ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អង់គ្លេស​ដាក់​ពង្រាយ​នាវា​ចម្បាំង​២​គ្រឿង​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ផ្ទៃ​ទឹក​អាស៊ី


រូបឯកសារ៖ នាវា​ផ្ទុក​យន្ដហោះ Queen Elizabeth ចត​នៅ​ក្រុង Portsmouth ប្រទេស​អង់គ្លេស ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។ (Photo by Glyn KIRK / AFP)
រូបឯកសារ៖ នាវា​ផ្ទុក​យន្ដហោះ Queen Elizabeth ចត​នៅ​ក្រុង Portsmouth ប្រទេស​អង់គ្លេស ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។ (Photo by Glyn KIRK / AFP)

ប្រទេស​អង់គ្លេស​បានឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​ដាក់​ពង្រាយ​នាវា​ចម្បាំង​២គ្រឿង​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ផ្ទៃ​ទឹក​អាស៊ី បន្ទាប់ពី​នាវា​ផ្ទុក​យន្តហោះ Queen​ Elizabeth និង​នាវា​អម​ជា​ច្រើន​គ្រឿង បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​កាលពី​ខែ​កញ្ញា​កាត់តាម​សមុទ្រ​ដែល​ប្រទេស​ចិន កំពុង​ប្រកួត​ប្រជែង​ឥទ្ធិពល​ជាមួយ​សហរដ្ឋ​អាមេរិក​និង​ជប៉ុន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

គម្រោង​នៃ​ការធ្វើ​ដំណើរ​របស់​ក្រុម​នាវា​ផ្ទុក​យន្តហោះ​នេះ​កើត​មាន​ឡើង​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​ឡុងដ៍​មាន​ចំណង​ទាក់ទង​កាន់​តែ​ជ្រាលជ្រៅ​ជាមួយ​រដ្ឋាភិបាល​ក្រុង​តូក្យូ ដែល​បាន​សម្តែង​ការ​ប្រុងប្រយ័ត្ន​កាន់តែ​ខ្លាំង​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែថ្មីៗ​នេះ​អំពី​មហិច្ឆតា​នៃ​ការ​ទាមទារ​ទឹកដី​របស់​ចិន​នៅ​ក្នុង​តំបន់ រួម​ទាំង​កោះ​តៃវ៉ាន់​ផងដែរ។

រដ្ឋមន្ត្រី​ការពារ​ជាតិប្រទេស​អង់គ្លេស​លោក Ben Wallace បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​នៅ​ក្នុង​ទីក្រុង​តូក្យូ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​លោក Nobuo Kishi ថា៖ «បន្ទាប់ពី​ការ​សម្ពោធ​ដាក់​ពង្រាយ​ក្រុម​នាវា​ចម្បាំង​មក ចក្រភព​អង់គ្លេស​នឹង​បញ្ជូន​នាវា​ទាំង​២​គ្រឿងទៅ​ប្រចាំការ​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​តំបន់នោះ​ចាប់តាំង​ពី​ចុង​ឆ្នាំ​នេះ​ត​ទៅ»។

ជប៉ុន​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​មួយ​របស់​សហរដ្ឋ​អាមេរិក បាន​ក្លាយ​ជា​ទីតាំង​របស់​កង​កម្លាំង​យោធា​សហរដ្ឋ​អាមេរិក​ដ៏​ធំ​បំផុតនៅ​ខាង​ក្រៅ​សហរដ្ឋ​អាមេរិក រួម​ទាំង​នាវា យន្តហោះ​ និង​ទាហាន​ម៉ារីន​រាប់ពាន់​នាក់​ផង។

នាវា​ផ្ទុក​យន្តហោះ​អង់គ្លេស​ដែល​មាន​ផ្ទុក​យន្តហោះ​ចម្បាំង​ទំនើប​ប្រភេទ F-35B នៅ​លើ​នោះ​ផង នឹង​ចត​នៅ​កំពង់ផែ Yokosuka ដែល​ជា​ទីបញ្ជាការ​កង​នាវា​របស់​ជប៉ុន ​ហើយ​នាវា​ផ្ទុក​យន្ត​ហោះ​របស់​សហរដ្ឋ​អាមេរិក USS Ronald Reagan ជា​នាវា​ផ្ទុក​យន្តហោះ​សហរដ្ឋ​អាមេរិក​តែ​មួយ​គត់​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីនោះ។

នាវា​របស់​អង់គ្លេស​នឹង​មិន​មាន​មូលដ្ឋាន​អចិន្ត្រៃយ៍​ទេ។ នេះ​បើ​តាម​អ្នក​នាំពាក្យ​ស្ថានទូត​អង់គ្លេស​នៅ​ក្នុង​ទីក្រុង​តូក្យូ​ដែល​បាន​និយាយ​នៅពេល​ដែល​គេសួរ​ថាតើ​កំពង់ផែ​មួយ​ណា​ដែល​នាវា​អង់គ្លេស​នឹង​ប្រតិបត្តិការ​នោះ។​

នាវា​ផ្ទុក​យន្តហោះ Queen​ Elizabeth នឹង​ត្រូវ​អម​ដោយ​នាវា​ពិឃាត​២គ្រឿង កង​នាវា​ចំនួន​២ នាវា​ដឹក​ជញ្ជូន​២​គ្រឿង និង​នាវា​២​គ្រឿង​មកពី​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​ហូឡង់៕

XS
SM
MD
LG