អង់គ្លេសបានធ្វើសេចក្តីសម្រេចជាប្រវត្តិសាស្រ្តមួយចាកចេញពីសហភាពអឺរ៉ុប នៅក្នុងការបោះឆ្នោតប្រជាមតិដែលបានលាតត្រដាងការចាប់អារម្មណ៍ទៅលើបញ្ហាអន្តោប្រវេសន៍និងអធិបតេយ្យភាព ហើយលទ្ធផលនៃការបោះឆ្នោតប្រជាមតិនេះក៏បានធ្វើឲ្យមានការលាលែងពីតំណែងភា្លមៗរបស់លោកនាយករដ្ឋមន្ត្រី David Cameron ផងដែរ។
«ប្រជាជនអង់គ្លេសបានធ្វើការសម្រេចចិត្តយ៉ាងច្បាស់ក្នុងការជ្រើសយកមាគ៌ាមួយខុសពីនេះ ហើយដូច្នេះ ខ្ញុំគិតថា ប្រទេសនេះត្រូវការមេដឹកនាំថ្មីដើម្បីដើរតាមទិសដៅនេះ»។ នេះជាសម្តីដែលលោក Cameron បានថ្លែងប្រាប់អ្នកកាសែតនៅខាងក្រៅផ្លូវ 10 Downing នៅថ្ងៃសុក្រនេះ។
លោក Cameron បានមានប្រសាសន៍ថា អន្តរកាលនេះនឹងកើតឡើងនៅខែតុលាខាងមុខនេះ។
ក្រុមអ្នកវិភាគនិយាយ ការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ម្ចាស់ឆ្នោត ក្នុងការចាកចេញពីសហភាពអឺរ៉ុប មានន័យថា លោក Cameron បានបាត់បង់អាណត្តិរបស់ខ្លួនហើយ។ អ្នកដឹកនាំយុទ្ធនាការឃោសនាឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប លោក Boris Johnson ដែលជាអតីតអភិបាលក្រុងឡុងដ៏និងក៏ជាសមាជិកគណបក្សអភិរក្សនិយមរបស់លោក Cameron ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងជំនួសតំណែងរបស់លោក Cameron ជានាយករដ្ឋមន្ត្រី។
លទ្ធផលនៃការបោះឆ្នោតនៅក្នុងខណ្ឌទាំងអស់ដែលបានចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះ សំឡេងបោះឆ្នោតឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបមានចំនួន ៥១,៨៩ភាគរយ។ ដំណឹងនេះបានធ្វើឲ្យមានប្រតិកម្មជាអវិជ្ជមានទៅលើទីផ្សារអាស៊ី និងរូបិយប័ណ្ណផោនរបស់អង់គ្លេសបានធ្លាក់ចុះដល់កម្រិតមួយដែលមិនធ្លាប់មានក្នុងរយៈពេល៣ទសវត្សរ៍។
អ្នកចូលរួមបោះឆ្នោតមានចំនួនច្រើន ក្នុងកម្រិត៧២ភាគរយ ដែលជាកម្រិតខ្ពស់បំផុតមួយនៅក្នុងការបោះឆ្នោតជាតិដែលមិនធ្លាប់មានក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ បើទោះបីជាមានព្យុះភ្លៀងខ្លាំងនៅថ្ងៃបោះឆ្នោតប្រជាមតិនេះក៏ដោយ ដែលនេះឆ្លុះបញ្ចាំងអំពីបំណងដ៏ខ្លាំងក្លា ដែលបានបង្កឲ្យមានការពិភាក្សាដេញដោលនៅក្នុងប្រទេសដែលអត្រាអន្តោប្រវេសន៍កើនឡើងទ្វេដងក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ៕