ចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទបានបង្ហាញនាវាផ្ទុកយន្តហោះ HMS Queen Elizabeth របស់ខ្លួនដល់រដ្ឋមន្ត្រីការពារប្រទេសជប៉ុននៅមូលដ្ឋានកងទ័ពជើងទឹកមួយកន្លែងជិតទីក្រុងតូក្យូប្រទេសជប៉ុន ដែលជាការចាប់ផ្តើមនូវវត្តមានយោធាជាអចិន្ត្រៃយ៍មួយរបស់អង់គ្លេសនៅក្នុងតំបន់ ដើម្បីព្យាយាមទប់ស្កាត់ឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើង។ នេះបើតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi (ណូប៊ូ គីសហ្សី) និងមេបញ្ជាការយោធាជាន់ខ្ពស់ជប៉ុនជាច្រើនរូបទៀត ត្រូវបានបង្ហាញនិងនាំដើរមើលនាវាផ្ទុកយន្តហោះនោះ ដែលមានយន្តហោះប្រយុទ្ធ F-35B ជាច្រើនគ្រឿងចតនៅលើនោះផងដែរ ខណៈពេលដែលមន្ត្រីយោធាកងទ័ពជើងទឹកចក្រភពអង់គ្លេសពន្យល់ពីរបៀបដែលយន្តហោះប្រយុទ្ធហោះឡើងនិងចុះចត។
មេបញ្ជាការនាវាផ្ទុកយន្តហោះ លោក Steve Moorhouse បានថ្លែងប្រាប់គណៈប្រតិភូជប៉ុនក្នុងអំឡុងទស្សនកិច្ចនោះថា៖ «គោលបំណងនៃការដាក់ពង្រាយនាវាផ្ទុកយន្តហោះនេះ គឺដើម្បីបញ្ជាក់ពីការចាប់ផ្តើមនៃការបេ្តជ្ញាចិត្តរបស់យើង។ សារសំខាន់នៃតំបន់នេះកំពុងមានការកើនឡើងដ៏សំខាន់»។
នាវាផ្ទុកយន្តហោះនេះមានតម្លៃ៤,១៥ពាន់លានដុលា្លរ។
ក្រោយការចាកចេញរបស់នាវាផ្ទុកយន្តហោះអង់គ្លេសនេះ នាវាចម្បាំងអង់គ្លេសពីរគ្រឿងផ្សេងទៀត នឹងចូលមកជំនួសដើម្បីបន្តវត្តមានរបស់កម្លាំងយោធាអង់គ្លេសក្នុងតំបន់ ស្របពេលដែលរដ្ឋាភិបាលក្រុងឡុងដ៍ កំពុងសម្លឹងទៅរកវត្តមានកាន់តែធំមួយនៅក្នុងពិភពលោក បន្ទាប់ពីខ្លួនបានចាកចេញពី សមាជិកសហភាពអឺរ៉ុបមក។
លោក Kishi បានប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់នាវាផ្ទុកយន្តហោះ Queen Elizabeth ថា «ដំណើរទស្សនកិច្ចរបស់ក្រុមនាវាចម្បាំងរបស់ចក្រភពអង់គ្លេស ជាការសំខាន់បំផុតមួយដើម្បីរក្សានិងពង្រឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ»៕