ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំណើ​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជនអន្តោប្រវេសន៍​រង​ការ​រិះគន់


ស្រ្តី​ម្នាក់​បី​កូន​ក្មេង​ម្នាក់​នៅ​ខាង​ក្នុង​ជម្រក​មួយ​នៅ​ភូមិ Idomeni ប្រទេស​ក្រិក កាលពី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។
ស្រ្តី​ម្នាក់​បី​កូន​ក្មេង​ម្នាក់​នៅ​ខាង​ក្នុង​ជម្រក​មួយ​នៅ​ភូមិ Idomeni ប្រទេស​ក្រិក កាលពី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។

គណៈកម្មាធិការ​អឺរ៉ុប​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​នៃ​អ្វី​ដែល​អ្នកវិភាគ​និយាយ​ថា គឺ​ជា​ផែនការ​ដ៏​គួរ​ឲ្យ​ខ្លោចផ្សា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជនអន្តោប្រវេសន៍​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ​អឺរ៉ុប​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ។​

ផែនការ​នេះ​រួម​មាន​ទាំង​យន្តការ​ដ៏យុត្តិធម៌​មួយ ដែល​តម្រូវ​ឲ្យ​គ្រប់​ប្រទេស​ទាំងអស់​ព្រម​ទទួល​យក​ចំនួន​ជនភៀសខ្លួន​ទៅ​តាម​ការកំណត់​ បើ​មិន​ដូច្នោះ​ទេនឹង​ត្រូវ​បង់​ជា​ប្រាក់​ពិន័យ។ ផែនការ​នេះ​បាន​ទទួល​រង​ការ​រិះគន់​ពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាងកើត ដែល​ប្រឆាំង​មិន​ព្រម​ទទួល​ធ្វើ​តាម​សំណើ​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន។

ក្រុម​មន្ត្រី​នៃ​គណៈកម្មាធិការ​អឺរ៉ុប​បាន​ថ្លែង​ថា ផែនការ​ក្នុង​ការ​រុះរើ​ប្រព័ន្ធ​ស្វែង​រកសិទ្ធិ​ជ្រកកោន​របស់​សហភាព​អឺរ៉ុប​គឺ​ដើម្បី​ធានា​ថា ប្រទេស​ដែល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​នីមួយៗ​ត្រូវចែក​គ្នា​ទទួល​យក​ជនអន្តោប្រវេសន៍ ​ដែលបាន​ចូល​មកអឺរ៉ុប​ចំនួន​១​លាន​នាក់​ហើយ​កាល​ពី​ឆ្នាំ​មុន។ ​

សំណើ​ទាំង​នោះ រួម​មាន​ទាំង​សំណើ​ក្នុង​ការ​លើកលែង​ទិដ្ឋាការ​ដល់​ជនជាតិ​តួកគីដែល​ចង់​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​អឺរ៉ុប ហើយ​សភា​អឺរ៉ុប​នឹង​បោះឆ្នោត​សម្រេច​លើ​សំណើ​នេះ​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ។​

ប្រទេស​ដ៏​ទៃ​ទៀត ដូចជា​ប្រទេស​ប៉ូឡូញ​ និង​ប្រទេស​ហុងគ្រី​បាន​បដិសេធ​មិន​ព្រម​ទទួល​ជនអន្តោប្រវេសន៍​កាន់​សាសនា​ឥស្លាម​ក្នុង​ចំនួន​ដ៏​ច្រើន​នោះ​ទេ ដោយ​យោងថា ពួកគេ​មាន​ក្តី​បារម្ភ​ថា ការទទួល​យក​ជនអន្តោប្រវេសន៍​កាន់​សាសនា​ឥស្លាម​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​ប្រទេសរបស់​ខ្លួន​មិន​មាន​ស្ថិរភាព​។

នៅ​ក្នុង​ការ​ប្រកាស​អំពី​សេចក្តីលម្អិត​នៃ​ផែនការ​នេះ លោក Frans Timmermans អនុប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​បាន​មាន​ប្រសាសន៍​ថា មិន​គួរ​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំងនោះ​ជ្រើសរើសយក​វិធី​ដោយ​ខ្លួន​ឯង​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​វិបត្តិ​ណាមួយ​ដែល​អាច​ប៉ះពាល់​ដល់​សហភាព​អឺរ៉ុប​ទាំងមូល​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG