រដ្ឋាភិបាលអង់គ្លេស បានប្រកាសពីការគាំទ្រពេញទំហឹងទៅលើសមាជិកសភា និងពលរដ្ឋអង់គ្លេសដទៃទៀត ដែលរងការដាក់ទណ្ឌកម្មពីសំណាក់រដ្ឋាភិបាលចិន ចំពោះការបញ្ចេញមតិគាំទ្រជាតិសាសន៍អ៊ុយហ្គ័រកាន់សាសនាឥស្លាមនៅក្នុងប្រទេសចិន។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានលើកឡើងនៅក្នុងសារបង្ហោះតាមបណ្តាញសង្គម Twitter កាលពីថ្ងៃសុក្រ ទី២៦ ខែមីនាថា៖ «សមាជិកសភា និងពលរដ្ឋអង់គ្លេសដទៃទៀត ដែលរងការដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលចិននាពេលបច្ចុប្បន្នកំពុងតែដើរតួយ៉ាងសំខាន់នៅក្នុងការលាតត្រដាងពីការរំលោភបំពានសិទ្ធិមនុស្ស ដែលប្រព្រឹត្តឡើងប្រឆាំងនឹងជាតិសាសន៍អ៊ុយហ្គ័រកាន់សាសនាឥស្លាម»។
លោក Johnson បានថ្លែងថា៖ «សេរីភាពនៅក្នុងការបញ្ចេញមតិប្រឆាំងនឹងការរំលោភបំពានគឺជា សិទ្ធិមូលដ្ឋាន ហើយខ្ញុំសូមគាំទ្រពួកគេយ៉ាងពេញទំហឹង»។
ចិនបានដាក់ទណ្ឌកម្មប្រឆាំងនឹងពលរដ្ឋអង់គ្លេសចំនួនប្រាំបួននាក់ និងអង្គភាពអង់គ្លេសចំនួនបួន ដោយចោទប្រកាន់ថា ពួកគេបាន «ផ្សព្វផ្សាយរឿងកុហកយ៉ាងអាក្រក់ និងព័ត៌មានមិនត្រឹមត្រូវ» ជុំវិញទង្វើរបស់រដ្ឋាភិបាលក្រុងប៉េកាំងទៅលើជាតិសាសន៍អ៊ុយហ្គ័រ»។
ដូចគ្នាផងដែរ រដ្ឋមន្ត្រីក្រសួងការបទេសអង់គ្លេសលោក Dominic Raab និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Robert buckland បានថ្កោលទោសយ៉ាងខ្លាំងចំពោះចំណាត់ការដាក់ទណ្ឌកម្មរបស់ចិននេះ។
លោករដ្ឋមន្ត្រី Raab បានសរសេរសារបង្ហោះតាមបណ្តាញសង្គម Twitter ថា៖ «ខណៈចក្រភពអង់គ្លេសចូលរួមជាមួយនឹងសហគមន៍អន្តរជាតិនៅក្នុងការដាក់ទណ្ឌកម្មលើការរំលោភបំពានសិទ្ធិមនុស្ស រដ្ឋាភិបាលចិនបានដាក់ទណ្ឌកម្មមកលើក្រុមអ្នករិះគន់ខ្លួន។ ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំងចង់ច្រានចោលនូវការអះអាងពីការរំលោភបំពានសិទ្ធិមនុស្សនៅតំបន់ Xinjiang ចិនគួរតែផ្តល់សិទ្ធិដល់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចូលទៅតំបន់នោះដើម្បីបញ្ជាក់ពីការណ៍ពិត»។
លោករដ្ឋមន្ត្រី Buckland បានថ្លែងថា៖ «យើងសូមច្រានចោលយ៉ាងដាច់អហង្ការនូវសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន» ចំពោះការដាក់ទណ្ឌកម្មទៅលើពលរដ្ឋនិងអង្គភាពនានារបស់ចក្រភពអង់គ្លេស ដែលរួមមានក្រុមហ៊ុនច្បាប់ ដែលបានជួយទំនុកបម្រុងបុព្វហេតុសិទ្ធិរបស់ជាតិសាសន៍អ៊ុយហ្គ័រ។
សហភាពអឺរ៉ុប ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដាបានដាក់ទណ្ឌកម្មទៅលើសមាជិកក្រុមអភិជនផ្នែកនយោបាយ និងសេដ្ឋកិច្ចមួយចំនួននៅតំបន់ Xinjiang កាលពីពាក់កណ្តាលខែមីនាកន្លងទៅនេះ ជុំវិញការចោទប្រកាន់ពីការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅទីនោះ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា