រទេសខ្លួនបាន ហើយថាគេអាចស្នាក់នៅរយៈពេលយូរប៉ុន្មាន។
សម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសមានពលករមានជំនាញមិនសូវច្រើននៅឡើយ តើលោកគិតថា សមាហរណកម្មអាស៊ានអាចនឹងក្លាយជាបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចកម្ពុជាដែរឬទេ?
អាចអីចឹងដែរ។ ហើយវាជារឿងដែលគួរតែគិតគូរ។ ឧទាហរណ៍ ប្រសិនបើពលករមានជំនាញទាំងអស់ សម្រេចចិត្តចាកចេញពីប្រទេស នោះប្រទេសដូចជាប្រទេសកម្ពុជា អាចប្រឈមនឹងបញ្ហាជាច្រើន។ ដូច្នេះ ប្រទេសកម្ពុជានឹងច្បាស់ជាត្រូវប្រឈមនឹងលំហូរចេញនៃពលករជំនាញៗ ឬកម្មករជាដើម ដែលចង់ចាកចេញពីប្រទេស ដើម្បីទៅធ្វើការនៅកន្លែងផ្សេង ដោយសារតែប្រាក់ឈ្នួលការងារនៅកន្លែងនោះអាចនឹងខ្ពស់ជាងប្រទេសខ្លួន។ មេរៀនមួយទៀតដែលយើងអាចរៀនពីសហភាពអឺរ៉ុប គឺថាប្រជាជននឹងផ្លាស់ទីលំនៅទៅកន្លែងដែលគេត្រូវការកម្លាំងពលកម្ម កន្លែងដែលសម្បូរការងារច្រើន និងកន្លែងដែលមានផលប្រយោជន៍ខ្ពស់។
ប្រជាជនជាច្រើនក្នុងសហភាពអឺរ៉ុបធ្លាប់ផ្លាស់ទីកន្លែងចូលទៅប្រទេសអង់គ្លេស ដោយសារតែប្រទេសអង់គ្លេសមានសេវាសុខភាពល្អ និងផលប្រយោជន៍ល្អសម្រាប់ជនគ្មានការងារ។ ដូច្នេះ យើងអាចឃើញស្ថានភាពមួយកើតឡើង គឺថាប្រជាជនខ្មែរច្រើនឡើងៗ អាចនឹងចាកចេញពីប្រទេសកម្ពុជា ហើយផ្លាស់ទីកន្លែងទៅប្រទេសមួយទៀតដូចជា ប្រទេសថៃ ឬសិង្ហបុរីជាដើម ប្រសិនបើប្រជាជនខ្មែរទាំងនោះគិតថាប្រទេសទាំងនោះអាចធ្វើឲ្យជីវិតរស់នៅរបស់ពួកគេ ប្រសើរជាងនៅកម្ពុជា។
ប៉ុន្តែបញ្ហាមួយទៀតដែលប្រទេសកម្ពុជាជាអ្នកប្រឈមវិញនោះគឺ ប្រទេសកម្ពុជានឹងប្រឈមជាមួយនឹងកង្វះខាតពលកម្មជំនាញ មិនថាកម្មករ ឬបញ្ញវន្តទេ ដែលពួកគាត់នេះហើយជាមនុស្សដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសដើរទៅមុខ និងជាមនុស្សដែលនឹងធ្វើឲ្យកុំព្យូទ័រមានដំណើរការ។ អ្នកច្បាស់ជាមិនចង់ឲ្យមនុស្សទាំងអស់នោះចាកចេញទៅក្រៅប្រទេសទេ។ ដូច្នេះហើយ ចរន្តនៃកម្លាំងពលកម្មប្រភេទនេះនៅអាស៊ីអាគ្នេយ៍ អាចជាបញ្ហាដ៏ធំមួយ។
ខ្ញុំគិតថាបញ្ហាធំបំផុត គឺ ភាពខុសគ្នានៃប្រាក់ចំណូលរវាងប្រទេសក្រីក្រ ដូចជាប្រទេសកម្ពុជា ឡាវ និងភូមា និងប្រទេសអ្នកមានដូចជា ម៉ាឡេស៊ី ថៃ និងសិង្ហបុរី គឺធំពេក។ នេះហើយជាមូលហេតុដែលអាចជាបញ្ហាដ៏ធំមួយនៅក្នុងតំបន់អាស៊ាន។ អីចឹងហើយ ប្រទេសជាសមាជិក តួយ៉ាងប្រទេសកម្ពុជាអាចនឹងរងគ្រោះ ប្រសិនបើបើកចំហព្រំដែនទាំងស្រុង។
ដូច្នេះ តាមគំនិតរបស់លោក តើប្រទេសកម្ពុជាគួរតែធ្វើអ្វី?
អ្វីដែលប្រទេសកម្ពុជាកំពុងតែធ្វើនៅពេលបច្ចុប្បន្ន គឺមានភាពវ័យឆ្លាតល្អណាស់។ ប្រទេសនេះកំពុងបង្ហាញជំហរថា ខ្លួនគឺជាជម្រើសមួយទៀតក្រៅពីចិន ពីព្រោះប្រាក់ឈ្នួលពលកម្មមានតម្លៃខ្ពស់ខ្លាំងនៅក្នុងប្រទេសចិនឥឡូវនេះ ហើយការចំណាយសម្រាប់ជំនួញនៅក្នុងប្រទេសចិនក៏ខ្ពស់ខ្លាំងដែរ ដែលការណ៍នេះធ្វើឲ្យអ្នកជំនួញជាច្រើនសម្រេចចិត្តងាកមកបង្កើតរោងចក្រវាយនភណ្ឌក្នុងប្រទេសដែលចំណាយដើមទុនតិចជាង ដូចជាប្រទេសកម្ពុជាជាដើម។
រោងចក្រផលិតគ្រឿងអេឡិចត្រូនិកតូចៗជាច្រើនអាចនឹងចំណាយដើមទុនតិចជាង បើបង្កើតនៅប្រទេសកម្ពុជា ជាជាងនៅប្រទេសចិន។ ដូច្នេះ ខ្ញុំគិតថា ការរក្សាប្រាក់ឈ្នួលឲ្យទាប និងការផ្សព្វផ្សាយប្រទេសខ្លួនឯងទៅកាន់ពិភពលោកថា ជាប្រទេសដែលមានតម្លៃពលកម្មថោកជាងប្រទេសចិននោះ នឹងធ្វើឲ្យប្រទេសកម្ពុជាមានភាពរុងរឿងជាងមុនបន្តិច។ ដូច្នេះ នេះជារឿងមួយដែលកម្ពុជាកំពុងតែធ្វើបានយ៉ាងល្អ ហើយអ្នកនឹងចាប់ផ្តើមឃើញ ក្រុមហ៊ុនជាច្រើនផ្លាស់ទីតាំងរោងចក្ររបស់ពួកគេពីភាគខាងត្បូងនៃប្រទេសចិន ទៅប្រទេសកម្ពុជាវិញ។
ទោះយ៉ាងណាក៏ដោយ ខ្ញុំគិតថា រឿងមួយទៀតដែលកម្ពុជាត្រូវធ្វើគឺត្រូវបង្ក្រាប និងដោះស្រាយបញ្ហាអំពើពុករលួយ ដោយសារតែអ្នកជំនួញតែងតែចង់បណ្ដាក់ទុននៅកន្លែងណាមួយដែលពួកគេដឹងថាមិនចាំបាច់ចំណាយប្រាក់ច្រើនក្នុងការសូកប៉ាន់។
ចុះធនធានមនុស្សរបស់ប្រទេសកម្ពុជាវិញយ៉ាងម៉េចដែរ?
ខ្ញុំគិតថា ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា គឺល្អគ្រាន់បើ។ ខ្ញុំគិតថា ប្រជាជនខ្មែជាមនុស្សឧស្សាហ៍ ហើយពួកគេមានភាពវៃឆ្លាតខ្លាំងណាស់។ ប្រជាជនខ្មែរអាចធ្វើការបានយ៉ាងល្អ អីចឹងហើយបានជាពួកគេទាក់ទាញវិនិយោគិនជាច្រើនពីប្រទេសចិន ហើយមនុស្សទូទៅកំពុងចាប់ផ្តើមដឹងថា ពួកគេពិតជាអាចផលិតសម្លៀកបំពាក់ ឬគ្រឿងបន្លាស់អេឡិចត្រូនិកសម្រាប់ដំឡើងទៅជាទូរទស្សន៍ ឬវិទ្យុនៅក្នុងប្រទេសកម្ពុជាបាន ដោយសារតែគុណភាពពលកម្មពិតជាខ្ពស់ណាស់នៅប្រទេសមួយនេះ។
បញ្ហានោះគឺថា ដោយសារតែប្រទេសកម្ពុជាមានប្រវត្តិជាប្រទេសក្រីក្រ ហើយថាប្រជាពលរដ្ឋមិនមានការអប់រំខ្ពស់។ មនុស្សជំនាន់ក្រោយនឹងទទួលបានការអប់រំច្រើនជាងមនុស្សជំនាន់ឥឡូវ។ ហើយឃើញថា វាកាន់តែល្អទៅៗ ពីមួយឆ្នាំ ទៅមួយឆ្នាំ គ្រាន់តែថា វាត្រូវការចំណាយពេលច្រើន។ ប្រទេសកម្ពុជាស្ថិតក្នុងលំដាប់ទាបបំផុតក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ប្រហាក់ប្រហែលនឹងប្រទេសឡាវ និងភូមា ប៉ុន្តែពួកគេត្រូវតែវិនិយោគឲ្យច្រើនជាងនេះ ទៅលើប្រព័ន្ធអប់រំ ដើម្បីឲ្យពលរដ្ឋរបស់ពួកគេបានឈានឡើងទៅដល់មួយកម្រិតទៀត។
ក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន តើលោកគិតថាប្រទេសណាមួយអាចនឹងចាកចេញដូចប្រទេសអង់គ្លេសដែរ?
ប្រទេសដំបូងដែលចង់ចាកចេញ!? នេះជាសំណួរមួយយ៉ាងល្អ។ ខ្ញុំមិនចូលចិត្តធ្វើការទស្សន៍ទាយនោះទេ។ ខ្ញុំអាចនិយាយថា ប្រហែលជាប្រទេសសិង្ហបុរី ដែលយល់ថាខ្លួនមានភាពទាន់សម័យជាងប្រទេសដទៃទៀត និងមានចំណងទាក់ទងច្រើនជាមួយប្រទេសលោកខាងលិច។ ប្រទេសសិង្ហបុរី ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយ។ ពលរដ្ឋប្រទេសនេះមានការអប់រំខ្ពស់ណាស់។
ប្រសិនបើមានលំហូរពលកម្មសេរីនោះវិញ សិង្ហបុរីច្បាស់ជាមានអារម្មណ៍ថាទប់មិនឈ្នះនឹងចំនួនប្រជាជនផ្លាស់ទីលំនៅពីប្រទេសជិតខាងដែលមានចំនួនប្រជាជនច្រើនជាងនោះទេ។ សិង្ហបុរីអាចជាប្រទេសទី១ដែលគិតថា ពួកគេមិនអាចទទួលបានផលប្រយោជន៍ច្រើនពីអាស៊ាន ដូចផលប្រយោជន៍ដែលគេផ្តល់ឲ្យអាស៊ាន។ ប៉ុន្តែខ្ញុំគិតថា អាស៊ានមិនដូចសហភាពអឺរ៉ុបនោះទេ។ សមាគមមួយនេះបានអនុម័តនយោបាយមួយដែលសមាជិកទាំងអស់ត្រូវយល់ព្រម ពោលគឺត្រូវមានការសម្រេចជាឯកច្ឆន្ទ។ ខ្ញុំគិតថា អាស៊ានអាចមានភាពងាយស្រួលក្នុងការធ្វើការងារជាក្រុម៕