លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានមានប្រសាសន៍ថាស.រ.អា.នឹងជួយធ្វើឱ្យប្រាកដប្រជាឱ្យមានសម្ព័ន្ធភាពខ្លាំងមួយរវាងស.រ.អា. ប្រទេសអង់គ្លេស និងសហភាពអឺរ៉ុប នៅក្រោយប្រទេសអង់គ្លេសចាកចេញពីសហភាពនេះដែលមានប្រទេសជាតិ២៨ជាសមាជិក។
លោក Kerry បានមានប្រសាសន៍ថា ស.រ.អា. ពឹងពាក់លើប្រទេសអង់គ្លេសមួយដែលខ្លាំង។ លោកបានមានប្រសាសន៍ដូច្នេះនៅក្នុងសន្និសីទកាសែតរួមគ្នាមួយកាលពីថ្ងៃអង្គារនៅក្នុងក្រុងឡុងដ៍ ជាមួយសមភាគីអង់គ្លេសរបស់លោកគឺលោក Boris Johnson ដែលជារដ្ឋមន្ត្រីការបរទេសអង់គ្លេសទើបបានទទួលការតែងតាំងកាលពីពេលថ្មីៗនេះ។
លោក Kerry បានមានប្រសាសន៍បន្ថែមថា៖ «ប្រទេសអាមេរិកគាំទ្រខាងផ្លូវចិត្តនិងធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីលើកទឹកចិត្តនិងជួយនៅក្នុងការអភិវឌ្ឍន៍នៃអន្តរកាលដ៏រលូនបំផុត និងនៅក្នុងទំនាក់ទំនងរួមគ្នានិងកិច្ចសហប្រតិបត្តិការខ្ពស់រវាងប្រទេសអង់គ្លេសនិងសហភាពអឺរ៉ុប»។
នៅក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោកទៅកាន់ក្រុងឡុងដ៍ លោក Kerry និងលោក Johson នឹងជួបជាមួយពួកអ្នកតំណាងសហភាពអឺរ៉ុបដើម្បីពិភាក្សាគ្នាអំពីសង្គ្រាមក្នុងប្រទេសស៊ីរីដែលមានរយៈពេល៥ឆ្នាំមកហើយ ដែលសង្គ្រាមនេះបានបំផុសគំនិតឱ្យមានការលេចឡើងនៃពួករដ្ឋឥស្លាម និងបានរួមចំណែកដល់វិបត្តិជនភៀសខ្លួនដ៏អាក្រក់បំផុតរបស់ពិភពលោក។
លោក Kerry និងលោក Johnson ក៏នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអរ៉ាប៊ីសាអូឌីត និងប្រទេសអេមីរ៉ាតអារ៉ា់ប់រួម ដើម្បីពិភាក្សាគ្នាអំពីជម្លោះនៅក្នុងប្រទេសយេម៉ែន ផងដែរ៕