ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​កំណត់​ថា​ ការគាប​សង្កត់​របស់​ចិន​លើ​ជនជាតិ Uighurs ជា​អំពើ​«ប្រល័យ​ពូជ​សាសន៍»


រូបឯកសារ៖ ក្រុមបាតុករ​ជនជាតិ Uighurs ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ប្រទេសចិន​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។

នៅ​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នៃ​ការ​កាន់​តំណែង​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​អង្គារ បាន​កំណត់​ជា​ផ្លូវការ​ថា​ គោល​នយោបាយ​របស់​រដ្ឋាភិបាល​ចិន​ប្រឆាំងនឹង​ជនជាតិ​ភាគតិច Uighurs (អ៊ុយហ្គ័រ) និង​ជនជាតិ​ភាគតិច​ដទៃ​ទៀត​នៅតំបន់ Xinjiang ភាគពាយ័ព្យប្រទេស​ចិន ជា​អំពើ «ប្រល័យពូជសាសន៍»។​

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃអង្គារ​ថា៖ «បន្ទាប់​ពី​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​អង្គហេតុ​ដែល​មាន ខ្ញុំ​សូម​កំណត់​ថា​ សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោម​ការ​ដឹក​នាំ និង​គ្រប់គ្រង​របស់​បក្ស​កុម្មុយនិស្ត​ចិន បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​នឹង​ជនជាតិ​ភាគតិច​ Uighurs ដែល​ភាគ​ច្រើន​កាន់​សាសនា​ឥស្លាម និង​ក្រុម​ជនជាតិ​ភាគ​តិច កាន់​សាសនា​ដទៃ​ទៀត​នៅ​ក្នុងតំបន់ Xinjiang»។

បេក្ខជន​រដ្ឋមន្ត្រី​ការបរទេសថ្មី​ដែល​ជ្រើសរើស​ដោយ​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិកលោក​ Joe Biden គឺ​លោក​ Anthony Blinken បាន​និយាយ​ថា លោក​យល់​ស្រប​នឹងការវិនិច្ឆ័យ​របស់​លោក Pompeo ដែល​កំណត់​ថា ​បក្ស​កុម្មុយនិស្ត​ចិន​ ជាប់​ពាក់ព័ន្ធនឹង​អំពើ​ប្រល័យ​ពូជ​សាសន៍​លើ​ជនជាតិ​ភាគតិច​ Uighurs កាន់​សាសនា​ឥស្លាម។​

លោក​ Blinken បាន​ប្រាប់​គណ:កម្មាធិការ​ព្រឹទ្ធសភាទទួល​បន្ទុក​ទំនាក់ទំនង​អន្តរជាតិ​ក្នុង​សវនាការ​អនុម័តបេក្ខភាព​របស់​លោក​ កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «នេះ​ក៏​ជា​ការវិនិច្ឆ័យ​របស់​ខ្ញុំ​ដែរ»។​

ជា​ច្រើន​ឆ្នាំ​មក​ហើយ​ សហរដ្ឋ​អាមេរិកបាន​រិះគន់​គោល​នយោបាយ​ឃុំឃាំង​ និង​អប់រំ​ឡើង​វិញ​របស់​ចិន​នៅ​តំបន់ Xinjiang ប៉ុន្តែជៀសវាង​មិនប្រកាស​នយោបាយ​ទំាង​នោះ​ថា ​ជា​អំពើ​ប្រល័យ​ពូជសាសន៍។​ អង្គការ​សហប្រជាជាតិ​ ប៉ាន់ស្មាន​ថា យ៉ាង​ហោច​ណាស់មាន​ជនជាតិភាគ​តិច Uighurs កាន់​សាសនា​ឥស្លាម​១​លាន​នាក់​ ​ត្រូវ​បាន​គេ​ឃុំឃាំង។​

ក្រុម​មន្ត្រីរដ្ឋាភិបាល​ចិន បានពណ៌នា​មន្ទីរ​ឃុំឃាំង​ថា​ ជា «មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវ:»​ សម្រាប់​បណ្ដុះ​បណ្ដាល​ការងារ និង​បដិសេធ​រាល់​ការ​លើក​ឡើង​ថា​អាជ្ញាធរ​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្សនៅ Xinjiang៕

XS
SM
MD
LG